ក្រុមហ៊ុន Phillip Capital ដែល​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ប្រទេស​ កម្ពុជា ​កាល​ពី​ជាង ១ ទសវត្សរ៍​មុន បាន​រីក​លូត​លាស់​ក្នុង​សម្ទុះ​ដ៏​ខ្លាំង និង​មាន​ផ្តល់​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ជា​ច្រើន ចាប់​តាំង​ពី​កម្ចី​ឯកជន ការ​ធានា​រ៉ាប់រង រហូត​ដល់​សេវាកម្ម​ធនាគារ​សម្រាប់​ឯកត្តជន (Retail Banking)​។ លោក Ong Teong Hoon ជា​តំណាង​ក្រុម​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះបាន​មាន ប្រសាសន៍​រៀបរាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​គម្រោង​ពង្រីក​ខ្លួន​របស់​ធនាគារ ក៏​ដូច​ជា​ការ​រំពឹង​ទុក​ពី​កំណើន​សម្រាប់​បណ្តា​ឆ្នាំ​ខាង​មុខ​។​

ជា​មួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​នៅ​ក្នុង​ប្រទេស​ កម្ពុជា តើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Phillip Group មាន​សភាព​បែប​ណា​ដែរ​នៅ​ឆ្នាំ ២០១៨? ហើយ​តើ​មាន​ការ​ព្យាករ​ពី​កំណើន​យ៉ាង ដូច​ម្តេច​សម្រាប់​ឆ្នាំ​បន្ទាប់​?

លោក Ong Teong Hoon៖ យើង​ត្រូវ​តែ​គិត​ទៅ​ដល់​បរិបទ​នៅ​ត្រង់​ចំណុច​នេះ​។ រាល់​ចំណូល ឬ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន Phillip Capital នៅ​ឆ្នាំ ២០១៨ ត្រូវ​បាន​ទទួល​ពី​ការ​រក​របស់​ធនាគារ ហ្វី​លី​ព (Philip Bank) និង គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រេ​ឌី​ត (Kredit MFI)​។ ក្រុមហ៊ុន​ធានា​រ៉ាប់រង ទូ​ទៅ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​យើង ឥឡូវ​នេះ​បាន​ទទួល​បាន​លិខិត​អនុញ្ញាត​សម្រាប់​ផលិត​ផល​ដែល​ត្រូវ​បាន​ជ្រើស​រើស​នេះ​រួច​ហើយ ហើយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​ជា​បុត្រ​សម្ព័ន្ធ​មួយ​ទៀត​របស់​យើង កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ទទួល​បាន​លិខិត​អនុញ្ញាត​ចំពោះ​ផលិតផល​នៅ​ដើម​ឆ្នាំ ២០១៩ នេះ​ដែរ​។ យើង​ក៏​មាន​ក្រុមហ៊ុន​កូន​មួយ​ទៀត​គឺ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហ្វើ​ស ហ្វា​យ​ណែន (First Finance)​។

យើងកំពុងរៀបចំយុទ្ធសាស្រ្តដើម្បីផ្តល់ផលិតផលហិរញ្ញវត្ថុសម្បូរបែបដល់អតិថិជនរបស់យើង

ទាំង​ធនាគារ ហ្វី​លី​ព និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រេ​ឌី​ត សុទ្ធ​តែ​សម្រេច​បាន​នូវ​គោល​ដៅ​សម្រាប់​ឆ្នាំ ២០១៨​។ យើង​នឹង​ធ្វើ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​ធនធាន​នា​នា​ទៅ​លើ​​ការ​រួម​បញ្ចូល​គ្នា​រវាង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ទាំង ២ ដែល​នឹង​ចូល​មក​ដល់​នៅ​ឆ្នាំ​ក្រោយ ដូច្នេះ​ហើយ​ការ​ព្យាករ​កំណើន​រប​ស់​គ្រឹះស្ថាន​ទាំង ២ គឺ​មាន​កម្រិត​មធ្យម​។ វត្តមាន​របស់​យើង​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​គួរ​តែ​ផ្តល់​នូវ​កម្លាំង​ជំរុញ​មួយ​បន្ថែម​ទៀត​ទៅ​ដល់​ប្រតិបត្តិ​ការ​ជា​រួម​របស់​ក្រុមហ៊ុន Phillip Capital នៅ​ឆ្នាំ ២០១៩ នៅ​ប្រទេស​ កម្ពុជា​។ សម្រាប់​សេវាកម្ម​ធានា​រ៉ាប់រង​ទូទៅ យើង​មាន​ព្យាករណ៍​កំណើន​ខ្លាំង​បង្គួរ ជាមួយ​សេចក្តី​រំពឹង​ថា នឹង​ទទួល​បាន​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​លើ​ផលិតផល​បន្ថែម​ទៀត ហើយ​សម្រាប់​សេវា​កម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត យើង​រំពឹង​ថា អាជីវកម្ម​នេះ​នឹង​មាន​សម្ទុះ​ខ្លាំង​នៅ​ឆ្នាំ ២០១៩ និង​ឆ្នាំ​ក្រោយ​ៗ​​ទៅ​ទៀត ជា​មួយ​នឹង​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ជា​ច្រើន​ទៀត​។

តើ​ផ្នែក​ចម្បង​អ្វី​ទៅ​ដែល​កំពុ​ង​តែ​ជំរុញ​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​ កម្ពុជា ហើយ​តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​រួ​ម​ចំណែក​ទៅ​ដល់​កំណើន​របស់​ក្រុមហ៊ុន​?

ផ្នែក​គោល​ដៅ​របស់​យើង​គឺ បណ្តា​សាជីវកម្ម ក្រុម​ហ៊ុន​ខ្នាត​តូច​ និង​មធ្យម និង​អាជីវកម្ម​លក្ខណៈ​គ្រួសារ ការ​កើន​ឡើង​នៃ​វណ្ណៈ​កណ្តាល និង​អតិថិជន​ដែល​ជា​អ្នក​ធ្វើការ​។ សេដ្ឋ​កិច្ច​ដែល​កំពុង​តែ​មាន​កំណើន​ផ្តល់​មក​ឲ្យ​យើង​នូវ​កម្លាំង​ជំរុញ​សម្រាប់​កំណើន ហើយ​តម្រូវ​ការ​ដែល​មិន​ទាន់​ត្រូវ​បាន​បំពេញ​របស់​ផ្នែក​គោល​ដៅ​ទាំង​នោះ បាន​ផ្តល់​មក​ឲ្យ​យើង​នូវ​ក្តី​សង្ឃឹម​សម្រាប់​ការ​លូត​លាស់​។

តើ​លោក​អាច​រៀប​រាប់​ប្រាប់​យើង​បាន​ទេ​ពី​ដំណើរ​វិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ទាំង​នេះ​ដែល​រួម​មាន​ធនាគារ​ហ្វីលីព​ (Phillip Bank) ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ហ្វី​លី​ព (Phillip Life Assurance) និង ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ហ្វី​លី​ព (Philip General Insurance)? ហើយ តើ​លោក​បាន​មើល​ឃើញ​ពី​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំង​នេះ​ថា នឹង​មាន​សភាព​យ៉ាង​ដូច​ម្តេច​ដែរ​ នៅ​ក្នុង​ឆ្នាំ ២០១៨?

ប្រសិន​ជា​យើង​មើល​ពី​កា​រវិ​វ​ឌ្ឍនៃ​សាជីវកម្ម Phillip Capital នៅ​ប្រទេស​ កម្ពុជា យើង​បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​ការ​វិនិយោគ​ជា​បឋម​ជា​មួយ​នឹង​ទឹក​ប្រាក់​ចំនួន ១០ ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហ្វើ​ស ហ្វា​យ​ណែន (First Finance) នៅ​ក្នុង​ឆ្នាំ ២០០៩ ដែល​បាន​កើ​ន​ឡើង​យ៉ាង​រហ័ស​មក​ដល់​ជិត ១ លាន​ដុល្លារ​។

យើង​ឥឡូវ​នេះ​គឺ ជា​ម្ចាស់​ភាគហ៊ុន​ធំ​ជាង​គេ​ទី​ ២ នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហ្វើ​ស ហ្វា​យ​ណែន​។ កាល​ពី​ឆ្នាំ ២០១២ យើង​បាន​ទិញ​យក​ភាគហ៊ុន​ភាគ​ច្រើន​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រេ​ឌី​ត ហើយ​នៅ​ឆ្នាំ ២០១៨ យើង​បាន​ទិញ​យក​គ្រឹះស្ថាន​នេះ​ទាំង​ស្រុង​តែ​ម្តង​។ នៅ​ឆ្នាំ ២០១៤ យើង​បាន​ទិញ​យក​ធនាគារ HwangDBS​។ នៅ​ឆ្នាំ ២០១៧ យើង​បាន​ចាប់​ផ្តើម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ហ្វី​លី​ព (Philip General Insurance) ដែល​ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​បង្ហាញ​ពី​ការ​កើន​យ៉ាង​ខ្លាំង​នៃ​អត្រា​កំណើន​ចំណូល ហើយ​នៅ​ឆ្នាំ ២០១៨ នេះ យើង​បាន​ចាប់​ផ្តើម​បើក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ហ្វី​លី​ព (Phillip Life Assurance) នឹង​គួរ​តែ​ទទួល​បាន​លិខិត​អនុញ្ញាត​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​លើ​បណ្តា​ផលិតផល​ដំបូង​នៅ​ពេល​ឆាប់​ៗ​នេះ​។

ដូច្នេះ​ហើយ ក្នុង​រយៈ​ពេល ៩ ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​ចាប់​ផ្តើម​ពី ការ​វិនិយោគ​ដំបូង​ត្រឹម​តែ ១០ ម៉ឺន​ដុល្លារ យើង​ឥឡូវ​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​វិនិយោគ​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​ កម្ពុជា ជា​មួយ​នឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​ជាង ១០០ លាន​ដុល្លារ​។

ចាប់​តាំង​ពី​ការ​ចូល​វិនិយោគ​លើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រេ​ឌី​ត នៅ​ឆ្នាំ ២០១២ ប្រាក់​ចំណេញ​របស់​យើង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​យើង​បាន​ផ្តល់​នូវ​ការ​បង្កើន​ដើម​ទុន និង​ថវិកា​ដែល​ត្រូវ​បាន​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​ ហើយ​ចំពោះ​ធនាគារ​វិញ យើង​បាន​ប្រែ​ក្លាយ​ធនាគារ​មួយ​ដែល​ខាត​បង់​ប្រាក់​តាំង​ពី​កកើត​ដំបូង​នៅ​ឆ្នាំ ២០០៩ ឲ្យ​ក្លាយ​ជា​ធនាគារ​ដែល​មាន​កំណើន​អត្រា​ប្រាក់​ចំណេញ​ពី​ ១ ឆ្នាំ​ទៅ​ ១ ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក​។

ចាប់​តាំង​ពី​ទ​ទួល​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​លើ​ផលិតផល​សម្រាប់​សេវា​កម្ម​ធានា​រ៉ាប់រង​ទូទៅ​របស់​យើង អត្រា​កំណើន​ប្រាក់​ចំណូល​របស់​យើង​បាន​កើន​ឡើង ហើយ​យើង​រំពឹង​ថា សម្ទុះ​នេះ​នឹង​ត្រូវ​បាន​បន្ត​នៅ​បណ្តា​ឆ្នាំ​ខាង​មុខ​ទៀត​។ យើង​មាន​សេចក្តី​សង្ឃឹម​ថា យើង​នឹង​ទទួល​បាន​នូវ​លិខិត​អនុញ្ញាត​សម្រាប់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​យើង​នៅ​ពេល​ឆាប់​នេះ ដែល​នឹង​អាច​ឲ្យ​យើង​ធ្វើ​សេចក្តី​រាយការណ៍​ពី​និន្នាការ​ចំណូល​កើន​ឡើង​បាន​។

យើង​មាន​សុទិដ្ឋិ​និយម​ប្រកប​ដោយ​សេចក្តី​ប្រុង​ប្រយ័ត្ន សម្រាប់​ឆ្នាំ ២០១៩ ខណៈ​ដែល​យើង​កំពុង​តែ​ទន្ទឹង​រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​ពិភាក្សា​ទៅ​លើ​កម្មវិធី​អនុ​គ្រោះ​ពន្ធ EBA (​ទំនិញ​គ្រប់​ប្រភេទ​លើកលែង​តែ​គ្រឿង​សព្វាវុធ​) នៅ​ឯ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​។

វិស័យ​ហិរញ្ញវត្ថុ​កំពុង​តែ​មាន​កម្រិត​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​វត្តមាន​របស់​ក្រុមហ៊ុន​ដ៏​ច្រើន​។ តើ​លោក​យល់​ថា ទីផ្សារ​កំពុង​តែ​មាន​ការ​​​​កក​ស្ទះ​ដែរ​ឬ​ទេ​? ហើយ​តើ​លោក​មាន​ទស្សន​វិស័យ​យ៉ាង​ណា​ដែរ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ជា​រួម​នៅ​កម្ពុជា​។

ជា​ការ​ពិត​ណាស់​ដែល​ថា កាន់​តែ​ចង្អៀត​និង​ប្រកួត​ប្រជែង​សម្រាប់​ទាំង​ទីផ្សារ​សេវា​កម្ម​ធានា​រ៉ាប់រង និង​ធនាគារ​។ ក៏​ប៉ុន្តែ​ជា​មួយ​នឹង​កំ​ណើន​ស្រប​គ្នា​នៅ​ក្នុង​​សេដ្ឋកិច្ច វា​គួរ​តែ​មាន​លំហ​គ្រប់​គ្រាន់​សម្រាប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​។ យ៉ាង​ហោច​ណាស់ ក៏​នៅ​មាន​កម្រិត​ខ្លះ​ដែរ។ ភាគច្រើន​នឹង​អា​ស្រ័យ​ទៅ​លើ​ត្រង់​ថា តើ​សេដ្ឋកិច្ច​នឹង​កើន​ឡើង​ខ្លាំង​កម្រិត​ណា ហើយ​ក្នុង​ល្បឿន​បែប​ណា​?

បច្ចេក​វិទ្យា (Fintech) ក៏​បាន​ក្លាយ​ជា​ពាក្យ​គន្លឹះ​សម្រាប់​ឧស្សាហ​កម្ម​ថ្មី​បំផុត​នៅ​ប្រ​ទេស​ កម្ពុជា ​ផង​ដែរ​។ តើ​លោក​វាយ​តម្លៃ​បែប​ណា​ទៅ​លើ​វិស័យ​នេះ ហើយ​លោក​មាន​ការ​ព្យាករ​ថា​តើ​បណ្តា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​នឹង​ក្លាយ​ទៅ​ជា​ដៃ​គូ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​ក្លា​ជា​មួយ​នឹង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​នានា នៅ​ក្នុង​បណ្តា​ឆ្នាំ​ខាង​មុខ​ដែ​រ​ឬ​ទេ​?

បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​មិន​មែន​គ្រាន់​តែមាន​វត្តមាន​នៅ​ទី​នេះ​ប៉ុណ្ណោះ​នោះ​ទេ តែ​វា​នឹង​កើន​ឡើង​។ ការ​ទទួល​យក​ជា​ទូ​ទៅ​របស់​អ្នក​ប្រើប្រាស់​នៅ​ទី​កន្លែង​ដទៃ​ទៀត នឹង​មាន​នៅតាម​ក្រោយ​ប្រទេស​ កម្ពុជា​។ នេះ​គឺ​ជា​​សំ​ណូ​រ​មួយ​ស្ថិត​នៅ​ត្រង់​ថា តើ​អ្នក​ប្រើប្រាស់​កម្ពុជា​នឹង​ទទួល​ប្រើប្រាស់​វា​បាន​រហ័ស​ប៉ុន​ណា។ ដូច្នេះ​ហើយ ជំ​នួស​ឲ្យ​ការ​ប្រឆាំង​នឹង​បច្ចេក​វិទ្យា​នេះ និង​ព្យា​យាម​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ពួក​គេ យើង​គួរ​តែ​ធ្វើ​ការ​សហការ​ជា​មួយ​នឹង​ពូក​គេ និង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គេ​។ កត្តា​នេះ​នឹង​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ទៅ​ឲ្យ​បណ្តា​អតិថិជន ជា​មួយ​នឹង​តម្លៃ​កាន់​តែ​ទាប សមត្ថភាព​ឈាន​ទៅ​ដល់​កាន់​តែ​ទូលំ​ទូលាយ និង​ប្រសិទ្ធ​ភាព​កាន់​តែ​ល្អ​ប្រសើរ​។

ទាក់ទង​នឹង​វិស័យ​ធានា​រ៉ាប់រង ទីផ្សារ​កំពុង​តែ​ស្ថិត​នៅ​ក្នុ​ង​កម្រិត​ដំបូង​នៅ​ឡើយ ដោយ​សារ​តែ​ការ​យល់​ដឹង​ពី​ការ​ធានា​រ៉ាប់រង​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​នៅ​ប្រទេស​ កម្ពុជា​។ តើ​លោក​មើល​ឃើញ​ថា វិស័យ​នេះ​នឹង​ងើប​ឡើង​យ៉ាង​ដូច​ម្តេច​?

ការ​ផ្តល់​នូវ​ការ​អប់រំ​ឲ្យ​បាន​ច្រើន​ទៅដល់​សាធារណ​ជន​កម្ពុជា​ពិត​ជា​ត្រូវ​បាន​ត្រូវ​ការ ដើម្បី​បង្កើន​ការ​យល់​ដឹ​ង​បន្ថែម​ទៀត​។ ការ​ផ្លាស់​ប្តូ​រ​នូវ​ផ្នត់​គំនិត​ក៏​មាន​សារៈ​សំខាន់​ផង​ដែរ​។ ការ​កម្ចាត់​ចេញ​នូវ​ជំនឿ​អរូបី និង​ការ​ចៀស​វាង​ជា​ទូទៅ​នូវ​ការ​និយាយ​ពី​មរណភាព ឬ​គ្រោះ​កាច​ដទៃ​ទៀត ចាំ​បាច់​ត្រូវ​ដោះស្រាយ​ដោយ​លក្ខណៈ​វិជ្ជមាន​។

ជា​មួយ​នឹង​គ្នា​នេះ​ដែរ ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​រួម​របស់​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ ក៏ដូច​ជា​ទី​ភ្នាក់​ងារ​រ​ដ្ឋា​ភិ​បាល​ត្រឹមត្រូវ អាច​នឹង​ជាការ​ចាប់​ផ្តើម​ដ៏​ល្អ​។ សិក្ខា​សា​លា​ជា​សាធារណៈ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ នឹង​មាន​ប្រសិទ្ធភាព​វែង​ឆ្ងាយ​ក្នុង​កិច្ចការ​នេះ​។ ប្រទេស​ កម្ពុជា ​ប្រហែល​ជា​អាច​នឹង​មាន​រយៈ​ពេល​រៀន​សូត្រ​ខ្លី​ជាង និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អប់រំ​ផ្តល់​លទ្ធផល​ល្អ​ប្រសើរ ដោយ​សារ​តែ​ប្រទេស​នេះ​អាច​សិក្សា​ពី​បទ​ពិសោធ​របស់​ប​ណ្តា​ប្រទេស​ជិត​ខាង ដែល​នៅ​ពេល​ឥឡូវ​នេះ មាន​ទីផ្សារ​សេវា​កម្ម​ធានា​រ៉ាប់រង​ចាស់​ទុំ​។

តើ​ក្រុមហ៊ុន Phillip Group''s មាន​គម្រោង​អ្វី​សម្រាប់​ឆ្នាំ​ក្រោយ​? តើ​មាន​គម្រោង​បង្កើត​ផលិតផល​ថ្មី​សម្រាប់​អតិថិជន​ក្នុង​ស្រុក​ដែរ​ឬ​ទេ​?

ក្នុង​នាម​ជា​ធនាគារ​មួយ ក្រៅ​ពី​ការ​ធ្វើ​ការ​ទៅ​លើ​ការ​រូ​ម​បញ្ចូល​គ្នា​ជា​មួយ​នឹង ក្រេ​ឌី​ត (Kredit) យើង​ទើប​តែ​ចាប់​ផ្តើម​ធនាគារ​សម្រាប់​ឯកត្ត​ជន(Retail Bank) របស់​យើង ហើយ​អ្នក​អាច​រំ​ពឹង​ថា គេ​នឹង​បាន​ឮ​បន្ថែម​ទៀត​ពី​ពួក​យើង​នៅ​ក្នុង​រឿង​នេះ។ យើង​ទើប​តែ​បាន​សម្ពោធ​យុទ្ធនា​ការ​កម្ចី​ឯកជន ដែល​កំពុង​តែ​នៅ​បន្ត​នៅ​ឡើយ និង​ចាប់​ផ្តើម​នូវ​ការ​កែប្រែ​ដ៏​ធំ​មួយ​។ យើង​នឹង​មាន​គំនិត​ផ្តួច​ផ្តើម​មួយ​ចំនួន​ផ្សេង​ទៀត​។ សម្រាប់​ក្រុមហ៊ុន​ធានា​រ៉ាប់រង ឥឡូវ​ដោយ​សារ​តែ​យើង​បាន​ចាប់​ផ្តើម​បើក​ពួក​វា​ហើយ យើង​កំពុង​តែ​ខិតខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​នាំ​ក្រុមហ៊ុន​ទាំង​នោះ​ទៅ​ក្នុង​រង្វង់​ទីផ្សារ។ ក្នុង​នាម​ជា​សាជីវកម្ម​មួយ យើង​កំពុង តែ​កំណត់​យុទ្ធសាស្ត្រ ទៅ​លើ​ការ​ផ្តល់​នូវ​បណ្តា​ផលិតផល​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ​ទៅ​ដល់​ក្រុម​អតិថិជន ចាប់​តាំង​ពី​ទី​កន្លែង​មួយ​ដែល​ពួក​គាត់​អាច​រក្សា​ទុក​ប្រាក់​របស់​ពួក​គាត់​ប្រកប​ដោយ​សុវត្ថិភាព (​និង​បង្កើន​ប្រាក់​របស់​ពួក​គាត់​ជា​មួយ​អត្រា​ការ​ប្រាក់​បញ្ញើ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ ដល់​ទៅ ៥ ភាគរយ​សម្រាប់​រយៈ​ពេល ១២ ខែ​) រហូត​ដល់​ការ​ជួយ​សហ​គ្រាស​នានា​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ(​ជា​មួយ​នឹង​កម្ចី​របស់​យើង) រហូត​ដល់​ការ​ទុក​ជា​មួយ​យើង​នូវ ​ហា​និភ័យ​ប្រឈម​នឹង​របួស​ និង​គ្រោះ​ថ្នាក់​ផ្ទាល់​ខ្លួន ការ​បាត់​បង់​ជីវិត ពិការ​ភាព ឬ​ការ​ខូច​ខាត​ទ្រព្យ​ស​ម្បត្តិ​។

យើង​នឹង​ធ្វើការ​ទៅលើ​របៀប​ដាក់​ សេ​វាកម្ម​ទាំង​នេះ «​ជា​កញ្ចប់​» ទៅ​ដល់​អតិថិជន​រប​ស់​យើង ដូ​ច្នេះ​ពួក​គាត់​គ្រាន់​តែ​ត្រូវ​ការ​ឈប់​នៅ​សាខា​របស់​យើង​ណាមួយ​ដែល​មាន​និ​មិត្ត​សញ្ញា​របស់ Phillip​។ មិន​អ៊ី​ចឹង​ទេ ពួក​គាត់​ក៏​អាច​ចុះឈ្មោះ​ចូល​ទៅ​ក្នុង​គេហ​ទំព័រ​របស់​យើង​ដើម្បី​ប្រើប្រាស់​សេវាកម្ម​ទាំង​នេះ។ បន្ទាប់​ពី​ការ​រួម​បញ្ចូល​គ្នា យើង​នឹង​អាច​មាន​សាខា​ប្រ​ហែល​ពី ៨០ ទៅ ៩០ នៅ​ទូ​ទាំង​ប្រទេស​៕