ជម្រាបសួរ!
ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានផ្ញើសារទៅកាន់មិត្តភក្តិ អ្នកគាំទ្រវីដេអូរបស់ខ្ញុំលើហ្វេសប៊ុក និងប្រជាជនកម្ពុជាទាំងអស់ក្នុងសបា្តហ៍មហោស្រពគីហ្សូណាជប៉ុន និងកម្ពុជាដែលជាព្រឹត្តិការណ៍វប្បធម៌ជប៉ុនធំជាងគេនៅកម្ពុជា។
ពាក្យភាសាជប៉ុន «គីហ្សូណា» មានន័យថា «ចងចិត្ត» ហើយយើងជ្រើសរើសពាក្យនេះជាឈ្មោះសម្រាប់មហោស្រពរបស់យើងតាំងពីឆ្នាំ ២០១២ ដោយសង្ឃឹមថានឹងក្លាយជានិមិត្តរូបនៃចំណងទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំង ២ កាន់តែស្អិតល្មួត។ ចាប់តាំងពីពេលនោះមក មហោស្រពនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅមជ្ឈមណ្ឌលសហប្រតិបត្តិការជប៉ុន-កម្ពុជា (CJCC) ហើយពីមួយឆ្នាំទៅមួយឆ្នាំបានទាក់ទាញចំនួនអ្នកចូលរួមកាន់តែច្រើនទៅៗ។ នេះគឺជាអ្វីដែលលើសពីការរំពឹងទុករបស់យើង ហើយបានក្លាយជាព្រឹត្តិការណ៍ដែលផ្តល់ឱកាសឲ្យអ្នកចូលរួមអាចជួបគ្នា និងផ្លាស់ប្តូរគំនិតយោបល់ និងព័ត៌មានទៅវិញទៅមក។
ឱកាសនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនគឺមិនកំណត់លើតែព្រឹត្តិការណ៍វប្បធម៌ តែមួយមុខទេ។ យើងក៏មានព្រឹត្តិការណ៍ការទូតជាច្រើននៅអំឡុងពេលឆ្នាំមុនផងដែរ។ ទាំងនោះរួមមានការបង្កើតការិយាល័យកុងស៊ុលនៅខេត្តសៀមរាប និងដំណើរទស្សនកិច្ចជាច្រើនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដូចជា ដំណើរទស្សនកិច្ចរបស់សមេ្តចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន និងការផ្លាស់ប្តូរទស្សនកិច្ចរវាងរដ្ឋមន្ត្រីការបរទេសជប៉ុន និងកម្ពុជា។
ចំណែកទំនាក់ទំនងផ្នែកសេដ្ឋកិច្ចវិញខ្ញុំរីករាយដោយបានឃើញការកើនឡើងនៃចំនួនក្រុមហ៊ុនជប៉ុនដែលកំពុងវិនិយោគយ៉ាងសកម្មនៅកម្ពុជា និងកំពុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះខ្ញុំសូមជម្រាបជូនថា ចំនួនភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសជប៉ុនកំពុងបន្តកើនឡើងជាលំដាប់។ នៅឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរច្រើនជាង ២ ម៉ឺននាក់បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។
ដោយផ្អែកទៅលើការអភិវឌ្ឍយ៉ាងដូច្នេះយើងបានពង្រីកវិសាលភាពនៃកម្មវិធីជាច្រើនក្នុងព្រឹត្តិការណ៍មហោស្រពគីហ្សូណាផងដែរ។ មហោស្រពឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកុម្ភៈហើយប្រធានបទក្នុងឆ្នាំនេះគឺ «Experience Together»។
គ្រប់កម្មវិធីទាំងអស់នៅក្នុងមហោស្រពឆ្នាំនេះ គឺរួមបញ្ចូលបទពិសោធន៍ដែលអ្នកចូលរួមអាចធ្វើសកម្មភាពរួមគ្នាជាមួយនឹងសិល្បករ ឬអ្នកសម្តែងដូចជា ក្រុមរាំ street dance ដែលនាំមុខគេរបស់ជប៉ុន គឺ«Area Rock Styler» និងក្រុម «MINYO GIRLS» ដែលនឹងសម្តែងតន្ត្រីជប៉ុនបុរាណ និងសម័យព្រមទាំងការសម្តែងប្រពៃណីខ្មែរ ល្ខោនបាសាក់ ផងដែរ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជាជាច្រើននាក់នឹងចូលរួមរីករាយក្នុងកម្មវិធីវប្បធម៌ជប៉ុន-កម្ពុជាក្នុងអំឡុងព្រឹត្តិការណ៍មហោស្រពនេះ។
យើងទន្ទឹងរង់ចាំជួបលោក លោកស្រី ក្មួយៗនៅក្នុងមហោស្រពគីហ្សូណា ២០១៩ ឆាប់ៗនេះ!