នាយកដ្ឋាន​នីតិកម្ម​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បានស្នើ​ឲ្យ​អតិថិជន​អាន​និង​សួរនាំ​មន្ត្រី​ឥណទាន​ឲ្យ​បាន​ច្បាស់​អំពី​លក្ខខណ្ឌ​នៃ​កិច្ច​សន្យា​សេវា​ហិរញ្ញវត្ថុ​មុននឹង​ចុះ ហត្ថលេខា​។​ប្រសិនបើ​មាន​ចម្ងល់​ឬ​វិវាទ​សាធារណជន​អាចទាក់ទង​មក​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន។

​លោកស្រី​ សុខ ​វណ្ណ​សិ​កា​មន្ត្រី​ផ្នែក​ច្បាប់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា​អតិថិជន​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ពេលខ្លះ​បាន​មើលរំលង​ចំណុច​សំខាន់​នៅក្នុង​កិច្ចសន្យា​ហិរញ្ញវត្ថុ​ដោយ​សារតែ​ភាគច្រើន​ពួកគាត់​ត្រូវការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ជាពិសេស​ឥណទាន​ជា​ចាំបាច់ ហើយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​តែង​ផ្តល់នូវ​គំរូកិច្ចសន្យា​ដែល​មិនអាច​ចរចា​ឬ​កែប្រែ​បាន​នោះ​ទេ។

ដូចនេះ​ធនាគារជាតិ​នៃ កម្ពុជា​បានចេញ​បទ​ប្បញ្ញត្តិ​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដាក់ចូល​ទៅក្នុង​កិច្ចសន្យា​សេវា​ហិរញ្ញវត្ថុ​នូវ​ចំណុច​មួយចំនួន​ដែល​ចាំបាច់​ដើម្បី​ការពារ​ប្រយោជន៍​អតិថិជន​ហើយ​បុគ្គលិក​របស់​គ្រឹះស្ថាន​ធនាគារ​និង ហិរញ្ញវត្ថុ​មាន​កាតព្វកិច្ច​ពន្យល់​អ​តិ​ថិ​ជន​ឲ្យ​បាន​ច្បាស់​អំពី​លក្ខខណ្ឌ​នីមួយៗ ជាពិសេស​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​ការប្រាក់ និង​ចំណាត់ការ​ផ្លូវ​ច្បាប់​ផ្សេងៗ។

​ទោះ​មាន​បទ​ប្បញ្ញត្តិ​បែបនេះ​ក្តី​លោកស្រី​សុខ​វណ្ណ​សិ​កា​បាន​បញ្ជាក់ថា​ជម្លោះ​ក្នុងការ​ប្រើប្រាស់ សេវា​ហិរញ្ញវត្ថុ​នៅតែ​កើតមាន​ដោយសារ​ការពន្យល់​ភ្លាមៗ​ឬ​តែ​មួយដង​ទៅលើ​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​ហិរញ្ញវត្ថុ​មិនអាច​ធានា​ឲ្យ​អតិថិជន​យល់ច្បាស់​នោះទេ​ប្រសិនបើ​គ្មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន។​

​ប្រការនេះ​ទាមទារ​ឲ្យ​មាន​កម្មវិធី​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន ដើម្បី​ឲ្យ​អតិថិជន​យល់​ពី​ចំណុច​សំខាន់​នៃ​កិច្ចសន្យា​សេវា​ហិរញ្ញវត្ថុ​និង​ការ ប្រើប្រាស់​ហិរញ្ញវត្ថុ​ដោយ​ឈ្លាសវៃ​ហើយ​អាចមាន​លទ្ធភាព​ក្នុង​ការចរចា​ជាមួយនឹង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជាពិសេស​អាចធ្វើ​ការជ្រើសរើស​ជម្រើស​ដែល​ប្រសើរ​សម្រាប់​ខ្លួន​ផ្ទាល់។

​លើសពី​កិច្ចសន្យា​សេវា​ហិរញ្ញវត្ថុ​លោកស្រី​ក៏បាន​ថ្លែងថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន​មាន​សារៈសំខាន់​សម្រាប់​សាធារណជន​ឲ្យ​ចៀសវាង​រាល់​ការកេងប្រវ័ញ្ច​ពី​ប្រតិបត្តិការ​ធនាគារ​ក្រៅផ្លូវការ​ឬ​ស្រមោល។

ជា​ឧទាហរណ៍ មានតែ​គ្រឹះស្ថាន​ធនាគារពាណិជ្ជ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក​បញ្ញើ​តែ ប៉ុណ្ណោះ​ដែល​អាច​ទទួលយក​ប្រាក់​បញ្ញើ​ពី​សាធារណជន​តែ​កន្លងមក​មាន​ជនខិលខូច​បាន​ដើរ​ប្រមូលប្រាក់ បញ្ញើ​ពី​សាធារណជន​ដោយ​ផ្តល់​ការ​ប្រាក់​ខ្ពស់។

បញ្ហា​នេះ​តែង​កើតមាន​នៅតាម​បណ្ដា​ប្រទេស​ដែល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅមានកម្រិត​។ ប្រការ​ដែល​គួ​ចៀសវាង​គឺ​អ្នក​ប្រកប​វិជ្ជាជីវៈ​ច្បាប់ មិនគួរណា​ចូលរួម​ជួយ​បង្កើត​ប្រតិបត្តិ​ការផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​ច្បាប់ ដែល​នេះ​ត្រូវ​ចាត់ទុកថា​ជាការ​អនុវត្ត​ផ្ទុយ​នឹង​ក្រម សីលធម៌​វិជ្ជាជីវៈ​ហើយ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​សាធា​រណជន​ផងដែរ។​

​​ចំពោះ​ទស្សនវិស័យ​នា​ថ្ងៃ​អនាគត​លោកស្រី​បាន​ថ្លែងថា​វិស័យ​ហិរញ្ញវត្ថុ​តែង​អភិវឌ្ឍ​ទៅ​មុខជា​លំដាប់ ដោយសារ​ការ​បង្កើត​ឡើង​​ថ្មី​នៃ​ផលិតផល​ឬ​សេវា​ហិរញ្ញវត្ថុ​ក៏ដូចជា​ប្រព័ន្ធ​បច្ចេកវិទ្យា។

ការអភិវឌ្ឍ​នេះ​បាន​ចូលរួម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ហើយ​ការអភិវឌ្ឍ​ដោយ​ចីរភាព​ទាមទារ​ឲ្យ​សាធារណជន​មាន​ចំណេះដឹង​ហិរញ្ញវត្ថុ​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​នេះ។

ក្នុងនោះ​លោកស្រី​សុខ​វណ្ណ​សិ​កា​បាន​បន្ថែមថា មេធាវី​ឬ​អ្នក​ប្រកប​វិជ្ជាជីវៈ​ច្បាប់​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​ឬ​រៀបចំ​វិធាន​ឬ​ឯកសារ​ច្បាប់​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​ស្របតាម​គោលការណ៍​ច្បាប់ ដោយ​ធានាថា​រាល់​ហានិភ័យ​ផ្លូវច្បាប់​ត្រូវបាន​ទប់​ស្កាត់​ឬ​ដោះស្រាយ​ហើយ​សិទ្ធិ​និង​កាតព្វកិច្ច​របស់​រាល់​ភាគី​ពាក់ព័ន្ធ​ត្រូវបាន​កំណត់​ឲ្យ​មាន​សមភាព​។​ ច្បាប់​ហិរញ្ញវត្ថុ​គឺជា​ច្បាប់​ពិសេស​ដែលមាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ​ដោយ​សារ​ការបញ្ចូល​គ្នា​នៃ​ចំណេះដឹង​ផ្នែក​ច្បាប់ ហិរញ្ញវត្ថុ​និង​គណនេយ្យ។

ដូចនេះ​លោកស្រី​សង្ឃឹមថា​អ្នក​ប្រកប​វិជ្ជាជីវៈ​ច្បាប់​ក៏ដូចជា​និស្សិត​ច្បាប់ គួរស្វែងយល់​បន្ថែម​អំ​ពី​ជំនាញ​នេះ ដើម្បី​ចូលរួម​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ជួស​នាម​ឲ្យ​នាយកដ្ឋាន​នីតិកម្ម​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​លោកស្រី​បាន​បញ្ជាក់ថា នាយកដ្ឋាន​នីតិកម្ម​តែង​ស្វាគមន៍​សំណួរ​ពាក់ព័ន្ធ​នឹង​ច្បាប់​ធនាគារ​និង​ហិរញ្ញវត្ថុ​ពី​សាធារណជន រួមទាំង​អ្នក​ប្រកប​វិជ្ជាជីវៈ​ច្បាប់​ដើម្បី​ចៀសវាង​រាល់​ការអនុវត្ត​ខុស​និង​ដើម្បី​ចូលរួម​គាំទ្រ​ការអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ។

នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខ​ធនាគារជាតិ​នៃ​កម្ពុជា​នឹងចូលរួម​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល ដល់​មន្ត្រី​ប្រតិបត្តិ​តាម​នៅតាម​បណ្ដា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។ នាពេល​អនាគត​ធនាគារជាតិ​នៃ​កម្ពុជា នឹងមាន​ចំណាត់ការ​បន្ថែម​អនុវត្តពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ធនាគារ​និង​ហិរញ្ញវត្ថុ​ទៅ​សាធា​រណជន​ជាពិសេស​អ្នក​ប្រកប​វិជ្ជាជីវៈ​ច្បាប់៕