លោក Han Peng Kwang នាយក​គ្រប់គ្រង​ទូទៅ​នៅ​ធនាគារ Phillip Bank Plc បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​ប្រាក់រៀល​នៅពេល​នេះ​បាន​នឹង​កំពុង​រីករាលដាល​កាន់តែ​ច្រើន​ដោយសារ​តែ​ការយល់ដឹង​កំពុង​ចាប់ផ្ដើម​កើនឡើង ដែលជា​សក្ខីកម្ម​ដ៏ច្បាស់លាស់​មួយ ដែល​រូបិយប័ណ្ណ​ជាតិ​កំពុង​ទទួល​បាន​ភាព​ពេញនិយម​។ ក្នុង​បទសម្ភាស​មួយ​ជាមួយ​កាសែត ភ្នំពេញ ប៉ុស្ដិ៍ លោក​បាន​ពន្យល់​ពី​តួនាទី​ប្រាក់រៀល និង​បញ្ហា​ប្រឈម​របស់​វា​។

តើ​អ្នក​វាយតម្លៃ​សមិទ្ធផល​នៃ​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​ដូចម្ដេច​?

យើង​បាន​គិតថា ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​កំពុង​មាន​ការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​នៅតាម​ទីក្រុង​ដោយ​មាន​ការបង្ហាញ​តម្លៃ​ជា​ប្រាក់រៀល​នៅ​តាម​ផ្សារ​ទំនើប ភោជនីយដ្ឋាន និង​ហាង​លក់រាយ​កើនឡើង​កាន់តែ​ខ្លាំង​។ សូម្បីតែ​ហាង​ធំៗ​ដូចជា ផ្សារ​ទំនើប Aeon Shopping Mall ផ្សារ​ទំនើប Bayon Supermarket ផ្សារ​ទំនើប Lucky Supermarket និង​ផ្សារ​ទំនើប​ផ្សេងទៀត កំពុង​តាំង​បង្ហាញ​ទំនិញ​របស់​ពួកគេ​ជា​ប្រាក់រៀល​ក្រៅពី​ប្រាក់​ដុល្លារ​។

ហើយ​វា​ក៏​ជា​រឿង​ធម្មតា​សម្រាប់​អ្នកលក់​ក្នុង​ការដាក់​តម្លៃ​ជា​ប្រាក់រៀល សម្រាប់​ទីផ្សារ​បន្លែ និង​អាហារ​ស្រស់ៗ​ក្នុង​ស្រុក ។ លើស​ពី​នេះ​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​នៅ​តាម​តំបន់​ជនបទ​មាន​ជាទូទៅ​រួច​ទៅ​ហើយ ហើយ​នេះ​ក៏​បាន​បង្ហាញ​ពី​ការរីករាលដាល​នៃ​ភាពងាយស្រួល​ក្នុង​ការជួញដូរ​ជា​ប្រាក់រៀល​ផងដែរ​។ ទាំងអស់​នេះ​គឺជា ភស្ដុតាង​បញ្ជាក់​ថា​ការប្រើប្រាស់​ប្រាក់រៀល​កំពុង​ក្លាយ​ជា​បទដ្ឋាន​មួយ​ជា​បណ្ដើរៗ​នៅក្នុង​ទីផ្សារ​នេះ​។

ប្រាក់រៀល និង​ដុល្លារ​ពេញនិយម​សម្រាប់​អាជីវករ​ក្នុង​ទីក្រុង​។ ហុង មិនា

តើ​សេដ្ឋកិច្ច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូចម្ដេច ប្រសិន​បើ​ត្រូវ​បាន​ប្រើប្រាស់​ជំនួយ​ដោយ​ប្រាក់​ដុល្លារ​អាមេរិក​?

វា​ជា​ការពិត​ដែល​ថា​ការធ្វើ​ដុល្លា​រូបនីយកម្ម​ខ្ពស់​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​កា្លយ​ជា​ទិសដៅ​គួរ​ឲ្យ​ទាក់ទាញ​មួយ​សម្រាប់​ការវិនិយោគ​បរទេស​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក និង​បាន​ផ្ដល់​សេដ្ឋកិច្ច​នូវ​ស្ថិរភាព​ចាំបាច់​បំផុត បន្ទាប់ពី​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយសារ​តែ​ជម្លោះ​ស៊ីវិល​។ ប៉ុន្តែ​វា​បាន​បណ្ដាល​ឲ្យ​ប្រទេស​នេះ​ងាយ​ទទួលរងគ្រោះ​ដោយសារ​តែ​ការផ្លាស់ប្តូរ​ក្នុង​សេដ្ឋកិច្ច​អន្តរជាតិ និង​មិន​មាន​ស្ថិរភាព​ក្នុង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រទេស​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​គ្រប់គ្រង​សេដ្ឋកិច្ច​។

អាស្រ័យ​ហេតុនេះ​ប្រសិន​បើ​ប្រាក់រៀល​ត្រូវ​ប្រើប្រាស់ និង​ទទួល​យក​យ៉ាង​ទូលំទូលាយ​និយ័តករ​នឹង​មាន​ឥទ្ធិពល​កាន់តែ​រឹងមាំ​លើ​គោលនយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​នៅក្នុង​ប្រទេស​នេះ​។ ក្រៅពី​អាច​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ជាមួយ​នឹង​ការប្រើប្រាស់​ប្រាក់រៀល ប្រទេស​នេះ​នឹង​ទទួល​បាន​អធិបតេយ្យភាព សេដ្ឋកិច្ច មោទនភាព​ជាតិ និង​ប្រាក់ចំណេញ​។

តើ​អ្វី​ជា​វិស័យ​សំខាន់ៗ​ដែល​នឹង​ទទួល​បាន​អត្ថប្រយោជន៍ ប្រសិន​បើ​ក្រុមហ៊ុន​ផ្លាស់ប្តូរ​ទៅប្រើ​ប្រាស់​ប្រាក់រៀល​កាន់តែ​ទូលំទូលាយ​?

អាច​ជា​វិស័យ​ដែល​មាន​ការចំណាយ​របស់​អតិថិជន​កម្រិត​ខ្ពស់​ដូចជា​វិស័យ​លក់រាយ​។ វិស័យ​មួយ​ផ្សេង​ទៀត​គឺ​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារតែ​ការប្រើប្រាស់​ប្រាក់រៀល​អាច​មាន​តម្លាភាព​កាន់តែ​ខ្លាំង និង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​អត្រា​ប្តូរប្រាក់​ដែល​អាច​ធ្វើ​ប៉ះពាល់​ដល់​ការចំណាយ​របស់​ពួកគេ​នៅក្នុង​ទីផ្សារ​នេះ​។ ក្រុមហ៊ុន​ក្នុង​ស្រុក​ផ្សេង​ទៀត​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​រូបិយប័ណ្ណ​រួម​នេះ​ហើយ​នឹង​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ ក្រៅពី​ការផលិត និង​ការងារ​របស់​ពួកគេ​។

ជារួម​មក​ចាប់តាំងពី​វិស័យ​សាធារណៈ​ដូចជា​អគ្គិសនី​កម្ពុជា (EDC) រដ្ឋាករទឹក និង​ក្រសួង​ផ្សេងៗ​ទៀត​បាន​ជួញដូរ​ភាគច្រើន​ជា​ប្រាក់រៀល អាស្រ័យ​ហេតុនេះ​វិស័យ​ឯកជន​នឹង​ទទួល​បាន​អត្ថប្រយោជន៍ ប្រសិន​បើ​ពួកគេ​ផ្លាស់ប្តូរ​ទៅប្រើប្រាស់​ប្រាក់រៀល ដូច្នេះ​ពួកគេ​នឹង​មិន​បណ្ដាល​ឲ្យ​មាន​ការខាតបង់​អត្រា​ប្តូរប្រាក់​ណាមួយ​នៅពេល​ពួកគេ​ប្តូរប្រាក់​ដុល្លារ​របស់​ពួកគេ​ទៅជា​ប្រាក់​រៀល​នៅពេល​ពួកគេ​ជួញដូរ​ជាមួយ​វិស័យ​សាធារណៈ​។

កម្ពុជា​គឺជា​សមាជិក​ដ៏សំខាន់​មួយ​របស់​អាស៊ាន តើ​វិធានការ​ទទួល​យក​ប្រាក់​រៀល ជា​រូបិយវត្ថុ​តែមួយគត់​នេះ​រួមចំណែក​ដល់​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​អាស៊ាន​កាន់តែ​ច្រើន​ដែរ​ឬ​ទេ​?

វា​អាស្រ័យ​លើ​វិសាលភាព​នៃ «​ការជួញដូរ​» ប្រាក់រៀល​នៅក្នុង​ទីផ្សារ​ប្តូរប្រាក់​បរទេស​។ ទន្ទឹម​នឹង​នេះ​យើង​បាន​គិតថា ប្រភេទ​នៃ​រូបិយប័ណ្ណ​ដែល​ប្រើប្រាស់​ដោយ​ប្រទេស​នីមួយៗ​នឹង​មិន​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​អាស៊ាន​នោះ​ទេ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត​ការធ្វើ​សមាហរណកម្ម​ដល់​កម្រិត​ណាមួយ​នោះ​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅ​តំបន់​អាស៊ាន​ដូចជា​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ឬ​ពហុភាគី និង​កិច្ចព្រមព្រៀង វិនិយោគ ដែល​នឹង​ជំរុញ​ឲ្យ​មាន​ការធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​រវាង​ប្រទេស​ទាំងនេះ​។

ប្រាក់រៀល​នៅ​តែ​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​។ ហេង ជីវ័ន

តាម​យោបល់​របស់​អ្នក​ក្នុង​នាម​ជា​ធនាគារិក​អាជីព តើ​រដ្ឋាភិបាល​អាច​ប្រើប្រាស់​ប្រាក់រៀល​ដូចម្ដេច ហើយ​តើ​នរណា​គួរតែ​ជា​ក្រុម​ទិសដៅ​?

រដ្ឋាភិបាល​អាច​ចាប់ផ្ដើម​លើក​កម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ដល់​ក្រុម​ក្មេងៗ និង​យុវវ័យ ដោយសារ​តែ​ពួកគេ​មាន​ចំនួន​ច្រើន​ក្នុង​ចំណោម​ប្រជាជន​សរុប​នៅក្នុង​ប្រទេស​។ នៅពេល​ពួកគេ​ស៊ាំ​នឹង​ការប្រើប្រាស់​ប្រាក់រៀល​ចាប់ពី​ជំនាន់​របស់​ពួកគេ​តទៅ​មុខ ការប្រើប្រាស់​ប្រាក់រៀល​នឹង​ត្រូវបាន​គាំពារ​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ហើយ​អាស្រ័យ​ដូចនេះ​នឹង​ក្លាយ​ជា​រូបិយវត្ថុ​សំខាន់​នៅពេល​អនាគត​។

រដ្ឋាភិបាល​អាច​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​យុវជន​ផ្សេងៗ​ក្នុង​ការលើក​កម្ពស់​ការប្រើប្រាស់​ប្រាក់រៀល ហើយ​យុវជន​នឹង​ត្រូវ​បាន​ជំរុញ និង​លើក​ទឹកចិត្ត​ក្នុង​ការប្រើប្រាស់ និង​ប្រាប់​បន្ត​ទៅ​យុវជន​គ្នា​គាត់​។ សម្រាប់​ពេល​នេះ​រដ្ឋាភិបាល​អាច​ប្រើប្រាស់​បទប្បញ្ញត្តិ​ដូចជា ប្រាក់ខែ​របស់​បុគ្គលិក​ទាំងអស់​ត្រូវ​បាន​បើក​ជា​ប្រាក់រៀល ដូច្នេះ​ទីបំផុត​នឹង​ឈាន​ទៅ​ដល់​ការប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ច្រើនឡើងៗ​។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដឹកនាំ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ឲ្យ​សម្រេច​បាន​ការផ្ដល់​ឥណទាន​ជា​ប្រាក់រៀល​ឲ្យ​បាន​យ៉ាង​តិច​ ១០ ​ភាគរយ​នៃ​សំពៀត​ឥណទាន​សរុប​នៅ​ចុង​ឆ្នាំ​ ២០១៩​។ តើ​ការធ្វើ​ដូច្នេះ​វា​រីកចម្រើន​ដូចម្ដេច​?

យើង​យល់​ថា​ធនាគារ​ទាំងអស់​កំពុង​ធ្វើ​ការងារ​ដើម្បី​សម្រេច​បាន​តាម​ផែនការ​នេះ ហើយ​ធនាគារ​ជាច្រើន​កំពុង​ធ្វើ​ការងារ​យ៉ាង​ជិតដិល​ជាមួយ​និយ័តករ ដើម្បី​សម្រេច​បាន​តាម​គោលបំណង​នេះ​។ ក្នុង​នោះ​ធនាគារ​មួយ​ចំនួន​កំពុង​មាន​ការរីកចម្រើន​ល្អប្រសើរ ហើយ​មួយ​ចំនួន​ទៀត​នៅតែ​មាន​ឱកាស​ច្រើន​សម្រាប់​ការអនុវត្ត​តាម​ប្រកាស​។ ចំពោះ​ធនាគារ Phillip Bank យើង​មាន​សុទិដិ្ឋនិយម​ថា​យើង​នឹង​សម្រេច​បាន​តាម​ទិសដៅ​កំណត់​នេះ​តាម​ពេលវេលា​កំណត់​។

តើ​អ្វី​ជា​បញ្ហា​ប្រឈម​ចម្បង​ចំពោះ​ធនាគារ​បរទេស ប្រសិន​បើ​ប្រាក់រៀល​ជំនួស​ប្រាក់​ដុល្លារ​?

នឹង​មាន​ទំហំ​ហានិភ័យ​បន្ថែម (​នោះ​គឺ​) ការប្តូរ​ប្រាក់​បរទេស​រវាង​ប្រាក់​ដុល្លារ និង​ប្រាក់រៀល​។ ទន្ទឹម​នឹង​នេះ​យើង​បាន​គិត​ថា បញ្ហា​ប្រឈម​មិន​គ្រាន់តែ​ជួបប្រទះ​ដោយ​ធនាគារ​បរទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួមទាំង​ធនាគារ​ក្នុង​ស្រុក​ផងដែរ ដោយសារ​តែ​បច្ចុប្បន្ន​កម្ចី និង​ប្រាក់​បញ្ញើ​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​គិត​ជា​ប្រាក់​ដុល្លារ​។

រូបិយវត្ថុ​ជាតិ​ចរាចរ​យ៉ាង​ទូលំទូលាយ​នៅ​គ្រប់​តំបន់​។ សហការី

ក្នុង​នាម​ជា​ធនាគារ​បរទេស តើ​ការរៀបចំ​លើក​កម្ពស់​ប្រាក់​របស់​អ្នក​ដូចម្ដេច​ដែរ​? តើ​ប្រាក់ខែ​របស់​បុគ្គលិក​ត្រូវ​បើក​ជា​ប្រាក់រៀល​ដែរ​ឬ​?

យើង​កំពុង​លើកកម្ពស់​ប្រាក់រៀល​តាមរយៈ​ការលើក​ទឹកចិត្ត និង​ការបញ្ចុះ​បញ្ចូល​អតិថិជន និង​ក្រុមហ៊ុន​លក់រាយ​របស់​យើង​ត្រូវ​ខ្ចី​ជា​ប្រាក់រៀល​ជំនួស​ប្រាក់​ដុល្លារ​។ យើង​កំពុង​គាំទ្រ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​តាមរយៈ​ការផ្ដល់​កម្ចី​ដើម្បី​ផ្ដល់​ដល់​ពួកគេ​នូវ​ទុន​បង្វិល​កាន់តែ​ច្រើន ដែល​អនុញ្ញាតិ​ឲ្យ​ពួកគេ​អាច​ផ្ដល់​កម្ចី​ជា​ប្រាក់រៀល ដើម្បី​គាំទ្រ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​នៅតាម​តំបន់ និង​តាម​ភូមិ​នៅ​ជនបទ​។

យើង​បាន​ផ្ដួចផ្ដើម​យុទ្ធនាការ​មួយ​ដើម្បី​ជួយ​លើកកម្ពស់​ការខ្ចី​ជា​ប្រាក់រៀល ជា​ឧទាហរណ៍​នៅក្នុង​យុទ្ធនាការ បន្ទាប់​របស់​យើង​សម្រាប់​កម្ចី​ផ្ទាល់ខ្លួន យើង​នឹង​ផ្ដល់​អត្រា​ការប្រាក់​កម្ចី​ជា​ប្រាក់រៀល​ចំនួន ១៥ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​ជា​ប្រាក់​ដុល្លារ គឺ​ ១៦ ​ភាគរយ​ក្នុង​មួយឆ្នាំ​។ ទាក់ទង​នឹង​ប្រាក់ខែ​របស់​បុគ្គលិក យើង​មាន​បំណង​បម្លែង​មួយ​ផ្នែក​នៃ​ប្រាក់ខែ​បុគ្គលិក​ត្រូវ​បើក​ជា​ប្រាក់រៀល​ផង​ដែរ​៕