ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​យើង​សង្កេត​ឃើញ​ថា សិស្ស​និស្សិត​កម្ពុជា​មាន​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​ឱកាស​សិក្សា​ទាំង​នៅក្នុង​ស្រុក និង​បរទេស​។

ខណៈ​ពេល​ដែល​ការរីកចម្រើន​នៃ​គ្រឹះស្ថាន​អប់រំ​ក្នុង​ស្រុក​ផ្តល់​ជូន​​នូវ​ជម្រើស​នៃ​កម្មវិធីសិក្សា​កាន់តែ​ប្រសើរ​ឡើង សិស្ស និស្សិត​ខ្មែរ​ជាច្រើន​ក៏​កំពុង​បន្ត​ការសិក្សា​ជំនាញ​ផ្សេងៗ​នៅ​ក្រៅ​ប្រទេស​តាមរយៈ​អាហារូបករណ៍ ឬ​តាមរយៈ​ការបង់ថ្លៃ​សិក្សា​ផ្ទាល់​ខ្លួន​របស់​ពួកគេ​។

ជាមួយ​នឹង​ជម្រើស​ទាំង​នេះ សិស្ស និស្សិត​ក៏​ត្រូវ​​ប្រឈម​នឹង​ការធ្វើការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ ហើយ​ស័ក្តិសម​ទៅ​នឹង​គោលដៅ​អាជីព និង​បំណងប្រាថ្នា​ផ្ទាល់​ខ្លួន ហើយ​វា​ពិត​ជា​មិនមែន​ជា​ការសម្រេចចិត្ត​ដ៏ងាយស្រួល​នោះ​ឡើយ​។

ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​មួយ​ចំនួន​អំពី​ទិសដៅ​សិក្សា​ពេញនិយម​បំផុត​សម្រាប់​សិស្ស​និស្សិត​កម្ពុជា:

ប្រទេស​អូស្ត្រាលី

ប្រទេស​អូស្ត្រាលី​គឺជា​ទិសដៅ​សិក្សា​ដ៏ពេញនិយម​មួយ​សម្រាប់​សិស្ស​និស្សិត​អន្ដរជាតិ​។ ប្រទេស​អូស្ត្រាលី​មាន​ការ​ប្រមូលផ្តុំ​ទៅ​ដោយ​សាកលវិទ្យាល័យ​ដែល​ឈានមុខ​គេ បទពិសោធ​សិក្សា​ដែល​មាន​ភាពងាយស្រួល និង​មាន​តម្លៃ​សមរម្យ​ជាមួយ​នឹង​ឱកាស​ការងារ​ដ៏សម្បូរបែប​នៅ​តាម​ទីក្រុង​ដែល​គួរ​ឲ្យ​ចង់​រស់នៅ​មួយ​ចំនួន​ក្នុង​ប្រទេស​អូស្ត្រាលី​។

សាកលវិទ្យាល័យ​អូស្ត្រាលី​ជាច្រើន​ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​សាកលវិទ្យាល័យ​កំពូល​ទាំង​ 400 ​ដែល​ធ្វើ​ចំណាត់ថ្នាក់​ដោយ Times Higher Education World University Rankings​។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ក៏​មាន​សហគមន៍​ខ្មែរ​ជាច្រើន​ប្រមូលផ្តុំ​នៅ​រដ្ឋ​ Victoria និង​រដ្ឋ New South Wale ។

ប្រទេស​នូវែលសេឡង់

តើ​អ្នក​កំពុង​ស្វែងរក​ការអប់រំ​លំដាប់​ពិភពលោក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ភាពស្រស់ស្អាត និង​បរិយាកាស​ល្អ​មែន​ទេ​? ប្រទេស​នូវែលសេឡង់​អាច​ជា​ជម្រើស​ដ៏ល្អ​សម្រាប់​អ្នក​!

នៅពេល​ជ្រើសរើស​ទៅ​សិក្សា​នៅ​ប្រទេស​នូវែលសេឡង់ អ្នក​អាច​ជឿជាក់​បាន​ថា ស្ថាប័ន​ដែល​អ្នក​កំពុង​ពិចារណា​គឺ​បំពេញ​បាន​តាម​ស្តង់ដារ​អប់រំ​ដែល​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។

​ប្រទេស​នូវែលសេឡង់​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដ៏ស្រស់ស្អាត​បំផុត​នៅលើ​ពិភពលោក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “​ដី​ដែល​គ្របដណ្តប់​ដោយ​ពពក​ពណ៌​ស​ដ៏វែង​”​។ លើសពី​នេះ​ទៅ​ទៀត​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​នូវែលសេឡង់​គឺ​មាន​ស្ដង់ដារ​លំដាប់​ថ្នាក់​អន្តរជាតិ​។

ពី​បុគ្គលិក​បង្រៀន​ជំនាញ​ដល់​បរិក្ខារ​សិក្សា និង​ធនធាន​កម្រិត​ខ្ពស់ ប្រទេស​នូវែលសេឡង់​កំពុង​ក្លាយ​ជា​ប្រទេស​ដែល​ឈាន​មុខ​គេ​ក្នុង​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​។

ចក្រភព​អង់គ្លេស

មិន​ថា​នៅ​កន្លែង​ណា​ក៏ដោយ​ក្នុង​ពិភពលោក​ដែល​អ្នក​ជ្រើសរើស​សម្រាប់​បន្ត​អាជីព​របស់​អ្នក សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​នៅ​ចក្រភព អង់គ្លេស​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​ចាត់ទុក​ជា​ការអប់រំ​ប្រកប​ដោយ​គុណភាព​។

ការលើកទ្បើង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​មាន​ទិន្នន័យ​បង្ហាញ​ជាក់លាក់​ថា​ប្រទេស​អង់គ្លេស​បង្កើត​ឯកសារ​សិក្សា​ស្រាវជ្រាវ​ចំនួន ១៤ ភាគរយ ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ និង​ ៥ ភាគរយ​ជា​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​។ តួលេខ​ទាំង​នេះ​ពិតជា​ធ្វើឲ្យ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ដោយ​ឡែក​ថា ប្រជាជន​អង់គ្លេស​គឺ​មាន​ត្រឹម ១ ​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​តែ​ប៉ុណ្ណោះ​។

សហរដ្ឋអាមេរិក

សិស្ស​និស្សិត​អន្ដរជាតិ​ជាច្រើន​សិក្សា​នៅ​សហរដ្ឋអាមេរិក​ជាង​ប្រទេស​ដទៃទៀត​។ ខណៈ​ពេល​ដែល​ស្ថាប័ន​អប់រំ​កំពូលៗ​ជាច្រើន​នៅលើ​ពិភពលោក​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក សាកលវិទ្យាល័យ និង​មហាវិទ្យាល័យ​ជាង​ ៥០០០ ​ទៀត​ក៏​ផ្តល់​ជូន​នូវ​ការអប់រំ​ដែល​អាច​នាំ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​អាជីព​ការងារ​ផងដែរ​។

សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ជម្រើស​ដ៏ប្រសើរ​ចាប់ពី​មហាវិទ្យាល័យ​ទ្រង់ទ្រាយ​តូច​រហូត​ដល់​សាកលវិទ្យាល័យ​រដ្ឋ​ធំៗ​ដែល​ឈានមុខ​គេ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​។

ប្រទេស​កាណាដា

ប្រទេស​កាណាដា​ជា​កន្លែង​ដ៏ល្អ​បំផុត​សម្រាប់​ការសិក្សា​ដោយសារ​តែ​មាន​ការសិក្សា​ល្អ​ឥតខ្ចោះ​តម្លៃ​សមរម្យ និង​ដំណើរ​ផ្សងព្រេង​។ ប្រទេស​កាណាដា​មាន​សិស្ស​ និង​និស្សិត​អន្ដរជាតិ​ច្រើន​ជាង ២៥០០០០ ​នាក់​ហើយ​ការចាប់​អារម្មណ៍​ពី​សិស្ស​និស្សិត​អន្តរជាតិ​ក៏​មាន​ការកើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

សិស្ស​និស្សិត និង​ឪពុកម្តាយ​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​ ឬ​មក​ទទួល​ប្រឹក្សា​ពី​ផែនការ​អប់រំ​លំដាប់​អន្តរជាតិ​ពី​អ្នក​ប្រឹក្សា​យោបល់​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​ពី​ការសិក្សា និង​អាហារូបករណ៍​នៅ​បរទេស​របស់ IDP Education ដែល​មាន​នៅ​គ្រប់​ទីតាំង​របស់​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្ដុះបណ្ដាល (ACE)​។

IDP Education ជា​ស្ថាប័ន​ផ្ដល់​សេវាកម្ម​អប់រំ និង​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​បរទេស​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​។ IDP Education ផ្ដល់​ព័ត៌មាន​ប្រឹក្សា និង​ការចុះ​ឈ្មោះ​ចូល​រៀន​នៅ​បរទេស​ដោយ​ឥត​គិត​ថ្លៃ​៕