យោងតាមប្រធានគ្រប់គ្រងទូទៅរបស់ធនាគារ Phillip Bank លោក Han Peng Kwang បានឲ្យដឹងថាចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិតទាបនៅឡើយនៅក្នុងប្រទេសកម្ពុជាដោយផ្អែកទៅលើការពិតដែលថាប្រជាជនតែមួយភាគតូចប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជាមានគណនីធនាគារ ហើយប្រជាជនភាគច្រើនគឺនៅមិនទាន់មានគណនីធនាគារនៅឡើយទេ។
លោកថ្លែងថាការអប់រំផ្នែកហិរញ្ញវត្ថុ ឬចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនពីព្រោះអ្នកដែលមានការយល់ដឹងខ្ពស់អំពីហិរញ្ញវត្ថុទំនងមានគម្រោងសម្រាប់ការចូលនិវត្តន៍ច្បាស់លាស់នៅពេលពួកគេចូលដល់វ័យចំណាស់ ហើយនៅពេលឈប់បំពេញការងារពួកគេចេះបង្កើតមូលនិធិសង្គ្រោះបន្ទាន់។
លោកបន្ថែមថាចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងជួយពួកគេមិនឲ្យចំណាយច្រើនហួសហេតុ ឬខ្ចីប្រាក់ច្រើនហួសដែលប្រឈមនឹងបញ្ហាអត្រាការប្រាក់ខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពួកគេរយៈពេលវែង។
លោកមានប្រសាសន៍ថា៖ «នៅពេលប្រជាពលរដ្ឋមានការយល់ដឹង និងអនុវត្តគំនិតនៃការរៀបចំថវិកា ការសន្សំ ការយល់ដឹងអំពីអត្រាការប្រាក់ យុទ្ធសាស្ត្រវិនិយោគនោះពួកគេអាចគ្រប់គ្រង និងធ្វើការសម្រេចចិត្តលើបញ្ហាហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុបានដោយខ្លួនឯង»។ លោកបន្ថែមថាវានឹងជួយពួកគេឱ្យធ្វើការសម្រេចចិត្តលើការវិនិយោគបានកាន់ត្រឹមត្រូវ ហើយក៏អាចការពារពួកគេមិនឱ្យចាញ់បោកពីការដាក់លុយវិនិយោគដើម្បីយកការប្រាក់ខ្ពស់ដែរ (Ponzi schemes)។
លោក Han បញ្ជាក់ថាធនាគារ ហ្វីលីព បានជួយមួយផ្នែកចំពោះការផ្តល់ដំបូន្មាន និងការណែនាំដល់អ្នកខ្ចីលុយដើម្បីការពារពួកគេកុំឲ្យជំពាក់បំណុលច្រើនហួសដែលអាចបំផ្លាញដល់អាជីវកម្មរបស់ពួកគេ។
ទន្ទឹមនឹងនេះដែរក្រុមហ៊ុនដែលពាក់ព័ន្ធនឹងធនាគារដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតបានបង្រៀនអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះដែលជាផ្នែកមួយនៃកាតព្វកិច្ចសង្គមរបស់ពួកគេ។
លោក Han ថ្លែងថា៖ «ខ្ញុំយល់ថាការអប់រំផ្នែកហិរញ្ញវត្ថុគួរតែត្រូវចាប់ផ្តើមពីវ័យក្មេងទៅធ្វើដូច្នេះទើបពួកគេអាចមានចំណេះដឹងផ្នែកហិរញ្ញវត្ថុបានលឿន»។
លោកលើកឡើងទៀតថាវាអាចជាមូលដ្ឋានគ្រឹះសម្រាប់ពួកគេក្នុងការបណ្ដុះបណ្ដាលអំពីទម្លាប់គ្រប់គ្រងលុយកាក់បានល្អតាំងពីពួកគេនៅវ័យក្មេង ហើយក៏ដើម្បីបង្ការពួកគេកុំឲ្យប្រព្រឹត្តិកំហុសឆ្គងអំពីការគ្រប់គ្រងហិរញ្ញវត្ថុដែលអាចនាំឱ្យមានបញ្ហាផ្នែកហិរញ្ញវត្ថុពេញមួយជីវិតនៅពេលពួកគេធំឡើង។
លោកថ្លែងថា៖ «ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតថាចំណេះដឹងផ្នែកហិរញ្ញវត្ថុគួរដាក់បញ្ចូលជាផ្នែកមួយទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅសម្រាប់សិស្សានុសិស្ស»។
វិស័យឯកជន ជាពិសេសវិស័យហិរញ្ញវត្ថុអាចដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រធានបទមួយនេះហើយវាក៏ជាការរួមចំណែកជាមួយធនាគារជាតិនៃកម្ពុជាផងដែរ៕