គ្រូពេទ្យជំនាញឯកទេសពត់តំរង់ធ្មេញ គឺជា ទន្តបណ្ឌិតដែលមានឯកទេសលើការវិភាគ, ការការពារ និងការការព្យាបាលទៅលើទំរង់ធ្មេញ និង មុខមាត់ដែលខុសពីប្រក្រតីឲ្យមកសភាពត្រឹមត្រូវ និងធម្មតាវិញឡើងវិញ។
នៅពេលដែលអ្នកនឹកគិតដល់ការព្យាបាលពត់តម្រង់ធ្មេញអ្នកប្រហែលជាមានចម្ងល់ហើយថា តើពេលណាជាពេលសមស្របសម្រាប់អ្នក ឬក៏បុត្រធីតារបស់លោកអ្នក។
ជាក់ស្តែង ការណាត់ជួបពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញពត់តម្រង់ធ្មេញជាលើក ដំបូងដែលសមស្របបំផុត គឺកុមារអាយុចន្លោះចាប់ពី ៦ ទៅ ៨ឆ្នាំ ពីព្រោះបញ្ហាខុសប្រក្រតីមួយចំនួនអាចកំណត់បាននៅចន្លោះអាយុនេះឡើងទៅ លើសពីនេះទៅទៀតគ្រូពេទ្យអាចផ្តល់ជាជម្រើសនៃប្រភេទការព្យាបាល និងពេលវេលាសមស្របបំផុតដើម្បីទទួលសេវាកម្មពត់តម្រង់ធ្មេញ។
បញ្ហាខុសប្រក្រតីនៃកំណាំធ្មេញដែលតែងតែជួបប្រទះនៅចន្លោះចាប់ពី ៦ ទៅ ៨ឆ្នាំ មានដូចជា:
- Excessive Spacing ធ្មេញចន្លោះប្រហោង
- Crowding ធ្មេញប្រជ្រួស
- Open Site ធ្មេញចំហរ
- Over Bite ធ្មេញលើគ្របច្រើនលើសលប់លើធ្មេញក្រោម
- Cross Bite ធ្មេញខ្ទាស់
- Under Bite ធ្មេញក្រោមគ្របលើធ្មេញលើ
- Protrusion ធ្មេញលើលយមកមុខ
- Abnormal Eruption ដំណុះធ្មេញខុសប្រក្រតី
ជាទូទៅកុមារដែលនៅចន្លោះអាយុចាប់ពី ៩ ទៅ ១៤ឆ្នាំ អាចទទួលការពត់ធ្មេញដោយប្រើឧបករណ៍ដោះចេញចូលបាន ដើម្បីជួយកែសម្រួលបញ្ហានូវការលូតលាស់របស់ឆ្អឹងថ្គាម ដែលត្រូវបានគេហៅថា Orthopedic dental-facial។
ចំពោះមនុស្សពេញវ័យបន្ទាប់ពីការលូតលាស់ ត្រូវបានបញ្ចប់យើងអាចធ្វើការពត់តម្រង់ធ្មេញបានគ្រប់អាយុ ដែលត្រូវបានគេហៅថា ការពត់តម្រង់ធ្មេញសម្រាប់មនុស្សពេញវ័យ Adult Orthodontics Treatment។
ការព្យាបាលពត់តម្រង់ធ្មេញ អាចទទួលបានជោគជ័យគ្រប់វ័យ ជាពិសេសសម្រាប់មនុស្សធំ បានផ្តល់នូវធ្មេញត្រង់ដែលងាយស្រួលដុសសម្អាត, មានកំណាំធ្មេញដែលត្រឹមត្រូវល្អបានផ្តល់នូវភាពងាយស្រួលក្នុងការទំពា និងនិយាយស្តីកាន់តែប្រសើរឡើង ជាពិសេសសោភ័ណភាពកាន់តែស្រស់ស្អាត ដែលនាំមកនូវគុណភាពជីវិតកាន់តែប្រសើរឡើង៕