
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជ្រើសរើសការហោះហើរលំដាប់កំពូលៗនោះទេ ហើយក៏មិនមែនអ្នកដំណើរគ្រប់គ្នាដែលមកកាន់ប្រទេសកម្ពុជាតាមផ្លូវអាកាសសុទ្ធតែជ្រើសរើសប្រភេទកន្លែងអង្គុយធម្មតាៗដែរ។ កត្តាខឿនសេដ្ឋកិច្ច និងលំហូរចូលនៃការវិនិយោគរបស់បរទេសបានធ្វើឲ្យមានកំណើនក្រុមហ៊ុនអាកាសចរណ៍ឯកជន និងយន្តហោះឯកជនហោះហើរលើដែនអាកាសរបស់ប្រទេសកម្ពុជា។
ប៉ុន្តែអ្នកមិនអាចជិះយន្តហោះផ្ទាល់ខ្លួន ហើយមកចុះចតនៅភ្នំពេញ សម្រាប់តែបរិភោគអាហារមួយពេលមុនពេលបន្តដំណើរទៅទីក្រុងហុងកុងនោះទេ។ អ្នកនឹងត្រូវការលិខិតអនុញ្ញាតសុំចុះចត និងចំណតផ្ទាល់ខ្លួនមួយដែលអាចនឹងត្រូវចំណាយពេល ២ ទៅ ៣ ថ្ងៃ ដើម្បីបំពេញការងារនេះ។ ខណៈដែលអ្នករត់ឯកសារនេះ គប្បីដឹងអំពីវិធីបង់ថ្លៃសេវាកម្មនៅអាកាសយានដ្ឋាន និងថ្លៃផ្ញើយន្តហោះផងដែរហើយក៏កុំរំពឹងថា គេទទួលក្រដាសសែកពីនោះដែរ។
ដំណឹងល្អនោះ គឺអាកាសយានដ្ឋានអន្តរជាតិកម្ពុជាមានទទួលស្វាគមន៍យន្តហោះផ្ទាល់ខ្លួន ហើយអ្នកនឹងអាចជួលកន្លែងចតយន្តហោះផ្ទាល់ខ្លួនប្រភេទ Lear ឬ Beechcraft (យន្តហោះតូចអាច ផ្ទុកអ្នកអំណើរពី ៨-៣០ នាក់) របស់លោកអ្នកបាន។ ប៉ុន្តែកន្លែងចតពេលខ្លះជាប់រវល់ដូចជានៅខ្ទង់ម៉ោង ១០:៣០ ព្រឹកនៅពេលក្រុមហ៊ុនយន្តហោះធំៗពីចិនចំនួន ៣ តម្រង់ជួរបណ្តាក់គ្នាមកសំចតនៅអាកាសយានដ្ឋានភ្នំពេញ។ ដូច្នេះហើយអ្នកត្រូវដឹងអំពីការបត់បែន ពេលវេលានៅពេលអ្នកគ្រោងនឹងចុះចត ឬហោះចេញ។
វិធីដ៏ងាយបំផុតក្នុងការយកលិខិតស្នើសុំចុះចត និងជួលកន្លែងចតនោះគឺតាមរយៈការប្រើសេវាកម្មរបស់ក្រុមហ៊ុនឯកជនក្នុងស្រុកណាមួយឲ្យរត់ការឲ្យអ្នក។ ប៉ុន្តែអ្នកគ្រាន់តែទាក់ទង រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ដែលជាអ្នកអនុញ្ញាតលិខិតស្នើសុំចុះចត និងអាកាសយានដ្ឋានកម្ពុជាដែលជាអ្នករៀបចំកន្លែងចុះចត និងកន្លែងហោះឡើងក៏បាន។
គុណសម្បត្តិមួយក្នុងការប្រើសេវារបស់ក្រុមហ៊ុនឯកជនដើម្បីរៀបចំរឿងទាំងអស់នេះគឺថាអ្នកនឹងត្រូវឆ្លងកាត់ភាគីជាច្រើន ចាប់តាំងពីមន្ត្រីផ្នែកអាកាសចរណ៍រហូតដល់អ្នកគ្រប់គ្រងផ្នែកចាក់សាំងយន្តហោះ និងអ្នករៀបចំម្ហូបអាហារលើយន្តហោះទៀតផង ហើយវាជារឿងងាយស្រួលក្នុងការមាននរណាម្នាក់ជួយលើរឿងនេះ។ ការងារបែបនេះក៏ជួយសម្រួលដល់បញ្ហានិយាយភាសាផ្សេងៗគ្នា និងបញ្ហាលុយកាក់ផងដែរ។
«បញ្ហាសំខាន់ៗក្នុងនាមជាបុគ្គលផ្ទាល់នោះអាចនឹងជាការរៀបចំការបង់ប្រាក់ ដោយសារពួកគេភាគច្រើននឹងត្រូវបានគេស្នើឲ្យបង់ប្រាក់ជាមុន ឬបង់ជាសាច់ប្រាក់នៅនឹងកន្លែងផ្ទាល់ផងដែរ (សម្រាប់សេវាកម្មនានា)» លោក Alijoscha Subasinghe នាយកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍មុខជំនួញនៅ Indochina Aviation Centre (IAC) ដែលជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ចអាកាសចរណ៍ដែលគ្រប់គ្រងក្នុងនាមជាអ្នកទទួលចាត់ចែងសម្រាប់អតិថិជនធ្វើដំណើរតាមផ្លូវអាកាសក្នុងប្រទេសចំនួន ៦ រួមទាំងកម្ពុជាផងដែរ។
យ៉ាងហោចណាស់បើតាមផ្លូវការការរត់ការលិខិតអនុញ្ញាតត្រូវការរយៈពេល ៥ ថ្ងៃរាប់តែថ្ងៃធ្វើការប៉ុណ្ណោះ ប៉ុន្តែប្រសិនបើភ្នាក់ងារនោះពូកែគឺអាចនឹងរត់ការយកឲ្យអ្នកបានក្នុងរយៈពេលត្រឹមតែ ១ ថ្ងៃ ឬ ២ ថ្ងៃប៉ុណ្ណោះ។ ពាក្យស្នើសុំយកលិខិតអនុញ្ញាតនេះត្រូវការព័ត៌មានអំពីយន្តហោះ អ្នកធ្វើដំណើរ និងក្រុមបម្រើការព្រមទាំងកាលវិភាគនៃការហោះហើរដែលត្រូវស្នើសុំផងដែរ។ អ្នកត្រូវមានសញ្ញាបត្របញ្ជាក់អំពីការចុះឈ្មោះ លិខិត ឬឯកសារសំអាងចំពោះការធានារ៉ាប់រង សញ្ញាប័ត្រគ្រប់គ្រងយន្តហោះ (AOC) និងអាសយដ្ឋានបង់ប្រាក់សម្រាប់កម្រៃផ្សេងៗនៃអាកាសយានដ្ឋានដែលអ្នកប្រើលើដែនអាកាសកម្ពុជា។
សូមចាំថា ខណៈដែលលិខិតអនុញ្ញាតមិននៅសល់ពេលកំណត់សុពលភាពដែលពន្យារលើសពីកាលវិភាគចុះចតនោះអ្នកនឹងត្រូវបង់ថ្លៃសេវាកម្មចាត់ចែងពេលចុះមកដល់ដីបន្ថែមទៀតក្នុងករណីអ្នកពន្យារ ឬរំសាយការហោះហើររបស់អ្នកវិញដោយមិនមានប្រាប់ជាមុន ហើយប្រសិនបើការហោះហើរត្រូវបានពន្យារយៈពេលយូរ ឬប្រសិនបើអ្នកប្តូរចិត្ត ថាតើអ្នកគួរជ្រើសរើសយន្តហោះមួយណាសម្រាប់ជិះនោះអ្នកនឹងត្រូវរត់ការយកលិខិតអនុញ្ញាតថ្មី ឬការបញ្ជាក់ទៅលើលិខិតដែលមានស្រាប់។
លិខិតអនុញ្ញាតសុំការចុះចតគឺរាប់ទាំងកន្លែងចុះចត និងផ្លូវសម្រាប់ហោះហើរផងដែរ ដែលតាមផ្លូវច្បាប់គឺត្រូវស្នើសុំយ៉ាងហោចណាស់រយៈពេល ៣ ថ្ងៃមុននឹងការមកដល់។ លោក Subasinghe ថ្លែងថាកន្លែងចតកម្រនឹងជាបញ្ហាណាស់នៅអាកាសយានដ្ឋានកម្ពុជា ប៉ុន្តែពេលខ្លះលោកអ្នកសួរអតិថិជនដើម្បីសម្រួលកាលវិភាគហោះហើររបស់ខ្លួនចៀសវាងប៉ះម៉ោងយន្តហោះទូទៅដែលចុះច្រើនកុះករ ហើយដូចគ្នាទៅនឹងលិខិតស្នើសុំចុះចតដែរនោះ បើអ្នកមិនបានមកចុះចតតាមកាលវិភាគស្នើសុំ និងកំណត់ទេនោះអ្នកអាចនឹងត្រូវអស់ថវិកាផងដែរ។
លោក Subasinghe ថ្លែងថា៖ «អាកាសយានដ្ឋានកម្ពុជា ធ្វើការយកកម្រៃជើងសា ៥ ភាគរយលើថ្លៃចាត់ចែងលើដីក្នុងករណីមានការពន្យារពេលលើសពី ៤៥ នាទីរាប់ពីម៉ោងបានកំណត់»។
ការចុះចតនៅអាកាសយានដ្ឋានទាំង ៣ នៅកម្ពុជាគឺមិនដែលចោទជាបញ្ហានោះទេ បើទោះជាយ៉ាងណាអ្នកគប្បីចងចាំថា អ្នកនឹងទទួលបានកន្លែងចតជាមួយប្រភេទយន្តហោះផ្ទាល់ខ្លួនតូចៗផ្សេងៗទៀតនៅចុងបំផុតនៃកន្លែងចត។ ថ្លៃចតគឺគិតតាមចំនួនម៉ោង និងទម្ងន់របស់យន្តហោះនៅពេលហោះហើរ។
តម្លៃចាត់ចែងនៅផ្ទាល់ដីនៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជាត្រូវបានផ្តល់ផ្តាច់មុខដោយក្រុមហ៊ុន Cambodia Airports។
បើអ្នកអាចនឹងចង់ចាក់សាំង ស្ថានីយប្រេងឥន្ធនៈតូតាល់ និង PTT Cambodia មានសាំងសម្រាប់ចាក់យន្តហោះផ្ទាល់ខ្លួន (Jet A-1) ក្នុងអាកាសយានដ្ឋានទាំង ៣ ជាមួយការបង្ហាញអំពីការប្រែប្រួលតម្លៃជាប្រចាំដោយមានការទទួលការទូទាត់ប្រាក់មុនពេលចាកចេញដំណើរ។
បើអ្នកចង់រៀបចំអាហារសម្រាប់អ្នករួមដំណើរ និងក្រុមការងាររបស់អ្នកផងដែរ។ ចំណុចនេះមានក្រុមហ៊ុន Cambodia Air Catering Services (CACS) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មរៀបចំម្ហូបអាហារលើអាកាសយានដ្ឋានផ្តាច់មុខនៅអាកាសយានដ្ឋានទាំង ៣ ដែលមានរថយន្តដឹកអាហារមានដងសន្ទូចខ្ពស់អាចនាំយកម្ហូបអាហារ និងអីវ៉ាន់ផ្សេងៗចូលទៅក្នុងយន្តហោះដែលបានចត។
ការទិញអាហារញ៉ាំនៅលើយន្តហោះមិនមែនជាកាតព្វកិច្ចរបស់អ្នកនោះទេ។ ប៉ុន្តែបើអ្នកសម្រេចចិត្តចង់ទិញនំភីហ្សា ១០ ឬ ២០ នំពីហាង Domino’s អ្នកត្រូវចាត់ចែងជាមួយ CASCS ដើម្បីឲ្យគេដឹកនំភីហ្សាទាំងនេះពីស្ថានីយរង់ចាំចូលទៅយន្តហោះដែលអ្នកកំពុងចតនោះ។
អាហារតូចៗខ្លះត្រូវបានលើកលែង «ក្រុមការងារអាចយកអាហារពីខាងក្រៅចូលបានដរាបណាមានចំនួនតិចអាចយួរនឹងដៃបានហើយអ្វីៗត្រូវតែឆ្លងការស្កេនត្រួតពិនិត្យតាមច្បាប់ទម្លាប់» នេះបើយោងតាមលោក Subasinghe។
ជាថ្មីម្តងទៀតក្រុមហ៊ុនភ្នាក់ងារដែលពូកែគឺជាជំនួយដ៏ល្អបំផុតហើយមិនត្រឹមតែអាចចាត់ចែងរឿងម្ហូបអាហារបានប៉ុណ្ណោះទេ ប៉ុន្តែក៏អាចចាត់ចែងលើសេវាបោះសម្លៀកបំពាក់ និងអាចចាត់ចែងលើមុខទំនិញពិសេសៗសម្រាប់អ្នករួមដំណើរ និងក្រុមការងារអ្នកបានដែលអនុញ្ញាតឲ្យអ្នកមានពេលកាន់តែច្រើននៅលើផ្ទាល់ដីដើម្បីចាត់ចែងការងាររបស់អ្នកជាជាងទៅឈរតម្រង់ជួរនៅផ្សារថៃហ៊ួត ដោយកាន់កន្ត្រកស្រា នំសាំងវិច និងប្រដាប់មួលដកឆ្នុកស្រានោះ។
អ្វីដែលអ្នកគួរចងចាំជាចុងក្រោយនោះគឺថាអ្នកគ្រប់គ្រងយន្តហោះផ្ទាល់ខ្លួនមានផ្តល់នូវជម្រើសអាចឲ្យអ្នកប្រើស្ថានីយរង់ចាំលំដាប់វីអាយភីនៅអាកាសយានដ្ឋានភ្នំពេញ និងសៀមរាប បើទោះជាអ្នកនឹងត្រូវការស្នើសុំកន្លែងចុះចតជាមុនក្តី។
ស្ថានីយរង់ចាំនេះមាន CIQ ពេញលក្ខណៈដែលរួមមានទាំងមន្ត្រីផ្នែកពន្ធអន្តោរប្រវេសន៍ និងកន្លែងពិនិត្យមើលមេរោគផងដែរ ដែលជួយឲ្យដំណើរការហោះហើររបស់អ្នកបានរលូន និងមានលក្ខណៈឯកជនជាងធម្មតា៕