ការព្យាករ​សេដ្ឋកិច្ច​ពិភពលោក​គឺ​នៅ​មិន​ទាន់​មាន​ភាពប្រាកដប្រជា​នៅ​ឡើយ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​កំពុង​បន្ត​កាន់តែ​ធ្ងន់ធ្ងរ​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​ជាច្រើន​។

ទោះបី​បរិយាកាស​សេដ្ឋកិច្ច​ក្នុង​តំបន់​ និង​ពិភពលោក​កំពុង​មាន​ភាព​មិន​ច្បាស់លាស់​ក្តី ប៉ុន្តែ​សម្រាប់​ការព្យាករ​វិស័យ​សាជីវកម្ម​កម្ពុជា​នៅ​តែ​មាន​ភាពវិជ្ជមាន​ដោយសារ​ក្រុមហ៊ុន​វិនិយោគ​ជាច្រើន​កំពុង​ស្វែងរក​ការពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ាន​។

ក្រុម​អ្នកជំនាញ​មាន​ទំនុកចិត្ត​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់​​ ៧ ​ភាគរយ​អស់​រយៈពេល​ប្រមាណ​ ២០ ​ឆ្នាំ​កន្លង​មក​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នៅក្នុង​ឆ្នាំ​ ២០១៩ ​នេះ​នៅតែ​បន្ត​កើនឡើង​។ ពិតណាស់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​គឺ​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​។

ទោះបី​យ៉ាង​ណា​ក៏ដោយ​ការថយ​ចុះ​កំណើន​សេដ្ឋកិច្ច​សកល​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ក្នុង​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​វា​ជា​ឱកាស​មួយ​សម្រាប់​វិស័យ​សាជីវកម្ម​របស់​កម្ពុជា​ក្នុង​ការទាញ​យក​ប្រយោជន៍​នៃ​ការធ្វើ​កំណែ​ទម្រង់​ដ៏ខ្លាំងក្លា​មួយ​ចំនួន ដើម្បី​គាំទ្រ​ដល់​កំណើន​នេះ និង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​ការប្រកួតប្រជែង​ដល់​កម្រិត​សកល​។

ទន្ទឹម​នឹង​នេះ​ដែរ​វិស័យ​កាត់ដេរ និង​ទេសចរណ៍​បាន​ផ្តល់​នូវ​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​ដ៏រឹងមាំ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨​។ វិស័យ​ទាំង​ ២ ​នេះ​គឺជា​ផ្នែក​ដ៏សំខាន់​ដែល​ជំរុញ​ដល់​ដំណើរការ​សេដ្ឋកិច្ច​។

ឧស្សាហកម្ម​កាត់ដេរ​បាន​កើនឡើង​នៅក្នុង​ឆ្នាំ​ ២០១៨ ដោយសារ​ការផ្លាស់ប្តូរ​ទីតាំង​មក​កាន់​ប្រទេស​កម្ពុជា​ដែល​បណ្តាល​មកពី​កំណើន​ប្រាក់​ឈ្នួល​នៅក្នុង​ប្រទេស​ចិន ខណៈ​ដែល​រោងចក្រ​ជាច្រើន​នៅ​ប្រទេស​បង់ក្លាដែស​បាន​ជួប​ផលវិបាក​មួយ​ចំនួន​។ ផលិតផល​សម្លៀកបំពាក់​សរុប​បាន​កើនឡើង​ចំនួន​ ១១ ​ភាគរយ​។

វិស័យ​ទេសចរណ៍​ក៏​បាន​កើនឡើង​ចំនួន​ ១១ ​ភាគរយ​ដែរ ដោយសារ​កំណើន​នៃ​ការមក​ដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​។

សម្រាប់​ឆ្នាំ​ ២០១៩ ឧស្សាហកម្ម​កាត់ដេរ​ជាថ្មី​ម្តង​ទៀត​ត្រូវ​បាន​រំពឹង​ថា​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ​សេដ្ឋកិច្ច​ដែល​មាន​ ១៦ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ស្មើ​នឹង​ ៨០ ​ភាគរយ​នៃ​ការនាំ​ចេញ​សរុប​។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​វិស័យ​នេះ​អាច​នឹង​ឃើញ​ជួប​ឧបសគ្គ​មួយ​ចំនួន​ដែល​បណ្តាល​មកពី​បញ្ហា​ប្រឈម​ចំនួន​ ២​។

បញ្ហា​ប្រឈម​ទី​ ១ គឺ​ករណី​សហភាព​អឺរ៉ុប​ដក​ពន្ធ​អនុគ្រោះ EBA​។ ប្រមាណ​ ៤០ ​ភាគរយ​នៃ​ការនាំ​ចេញ​សម្លៀកបំពាក់​របស់​កម្ពុជា​ទាំងអស់​គឺ​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​។

ខណៈ​ដែល​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​នោះ​ក្រុម​អ្នក​ជំនាញ​ជឿជាក់​ថា​ការនាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ដែល​មាន​ប្រមាណ​ ៣០ ​ភាគរយ​អាច​នឹង​កើនឡើង​។

បញ្ហា​ប្រឈម​មួយ​ទៀត​ដែល​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​ក៏ដូចជា​វិស័យ​ដទៃ​ទៀត​គឺ​ថាមពល​ដើម្បី​ជំរុញ​ដល់​ការផលិត​។

ខណៈ​ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​ប្រភព​ធនធាន​នោះ វិស័យ​ថាមពល​ត្រូវការ​អភិវឌ្ឍ​បន្ថែម​ទៀត​។ គម្រោង​តភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅ​ដល់​គ្រប់​ខេត្ត​ក្រុង​ទាំង​ ២៥ ​ត្រឹម​ឆ្នាំ​ ២០២០ កំពុង​ប្រព្រឹត្ត​ទៅ​ហើយ​ក៏​មាន​គម្រោង​ទាញ​យក​ថាមពល​ដោយ​ប្រើ​ថាមពល​ព្រះអាទិត្យ ថាមពលខ្យល់ និង​ជីវឧស្ម័ន​ផងដែរ ដើម្បី​បំពេញ​តម្រូវការ​ថាមពល​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត​។

វិស័យ​សំណង់​ផ្តល់​នូវ​សក្តានុពល​ដ៏ធំធេង​ដល់​វិនិយោគិន​។ ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារ​លំឋាន អគារ​ពាណិជ្ជកម្ម និង​សាលារៀន​បាន​ផ្តល់​ឱ្យ​អ្នក​វិនិយោគ​នូវ​ឱកាស​ដ៏ធំ​សម្រាប់​ការវិនិយោគ និង​ទទួល​បាន​ផលចំណេញ​ដ៏ប្រសើរ​។

វិស័យ​សាជីវកម្ម​របស់​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​កំណើន​ខ្ពស់​នៅក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ដោយសារ​តែ​ការចំណាយ​របស់​អ្នកប្រើប្រាស់​មាន​កម្រិត​ខ្ពស់ ដែល​ជា​សក្តានុពល​មួយ​ធ្វើឲ្យ​វិស័យនេះ​កើនឡើង​ ខណៈ​វិនិយោគិន​ចាប់ផ្តើម​ចូល​មក​កាន់តែ​ច្រើន​ដោយសារ​តម្លៃ​ផលិតកម្ម​ទាប ផលិតភាព​ការងារ​កំពុង​កើនឡើង និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​មាន​ប្រសិទ្ធភាព​។

អនាគត​ដ៏ត្រចះត្រចង់​កំពុង​រង់ចាំ​ប្រជាជន​កម្ពុជា​ ខណៈ​ពួកគេ​កំពុង​ឈាន​ជើង​ចូល​ទៅ​រក​អនាគត​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សក្តានុពល និង​ឱកាស​៕