ទំនាក់ទំនង​រវាង​កម្ពុជា-ឥណ្ឌា​មាន​ស្ទើរតែ​គ្រប់ផ្នែក​ចាប់​តាំងពី​ការចាប់ផ្តើម​គ្រិស្គ​សករាជ​ដំបូង​ ឬ​ប្រហែល​ជា​អាច​មុន​នោះ​ទៀត នៅពេល​ដែល​ឥទ្ធិពល និង​វប្បធម៌​សាសនា​ហិណ្ឌូ​ និង​ពុទ្ធសាសនា​ចូល​មក​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍​។

បន្ទាប់ពី​ការដួលរលំ​របប​ខ្មែរក្រហម ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី និង​បាន​បើក​ស្ថានទូត​របស់ខ្លួន​ឡើងវិញ​នៅក្នុង​ឆ្នាំ​ ១៩៨១​។ នៅក្នុង​ដំណាក់កាល​ក្រោយ​របប​ខ្មែរក្រហម​ភ្លាមៗ​ចាប់ពី​ឆ្នាំ​ ១៩៧៩-៩១ ប្រទេស​ឥណ្ឌា​បាន​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ការកសាង​សមត្ថភាព​នៃ​ការដឹកនាំ​របស់ខ្លួន​។

ប្រទេស​ឥណ្ឌា​ក៏បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៨៦ ឲ្យ​បញ្ជូន​ក្រុម​អ្នកជំនាញ​មកពី​ភ្នាក់ងារ Archaeological Survey of India ដើម្បី​ជួយ​ជួសជុល​ប្រាសាទ​អង្គរវត្ត​ដ៏ល្បីល្បាញ ដែល​ត្រូវបាន​សាងសង់​ឡើង​ក្នុង​ចន្លោះ​សតវត្សរ៍​ទី​ ១២ និង ​១៤ ផងដែរ​។

មាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​សម្រាប់​ឥណ្ឌា​នៅ​កម្ពុជា​ដែល​ត្រូវបាន​ទ្រទ្រង់​ដោយ​ទំនាក់ទំនង​ជា​ទៀងទាត់​រវាង​មេដឹកនាំ​នយោបាយ​ក្នុងនោះ​មាន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទ្វេភាគី ការផ្តល់​ជំនួយ​កសាង​សមត្ថភាព ការផ្លាស់ប្តូរ​វប្បធម៌ និង​កម្ចី​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍ ក៏ដូចជា​កិច្ចការ​ស្តារឡើងវិញ និង​អភិរក្ស​ប្រាសាទ​បុរាណ​នៅ​កម្ពុជា​។

នៅក្នុង​បរិបទ​នៃ​គោលនយោបាយ​ធ្វើ​សកម្មភាព​ឆ្ពោះ​ទៅ​ទិសខាងកើត (Act East) របស់​ឥណ្ឌា និង​អាស៊ាន ប្រទេស​កម្ពុជា​គឺជា​អន្តរការី​ដ៏សំខាន់​ និង​ជា​ដៃគូ​ដ៏ល្អ​។ បច្ចុប្បន្ន​គេ​បានឃើញ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន​ដូចជា​ការកសាង​សមត្ថភាព ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​ការពង្រីក​ជំនួយ​ហិរញ្ញវត្ថុ​នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង​សន្តិសុខ​សង្គម និង​ការកសាង​សមត្ថភាព​ក្នុង​វិស័យ​ការពារជាតិ​។

តួលេខ​ពាណិជ្ជកម្ម និង​ការវិនិយោគ​បាន​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ឥណ្ឌា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ ១៧៨,២៤ លាន​ដុល្លារ​មកកាន់​ប្រទេស​កម្ពុជា គឺ​កើនឡើង ៤៨,១៩ % ​ក្នុង​ឆ្នាំ ២០១៨ ខណៈ​ការនាំ​ចូល​ពី​កម្ពុជា​មាន​តម្លៃ ៤៨,៤៥ ​លាន​ដុល្លារ គឺ​កើនឡើង ០,៩០% ​ក្នុង​ឆ្នាំ​ដដែល​។ ពាណិជ្ជកម្ម​សរុប​សម្រេច​បាន ២២៦,៦៩ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨ កើនឡើង ៣៤,៦៩ % ធៀប​នឹង​ឆ្នាំ​ ២០១៧​។

ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌា លោក Suresh Prabhu បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ខែ​ឧសភា ឆ្នាំ​ ២០១៨ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម​ឥណ្ឌា ( CLMV) នៅក្នុង​រាជធានី​ភ្នំពេញ និង​បាន​ជួបប្រជុំ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឯកឧត្តម ប៉ាន សូរស័ក្តិ ​ស្តីពី​ការលើកកម្ពស់​ពាណិជ្ជកម្ម និង​ការតភ្ជាប់​។

ឥណ្ឌា​ និង​កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​រួមគ្នា​នៅ​កម្ពុជា​ដូចជា​វេទិកា​ជំនួប​ពាណិជ្ជកម្ម​លើក​ទី​ ៥ ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម និង​កម្មវិធី​ផ្សព្វផ្សាយ​ទេសចរណ៍​ឥណ្ឌា​នៅ​កម្ពុជា «Incredible India Road Show» ក្នុង​ខែឧសភា ឆ្នាំ​ ២០១៨​។

ទន្ទឹម​នឹង​ការរៀបចំ​ព្រឹត្តិការណ៍​នានា​នៅ​កម្ពុជា រដ្ឋាភិបាល​កម្ពុជា និង​ប្រតិភូ​ធុរកិច្ច​ត្រូវបាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​ចូលរួម​កិច្ចប្រជុំ Advantage Assam-India’s Expressway to Asean នៅ​ខែកុម្ភៈ ឆ្នាំ​ ២០១៨ និង​កិច្ចប្រជុំ FICCI Higher Education Summit ក៏ដូចជា​ព្រឹត្តិការណ៍ និង​ពិព័រណ៍​ផ្សេងៗ​ជាច្រើន​ទៀត​។

ក្រុមហ៊ុន​ឥណ្ឌា​វិនិយោគ​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​រួមមាន​ក្រុមហ៊ុន Mesco Gold, Bajaj Cambodia និង Sram Mram Ltd. ​រដ្ឋាភិបាល​ឥណ្ឌា​គ្រោង​នឹង​បង្កើន​វត្តមាន​សេដ្ឋកិច្ច​ឥណ្ឌា​នៅ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​។ ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ប្រទេស​ទាំង​ ៤ ​ទទួល​បាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ពី ៤៦០ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០០០ កើន​ដល់ ៤,៩៧ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៤ និង ១៤,៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧​។

បច្ចុប្បន្ន​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ជាមួយ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​របស់​ប្រទេស​នៅ​អាស៊ី​ខាងត្បួង​មួយ​នេះ​កំពុង​ពិភាក្សា​លើ​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​ឥណ្ឌា-កម្ពុជា (India-Cambodia Bilateral Investment Treaty) ។

កម្ពុជា និង​ឥណ្ឌា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​មួយ​ចំនួន​ដូចជា​កសិកម្ម សហប្រតិបត្តិការ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា ការអភិវឌ្ឍ​សហគ្រិនភាព និង​ទេសចរណ៍​។ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ ​ក៏​ត្រូវបាន​សម្របសម្រួល​ដោយ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ហ្គាំងហ្គា (Mekong-Ganga Cooperation) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន ឥណ្ឌា​។

ខណៈ​ប្រទេស​កម្ពុជា និង​ឥណ្ឌា​កំពុង​ឆ្ពោះ​ទៅ​រក​អនាគត​រុងរឿង​ជាមួយ​គ្នា ពួកគេ​ក៏​រីករាយ​ជាមួយ​នឹង​ចំណងមិត្តភាព​ជា​ប្រវត្តិសាស្ត្រ​ដ៏យូរលង់​មក​ហើយ​ផងដែរ​៕