ប្រទេស ​កម្ពុជា ​នឹង​មាន​លទ្ធភាព​ច្រើន​បំផុត ប្រសិន​បើ​ប្រាក់​រៀល​បាន​ចូល​ខ្លួន​មក​ជំនួស​ប្រាក់​ដុល្លារ​អាមេរិក ដែល​ជា​មធ្យោបាយ​ផ្លាស់ប្តូរ​ដ៏​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​។ ភាព​ពិត​ប្រាកដ​នៃ​សេដ្ឋកិច្ច​ និង​អធិបតេយ្យ​​ជាតិ​ត្រូវ​តែ​ជា​អាទិភាព ខណៈ​នៅ​ក្នុង​ពិភព​លោក​ដែល​កំពុង​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​នេះ​តម្រូវ​ឱ្យ​សេដ្ឋកិច្ច​មាន​ភាព​រឹងមាំ​ និង​អាច​បត់បែន​បាន​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​។

ប្រាក់​រៀល ​គឺ​ជា​កាតាលីករ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​មាន​ល្បឿន​លឿន នឹង​ធ្វើ​ឱ្យ​រូបិយវត្ថុ​ជាតិ​កាន់​តែ​ទទួល​បាន​ការ​ទទួល​ស្គាល់​ច្រើន​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។

ខណៈ​ដែល​ប្រាក់​ដុល្លារ​អាមេរិក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស ​កម្ពុជា ការ​ចរាចរ​រួម គ្នា​រវាង​ប្រាក់​រៀល ​និង​ប្រាក់​ដុល្លារ​អាមេរិក​ពិត​ជា​បាន​ជួយ​ជំរុញ​ដល់​កំណើន​ និង​ស្ថិរភាព​សេដ្ឋកិច្ច​ហើយ​បាន​ផ្លាស់ប្តូរ​កម្ពុជា​ចូល​ទៅ​ក្នុង​សហគ្រាស​ទីផ្សារ​សេរី​នៅ​ក្នុង​ពិភព​លោក​។​

ព្រំដែន​សេដ្ឋកិច្ច​កម្ពុជា​បាន​ផ្លាស់ប្តូរ ហើយ​ពិត​ណាស់​វា​នឹង​បន្ត​ផ្លាស់ប្តូរ​បន្ថែម​ទៀត​។ យោង​តាម​ធនាគារ​ពិភ​​លោក​បាន​ឱ្យ​ដឹង​ថា ដោយ​មាន​កំណើន​ក្នុង​រង្វង់ ​៧,៧ ​ភាគរយ ចន្លោះ​ពី​ឆ្នាំ ​១៩៩៥ ដល់២០១៧ ប្រទេស ​កម្ពុជា​ បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​នៅ​ក្នុង​តំបន់​ និង​លំដាប់​ទី​៦ ​នៅ​លើ​ពិភព​លោក​។

ប្រាក់​ចំណូល​សរុប​សម្រាប់​មនុស្ស​ម្នាក់​បាន​កើន​ឡើង​ដល់ ​១ ២៣០ ​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ​២០១៧ ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​នេះ​ហើយ វា​បាន​ជួយ​ជំរុញ​ប្រទេស​នេះ​ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។

គោល​នយោបាយ​ជាក់ស្តែង​ដ៏​មាន​ប្រសិទ្ធភាព​បាន​ជួយ​ប្រជា​ពលរដ្ឋ​រាប់លាន​នាក់​ឲ្យ​ចាក​ចេញ​ពី​ភាព​ក្រីក្រ​ និង​បាន​កាត់បន្ថយ​អត្រា​ភាព​ក្រីក្រ​មក​នៅ​ត្រឹមតែ ​១៣ ​ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះបី​កម្ពុជា​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​បែប​នេះ​​ក្តី​ក៏​​ប្រទេស​មួយ​ចំនួន​ហាក់​នៅ​មិន​ទាន់​ទទួល​ស្គាល់​សមិទ្ធផល​ទាំង​នោះ​នៅ​ឡើយ​។

ពិត​ណាស់​ទាំង​អស់​នេះ ​គឺ​វា​បាន​លុប​បំបាត់​រាល់​ការ​សង្ស័យ​ និង​ការ​គិត​អវិជ្ជមាន​មក​លើ​ប្រទេស​ជាតិ​មួយ​នេះ​ដែល​​ជា​រឿយៗ​តែងតែ​ត្រូវ​បាន​គេ​លើក​ឡើង​ពី​អំពើ​ពុករលួយ​ និង​កំណត់ត្រា​មិន​ល្អ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​។

ប្រទេស ​កម្ពុជា ​បាន​ងើប​ខ្លួន​ចេញ​ពី​សេដ្ឋកិច្ច​សង្គម​កាល​ពី​អតីតកាល​ដ៏​ឈឺ​ចាប់ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​សេដ្ឋកិច្ច​សតវត្សរ៍​ទី​២១ នឹង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ដិវត្តន៍​ឧស្សាហកម្ម​ជំនាន់ទី ​៤.0 ឲ្យ​បាន​កាន់​តែ​ល្អ​បំផុត​។​

បន្ទាប់​ពី​បាន​រងគ្រោះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដោយសារ​បញ្ហា​កាល​ពី​អតីតកាល ប្រាក់​រៀល​ត្រូវ​តែ​ដើរ​តួនាទី​ឲ្យ​បាន​រឹងមាំ​ដើម្បី​ជួយ​ដល់​ធនាគារ​ជាតិ​ នៃ​ កម្ពុជា ដែល​បាន​ខិតខំ​លើក​កម្ពស់​ប្រាក់​រៀល​ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​ក្នុង​ការ​កំណត់​ជោគ​វាសនា​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​នា​ពេល​អនាគត​។​

ប្រាក់​រៀល​នឹង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ផលិត ដែល​នឹង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ការងារ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​វ័យ​ក្មេង​ដែល​កំពុង​កើន​ឡើង ជួយ​កាត់​បន្ថយ​តម្លៃ​នាំចេញ និង​ជួយ​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ទៀត​សម្រាប់​រដ្ឋាភិបាល ហើយ​កម្ពុជា​អនុវត្ត​របៀបវារៈ​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​។

បញ្ហា​ប្រទាក់​ប្រទាញ​នៃ​រូបិយវត្ថុ​គួរ​តែ​ត្រូវ​បាន​បញ្ចប់​។ ប្រាក់​រៀល​ខ្មែរ​មិន​អាច​នៅ​បន្ត​ជា​រូបិយប័ណ្ណ​លេខ ​២​ សម្រាប់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ទៀត​បាន​ទេ ហើយ​ចំពោះ​ការ​ពន្យារពេល​ណា​មួយ​បន្ថែម​ទៀត​វា​នឹង​បង្អាក់​ដល់​ការ​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​ និង​បាត់បង់​មោទនភាព​ជាតិ​។​

ដូច្នេះ ការ​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​បំផុត​សម្រាប់​កម្ពុជា​៕