ប្រទេស​ជប៉ុន​បាន​គាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​អស់​រយៈពេល​ជាង​ ៣ ​ទសវត្សរ៍​កន្លង​មក​នេះ​។

រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បាន​បន្ត​ពង្រីក​ការគាំទ្រ​របស់​ខ្លួន​សម្រាប់​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​​សង្គម​នឹង​ជួយ​សម្រេច​ឱ្យ​បាន​នូវ​ឋានៈ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០​។

រដ្ឋាភិបាល​ជប៉ុន​ថែម​ទាំង​បាន​កែសម្រួល​ «​គោលនយោបាយ​សហប្រតិបត្តិ​ការអភិវឌ្ឍ​សម្រាប់​កម្ពុជា​» នៅក្នុង​ខែ​កក្កដា​ឆ្នាំ​ ២០១៧ ឱ្យ​ស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ​របស់​កម្ពុជា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កំណើន​ដែល​មាន​ស្ថិរភាព​ និង​របៀបវារៈ​កាត់បន្ថយ​ភាពក្រីក្រ​។

យោង​តាម​អង្គការ JICA បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ស្រប​តាម​គោលនយោបាយ​នេះ JICA ផ្តោត​លើ​អាទិភាព​សំខាន់​ចំនួន​ ៣ ​គឺ​ការអភិវឌ្ឍ​ឧស្សាហកម្ម​បង្កើន​គុណភាព​ជីវិត​ឲ្យ​កាន់តែ​ប្រសើរ ​និង​ការលើក​កម្ពស់​សង្គម​ប្រកប​ដោយ​ចីរភាព​តាមរយៈ​ការពង្រឹង​​អភិបាលកិច្ច​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​។

រយៈពេល​ ២០ ​ឆ្នាំ​កន្លង​មក​នេះ​អង្គការ JICA បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការផ្តល់​ជំនួយ​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​​អត្ថប្រយោជន៍​ពិតប្រាកដ​ និង​យូរអង្វែង​។ លទ្ធផល​មួយ​ក្នុង​ចំណោម​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​នេះ​គឺថា​ប្រទេស​កម្ពុជា​ក្លាយ​ជា​អ្នកដឹកនាំ​នៅក្នុង​ផ្នែក​មួយ​ចំនួន​ដែល​អង្គការ JICA បាន​គាំទ្រ​អស់​រយៈពេល​ជាយូរ​មក​ហើយ​ដូចជា​សកម្មភាព​បោសសម្អាត​មីន និង​ការផ្គត់ផ្គង់​ទឹក​ជាដើម​។

«​ប្រទេស​កម្ពុជា​ក៏​បាន​ចាប់ផ្តើម​ផ្តល់​ជំនួយ​ទៅ​ដល់​ប្រទេស​កំពុង​​អភិវឌ្ឍន៍​ដទៃ​ទៀត​ដែរ​នៅក្នុង​វិស័យ​ទាំងនេះ​។ តាមរយៈ​គម្រោង​​ និង​ជំនួយ​របស់ JICA យើង​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពី​កម្លាំង​​កាយ​ចិត្ត​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការរីកចម្រើន និង​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​តាមរយៈ​កំណើន​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​»​។

តាមរយៈ​សារ​របស់​លោក Yuichi Sugano ប្រធាន​តំណាង​អង្គការ JICA ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា​យើង​នឹង​បន្ត​ធ្វើការ​រួម​គ្នា​ជាមួយ​ប្រជាជន​កម្ពុជា​ និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត​។

ការរួម​ចំណែក​របស់​ទីភ្នាក់ងារ​ជប៉ុន​គឺ​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន​រាប់​ចាប់ពី​វិស័យ​កសិកម្ម អប់រំ អភិបាលកិច្ច ការផ្គត់ផ្គង់​ទឹក ប្រព័ន្ធ​លូបង្ហូរទឹក​ស្អាត ការផ្គត់ផ្គង់​ថាមពល ការដឹកជញ្ជូន​ក្នុង​ទីក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​រាប់​ចាប់​តាំងពី​ផ្លូវថ្នល់ ស្ពាន​រហូត​ដល់​កំពង់ផែ​។

ចាប់​តាំងពី​មាន​ការបញ្ជូន​អ្នក​ស្ម័គ្រចិត្ត​របស់​ខ្លួន​នៅ​ឆ្នាំ​ ១៩៦៥ និង​បើក​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​ ១៩៩៣ មក​អង្គការ JICA នៅ​តែ​ជា​ម្ចាស់​ជំនួយ​ដ៏ធំ​ដល់​កម្ពុជា​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

យោង​តាម​ការិយាល័យ​របស់​អង្គការ JICA ក្នុង​ទីក្រុង​ភ្នំពេញ​​បាន​ឲ្យ​ដឹងថា ប្រាក់កម្ចី​ដល់​ប្រទេស​កម្ពុជា​គិត​ត្រឹម​ឆ្នាំ​ ២០១៧ គឺ​មាន​ចំនួន ១៤២ ៨៨៤ លាន​យ៉េន និង​ជំនួយ​ឥតសំណង​សរុប​មាន​ចំនួន ១៤៣ ៣៥៦ លាន​យ៉េន ហើយ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​មាន​ចំនួន​ ៨៦ ២៥៨ លាន​យ៉េន​គិត​ត្រឹម​ឆ្នាំ​ដដែល​។

គិត​ត្រឹម​ឆ្នាំ​ ២០១៧ ​ចំនួន​អ្នក​ជំនាញ​ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​មាន​ចំនួន​ ៦៩១ ​នាក់​ និង​អ្នកស្ម័គ្រចិត្ត​មាន​ចំនួន​ ៤០៧ ​នាក់ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ ៥១០៣ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួល​ការបណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​។

អង្គការ JICA គឺជា​ទីភ្នាក់ងារ​ប្រតិបត្តិការ​ជំនួយ​អភិវឌ្ឍន៍​ជប៉ុន​នៅ​ក្រៅ​ប្រទេស​ដែល​ជួយ​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។

បច្ចុប្បន្ន​ភ្នាក់ងារ​នេះ​គឺជា​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ទ្វេភាគី​ដ៏ធំ​បំផុត​​នៅក្នុង​ពិភពលោក​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ជាង ១៥០ ​ប្រទេស​​ទាំង​នៅ​ក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក​ និង​មាន​ការិយាល័យ​នៅ​​ក្រៅ​ប្រទេស​ជិត​ ១០០ ​ការិយាល័យ​។

ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ជប៉ុន​ និង​កម្ពុជា​មាន​រយៈពេល​ជាង​ ៦ ​ទសវត្សរ៍​មក​ហើយ​ក្នុង​នោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​គឺ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ហើយ​ជំនួយ​របស់​ជប៉ុន​ដល់​កម្ពុជា​ក៏​មិន​ទាន់​បាន​បង្ហាញ​សញ្ញា​ថមថយ​នោះ​ដែរ​។

កាលពី​ថ្ងៃ​ទី​ ១២ ខែ​កុម្ភៈ​ស្ថានទូត​ជប៉ុន​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ផ្តល់​ថវិកា​ជាង​ ៥០ ​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​អង្គការ​សន្តិស្ម័គ្រចិត្ត​ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ការអប់រំ​កុមារ​តូចៗ​តាមរយៈ​ការបង្កើត​សាលា​មតេ្តយ្យ​គំរូ​បំពាក់​ដោយ​បណ្ណាល័យ​ និង​ការបង្កើន​សមត្ថភាព​គ្រូ​មតេ្តយ្យ​សិក្សា និង​បណ្ណារក្ស​នៅ​ក្នុង​ខេត្ត​បាត់ដំបង​។

យោង​តាម​ស្ថានទូត​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​ចាប់​តាំងពី​ឆ្នាំ​ ២០០២ ​មក​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ថវិកា​ជាង​ ៣៥ ​លាន​ដុល្លារ​អាមេរិក​ដល់​គម្រោង​ចំនួន​ ១១៤ ដែល​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោស​សម្អាត​មីន​៕