ការការពារពីហានិភ័យនៃការរស់នៅក្នុងសម័យកាលទំនើប
ស្តង់ដារនៃការរស់នៅរបស់ប្រជាជនកម្ពុជា មានលក្ខណៈកាន់តែទំនើបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងជីវិតរស់នៅកាន់តែទំនើបបូករួមនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរទៀតនោះ ប្រជាជនក្នុងសតវត្សរ៍ទី២១នេះ កំពុងតែជួបនូវសេចក្តីសុខដុមរមនាខុសពីស្ថានភាពប្រទេសកម្ពុជាពីអតីតកាល។
យ៉ាងណាមិញ ការដែលមានទឹកប្រាក់កាន់តែច្រើនមិនមែនមានន័យថា សុខភាពកាន់តែល្អប្រសើរនោះទេ។
ដូចដែលយើងបានឃើញនៅតាមបណ្តាប្រទេសដទៃជាច្រើនទៀតដែរនោះអត្ថប្រយោជន៍នៃការរស់នៅបែបទំនើបក៏បង្កើតជាហានិភ័យផងដែរ។ មនុស្សជាច្រើនស្វែងរកការកម្សាន្តជាជាងការធ្វើលំហាត់ប្រាណ។ ម៉ោងការងារនៅការិយាល័យកាន់តែច្រើនហើយរយៈពេលនៃការគេងក៏ខ្លីជាងមុន។
ប្រសិនបើធ្វើលើសកម្រិតទម្លាប់មួយចំនួន ដូចជាការចេញទៅញ៉ាំអាហារនៅខាងក្រៅ ការ ផឹកគ្រឿងស្រវឹង និងការជក់បារី អាចបង្ក ជាផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង។
ក្នុងឆ្នាំ ២០១៥ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ៦០ ភាគរយនៃមរណភាពទូទាំងពិភពលោក គឺបណ្តាលមកពីជំងឺមិនឆ្លងជាពិសេសគឺជំងឺមហារីក ជំងឺថ្លើម ជំងឺដាច់សរសៃឈាម និងជំងឺបេះដូង។
«ជំងឺធ្ងន់ធ្ងរទាំងនេះកំពុងតែបង្កជាបន្ទុកកាន់តែធំធេងចំពោះបណ្តាប្រទេសជាច្រើន ដែលកំពុងតែប្រឈមមុខនឹងការកើនឡើងនៃករណីជំងឺទាំងនេះ ព្រមទាំងការកើនឡើងនៃថ្លៃព្យាបាលផងដែរ» នេះបើយោងតាមលោកវេជ្ជបណ្ឌិត Liu Yunguo អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។
ដូចគ្នានេះដែរចំនួននៃអ្នកកើតជំងឺមិនឆ្លងក៏កំពុងតែកើនឡើងនៅកម្ពុជា។ «យ៉ាងហោចណាស់ ៤៦ ភាគរយ នៃការស្លាប់សរុបនៅកម្ពុជា គឺបណ្តាលមកពីជំងឺមិនឆ្លង ជាពិសេសគឺជំងឺបេះដូងមហារីក ទឹកនោមផ្អែម ជំងឺសួត ហើយអត្រាអ្នកជំងឺទាំងនេះកំពុងតែបន្តកើនឡើងថែមទៀត» នេះបើយោងតាមសម្តីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ផ្អែកតាមស្ថិតិរបស់អង្គការសុខភាពពិភពលោកអត្រាមរណភាពបណ្តាលមកពីជំងឺមិនឆ្លងនៅកម្ពុជា គឺខ្ពស់ជាងអត្រាមរណភាពសរុប ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ និងជំងឺឆ្លងដូចជាជំងឺអេដស៍និងរបេង ថែមទៀតផង។
លោកវេជ្ជបណ្ឌិត អ៊ំ សុភាព នាយកប្រតិបត្តិអង្គការ Khmer HIV/AIDS NGO Alliance បានឯកភាពនឹងព័ត៌មានខាងលើ ហើយបានបន្ថែមថា ៖ «ជាមួយនឹងបម្រែបម្រួលនៃរបៀបរបបនៃការរស់នៅប្រចាំថ្ងៃ ដូចជាការញ៉ាំអាហារ ការផឹកគ្រឿងស្រវឹង ការជក់បារី និងកង្វះខាតនៃការធ្វើលំហាត់ប្រាណ យើងបានសង្កេតឃើញថា អត្រាមរណភាពបណ្តាលមកពីជំងឺមិនឆ្លងនេះមានការកើនឡើងកាន់តែច្រើនដោយមិនដឹងខ្លួន»។
នៅប្រទេសកម្ពុជាផលប៉ះពាល់នៃជំងឺទាំងនេះបានបង្កជាបញ្ហាយ៉ាងច្រើន។ ដោយសារតែកង្វះខាតនៃការយល់ដឹងនិងភាពស្ទាក់ស្ទើរក្នុងការពិភាក្សាពីកង្វល់សុខភាព ប្រជាជនភាគច្រើនមិនបានស្វែងរកការព្យាបាលរហូតទាល់តែជំងឺទាំងនេះ វិវឌ្ឍដល់ដំណាក់កាលធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត ព្រាប ឡីប្រធានផ្នែកវះកាត់នៅមន្ទីរពេទ្យព្រះ សីហនុ មណ្ឌលនៃក្តីសង្ឃឹម បានថ្លែងថា៖ «ការស្លាប់ដែលកើតមកពីជំងឺមិនឆ្លងភាគច្រើន អាចបង្កាបានប្រសិនបើអ្នក ជំងឺទាំងនោះបានមករកពួកយើងឲ្យបានលឿនជាងនេះ។ ប្រហែល ២ភាគ៣នៃអ្នកជំងឺមហារីករបស់យើង ពួកគេបាន ធ្លាក់ខ្លួនក្នុងដំណាក់កាលទី ៣ ឬ ៤ ទៅហើយ នៅពេលដែលពួកគាត់មកស្វែងរកការព្យាបាលនៅមន្ទីរពេទ្យយើងលើកដំបូង។ នៅពេលជំងឺមហារីកឈានដល់ដំណាក់កាលធ្ងន់ធ្ងរបែបនេះ វារឹតតែពិបាកក្នុងការព្យាបាលហើយឱកាសនៃការព្យាបាលឲ្យបានជោគជ័យនោះ គឺកាន់តែទាបបំផុត»។
ស្រដៀងគ្នានេះដែរលោកវេជ្ជបណ្ឌិតជួន គីមចេង មកពីផ្នែកសុខភាពទូទៅនិងសួត នៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌល នៃក្តីសង្ឃឹម ក៏បានលើកឡើងដែរថា៖«ករណីជំងឺថ្លើមភាគច្រើនពេលដែលមិនបានទទួលការព្យាបាលនឹងវិវឌ្ឍទៅជាក្រិនថ្លើម និងបន្ទាប់មកទៅជាមហារីកថ្លើម។ យើងអាចជួយជីវិតបានកាន់តែច្រើនថែមទៀត ប្រសិនបើប្រជាពលរដ្ឋកាន់តែច្រើនយល់ដឹងអំពីសុខភាពរបស់ខ្លួន និងស្វែងរកការព្យាបាលឲ្យបានលឿនជាងនេះ»។
ជាការសោកស្តាយ ជំងឺនេះមិនត្រឹមតែប៉ះពាល់ដល់អ្នកជំងឺខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សមាជិកគ្រួសារជាច្រើនជំនាន់ផងដែរ។ លោកវេជ្ជបណ្ឌិត Liu បានថ្លែងទៀតថា ៖ «ករណីជំងឺធ្ងន់ធ្ងរភាគច្រើន គឺគ្រួសារជាអ្នករងផលប៉ះពាល់ ដោយសារតែការបាត់បង់ចំណូលបណ្តាលមកពីពិការភាពពីជំងឺមិនឆ្លង និងសម្ពាធហិរញ្ញវត្ថុពីការចំណាយច្រើនលើការព្យាបាល»។
ការអប់រំណែនាំដល់គ្រួសារ និងសហគមន៍ គឺជាគន្លឹះដ៏សំខាន់ក្នុងការចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងទាំងនេះ។
ខណៈដែលរដ្ឋាភិបាល និងស្ថាប័នក្រៅរដ្ឋាភិបាលបាននឹងកំពុងធ្វើការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាទាំងនេះ ផ្នែកឯកជនក៏បានបង្ហាញនូវការយកចិត្តទុកដាក់ចូលរួមដោះស្រាយបញ្ហាជំងឺធ្ងន់ធ្ងរទាំងនេះផងដែរ។
កាលពីខែមុន ក្រុមហ៊ុនធានារ៉ាប់រងជីវិតអេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (ហៅកាត់ថា AIA) បានរៀបចំនូវព្រឹត្តិការណ៍មួយឈ្មោះថា «Fit for Hope» ដើម្បីផ្តល់នូវជំនួយគាំទ្រដល់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តី សង្ឃឹម ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការពិនិត្យស្វែងរកជំងឺឲ្យដឹងជាមុននិងការព្យាបាលជំងឺធ្ងន់ធ្ងរទាំងនេះ។
មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម មានក្តីសោមនស្សរីករាយដែលទទួលបានជំនួយពីវិស័យឯកជន។
«ព្រឹត្តិការណ៍ Fit for Hope កាលពីថ្ងៃទី២១ ខែតុលានេះបានផ្តល់នូវការពិនិត្យជំងឺមហារីកសុដន់ ដោយឥតគិតថ្លៃដល់ស្ត្រីចំនួន ១៧៤ នាក់ ហើយបានស្វែងរកឃើញអ្នកកើតជំងឺនេះចំនួន៤ករណី។ ស្ត្រី៤នាក់ដែលមានជំងឺនេះនិងក្រុមគ្រួសារកំពុងតែបានទទួលនូវការព្យាបាល និងជំនួយចាំបាច់នានាក្នុងការព្យាបាលជំងឺមហារីកសុដន់» នេះបើយោងតាមលោក ប៊ួយ សុខប្រធានផ្នែកទំនាក់ទំនងសាធារណៈនៅមន្ទីរពេទ្យព្រះសីហនុ។
«កម្មវិធីនេះមានអ្នកចូលរួមប្រហែល១៥០០នាក់និងបានរៃអង្គាសទឹកប្រាក់សប្បុរសបាន១ម៉ឺនដុល្លារសម្រាប់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ដែលនឹងជួយពួកយើងក្នុងការអប់រំណែនាំដល់មហាជននិងជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ផ្សេងទៀតរាប់ឆ្នាំបន្តបន្ទាប់ទៅមុខទៀត»។
លោកវេជ្ជបណ្ឌិត ឡី បានថ្លែងថា ៖ «នៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹមដោយសារតែមានជំនួយសប្បុរស និងដៃគូដូចជាក្រុមហ៊ុន AIA យើងអាចបន្តផ្តល់នូវសេវាសុខាភិបាលដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ និងអ្នកដែលជួបបញ្ហាខ្វះខាត។ យ៉ាងណាមិញ ជំងឺនេះមិនរើសអើងមនុស្សនោះ ទេ។ ជំងឺមិនឆ្លងទាំងនេះអាចកើតមានទៅលើមនុស្សទាំងក្មេងទាំងចាស់ អ្នកមាន និងអ្នកក្រដូចគ្នា»។
ដើម្បីការពារសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ប្រជាជនកម្ពុជាកាន់តែច្រើនកំពុងតែស្វែងរកសេវាសុខភាព និងហិរញ្ញវត្ថុ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់បាន។ ជាមួយនឹងបទពិសោធជិត១០០ឆ្នាំ ក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅអាស៊ីដ៏ធំ AIA នេះកំពុងតែឈានមុខគេក្នុងការផ្តល់ជូននូវដំណោះស្រាយសម្រាប់បញ្ហាទាំងនេះ។
លោក Richard Bates អគ្គនាយកក្រុមហ៊ុន AIA ប្រចាំកម្ពុជា បានថ្លែងថា៖ «យើងចង់ជួយឲ្យប្រជាជនកម្ពុជាទទួលយកនូវការរស់នៅដោយមានសុខភាពកាន់តែល្អ ខណៈដែលយើងផ្តល់ដំណោះស្រាយដែលពួកគាត់ត្រូវការ ដើម្បីការពារខ្លួនពួកគាត់ក៏ដូចជាក្រុមគ្រួសារពីជំងឺធ្ងន់ធ្ងរទាំងនេះ»។
លោកបន្តថា ៖ «ដំណោះស្រាយនៃការការពាររបស់យើងមានលក្ខណៈពិសេសដោយសារយើងផ្តល់ការការពារទាំងក្នុងដំណាក់កាលដំបូង និងដំណាក់កាលធ្ងន់ធ្ងរផងដែរ។ យើងសង្ឃឹមថា នេះគឺគ្រាន់តែជាការចាប់ផ្តើមនៃការគាំទ្រជាច្រើនរបស់យើងសម្រាប់ក្រុមគ្រួសារនិងសហគមន៍នានានៅកម្ពុជា»។
ទន្ទឹមនឹងការយល់ដឹងអំពីហានិភ័យនិងរោគសញ្ញាបឋមផ្សេងៗនៃជំងឺទាំងនេះ វេជ្ជបណ្ឌិតជាច្រើនបានណែនាំឲ្យប្រជាជនទាំងអស់គ្នាអនុវត្តនូវទម្លាប់រស់នៅដោយមានសុខភាពល្អ។
លោកវេជ្ជបណ្ឌិត ឡី បន្ថែមទៀតថា៖ «ប្រជាជន ជាច្រើនអាចចៀសពីជំងឺទាំងអស់នេះបានប្រសិនបើពួកគាត់ទទួលទានរបបអាហារដែលមានតុល្យភាព មិនផឹកគ្រឿងស្រវឹងហួសបរិមាណ កុំជក់បារីនិង ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ហើយប្រសិនបើអ្នកមិនទាន់មានអារម្មណ៍ថា មានរោគសញ្ញាអ្វីនៅឡើយក៏ដោយសូមជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យសុខភាពឲ្យបានទៀងទាត់។ វាអាចជួយឲ្យរកឃើញជំងឺនៅដំណាក់កាលដំបូងៗបានដែលធ្វើឲ្យឱកាសនៃការព្យាបាលមានភាពជោគជ័យកាន់តែខ្ពស់»៕