ក្រៅពីការជួយរក្សាកម្លាំងបេះដូង និងការបំប៉នកោសិកា ពងត្រីឆៅ ឬហៅថា Caviar ត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រថា មានប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហាជំងឺបាក់ទឹកចិត្ត និងបញ្ហាអារ។
CAVIAR ឬពងត្រីឆៅប្រហែលជាមិនមែនជាអាហារដំបូងដែលអ្នកនឹកឃើញនៅពេលអ្នកគិតអំពីការរស់នៅដែលមានសុខភាពល្អនោះទេ ប៉ុន្តែអាហារឆ្ងាញ់ដ៏ល្បីល្បាញមួយនេះគឺសម្បូរទៅដោយវីតាមីនជាច្រើនដូចជា ផូស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ហ្វ្លូរីន សូដ្យូម និងជាតិដែក។
ហើយខណៈពេលដែលពងត្រីត្រូវបានគេចាត់ទុកថាមានតម្លៃថ្លៃ ជាពិសេសនៅក្នុងប្រទេសមួយដូចជាប្រទេសកម្ពុជា មនុស្សតែងតែមានការភ្ញាក់ផ្អើលចំពោះតម្លៃដែលតាមពិតសមរម្យជាពិសេសនៅពេលដែលញ៉ាំតិចតួច។
លោក Bernard Matter ជនជាតិបារាំងបានបង្កើតជាបេសកកម្មផ្ទាល់ខ្លួន ដើម្បីណែនាំពីរសជាតិឈ្ងុយឆ្ងាញ់នៃ Caviar នៅកម្ពុជាចាប់តាំងពីការមកដល់ទីក្រុងភ្នំពេញកាលពីជាងមួយទសវត្សរ៍មុនមកម្ល៉េះ ដើម្បីស្ថាបនាសណ្ឋាគារ Bougainvillier ដែលជាសណ្ឋាគារប៊ូទិកនៅម្តុំមាត់ទន្លេ។
ជាមួយនឹងដៃគូពាណិជ្ជកម្មទាំង ២ នាក់របស់លោកគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ភានុរ័ត្ន និងលោក អេត្យេនចេនេវីយ៉េ លោក Matter បានបើកហាង Caviar & Traditions នៅឆ្នាំ ២០១៧ ដោយផ្តល់ជូននូវសេវាដឹកជញ្ជូនពងត្រីឆៅទៅដល់ផ្ទះរបស់អតិថិជន។
នៅក្នុងប្រវត្តិសាស្ត្រពាក្យថា Caviar សម្ដៅទៅលើពងត្រីដែលបានមកពីត្រីពូជ sturgeon ដែលភាគច្រើនត្រូវបាននេសាទនៅសមុទ្រកាសព្យែន (Caspian) និងសមុទ្រខ្មៅ (Black Seas) ប៉ុន្តែសព្វថ្ងៃនេះពាក្យនេះត្រូវបានប្រើខុសបច្ចេកទេស ហើយយកវាទៅហៅពងនៃត្រីផ្សេងៗគ្នាជាច្រើនរួមទាំងត្រីសាល់ម៉ុន និង trout ផងដែរ។
ខណៈពេលដែលប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ីជាអ្នកផលិតធំបំផុតនៃអាហារដ៏មានឱជារសមួយនេះ ប្រទេសចិនបច្ចុប្បន្នគឺជាអ្នកគ្របដណ្ដប់លើឧស្សាហកម្មនេះដែលពួកគេផលិតប្រមាណ ៦០ ភាគរយនៃការផ្គត់ផ្គង់ទីផ្សាររបស់ពិភពលោក។
ប៉ុន្តែនៅពេលនិយាយអំពីគុណភាព អ្នកផលិតតាមបែបប្រពៃណីនៅតែនាំមុខនៅក្នុងទីផ្សារដដែល។
បច្ចេកទេសក្នុងការរៀបចំវា មិនបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ខ្លាំងណាស់ណាទេនាអំឡុងសតវត្សរ៍ចុងក្រោយនេះ។ អូវែ របស់វាត្រូវបានយកចេញពីត្រីញីប្រភេទ sturgeon ហើយពងរបស់វាត្រូវបានលាង ដើម្បីសម្អាតកាកសំណល់កខ្វក់។ របៀបទាំងនេះក៏ក្លាយទៅជា Caviar ជាមួយនឹងការបន្ថែមអំបិលសម្រាប់រសជាតិ និងការថែរក្សាទុកបានត្រឹមត្រូវ។
បន្ទាប់មកពងត្រីត្រូវបានអ្នកជំនាញភ្លក្សរសជាតិ ដើម្បីកំណត់គុណភាព ហើយត្រូវបានដាក់ចូលក្នុងប្រអប់សំណប៉ាហាំង ដោយលាបស្រានៅលើគម្របដើម្បីលក់ទៅឲ្យអតិថិជន។
ការយកចិត្តទុកដាក់ទៅលើផលិតផលគឺមានសារៈសំខាន់ណាស់ក្នុងការរក្សាគុណភាពពីរោងចក្ររហូតទៅដល់លើតុអាហារ។ លោក Matter បាននិយាយថាផលិតផល Caviar & Traditions ទាំងអស់ត្រូវបានបញ្ជូនតាមផ្លូវអាកាសមកកាន់ប្រទេសកម្ពុជា។
«ចាំបាច់ត្រូវទុកវាក្នុងសីតុណ្ហភាពត្រជាក់ជានិច្ច ប៉ុន្តែអត់បង្កកវាទេ។ រក្សាវាឲ្យត្រជាក់ជាពិសេសនៅពេលផ្លាស់ទីវាពីកន្លែងមួយទៅកន្លែងមួយទៀត និងនៅពេលយកវាដាក់លើចាន» នេះជាអ្វីដែលក្រុមហ៊ុននេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួន។
ការសិក្សាបានបង្ហាញថា ការទទួលទានតែ ១ ក្រាមនៃ caviar ក្នុងមួយថ្ងៃនឹងធ្វើឲ្យសុខភាពមានភាពប្រសើរឡើង។ អាស៊ីតដែលមាននៅក្នុងអាហារមួយនេះជួយកាត់បន្ថយការកកឈាម ការពារសរសៃឈាមអារទែពីការឡើងរឹង ហើយអាចកាត់បន្ថយឱកាសនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ឬមិនឲ្យកើតមានដំណើររាំងស្ទះសរសៃឈាមជាដើម។
សារធាតុ Selenium នៅក្នុង Caviar ក៏ត្រូវបានផ្សំជាមួយវីតាមីន E ធម្មជាតិ ដើម្បីការពារកោសិកាពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី និងសមាសធាតុផ្សំដទៃទៀតថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយគាំទ្រដល់ការលូតលាស់របស់កោសិកាទាំងមូល។
Caviar ក៏ត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រផងដែរថាវាអាចមានប្រសិទ្ធភាពក្នុងការដោះស្រាយជំងឺបាក់ទឹកចិត្ត និងព្យាបាលភាពអារ (អត់មានកូន)។
ប៉ុន្តែអ្វីដែលទាក់ទាញមនុស្សភាគច្រើនទៅកាន់ Caviar នោះគឺរសជាតិរបស់វា ហើយនៅក្នុងផ្នែកនេះ Caviar & Traditions នឹងមិនធ្វើឲ្យអ្នកខកបំណងនោះឡើយ។
ក្រុមហ៊ុននេះបានថ្លែងថា៖ «ជំនាញរបស់យើងនៅក្នុងម្ហូបអាហារបារាំងអាចឲ្យយើងជ្រើសយកពងត្រី sturgeon ដែលល្អបំផុតសម្រាប់ជាអាហារដ៏ឈ្ងុយឆ្ងាញ់ចំពោះអតិថិជននេះជាបទពិសោធរបស់យើង»៕