នាយកដ្ឋនពន្ធរបស់រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងបង្កើត និងដាក់ឲ្យទាញយកប្រើប្រាស់ជាសាធារណៈនូវកម្មវិធីស្មាតហ្វូន ១ ដែលអនុញ្ញាតឲ្យសហគ្រិននានាក្នុងប្រទេសកម្ពុជាធ្វើការបញ្ជាក់ភាពពិតលើលិខិតសវនកម្មដែលពួកគេបានទទួល ដើម្បីជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ចល្អ និងការពារការបោកប្រាស់ហិរញ្ញវត្ថុ។
កម្មវិធីនេះត្រូវបានដាក់ឲ្យទាញយកមកប្រើប្រាស់ជាផ្លូវការនៅលើ Play Store និង Apple Store នៅដើមខែនេះនូវកម្មវិធី GDT Audit Check សម្រាប់ជួយដល់បណ្តាអ្នកជាប់ពន្ធដើម្បីបញ្ជាក់ថា ឯកសារពន្ធដែលពួកគេបានទទួលជាឯកសារពិតដែរឬអត់? កម្មវិធីនេះប្រើប្រាស់បច្ចេកវិទ្យាដែលប្រើកាមេរ៉ាទូរស័ព្ទស្កេនលើ QR Code ដែលត្រូវបានបោះទៅលើឯកសារ។ QR Code នេះអាចឲ្យស្កេនលឿន និងមានសមត្ថភាពផ្ទុកទិន្នន័យខ្ពស់ជាង Bar Code ធម្មតាដែលជាទូទៅត្រូវបានបោះពុម្ពលើទំនិញ។
លោក គង់ វិបុល ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ការបង្កើតកម្មវិធីស្មាតហ្វូននេះឡើងគឺជាការបំពេញនូវកម្មវត្ថុមួយដើម្បីលើកកម្ពស់អភិបាលកិច្ចក៏ដូចជាសុវត្ថិភាពពន្ធដារនៅក្នុងប្រទេសកម្ពុជា។
លោកបានពន្យល់ថា៖ «កម្មវិធីនេះនឹងជួយយើងលើកកម្ពស់តម្លាភាពនៃសេវេកម្មរបស់យើង ដោយផ្ទៀងផ្ទាត់លិខិតឯកសារឧទ្ទេសនាមជាមួយនឹងទិន្នន័យព័ត៌មានរបស់សហគ្រាសនៅក្នុង System របស់យើង»។
លោក គង់ វិបុល បន្តថា៖ «ដូច្នេះហើយវាជួយការពារអ្នកជាប់ពន្ធពីជនបោកប្រាស់ទាំងឡាយដែលក្លែងធ្វើជាក្រុមមន្ត្រីរបស់យើង ហើយយកឯកសារក្លែងក្លាយទៅឆរបោកប្រាក់របស់ពួកគាត់»។
បន្ទាប់ពីទាញយកកម្មវិធីមកលើស្មាតហ្វូនរួចអ្នកជាប់ពន្ធត្រូវបានតម្រូវឲ្យបង្កើតគណនីជាមុនសិន។ ដំណើរការចុះឈ្មោះទាមទារព័ត៌មានរបស់អ្នកប្រើប្រាស់ និងសហគ្រិនរបស់ពួកគេរួមទាំងលេខទូរស័ព្ទ និងលេខសម្គាល់អ្នកជាប់ពន្ធដែលត្រូវបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពនៅអគ្គនាយកដ្ឋានពន្ធដារ។
នេះមិនមែនជាលើកទី ១ ទេដែលអាជ្ញាធរពន្ធកម្ពុជាបានប្រើប្រាស់កម្មវិធីស្មាតហ្វូនដើម្បីជួយទៅដល់អ្នកជាប់ពន្ធ។ អគ្គនាយកដ្ឋានពន្ធដារក៏ធ្លាប់បានបង្កើតកម្មវិធីស្មាតហ្វូនដែលមានមុខងារជាឧបករណ៍គណនាពន្ធ ប្រក្រតិទិនពន្ធ និងបណ្តាញសង្គម Live-Chat ដែលអនុញ្ញាតឲ្យប្រជាជនទំនាក់ទំនងដោយផ្ទាល់ជាមួយមន្ត្រីពន្ធដារ។
លោក គង់ វិបុល បានឲ្យដឹងថានាយកដ្ឋានព័ត៌មានវិទ្យានៃស្ថាប័នរបស់លោកកំពុងតែធ្វើការអភិវឌ្ឍកម្មវិធីស្មាតហ្វូនបន្ថែមទៀតដែលក្នុងនោះរួមមានទាំងកម្មវិធីដែលអាចឲ្យអ្នកជាប់ពន្ធបង់ពន្ធតាមរយៈប្រព័ន្ធទូរស័ព្ទស្មាតហ្វូនផងដែរ។
លោកនិយាយថា៖ «យើងមានអ្នកជំនាញវ័យក្មេងដ៏ពូកែៗជាច្រើនដែលអាចបង្កើតកម្មវិធីដ៏មានប្រយោជន៍ជាច្រើនដែលនឹងអាចជួយយើងសម្រេចបាននូវអភិបាលកិច្ចដ៏ល្អប្រសើរ។ យើងកំពុងតែធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធានានូវតម្លាភាពល្អ និងទំនុកចិត្តរបស់អ្នកបង់ពន្ធ»៕