The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើ​គំរូ​កម្ចី​រវាង​បុគ្គល​ អាច​ក្លាយ​រលក​ថ្មី​នៃ​ហិរញ្ញវត្ថុ​ឌីជីថល​ដែរ​ឬ​ទេ?

តើ​គំរូ​កម្ចី​រវាង​បុគ្គល​ អាច​ក្លាយ​រលក​ថ្មី​នៃ​ហិរញ្ញវត្ថុ​ឌីជីថល​ដែរ​ឬ​ទេ?

Content image - Phnom Penh Post
The P2P lending platform brings a lender and borrower together. PHOTO POST STAFF

តើ​គំរូ​កម្ចី​រវាង​បុគ្គល​ អាច​ក្លាយ​រលក​ថ្មី​នៃ​ហិរញ្ញវត្ថុ​ឌីជីថល​ដែរ​ឬ​ទេ?

គំរូ​ផ្តល់ប្រាក់​កម្ចី​រវាង​បុគ្គល និង​បុគ្គល ឬ P2P (Peer-to-Peer) អាច​នឹង​ផ្លាស់ប្តូរ​មីក្រូហិរញ្ញវត្ថុ និង​បន្ថែម​ទៅ​លើ​ស្ថានភាព​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល​របស់​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​មាន​សម្ទុះ​ជាខ្លាំង​។

ទីតាំង​ទីផ្សារ​ឌីជីថល​សម្រាប់​ប្រាក់កម្ចី​អាច​នឹង​ជា​រលក​បន្ទាប់​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ដែល​អាច​ផ្តល់​ជម្រើស​ទីផ្សារ​ហិរញ្ញវត្ថុ​ផ្សេងទៀត សម្រាប់​អ្នក​ធ្វើ​ជំនួញ​ដែល​ទទួល​បាន​កម្ចី​ពី​ធនាគារ​មិន​គ្រប់គ្រាន់ ឬ​មិន​បាន​ទទួល​កម្ចី​ពី​ធនាគារ​នៅ​កម្ពុជា​។

ខណៈ​មាន​ប្រជាជន​កម្ពុជា​ត្រឹមតែ ២០ ​ភាគរយ​ក្នុង​ចំណោម​ប្រជាជន​សរុប ១៦ ​លាន​នាក់​ដែល​មាន​គណនី​នៅ​ធនាគារ​ទីផ្សារ​ក្នុង​ស្រុក​នឹង​អាច​ក្លាយ​ជា​ទីកន្លែង​ដ៏ល្អ​សម្រាប់​ការលូតលាស់​របស់​គំរូ​កម្ចី P2P ដែល​អាច​នឹង​សម្រួល​ទៅដល់​ការខ្ចីប្រាក់​ជាមួយ​នឹង​ការចំណាយ​ទាប​ជាង​មុន និង​សំណុំ​បែបបទ​តិច​ជាង​មុន​។

លោក Eddie Lee ជា​អនុប្រធាន​សមាគម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ជាមួយ​នឹង ៩៨,៤ ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ប្រទេស​កម្ពុជា​មិន​មាន​កាត​ឥណទាន​មាន​សក្តានុពល​យ៉ាងធំ​សម្រាប់​វិស័យ​កម្ចី P2P ចូល​មក​ក្នុង​ទីផ្សារ ហើយ​ផ្តល់​ឱកាស​ឲ្យ​ប្រជាជន​ទទួល​បាន​ឥណទាន​»​។

លោក​បន្ត​ថា​៖ «​គំរូ​កម្ចី P2P ជា​កម្ចី​ដែល​មិន​អាច​ចៀស​បាន​។ នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ យើង​មាន​បច្ចេកវិទ្យា​ដែល​ជា​កត្តា​ជំរុញ​ដែល​ធ្វើឲ្យ​ការស្នើសុំ​ខ្ចី ការតាមដាន​ការប្រគល់​ប្រាក់ និង​ការប្រមូល​បំណុល​មកវិញ​កាន់តែ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​។

លោក​បន្ថែម​ទៀត​ថា​៖ «​កម្ចី​ដែល​មិន​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ត្រូវ​បាន​ប្រើប្រាស់​ភាគច្រើន​សម្រាប់​ហិរញ្ញវត្ថុ​រយៈពេល​ខ្លី​ចន្លោះ​ពី ៣ ទៅ ៦ ​ខែ ហើយ​ជាធម្មតា​មិន​លើស​ពី ១២ ​ខែ​។ ជំនួញ​តូចៗ និង​ប្រជាកសិករ​នៅ​ទីជនបទ និង​ទីក្រុង​ប្រើប្រាស់​វា​ដើម្បី​បំពេញ​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួកគាត់​»​។

Content image - Phnom Penh Post
Eddie: There is a huge potential for the P2P lending industry.

ក្រោម​គំរូ P2P នេះ​បុគ្គល​ម្នាក់​អាច​ស្នើសុំ​ឥណទាន​ដែល​មាន​ការប្រាក់​ទាប​មួយ​ពី​បុគ្គល​ម្នាក់​ទៀត ហើយ​ម្ចាស់​បំណុល​អាច​បង្កើត​ប្រាក់ចំណេញ​ខ្លះ ជំនួស​ឲ្យ​ការ​យក​ប្រាក់​ទៅ​ផ្ញើ​នៅ​ធនាគារ​។

គំរូ​នេះ​គឺជា​ជម្រើស​ផ្សេង​ដែល​ជំនួស​ឲ្យ​សេវាកម្ម​ធនាគារ​ជា​លក្ខណៈ​ប្រពៃណី ដែល​អ្នក​ខ្ចី​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​វាយតម្លៃ​ដ៏តឹងរ៉ឹង​ជាច្រើន ដើម្បី​ទទួល​បាន​ថវិកា​ហើយ​ត្រូវ​បង់​ការប្រាក់​ដ៏ខ្ពស់​ទៅ​ឲ្យ​ធនាគារ​។

យោង​ទៅ​តាម​របាយការណ៍​ទី​ ២ ​ស្តីពី​វិស័យ​ជម្រើស​ហិរញ្ញវត្ថុ​ដទៃ​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ប្រាក់​ចំណូល​ប្រមាណ ៤,៥ លាន​ដុល្លារ​ត្រូវ​បាន​រក​បាន​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០១៦ តាមរយៈ​ប្រព័ន្ធ​កម្ចី​ប្រាក់​រវាង​បុគ្គល និង​បុគ្គល​នេះ​។

របាយការណ៍​ឆ្នាំ​ ២០១៥ របស់​ក្រុមហ៊ុន Accenture បាន​ឲ្យ​ដឹងថា ការវិនិយោគ​ទៅ​ក្នុង​វិស័យ Fintech នៅ​ទូទាំង​អាស៊ីប៉ាស៊ីហ្វិក​បាន​កើនឡើង​ពី ៨៨០ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៤ មក​ដល់ ៣.៥ ពាន់​លាន​ដុល្លារ​ក្នុង​ត្រឹមតែ ៩ ​ខែ​នៃ​ឆ្នាំ ២០១៥​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​នេះ​គឺជា​បរិមាណ​ប្រាក់​ដ៏ច្រើន​ដែល​ត្រូវ​បាន​វិនិយោគ​នៅក្នុង​វិស័យ​នេះ ហើយ​វា​បង្ហាញ​ពី​ឱកាស​ជាច្រើន​ទៅ​ដល់​បណ្តា​សហគ្រិន​»​។

ប្រព័ន្ធ​ទូទាត់​វិក្កយបត្រ និង​ធនាគារ​ឌីជីថល​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ហើយ​ក្រុម​អ្នក​ដែល​មាន​ទេពកោសល្យ​ក្នុង​បច្ចេកវិទ្យា​នៅ​កម្ពុជា​បាន​រំកិល​ខ្លួន​ចូល​មក​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ចាប់​តាំងពី​ការទូទាត់​វិក្កយបត្រ​រហូត​មក​ដល់​ការ​វេរ​ប្រាក់ ហើយ​បណ្តា​ក្រុមហ៊ុន​ដូចជា​ក្រុមហ៊ុន Wing Group ជាដើម​បាន​បន្ថែម​នូវ​វិសាលភាព​ថ្មី​មួយ​មក​កាន់​ប្រព័ន្ធ​ទូទាត់​ប្រាក់​ចល័ត​។

ដោយ​ត្រូវ​បាន​គាំទ្រ​ដោយ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ជាង ៧ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ គោលនយោបាយ​អនុគ្រោះ​ទៅ​ដល់​វិនិយោគិន និង​ការរីកដុះដាល​ដូច​ផ្សិត​នូវ​សហគ្រាស​ខ្នាតតូច និង​មធ្យម​អាច​នឹង​ទាក់ទាញ​បណ្តា​អ្នក​ជំនួញ​ដែល​ចង់​វិនិយោគ​លើ P2P​។

លោក Eddie Lee បាន​បន្ថែម​ថា​៖ «​ដើម្បី​ឲ្យ​ប្រទេស​ក្លាយ​ទៅ​ជា​ឌីជីថល យើង​នឹង​ត្រូវការ​ផងដែរ​នូវ​ការ​សម្រប​ខ្លួន​តាម​ទីផ្សារ ទេពកោសល្យ និង​ការវិនិយោគ​ដើម្បី​ឲ្យ​វា​ដំណើរការ​ទៅ​បាន​។ នេះ​មិនមែន​ជា​ការងារ​ធ្វើ​តែ​ ១ ​យប់​បាន​នោះ​ទេ​»​។

លោក​បន្ត​ទៀត​ថា​៖ «​ក៏ប៉ុន្តែ​ដំណឹង​ល្អ​គឺ​បច្ចេកវិទ្យា​មាន​វត្តមាន​នៅ​ទី​នេះ​ជា​កម្លាំង​ជំរុញ​បន្ថែម ហើយ​ប្រទេស​កម្ពុជា​បាន​រៀបចំ​ខ្លួន​យ៉ាង​ល្អ​សម្រាប់​កំណើន​។ ខ្ញុំ​ជឿជាក់​ថា យើង​នឹង​បាន​ឃើញ​នៅក្នុង​សៀវភៅ​សិក្សា​ថា ប្រទេស​នេះ​មាន​ទម្រង់​ប្រជាជន​វ័យក្មេង​ហក់​ចូល​ទៅក្នុង​ជោគជ័យ​យ៉ាង​រហ័ស និង​មាន​ការ​កែប្រែ​ឲ្យ​ទៅ​ជា​លក្ខណៈ​ឌីជីថល​»​។

លោក​បន្ថែម​ទៀត​ថា​វិស័យ P2P គួរតែ​សង្កត់ធ្ងន់​ទៅ​លើ​បម្រើ​ទៅ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល​ទទួល​បាន​កម្ចី​ពី​ធនាគារ​មិន​គ្រប់គ្រាន់ ឬ​មិនបាន​ទទួល​កម្ចី​ពី​ធនាគារ ដោយសារ​ការ​កម្ចី​បែប​នេះ​មាន​លក្ខណៈ​សមស្រប​សម្រាប់​រយៈពេល​ខ្លី​។

តើ​ការ​ចូល​មក​នៃ​អ្នក​ធ្វើ​អាជីវកម្ម P2P ជា​ការ​គំរាមកំហែង​មួយ​ទៅ​ដល់​ធនាគារពាណិជ្ជ​ដែរ​ឬ​ទេ​? លោក Eddie Lee បាន​ឆ្លើយ​ថា ទេ​!​។

លោក​និយាយ​ថា​៖ «​ប្រសិន​ជា P2P មាន​ការ​រីកចម្រើន​ខ្លាំង​នោះ​មាន​ន័យ​ថា បណ្តា​អ្នក​ដែល​ចង់​ខ្ចី​នឹង​អាច​បង្កើត​បាន​នូវ​ប្រភព​ឥណទាន​ដែល​អាច​ឲ្យ​ទុកចិត្ត​បាន​ហើយ​និង​អាច​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​អត្រា​ការប្រាក់​ទាប​ជាង​មុន​ធៀប​ទៅ​នឹង​អ្នក​ដែល​ផ្តល់​កម្ចី​ជា​លក្ខណៈ​ប្រពៃណី​។ យើង​បាន​ឃើញ​អ្នក​ខ្ចី​ជាច្រើន​ដែល​ប្រើប្រាស់​កម្ចី P2P រួច​ហើយ​ក្លាយ​ជា​សហគ្រិន​ដែល​អាច​ស្វែងរក​កម្ចី​ពី​ធនាគារ​បាន​»​។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​នៅពេល​ដែល​រឿង​នេះ​កើតឡើង​ធនាគារ​នឹង​អាច​ចូលរួម​បាន និង ផ្តល់​ការសម្រប​សម្រួល​ឥណទាន​ទៅដល់​អ្នក​ខ្ចី​ដែល​អាច​បង្ហាញ​ពី​ប្រវត្តិ​នៃ​កម្ចី​ល្អ (​និង​ប្រហែល​ជា​ទិន្នន័យ​ដែល​បង្ហាញ​ថា​ពួកគេ​នឹង​ជា​កូន​បំណូល​ដែល​មាន​ហានិភ័យ ទាប​)​។ ម្ចាស់​បំណុល P2P និង​ធនាគារ​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ពួកគេ​នឹង​នាំ​មក​នូវ​បទពិសោធ​ប្រសើរ​ជាង​មុន និង​ការពង្រីក​សេវាកម្ម​ទៅ​ដល់​អាជីវកម្ម​នានា​ដែល​ទទួល​បាន​កម្ចី​ពី​ធនាគារ​មិន​គ្រប់គ្រាន់ ឬ​មិន​បាន​ទទួល​កម្ចី​ពី​ធនាគារ​៕

អត្ថបទគួរចាប់អារម្មណ៍