អ៊ំស្រី គង់ យុំាង មើលមិនសូវច្បាស់ដូចមុនទេ។ ម្តាយដែលមានកូន ៦ នាក់រូបនេះ បានធ្វើការសឹងតែពេញមួយជីវិតរបស់គាត់ទៅហើយ។
ប៉ុន្តែរាល់ថ្ងៃនេះ គាត់ត្រូវខំប្រឹងខ្លាំងជាងកាលគាត់នៅពីក្មេង ដើម្បីបំពេញការងារដែលក្នុងនោះក៏រួមមាន ធ្វើបបរឲ្យចៅៗរបស់គាត់ផងដែរ។ អ៊ំស្រី គង់ យុំាង មានជំងឺទឹកនោមផ្អែមប្រភេទទី ២ ហើយដូចប្រជាជនរាប់ពាន់នាក់ទៀតនៅក្នុងប្រទេស កម្ពុជា ដែរ គឺពួកគាត់កំពុងប្រឈមមុខនឹងឃាតករកំបាំងមុខមួយនេះ។
វិបត្តិ សាធារណៈដែលត្រូវការយកចិត្តទុកដាក់ខ្ពស់មួយនេះ បានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរដ៏លឿនក្នុងសង្គមកម្ពុជា។
ស្របពេលដែលទំហំផលិតផល ក្នុងស្រុកសរុបកើនឡើង ទំហំចង្កេះ ក៏រីកធំផងដែរ គឺស្របពេលដែលប្រជាជនកាន់តែច្រើនឡើងៗបាន បរិភោគអាហារកែច្នៃ និងភេសជ្ជៈ ដែលសម្បូរជាតិស្ករខ្ពស់។ របបអាហារដែលសម្បូរជាតិស្ករខ្ពស់ រួមនឹងការជក់បារី ការទទួលទាន គ្រឿងស្រវឹង ប៉ុន្តែខ្វះលំហាត់ប្រាណ បានធ្វើឲ្យភាគរយនៃការកើតជំងឺទឹកនោមផ្អែមកាន់តែខ្ពស់។
យោងតាម ការស្ទង់មតិថ្មីមួយអំពីកត្តាហានិភ័យ សមាមាត្រនៃការលើសទម្ងន់ ឬក៏ចំនួននៃមនុស្សធាត់នៅកម្ពុជា មានការកើនឡើងពី ១៥ ភាគរយ ក្នុងឆ្នាំ ២០១០ ទៅ ២២ ភាគរយ ក្នុងឆ្នាំ ២០១៦ ហើយស្របពេលជាមួយគ្នានេះដែរ ចំនួនប្រជាជនដែលមានអត្រាជាតិស្ករខ្ពស់ក្នុងឈាម បានកើនឡើងធំជាងមុន ៣ ដង គឺឈានដល់ទៅជិត ១០ ភាគរយ។ កំណើនអត្រាជាតិស្ករក្នុងឈាម គឺជាសូចនាករមួយដែលបង្ហាញអំពីការកើនឡើងនៃជំងឺទឹកនោមផ្អែម។
ចំពោះ អ៊ំស្រី គង់ យុំាង រូបគាត់បានធ្វើរោគវិនិច្ឆ័យ និងរកឃើញប្រភេទពីជំងឺនេះ ក្នុងពេលដែលវាស្ថិតក្នុងដំណាក់កាលដំបូង ប៉ុន្តែវាគួរឲ្យស្តាយដែលមិនមានមនុស្សច្រើននាក់ទេ ដែលបានធ្វើរោគវិនិច្ឆ័យឲ្យបានទាន់ពេល ដូចអ៊ំស្រី គង់ យុំាង។
អ៊ំស្រី គង់ យុំាង ចេះតែមានអារម្មណ៍ អស់កម្លាំង ឆាប់ឃ្លាន និងនោមច្រើនដង ខុសពីប្រក្រតី ហើយគាត់ក៏បានទៅមណ្ឌល សុខភាពក្នុងខេត្តកំពង់ធំ ដែលជាមណ្ឌលសុខភាពមួយក្នុងចំណោមមណ្ឌលសុខភាពសរុបចំនួន ២៦ ផ្សេងទៀតទូទាំងប្រទេស កម្ពុជា ដែលទើបតែទទួលបានការបណ្តុះបណ្តាល ដើម្បីធ្វើតេស្តពិនិត្យ និងព្យាបាល ជំងឺទឹកនោមផ្អែម។ សម្រាប់មនុស្សភាគច្រើន ដែលមានជំងឺនេះមិនបានទៅធ្វើតេស្ត រហូតដល់ដំណាក់កាលព្យាបាលដែលមានភាព ស្មុគស្មាញច្រើន និងពិបាក។
បើតាមការស្ទង់មតិក្នុងចំណោមអ្នកដែលមានជំងឺនេះ មានតែ ១,៥ ភាគរយ ដែលបានកំពុងប្រើប្រាស់ថ្នាំដើម្បីព្យាបាល។ ក៏ប៉ុន្តែ ទាំងចំពោះអ្នកដែលបានដឹងពីអាការ ជំងឺ និងអ្នកដែលកំពុងប្រើប្រាស់ថ្នាំ តម្លៃថ្នាំសម្រាប់ព្យាបាលជំងឺនេះគឺជាក្តីកង្វល់ដ៏ធំមួយ។ សម្រាប់ថ្នាំសម្ពាធឈាម និងថ្នាំទឹកនោម ផ្អែម អ៊ំស្រី គង់ យុំាង ត្រូវចំណាយដល់ទៅ ២០ ដុល្លារក្នុង ១ ខែ គឺស្មើនឹង ១ ភាគ ៣ នៃការចំណាយសរុបរបស់គាត់។
ជាការពិត ជំងឺឆ្លងសុខភាពមាតា និងកុមារ កង្វះអាហារូបត្ថម្ភគឺ ជាចំណុចស្នូលនៃគំនិតផ្តួចផ្តើមជាច្រើនក្នុងវិស័យសុខភាព ក៏ប៉ុន្តែស្របពេលដែលសង្គមប្រែប្រួលប្រព័ន្ធសុខភាពសាធារណៈក៏ត្រូវឆ្លើយតបទៅនឹងជំងឺថ្មីៗផងដែរ ដូចជា ជំងឺបេះដូង ជំងឺផ្លូវដង្ហើម មហារីក និងជំងឺទឹកនោមផ្អែម។
នៅខេត្តកំពង់ធំ ដែលជាលំនៅរបស់អ៊ំស្រី គង់ យុំាង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អាល្លឺម៉ង់ បាននិងកំពុងធ្វើការជាមួយក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងដៃគូផ្សេងទៀត ដើម្បីផ្តល់សេវាកម្មឲ្យទៅជិត និងឲ្យបានគ្រប់ថ្នាក់ដល់អ្នកដែលកើតជំងឺដូចជា ជំងឺទឹកនោមផ្អែមនេះជាដើម។
នៅក្នុងឆ្នាំនេះដែរ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) និងអង្គការសុខភាពពិភពលោក បានបង្កើនថវិកាហិរញ្ញវត្ថុព្រមទាំង ជំនួយបច្ចេកទេសទៅដល់មណ្ឌលសុខភាព ដែលទទួលបានការបណ្តុះបណ្តាល ក្នុងការធ្វើតេស្ត និងព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។
លើសពីនេះទៀតកិច្ចសហប្រតិបត្តិការថ្មីរវាង GIZ និងក្រសួងសុខាភិបាល នឹងជួយឲ្យមានភាពប្រសើរឡើងនូវលើផ្នែកហេដ្ឋារចនាសម័្ពន្ធ នៅតាមមណ្ឌលសុខភាពសាធារណៈដែលមានឯកទេសខាងជំងឺទឹកនោមផ្អែម ហើយនៅមានគម្រោងថ្មីមួយទៀត នោះគឺការជួយបង្កើនការប្រើប្រាស់សេវាថែទាំសម្រាប់កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១។
ក្នុងជំហានដ៏សំខាន់មួយទៀត ធនាគារ អាល្លឺម៉ង់ សម្រាប់ការអភិវឌ្ឍ (KfW) បានបោះទុនវិនិយោគចំនួន ៦ លានដុល្លារក្នុងប្រព័ន្ធសុខភាពសាធារណៈដែលការវិនិយោគនេះនឹងបង្កើនចំនួន មណ្ឌលសុខភាព នៅតាមភូមិ ឃុំសង្កាត់ ដែលមានសមត្ថភាព និងមានគ្រឿងសម្ភារបរិក្ខារសម្រាប់ធ្វើតេស្ត ព្យាបាលជំងឺ និងផ្តល់សេវាកម្មផ្សេងៗទៀតដល់អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺសម្ពោធឈាម និងអ្នកជំងឺមហារីកមាត់ស្បូន។
បច្ចុប្បន្ននេះ អ៊ំស្រី គង់ យុំាង មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ គាត់ព្យាយាមកាត់បន្ថយបាយ (គ្រាប់ពណ៌ស) ព្រោះគាត់យល់ដឹងថា គ្រាប់បាយប្រភេទនេះនឹងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងខ្លាំង។ រូបគាត់ក៏បានទទួលការណែនាំពីអ្នកជំងឺដូចរូបគាត់ តែអ្នកទាំងនោះ បានឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកអប់រំ ហើយកន្លងមកពួកគេបានជួយ អ៊ំស្រី គង់ យុំាង ឲ្យមានស្មារតីវិជ្ជមាន និងផ្តល់ ដំបូន្មានជាក់ស្តែងជាច្រើនទៀត។
នាពេលឥឡូវនេះប្រទេស កម្ពុជា ត្រូវតែបង្កើតឲ្យមានតុល្យភាព។ ទោះជាអត្រាប្រើប្រាស់សេវាកម្មសុខភាព មានការកើនឡើងក៏ដោយ ក៏វិស័យសុខាភិបាលតែមួយ មិនអាចដោះស្រាយវិបត្តិនេះបានទេ។ វានៅមានកិច្ចការជាច្រើនទៀតដែលត្រូវសម្រេច ជាពិសេសក្នុងរូបភាពនៃការបង្ការជំងឺ តាមរយៈការបង្កើតបរិស្ថានដែលមនុស្សអាចរស់នៅប្រកបដោយសុខភាពល្អ គឺធ្វើយ៉ាងណាត្រូវចាប់ផ្តើមពីដំណាក់កាលដំបូងបំផុត គឺកុំឲ្យអ្នកជំងឺទឹកនោមផ្អែមដូចអ៊ុំស្រី គង់ យុំាង កើតមានទៅបាន៕