សេដ្ឋកិច្ច​ដោយ​ប្រើប្រាស់​ប្រាក់រៀល​អាច​ជួយ​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) គ្រប់គ្រង​គោលនយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​ព្រមទាំង​អាច​ជួយ​ការពារ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ពី​វិបត្តិ​ហិរញ្ញវត្ថុ ឬ​ការជះឥទ្ធិពល​ពី​សេដ្ឋកិច្ច​បរទេស​ផង​ដែរ​។

ការប្រើប្រាស់​រូបិយវត្ថុ​ ២ គឺ​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​អាមេរិក​ព្រម​គ្នា​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ជាទូទៅ​ដោយ​បង្កើត​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​នាំ​យក​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​ជា​តម្រូវការ​ចាំបាច់​។ មិន​តែ​ប៉ុណ្ណោះ​បរិបទ​កំណើន​នេះ​នឹង​កាន់តែ​ប្រសើរឡើង​ថែម​ទៀត​ប្រសិនបើ​ព្រះរាជាណាចក្រ​កម្ពុជា​អាច​ប្តូរ​ទៅ​ប្រើប្រាស់​ប្រាក់រៀល​ទាំង​ស្រុង​។

ក្នុង​ឱកាស​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី​ ៣៩ នៃ​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រាក់រៀល​ឡើង​វិញ លោក​ ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (​ធនាគារ CIMB) បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ច្រើន​ទៀត ប្រសិន​បើ​ប្រាក់រៀល​ត្រូវ​បាន​ប្រើប្រាស់​ពេញលេញ​ជា​រូបិយប័ណ្ណ​តែ​មួយគត់​នៅក្នុង​ប្រទេស​។

លោក ប៊ុន យីន មាន​ប្រសាសន៍​ថា​៖ «​ជាទូទៅ​ការប្រើប្រាស់​រូបិយប័ណ្ណ​របស់​យើង​តែ​មួយ​គត់​នឹង​ជួយ​ឲ្យ​ធនាគារជាតិ​អាច​គ្រប់គ្រង​គោលនយោបាយ​រូបិយវត្ថុ​។ ហើយ​ប្រសិន​បើ​ប្រទេស​កម្ពុជា​អាច​គ្រប់គ្រង​ការប្រើប្រាស់​រូបិយប័ណ្ណ​របស់​ខ្លួន​បាន​នោះ​យើង​នឹង​អាច​កំណត់​នូវ​គោលដៅ ឬ​គោលនយោបាយ​អត្រា (​ការប្រាក់​) សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​»​។

លោក​បាន​បន្ថែម​ថា​៖ «​គោលនយោបាយ​រូបិយវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​នឹង​ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច និង​អាច​ជួយ​ទប់ស្កាត់​រាល់​បញ្ហា​ជា​យថាភូត​នានា​។ ក្នុង​រយៈពេល​យូរអង្វែង វា​នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ស្ថិរភាព​សេដ្ឋកិច្ច​ក៏​ដូចជា​ស្ថិរភាព​តម្លៃ​ទំនិញ និង​សេវាកម្ម​ផងដែរ​»​។

សេដ្ឋកិច្ច​ប្រើប្រាស់​ប្រាក់រៀល​ជួយ​ឲ្យ NBC គ្រប់គ្រង​ចរាចរ​សាច់​ប្រាក់​បាន​ងាយស្រួល​។ សហការី

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​តែ​ពឹង​ផ្អែក​លើ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ចំនួន​ប្រមាណ​​ ៨៣ ​ភាគរយ​នៃ​សេដ្ឋកិច្ច​ក្នុង​ស្រុក​រាប់​ចាប់​ពី​វិស័យ​ធនាគារ​រហូត​ដល់​ការលក់ដូរ​តូចតាច​តាម​ដងផ្លូវ​ជាដើម​ដែល​បាន​គ្របដណ្តប់​នៅ​លើ​ទីផ្សារ​ចាប់​តាំងពី​ ១៩៩២ ​មក ម្ល៉េះ នៅពេល​ដែល​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ (UNTAC) បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​ទីភ្នាក់ងារ​អន្ដរជាតិ​បាន​ឲ្យ​ដឹងថា ជាការ​ពិតណាស់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅលើ​គ្រឹះ​មួយ​ដ៏រឹងមាំ​ជាមួយ​នឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ​ ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ក្នុង​អំឡុង​រយៈពេល​ ២ ​ទសវត្សរ៍​កន្លង​មក​នេះ​ដែល​វា​បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​ ១ ​ទាំង​នៅក្នុង​តំបន់​អាស៊ាន​ក៏​ដូច​នៅលើ​សកលលោក​។

ម្យ៉ាងវិញ​ទៀត​ការប្រើប្រាស់​ប្រាក់រៀល​ទាំងស្រុង​ពុំ​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​ផ្សេងៗ​ទៀត​ឡើយ​។ ផ្ទុយ​ទៅ​វិញ​វា​នឹង​ជួយ​ជំរុញ​កំណើន​វិស័យ​ផលិតកម្ម​ទៀតផង​។

ប្រាក់រៀល​អាច​ជួយ​លើកកម្ពស់​វិស័យ​ផលិតកម្ម​ដោយ​កាត់បន្ថយ​ការចំណាយ​ផលិតកម្ម និង​ជំរុញ​ការនាំចេញ​ជាមួយ​ផលិត​​ផល​មាន​តម្លៃ​ទាប ដែល​អាច​បង្កើត​ឱកាស​ការងារ​ជាច្រើន និង​អាច​រក​ចំណូល​បន្ថែម​ពី​ការប្តូរ​ប្រាក់​សម្រាប់​រតនាគារ​។

លោក​ ប៊ុន យីន បន្ត​ថា​៖ «​ការចំណាយ​លើ​ផលិតកម្ម​អាច​ចុះ​ទាប​ប្រសិន​បើ​យើង​ប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក ហើយ​ប្រទេស​កម្ពុជា​អាច​នាំចេញ​ផលិតផល​របស់​ខ្លួន​បាន​កាន់តែ​ច្រើន ហើយ​វា​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ប្រទេស​ជាតិ​»​។

ទោះបី​ជា​ធនាគារជាតិ​ខិតខំ​កាត់បន្ថយ​ការចរាចរ​ប្រាក់​ដុល្លារ​អាមេរិក និង​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ឲ្យ​បាន​ទូលំទូលាយ​ក្តី ក៏​នៅ​តែ​មាន​ការឆ្លើយតប​យឺតយ៉ាវ​នៅ​ឡើយ​ពី​ទីផ្សារ ចំពោះ​អ្នកបង្កើត​គោលនយោបាយ ដែល​កំពុង​បន្ត​វិធីសាស្ត្រ ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​។

លោក​ ប៊ុន យីន បាន​បន្ថែម​ថា​៖ «​យើង​ត្រូវ​យល់​ថា​ការផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ទៅ​រូបិយវត្ថុ​ក្នុង​ស្រុក​គឺ​ទាមទារ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​យូរអង្វែង​។ យើង​មិន​អាច​ធ្វើការ​ផ្លាស់ប្តូរ​ទម្លាប់​អាជីវកម្ម និង​ទម្លាប់​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​រយៈពេល​ខ្លី​បាន​នោះ​ទេ​។ តែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ យើង​នៅតែ​មើល​ឃើញ​ការខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ពី​រាជរដ្ឋាភិបាល និយតករ និង​ការចូលរួម​ពី​ម្ចាស់​អាជីវកម្ម​ឯកជន​ជាច្រើន​»​។

ការ​ធ្វើ​ចរាចរណ៍​ប្រាក់​រៀល​ក្នុង​ទីផ្សារ។ហេង ជីវ័ន

លោក​មាន​ប្រសាសន៍​ថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជំរុញ​យ៉ាង​ខ្លាំងក្លា​ឲ្យ​មាន​ការចរាចរ​សាច់​ប្រាក់រៀល​ទៅ​កាន់​សាធារណជន​ទូទៅ​តាមរយៈ​ការផ្តល់​កម្ចី​ជា​ប្រាក់រៀល និង​ការផ្តល់​ឲ្យ​ធនាគារ​នូវ​ប្រតិបត្តិការ​ផ្តល់​សន្ទនីយភាព ដោយ​មាន​ការធានា​ជា​ប្រាក់រៀល (LPCO)​។ ទន្ទឹម​នឹង​នេះ​ការបង់​ពន្ធអាករ និង​វិកយបត្រ​បង់​ទឹក​ភ្លើង​ក៏​ត្រូវ​ឲ្យ​បង់​ជា​ប្រាក់រៀល​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ក៏​សង្កេត​ឃើញ​ដែរ​ថា​នៅ​តាម​ហាង​លក់​ម្ហូបអាហារ និង​ហាង​លក់ទំនិញ​បាន​ដាក់​បង្ហាញ​ពី​តម្លៃ​លក់​ទំនិញ​របស់​ខ្លួន​ជា​ប្រាក់រៀល​កាន់តែ​ច្រើន​ឡើង​ផងដែរ​។ ការអនុវត្ត​ទាំងអស់​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ ៣ ទៅ​ ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​»​។

លោក​បន្ថែម​ថា​៖ «​ដូច្នេះ​បើ​យើង​អាច​រក្សា​អត្រា​ប្តូរប្រាក់​ឲ្យ​នៅ​ថេរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នោះ​យើង​នឹង​ឃើញ​ច្បាស់ការ​ចរាចរ​ប្រាក់​រៀល​កាន់តែ​កើន​ច្រើន​ឡើង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​​ក្នុង​សង្គម​»​។

នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​ ២០១៦ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ តម្រូវ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​រក្សា​បាន​ទំហំ​ឥណទាន​ជា​ប្រាក់រៀល យ៉ាង​តិច​ ១០ ​ភាគរយ​នៃ​ឥណទាន​សរុប​របស់​ខ្លួន​ដែល​ជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​វិស័យ​ធនាគារ​កំពុង​ចូលរួម​ចំណែក​យ៉ាង​ល្អប្រសើរ​ក្នុង​ការលើក​កម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​តាមរយៈ​ការបង្កើន​ការផ្តល់​ប្រាក់កម្ចី និង​ការទទួល​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល​។ ប៉ុន្តែ​យើង​នៅតែ​ទាមទារ​ការចូលរួម​ពី​វិស័យ​ឯកជន​ច្រើន​បន្ថែម​ទៀត​ដើម្បី​បង្កើន​តម្រូវការ​ប្រើប្រាស់​ប្រាក់រៀល​នេះ​»​។

លោក​ ប៊ុន យីន បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ធនាគារ CIMB នឹង​សម្រេច​បាន​តាម​គោលដៅ​ដែល​ដាក់​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។ យើង​មាន​ក្រុម​ការងារ​ជាក់លាក់ ដើម្បី​ធ្វើការ​អនុវត្ត​ភារកិច្ច​នេះ និង​កំណត់​នូវ​កាលវិភាគ​ច្បាស់លាស់​ហើយ​ពួកគេ​តែងតែ​រាយការណ៍​មក​ខ្ញុំ​ជា​រៀងរាល់​សប្តាហ៍​អំពី​ការវិវឌ្ឈ​ទៅ​មុខ​។ ដូច្នេះ​ខ្ញុំ​មាន​ទំនុកចិត្ត​ខ្លាំង​ណាស់​»​។

លោក​ ប៊ុន យីន បាន​បន្ថែម​ថា​៖ «​ទោះបី​ជា​ធនាគារ​បរទេស ឬ ធនាគារ​ក្នុងស្រុក​ក៏ដោយ​គឺ​ជួប​បញ្ហា​ប្រឈម​ចម្បង​ដូច​គ្នា​ដែល​អាស្រ័យ​នឹង «​តម្រូវការ និង​ការផ្គត់ផ្គង់​»​។ ដូច​ដែល​ខ្ញុំ​បាន​ឆ្លើយតប​មុន​នេះ យើង​ត្រូវបង្កើត​ឲ្យ​មាន​តម្រូវការ​ប្រាក់រៀល​ឲ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​នៅក្នុង​សេដ្ឋកិច្ច​ទាំងមូល​។ ហើយ​យើង​ជឿជាក់​ថា​បញ្ហា​ប្រឈម​ទាំងនេះ​នឹង​អាច​ដោះស្រាយ​ប្រសិន​បើ​យើង​ចូលរួម​ប្រឹងប្រែង​ទាំងអស់​គ្នា​»​។

ប៉ុន្តែ​លោក​បាន​ក្រើន​រំឭក​ថា​អាច​មាន «​បញ្ហា​លើ​ការយល់ឃើញ​» ដែល​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដើម្បី​សម្រេច​តាម​គោលដៅ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​៕