នៅក្នុង​អត្ថបទ​ស្ដីពី​វិស័យ​អប់រំ​ទី​ ២ ​របស់​យើង​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នឹង​ពណ៌នា​អំពី​សារៈសំខាន់​នៃ​ជំនាញ​ទន់​សម្រាប់​ប្រជាជន​កម្ពុជា​ជាមួយ​នឹង​ការយក​ចិត្ត​ទុកដាក់ ពិសេស​នៅក្នុង​របៀប​ដែល​ជំនាញ​ទន់​ទាំងនោះ​ត្រូវ​បាន​បង្រៀន និង​រៀនសូត្រ​។ ជំនាញ​ទន់ និង​ជំនាញ​រឹង​ទាំង​ ២ ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការបង្កើត និង​បណ្ដុះបណ្ដាល​ពលរដ្ឋ​ដែល​មាន​សមត្ថភាព និង​ឯករាជភាព​ក្នុង​សង្គម​។

យើង​នឹង​សម្លឹង​មើល​ថា តើ​កម្មវិធីសិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​អាច​ផ្ដល់នូវ​មធ្យោបាយ​នៃ​ការចែករំលែក​នូវ​ជំនាញ​ទន់​ទៅ​ឲ្យ​សិស្សានុសិស្ស​យ៉ាងដូចម្តេច​? យើង​បាន​និង​កំពុង​តែ​សង្កេត​ថា ហេតុអ្វី​ក៏​ជំនាញ​ទន់​មាន​សារៈសំខាន់​សម្រាប់​អនាគត​របស់​ប្រជាជន​កម្ពុជា និង​ប្រទេសជាតិ​ទាំង​មូល​?

ទំនាក់ទំនង​គឺជា​គន្លឹះ​ដ៏សំខាន់​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង​ការចរចា​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ប៉ុន្តែ​ក្នុង​ជំនួញ និង​ពាណិជ្ជកម្ម​បាន​ក្លាយ​ជា​កិច្ចការ​អន្តរជាតិ ដូច្នេះ​ច្បាប់ និង​ទំនៀមទម្លាប់​នៃ​ការទាក់ទង​គ្នា​នៅក្នុង​សង្គម និង​ជំនួញ​នឹង​ប្រែប្រួល​ទៅតាម​នោះដែរ​។

ភាព​ប៉ិនប្រសប់​នៅក្នុង​ការប្រើប្រាស់​នូវ​ជំនាញ​ទន់​ជាមួយ​គ្នា​នឹង​ផ្នែក​បច្ចេកទេស​នៃ​ជំនាញ​រឹង​ក្នុង​ការងារ​របស់​បុគ្គល​នីមួយៗ​មាន​ន័យ​ថា បុគ្គល​នោះ​អាច​ផ្តល់​ឲ្យ​ភាគី​ទាំង​ ២ ​នូវ​លទ្ធផល​ដ៏គាប់​ប្រសើរ​។

ជា​អកុសល​សម្រាប់​អ្នក​បង្រៀន​ជំនាញ​ទន់​មិន​ដូចជា​ជំនាញ​រឹង​ដែល​អាច​វាស់​ស្ទង់​បាន​នោះទេ​។ យើង​មិន​អាច​ធ្វើ​តេស្ត​សមត្ថភាព​លើ​ជំនាញ​ទន់​ទាំង​នោះ​នៅក្នុង​បរិបទ​ផ្លូវការ​បាន​ទេ​។ ជំនាញ​ទន់​គឺ​ពិបាក​ក្នុង​ការវាស់ស្ទង់ និង​ធ្វើតេស្ត​សមត្ថភាព​ជាមួយ​នឹង​ភាព​ជំនឿ​ជាក់​ណា​មួយ​ណាស់​។ ផ្ទុយ​ទៅ​វិញ​ខណៈ​ពេល​ដែល​បុគ្គលិក​លក្ខណៈ​របស់​សិស្សានុសិស្ស​មាន​ការវិវឌ្ឍ​ជំនាញ​ទន់​នឹង​ស្ដែង​ចេញ​កាន់តែ​ច្បាស់​ឡើងៗ​។

ជំនាញ​ទន់​ដើរតួនាទី​មិន​អាច​ខ្វះ​បាន​នៅក្នុង​ការកំណត់​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​ម្នាក់ៗ​ក៏​ដូចជា​ផ្តល់​នូវ​ភាព​ធន់ទ្រាំ សមត្ថភាព​ដោះស្រាយ​បញ្ហា ការគិត​ស៊ីជម្រៅ និង​ជំនាញ​ទំនាក់ទំនង​។

សិស្សានុសិស្ស​ដែល​អាច​រៀនសូត្រ​ជំនាញ​ទន់​បាន​ល្អ​ឥតខ្ចោះ ទំនង​នឹង​មាន​លទ្ធភាព​ក្នុង​ការឈោង​ចាប់​ចំណេះដឹង​នៃ​ភាសា​ទី​ ២ ស្មារតី​ភ្ញាក់រឭក​ខាង​ផ្នែក​វប្បធម៌ ហើយ​ពួកគេ​ក៏​មិន​ត្រឹម​តែ​នឹង​ក្លាយ​ជា​សមាជិក​ក្រុម​ដ៏ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​អាច​ធ្វើការ​ដោយ​ឯករាជ្យ​ម្ចាស់ការ​បាន​ផង​ដែរ​។ ពួកគេ​នឹង​មាន​សមត្ថភាព​ក្នុង​ការស្វែងយល់ និង​ពិចារណា​ខ្ពស់​ដែល​អាច​ជួយ​ធ្វើឲ្យ​ការខ្វែង​គំនិត​គ្នា​ស្ថិត​ក្នុង​សភាព​វិជ្ជមាន​បាន​។

សារៈសំខាន់​នៃ​ជំនាញ​ទន់​មិនអាច​ត្រូវ​បាន​មើលរំលង​នោះ​ទេ ជំនាញ​ទន់​ទាំងអស់​សុទ្ធ​តែ​មាន​សារៈសំខាន់​ដូចៗ​គ្នា​។ ខណៈ​ជំនាញ​ទន់​ដែល​មាន​សារៈសំខាន់​ជាងគេ​នៅក្នុង​ពេលនេះ​គឺ​ទំនាក់ទំនង​។

ជំនាញ​ទន់​ផ្សេងៗ​ទៀត​មាន​ដូចជា​ការ​ឲ្យ​តម្លៃ​លើ​ខ្លួនឯង​ដែល​ជា​មធ្យោបាយ​ក្នុងការ​អភិវឌ្ឍ​ខ្លួន និង​បណ្ដុះ​ភាពជឿជាក់​លើ​ខ្លួនឯង​។ មួយ​វិញ​ទៀត​គឺជា​ភាសា​កាយវិការ​។ ការយល់​ពី​ភាសា​កាយវិការ​របស់​មនុស្ស​ម្នាក់ៗ​អាច​និយាយ​បាន​ថា វា​ជា​អ្វី​ដែល​ខុសប្លែក​ពី​ការនិយាយ​ដោយ​ប្រើ​ពាក្យសម្ដី ដែល​ការយល់​នោះ​គឺជា​គន្លឹះ​ដ៏សំខាន់​មួយ​។

ការធ្វើ​បទបង្ហាញ​ល្អ ការ​មាន​ជំនាញ​ពិភាក្សា​ល្អ​ក្នុង​ការពិពណ៌នា​ពី​គំនិត​មួយ​ដោយ​រលូន ជំនាញ​នៃ​ការនិយាយ​ជា​សាធារណៈ ការរៀនសូត្រ​ភាសា​ផ្សេងៗ ដែល​ការសិក្សា​ស្វែងយល់​ពី​ជំនាញ​ទាំងនេះ​សុទ្ធសឹង​តែ​ផ្នែក​រួមផ្សំ​នៃ​ការអភិវឌ្ឍ​ជំនាញ​ទន់​របស់​សិស្សានុសិស្ស​កម្ពុជា​។

វា​ពិតជា​មិន​លឿន​ពេក​ ឬ​យឺត​ពេក​នោះ​ទេ​ក្នុង​ការចាប់ផ្ដើម​រៀនសូត្រ​អភិវឌ្ឍ និង​ដុសខាត់​ជំនាញ​ទន់​ទាំងនោះ​។ គន្លឹះ​សម្រាប់​បញ្ហា​នេះ​គឺ​ស្ថិត​នៅ​លើ​សមត្ថភាព​របស់​បុគ្គល​នីមួយៗ​ក្នុង​ការទទួល​ស្គាល់ និង​ដឹង​ពី​ចំណុច​ខ្វះខាត និង​កំហុស​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ​។

នៅពេល​ដែល​បុគ្គល​ម្នាក់​ចេះ​ទទួលស្គាល់​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន នោះ​គឺជា​ជំហាន​ដំបូង​ក្នុង​ការលុបបំបាត់​នូវ​កំហុស​ទាំងឡាយ​។ ការវិនិច្ឆ័យ​លើ​ខ្លួនឯង​អាច​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​កាន់​ការពង្រឹង​នៃ​ជំនាញ​ទន់​របស់​ពួកគេ​៕