រាប់​ពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ស្ពាន និង​ប្រព័ន្ធធារាសាស្ត្រ រហូតដល់​ការផ្តល់​ជំនួយ​លើ​បញ្ហា​បរិស្ថាន និង​បណ្តុះបណ្តាល​ការដោះមីន​ជាដើម ប្រទេស​ជប៉ុន​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ការអភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​។

កិច្ចសហប្រតិបត្តិការ​បែបនេះ គឺ​មាន​ន័យថា ជប៉ុន​ដែល​ជា​ «​ទឹកដី​នៃ​ព្រះអាទិត្យ​រះ​» ត្រូវបាន​ចាត់ទុក​ថា​ជា​ដៃគូ​មួយ​ដែល​អាច​ទុកចិត្តបាន​បំផុត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា-ជប៉ុន​មាន​តាំងពី​រាប់​សតវត្សរ៍​មកហើយ​។

យោងតាម​លោក ពូ សុធីរៈ នាយកប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព​បាន​ឱ្យ​ដឹងថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ​ ១៥៦៩ នៅពេល​ដែល​នាវា​កម្ពុជា​ ១ ​គ្រឿង​បាន​ចូល​ចត​នៅ​កោះ Kyushu ដើម្បី​ស្វែងរក​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជប៉ុន​។

នៅ​ចន្លោះ​ឆ្នាំ​ ១៦០៤ និង ១៦៣៥ នាវា​របស់​ជប៉ុន​ចំនួន​ ៤៤ ​គ្រឿង​បានធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​ស្វែង​មើល​ឱកាស​នៅ​កម្ពុជា​។

អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​រូបនេះ​បាន​បញ្ជាក់ថា​ភ័ស្តុតាង​នៃ​ទំនាក់ទំនង​របស់​ជប៉ុន​ជាមួយ​ប្រទេស​កម្ពុជា​គេ​អាច​មើលឃើញ​នៅលើ​ជញ្ជាំង និង​សសរ​គ្រឹះ​នៃ​ប្រាសាទអង្គរវត្ត​ជាមួយនឹង​សិលាចារឹក​ចំនួន​ ១៤ ដោយ​អ្នក​គោរពបូជា​ជនជាតិ​ជប៉ុន​តាំងពី​ឆ្នាំ​ ១៦១២​។

នៅក្នុង​សម័យ​ទំនើប​នេះ ជប៉ុន​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ ដែល​បាន​ទទួល​ស្គាល់​ប្រទេស​កម្ពុជា បន្ទាប់ពី​ទទួលបាន​ឯករាជ្យ​ពី​បារាំង​ក្នុង​ឆ្នាំ​ ១៩៥៣ ដោយបាន​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​នោះ​។

CJCC ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​។

ចាប់តាំងពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​ ១៩៩១ ជប៉ុន​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការកសាង​ប្រទេស​កម្ពុជា​ឡើងវិញ បន្ទាប់ពី​សង្គ្រាមស៊ីវិល​ជាច្រើន​ទសវត្សរ៍​។

អង្គការ​សកម្មភាព​មីន​ជប៉ុន (JMAS) នៅ​កម្ពុជា​បាន​បោសសម្អាត​មីន​បាន​ប្រមាណ ៤ ១០០ ​ហិកតា​ក្នុង​នោះ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​ ២ ​ម៉ឺន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ ៦៥០ ​គ្រាប់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ ៣៩០ ០០០ ​គ្រាប់ គិត​ត្រឹម​ខែកញ្ញា ឆ្នាំមុន​។

JMAS ក៏បាន​ឆ្លើយតប​ទៅនឹង​សំណើ​ជាង​ ៣៧ ០០០ ពី​ប្រជាពលរដ្ឋ​ដើម្បី​បោស​សម្អាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បាន​រកឃើញ​នៅ​ជុំវិញ​តំបន់​ដែល​ពួកគេ​រស់នៅ​។

កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺ​ដើម្បី​ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើដំណើរ​ឆ្ពោះទៅមុខ បន្ទាប់ពី​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ ហើយ​ក្នុងនោះ​ក៏បាន​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ​។

ស្ពាន​ជ្រោយចង្វារ​ទី​ ១ ​នៅក្នុង​រាជធានី​ភ្នំពេញ រង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុងសម័យ​សង្គ្រាមស៊ីវិល ដោយ​ផ្នែក​សំខាន់ៗ​នៃ​ស្ពាន​ត្រូវបាន​បំផ្លាញ​នៅ​ចន្លោះ​ឆ្នាំ​ ១៩៧២ និង​ ១៩៧៣ បន្ទាប់ពី​កម្លាំង​ខ្មែរក្រហម​ដាក់​គ្រាប់មីន​បំផ្លាញ ប៉ុន្តែ​ត្រូវបាន​សាងសង់​ឡើងវិញ​ដោយ​ជំនួយ​របស់​ជប៉ុន​។

JMAS ជួយ​បោសសម្អាត​ចម្ការមីន​បាន​ប្រមាណ ៤ ១០០ ​ហិកតា​។

ស្ពាន​នេះ​ពីដំបូង​ត្រូវបាន​សាងសង់​ក្នុង​ឆ្នាំ​ ១៩៦៣ ដោយ​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​បណ្តោយ​ ៩៧១ ​ម៉ែត្រ​ឆ្លងកាត់​ទន្លេសាប ហើយ​នៅតែ​មិនអាច​ប្រើប្រាស់​បាន​អស់​រយៈពេល​ជាង​ ៣ ​ទសវត្សរ៍​រហូតដល់​បាន​បើក​ដំណើរការ​ជាថ្មី​នៅ​ខែកុម្ភៈ​ឆ្នាំ​ ១៩៩៤ ហើយ​ស្ពាន​នេះ​ត្រូវបាន​ប្តូរ​ឈ្មោះ​ជា​ «​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​» ​ដោយ​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​។

កាលពីពេល​ថ្មីៗ​នេះ ជប៉ុន​ក៏បានផ្តល់​មូលនិធិ​ដើម្បី​កសាង​ស្ពាន​អ្នកលឿង ដែលមាន​ប្រវែង​ជាង​ ២,២ គីឡូម៉ែត្រ​ភ្ជាប់​ពី​ខេត្តកណ្តាល​ទៅ​ខេត្តព្រៃវែង ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ខែមេសា ឆ្នាំ ២០១៥ ហើយក៏​ជា​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​វែង​ជាងគេ​នៅ​កម្ពុជា​។

ជប៉ុន​ក៏បាន​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដែល​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (Jica) បាន​ជួយ​ក្នុង​ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​អន្តរជាតិ ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា​។

ឯកឧត្ដម លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទទួល​ «​គ្រឿង​ឥស្សរិយយស​សម្រាប់​និទាឃរដូវ​ឆ្នាំ​ ២០២០» ពី​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការចូលរួម​ចំណែក​របស់​លោក​ក្នុង​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា​នៅក្នុង​ការអភិវឌ្ឍ​កំពង់ផែ​។

ជប៉ុន​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​ផងដែរ​។ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​បាន​កើនឡើង​ដល់​ ១,៩ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​កាលពី​ឆ្នាំមុន​ពោល​គឺ​កើនឡើង​ ០,៤៤ ​ភាគរយ ធៀប​នឹង ១,៨៩ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន ​(Jetro)​។

ជប៉ុន​ដើរតួ​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។

ការនាំចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​មានតម្លៃ ១,៤៥ ពាន់​លាន​ដុល្លារ កើន​ ៧,៨ ​ភាគរយ​។

យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឱ្យដឹងថា ចាប់ពី​ឆ្នាំ​ ១៩៩៥ ដល់​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គម្រោង​ចំនួន​ ១៣៧ ​គម្រោង មានតម្លៃ​ ២,៥ ​ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន​។ ​ភាគច្រើន​គឺ​នៅក្នុង​វិស័យ​ថាមពល កសិឧស្សាហកម្ម កែច្នៃ​ចំណីអាហារ គ្រឿងបន្លាស់​រថយន្ត បដិសណ្ឋារកិច្ច សុខភាព លក់រាយ និង​គ្រឿង​ផ្គុំ​អេឡិចត្រូនិក​ជាដើម​។

ជំនួយ​របស់​ប្រទេស​ជប៉ុន​ក៏​ពង្រីក​ដល់​ការបណ្តុះបណ្តាល​ផងដែរ ដោយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ដែល​កំពុង​អភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​មាន​ជំនាញ និង​សមត្ថភាព​ខ្ពស់ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។

CJCC និយាយ​ថា ខ្លួន​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ទៅវិញ​ទៅមក និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា-ជប៉ុន តាមរយៈ​សកម្មភាព​សំខាន់ៗ​ចំនួន​ ៣ គឺ​ការបណ្តុះបណ្តាល​អាជីវកម្ម ភាសា​ជប៉ុន សម្រាប់​ការអភិវឌ្ឍ​អាជីព និង​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ និង​ការអប់រំ​។

ជប៉ុន​បាន​បង្ហាញថា ខ្លួន​គឺជា​ដៃគូ​ដែល​អាច​ទុកចិត្តបាន​នៅក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​ ៣ ​ទសវត្សរ៍​កន្លងមក​នេះ ហើយ​ក្នុងនាម​ជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ នៅក្នុង​សារ​របស់​ឯកឧត្តម​សម្រាប់​ទិវា​បុណ្យជាតិ​ជប៉ុន​ឆ្នាំនេះ​បាន​ជូនពរ​ឱ្យ​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​បន្ត​រីកចម្រើន​ទៅមុខទៀត​៕