ជាមួយការអនុវត្តគម្រោងដែលមានកិច្ចសហប្រតិបត្តិការពីអាជ្ញាធរមូលដ្ឋាន និងដោយមានជំនួយថវិកាពីកម្មវិធីជំនួយអូស្ត្រាលី (AusAid) ដែលមានឈ្មោះថា មូលនិធិសង្គមស៊ីវិល អនាម័យ បង្គន់សុវត្ថិភាព និងទឹកស្អាត (Civil Society Water, Santination and Hygiene Fund-CS WASH Fund) ដើម្បីគាំទ្រដល់ការអនុវត្តគម្រោង WASHOBA។
យ៉ាងហោចណាស់មានគ្រួសារប្រជាជនក្រីក្រចំនួន១ ៣០០០គ្រួសារ និងមនុស្ស ៨១ ០០០នាក់ទទួលបានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់នៅតាមស្រុកជាច្រើននៃខេត្តកំពង់ចាម, ក្រចេះ និង ១៣ឃុំ នៅក្នុងខេត្តព្រៃវែង។
លោក គឹម ហ៊រ នាយកប្រចាំប្រទេសកម្ពុជា អង្គការមូលនិធិ East Meets West Foundation បានថ្លែងថា អង្គការរបស់លោកបានទទួលជំនួយថវិកាពីប្រទេសអូស្ត្រាលី សម្រាប់ការបង្កើនគុណភាពស្តង់ដាររស់នៅរបស់ប្រជាជនខ្មែរយើង ដែលរស់នៅតាមទីជនបទ ពិសេសអ្នកដែលត្រូវបានរាប់ចូលក្នុងបញ្ជី IDPoor «ពួកគាត់ជាគ្រួសារក្រីក្រ»។
កម្មវិធីនេះត្រូវបានអនុវត្តជាជំហានៗដើម្បីណែនាំដល់ប្រជាជនខ្មែរអំពីសុវត្ថិភាពសុខភាព ដើម្បីជួយឲ្យពួកគាត់ «មានសុខភាពរស់នៅប្រចាំថ្ងៃប្រកបដោយអនាម័យយល់ដឹងអំពីប្រភពនៃជំងឺ ឬបង្ការ ពីជំងឺឆ្លងដោយមេរោគមួយចំនួន»។
ជំហានដំបូងបង្អស់ គឺការស្នើ និងណែនាំឲ្យពួកគាត់ប្រើប្រាស់ទឹកស្អាត និងមានសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ។ «យើងបានប្រាប់ពួកគាត់ថា នៅពេលដែលយើងប្រើទឹកមានសុវត្ថិភាព យើងអាចចៀសវាងពីជំងឺ និងមេរោគឆ្លងបាន ២៧ ភាគរយ ហើយប្រសិនបើយើងមានបង្គន់អនាម័យប្រើទៀតនោះ យើងនឹងអាចចៀសវាងពីជំងឺ និងបាក់តេរីបាន ២៥ ភាគរយបន្ថែមទៀត»។ នេះបើយោងតាមអ្វីដែលលោក ហ៊រ បានអះអាង។
លោក ហ៊រ ថ្លែងបន្តថា រីឯ ៤៨ ភាគរយទៀត ដែលនៅសល់គឺអាចការពារបានតាមរយៈ «ការលាងដៃនឹងសាប៊ូមុនពេលទទួលទានអាហារ និងក្រោយពេលប្រើបង្គន់រួច»។
លោកបន្តថា ជំងឺទាំងនោះមានដូចជា ជំងឺអាសន្នរោគ ជំងឺរាករូស(ជាពិសេសបើកើតលើកុមារវាមានគ្រោះថ្នាក់លឿន) ជំងឺក្រពះ ពោះវៀន និងជំងឺសើស្បែកជាដើម។
លោក ហ៊រ បន្ថែមថា ៖ «យើងបានស្ថិតិទាំងនេះពីអ្នកវិទ្យាសាស្ត្រ និងផ្នែកស្រាវជ្រាវមកពីក្រសួងសុខាភិបាល របស់ប្រទេសកម្ពុជា។ ក្រោយពេលដែលពួកគាត់បានយល់រួចហើយ ពួកគាត់ចាប់ផ្តើមសង់បន្ទប់បង្គន់ ទឹកស្អាត ដោយមានជំនួយបច្ចេកទេស និងមូលនិធិខ្លះៗជាជំនួយ។ បន្ទាប់មកមន្ត្រីអង្គការរបស់យើងក៏បានពន្យល់ដល់ពួកគាត់អំពីរបៀបប្រើប្រាស់ផងដែរ»។
បង្គន់អនាម័យមួយ ចំណាយប្រាក់ប្រមាណ៦៩ដុល្លារអូស្ត្រាលី (ប្រហែល ៥៥ដុល្លារអាមេរិក) ហើយខាងអង្គការជួយផ្តល់ជាជំនួយចំនួន២៦ដុល្លារអូស្ត្រាលី សម្រាប់ប្រជាជនដែលស្ម័គ្រចិត្តធ្វើបង្គន់អនាម័យ។
អ្នកស្រី Georgia DAVIS ប្រធានផ្នែកសិក្សា និងចំណេះដឹងប្រចាំតំបន់ អង្គការមូលនិធិ East Meets West Foundation (EMW) បានលើកឡើងថា កម្មវិធី WASHOBA នេះបានអនុញ្ញាតឲ្យអង្គការ EMW សាកល្បង និងសិក្សា ថាតើជំនួយដែលត្រូវបានសម្រិតសម្រាំងផ្តោតតែលើគ្រួសារក្រីក្រ (IDPoor) អាចជួយឲ្យពួកគាត់សង់បន្ទប់បង្គន់ និងប្រព័ន្ធទឹកស្អាត និងមានអនាម័យបានរហ័សជាងវិធីផ្សេងៗ ក្នុងការបង្កើតគុណភាពអនាម័យ និងជីវភាពរស់នៅ ឬយ៉ាងណា?
អង្គការ EMW ទើបតែបានបញ្ចប់គម្រោងមួយក្រោមជំនួយមូលនិធិកម្មវិធី CS WASH របស់គម្រោងជំនួយអូស្ត្រាលី។ គម្រោងនេះត្រូវបានអនុវត្តតាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ ហើយបានទទួលជំនួយចំនួន ១,៧១ លានដុល្លារអូស្ត្រាលី។ គម្រោងនេះត្រូវបានគេដាក់ឈ្មោះថា WASHOBA ហើយត្រូវអនុវត្តនៅក្នុងខេត្តកំពង់ចាម និងខេត្តក្រចេះ។
នៅពេលសួរថា តើជំនួយនេះផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងអាជ្ញាធរយ៉ាងណានោះ អ្នកស្រីបានលើកឡើងថា គ្រួសារដែលមានបង្គន់អនាម័យ និងទឹកស្អាតទាំងនេះបានប្រាប់ថា វាផ្តល់ភាពងាយស្រួល និងធ្វើឲ្យពួកគាត់មានសុវត្ថិភាព ដែលមានន័យថា ពួកគាត់មិនចាំបាច់ទៅទីវាលពេលយប់ដើម្បីបត់ជើងនោះទេ។ ជំនួយមូលនិធិពីគម្រោងនេះបានជួយដល់ពួកគាត់យ៉ាងច្រើន ហើយក៏បានជួយចេញថ្លៃធ្វើបង្គន់ សម្រាប់គ្រួសារក្រីក្រផងដែរ។
សម្រាប់សហគមន៍ និងអាជ្ញាធរមូលដ្ឋានវិញ កម្មវិធីនេះគឺជាវិធីសាស្ត្រមួយក្នុងការលើកកម្ពស់បរិស្ថានឲ្យបានស្អាតជាងមុន ហើយពួកគាត់នឹងមានសុខភាពកាន់តែល្អប្រសើរថែមទៀត។
អ្នកស្រី Georgia បានបន្តបកស្រាយថា ក្រោមជំនួយកម្មវិធី WASHOBA នេះ ប្រជាជនច្រើនជាង ១៣ ០០០ គ្រួសារ មានបង្គន់អនាម័យប្រើប្រាស់ ឬ ច្រើនជាង ៦២ ០០០ នាក់ បានសាងសង់បន្ទប់ទឹកស្អាតរួចរាល់ ហើយក្រោយពេលដែលគម្រោងនេះបញ្ចប់ថ្នាក់ដឹកនាំខេត្តទាំង២ បានស្នើឲ្យអង្គការ EMW បន្តគម្រោងនេះទៅមុខទៀត។
សម្រាប់ទឹកស្អាតវិញ អង្គការ EMW បានចាប់ដៃជាមួយអង្គការ GRET ដែលជាអង្គការបារាំង ដើម្បីអនុវត្តសាកល្បងនូវដំណើរការរត់ឯកសារសុំអាជ្ញាប័ណ្ណលំបាកៗមួយសម្រាប់សហគ្រាសឯកជនលើបញ្ហាទឹកស្អាត។ គម្រោងទឹកស្អាតចំនួន៤ត្រូវបានបង្កើត និងកែលម្អថ្មី ហើយមនុស្សច្រើនជាង ១៩ ០០០ នាក់ «ឥឡូវនេះមានទឹកស្អាតប្រើដោយភ្ជាប់ទុយោដល់ផ្ទះរបស់ពួកគេតែម្តង»។
កាន់តែពិសេសជាងនេះ «គម្រោង Water for Women នឹងជួយដល់អង្គការ EMW ក្នុងការបង្កើនប្រសិទ្ធភាព និងផ្តល់ជំនួយដល់គម្រោងរបស់យើង។ យើងផ្តល់ជំនួយកាន់តែច្រើនថែមទៀតដល់គ្រួសារដែលងាយនឹងរងគ្រោះ [ឧទាហរណ៍ ដូចជា គ្រួសារក្រីក្រដែលមានសមាជិកជាជនពិការ] និងជួបជាមួយអាជ្ញាធរថ្នាក់ខេត្ត ថា្នក់ស្រុក និងឃុំ ដើម្បីរួមគ្នាផ្តល់ជំនួយហិរញ្ញប្បទានដល់គ្រួសារក្រីក្រទាំងនោះ» នេះបើតាមការអះអាងរបស់អ្នកស្រី Georgia។ «ដូចនឹង គម្រោងមូលនិធិ CS WASH ដែរ គម្រោង Water for Women ត្រូវបានអនុវត្តក្នុងខេត្តកំពង់ចាម និងក្រចេះ ហើយនឹងបន្តទៅខេត្តចំនួន៣ទៀត គឺខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តកំពង់ធំ»។
គម្រោងមូលនិធិទាំង ២ CS WASH Fund (២០១២ ដល់ ២០១៧) និង Water for Women (២០១៨ ដល់ ២០២២) បានទទួលជំនួយធំៗរយៈពេលវែងពីប្រទេសអូស្ត្រាលី ដើម្បីជួយដល់ប្រជាជនខ្មែរក្នុងការបង្កើតប្រព័ន្ធទឹកស្អាត និងលើកកម្ពស់អនាម័យផងដែរ។ ពិសេស តាមរយៈជំនួយមូលនិធិទាំងនេះ គម្រោងទាំង ២ ពិតជាបានជួយដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះបំផុត ក្នុងកាសាងសង់បង្គន់អនាម័យនិងប្រព័ន្ធទឹកស្អាតមានសុវត្ថិភាពផងដែរ។
លើសពីនេះ មូលនិធិ Water for Women នឹងសហការជាមួយសហគ្រិនទឹកឯកជន និងសមាគមទឹកស្អាតកម្ពុជា (Cambodian Water Association) ដើម្បីផ្តល់ជំនួយដល់ការពង្រីកគម្រោងទឹកស្អាតចំនួន២ទៀត។ ការផ្តល់មូលនិធិពីអូស្ត្រាលី នឹងត្រូវបានយកទៅប្រើដើម្បីបំពេញចន្លោះខ្វះខាតសម្រាប់គម្រោងពង្រីកបន្ថែមដែលសហគ្រិនអាចនឹងមិនចូលរួមវិនិយោគ៕