កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​លោក គង់ ឈុន (Kong Chhun) មកពី​ខេត្ត​សៀមរាប​ទើប​បាន​បញ្ចប់​ការសិក្សា និង​ទទួល​សញ្ញាបត្រ​កម្រិត ACCA និង​អ្នកស្រី យិនន៍ សិរីវឌ្ឍនា (Yinn Sirivaddhana) ក៏​ជា​និស្សិត​ទើប​បាន​បញ្ចប់​ការសិក្សា​ដោយ​ទទួល​បាន​សញ្ញាបត្រ CAT នៅ​វិទ្យាស្ថាន​ដ៏ល្បីល្បាញ CamEd Business School ដូច​គ្នា​។

ថ្វីបើ​ពួកគាត់​ទាំង​ ២ ​នាក់​មាន​ការងារ​ធ្វើ​ស្រាប់​ក៏​ពិតមែន ប៉ុន្តែ​គាត់​ទាំង​ ២ ​បាន​មើល​ឃើញ​ពី​លទ្ធភាព​ក្រោយ​ពី​បញ្ចប់​ការសិក្សា ដើម្បី​ជួយ​ឲ្យ​ការងារ​ប្រសើរ​ឡើង និង​មាន​ប្រសិទ្ធភាព​ល្អ​របស់​ពួកគាត់​រៀងៗ​ខ្លួន​។

នៅក្នុង​ដៃ​មាន​កាន់​ក្រដាស​សញ្ញបត្រ​មួយ​ប្រកប​ដោយ​ទឹកមុខ​រីករាយ​លោក គង់ ឈុន ដែល​ជា​បុគ្គលិក​បំពេញ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅឯ​ក្រុង​សៀមរាប​បាន​ថ្លែង​ថា ការខិតខំ​សិក្សា​រហូត​ទទួល​បាន​សញ្ញាបត្រ ACCA របស់​លោក​នៅ​ថ្ងៃ​នេះ​វា​ជា​មោទនភាព វា​ពិតជា​មាន​ប្រយោជន៍​ក្នុង​ការជួយ​សម្រួល​ដល់​កិច្ចការ​របស់​លោក​ដែល​កំពុង​បំពេញ​ជា​រៀងរាល់​ថ្ងៃ​នេះ​ជា​ប្រាកដ​។

លោក​បន្ត​ថា៖ «​សម្រាប់​ខ្ញុំ​ពុំ​មែន​ធ្វើការ​នៅ​ផ្នែក​គណនេយ្យ ឬ​ហិរញ្ញវត្ថុ ឬ​ក៏​សវនករ​មែន ប៉ុន្តែ​នៅពេល​ដែល​មាន​សវនករ​ពី​ស្ថាប័ន​ផ្សេងៗ​គាត់​ចង់​មក​ធ្វើ​សវនកម្ម​នៅ​កន្លែង​របស់​ខ្ញុំ គឺ​យើង​ងាយស្រួល​ក្នុង​ការ​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​ជំនាញ​ទាំងនោះ​បាន​ងាយ​យល់​ល្អ​ប្រសើរ​ជាង យើង​ធ្វើការ​ឆាប់​ចប់ និង​បាន​ត្រឹមត្រូវ​ល្អ​ជាង​»​។

ចំណែក​អ្នកស្រី យីនន៍ សិរីវឌ្ឍនា ដែល​ញញឹម​ពព្រាយ​ជាមួយ​ក្រដាស​សញ្ញាបត្រ​ ១ ​សន្លឹក​នៅក្នុង​ដៃ​ផ្ទាល់​នោះ​បាន​ថ្លែង​ថា៖ «​សម្រាប់​ខ្ញុំ​រៀន​ចប់​ និង​ទទួល​បាន​សញ្ញាបត្រ CAT ហ្នឹង​មាន​ផលប្រយោជន៍​ច្រើន ព្រោះ​ការងារ​របស់​ខ្ញុំ​សព្វ​ថ្ងៃនេះ គឺ​ខាង​សវនកម្ម​ (Audit) ​ហើយ​ខ្ញុំ​ធ្វើការ​ជា​មន្ត្រីរាជការ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​ផ្នែក​ពន្ធដារ​ស្រាប់ ដូច្នេះ​ការរៀន​ចប់​នេះ​គឺ​ត្រូវ​នឹង​ជំនាញ​តែ​ម្តង ហើយ​វា​នឹង​ជួយ​ជា​ប្រយោជន៍​ច្រើន​»​។

ទាក់ទង​ទៅ​នឹង​មេរៀន​នៅ​សាលា និង​បច្ចេកទេស​ការងារ​នោះ​អ្នកស្រី សិរីវឌ្ឍនា បន្ត​ថា៖ «​ការងារ​របស់​ខ្ញុំ​ខាង​សវនកម្ម​ហ្នឹង​គឺ​ត្រូវ​ការ​ជំនាញ​ទាំង​គណនេយ្យ សវនកម្ម និង​ថែម​ជាមួយ​ច្បាប់​ពន្ធដារ​របស់​យើង​ទៀត​។ អ៊ីចឹង​ទ្រឹស្តី​យើង​រៀន​នៅ​សាលា និង​ការអនុវត្ត​ (​នៅ​កន្លែង​ធ្វើការ​ផ្ទាល់​) ហើយ​រួម​ជាមួយ​ច្បាប់​របស់​យើង​ល្អ​ផង ជាពិសេស​ពាណិជ្ជករ ឬ​ក្រុមហ៊ុន​ពួកគាត់​កំពុង​ភ្ញាក់រឭក​ក្នុង​ការ​បង់ពន្ធ និង​ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​មាន​ស្តង់ដារ​ថ្មី​ផង ដូច្នេះ​នៅ​ពេល​យើង​ធ្វើការ និង​ជជែក​ពិភាក្សា​ជាមួយ​ពួកគាត់​ (​ក្រុមហ៊ុន​) ​ឆាប់​យល់​គ្នា​ជាង​»​។

លោក ឈុន បាន​ពន្យល់​ថា៖ «​ការសិក្សា​រៀនសូត្រ​តាម​កម្មវិធី CAT និង ACCA នេះ គឺជា​កម្មវិធី​សិក្សា​ថ្មី​ប្លែក វា​ជា​ការ​អនុវត្ត​ច្រើន​ជាង​ទ្រឹស្តី ដោយសារ​ពួកគេ​ (​សមាគម​គណនេយ្យករ​ជំនាញ ACCA) បាន​ដកស្រង់​យក​ករណី​ផ្ទាល់ៗ​ដែល​គេ​បាន​ជួប​ប្រទះ​មក​ធ្វើ​ជា​មេរៀន​សិក្សា​អនុវត្ត​ផ្ទាល់​តែ​ម្តង​»​។

លោក​បន្ត​ថា ​សមាគម​គណនេយ្យករ​ជំនាញ ACCA មាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស ពួកគេ​ប្រមូលផ្តុំ​ទៅ​ដោយ​គណនេយ្យករ​ជំនាញ​ជើងចាស់​ដែល​មាន​បទពិសោធ​បំពេញ​ការងារ​ជាច្រើន​ឆ្នាំ​នៅ​តាម​ក្រុមហ៊ុន​នានា ឬ​ប្រទេស​ផ្សេងៗ «​ហើយ​នៅ​ពេល​គេ​ជួប​បញ្ហា​អ្វី​ថ្មី​ ១ ពួកគេ​លើក​យក​ទៅ​ដោះស្រាយ​បាន​សម្រេច​ហើយ​ទើប​គេ​ចងក្រង​ជា​មេរៀន និង​ការអនុវត្ត​សម្រាប់​ពួកយើង​ជា​និស្សិត​»​។

ពាក់ព័ន្ធ​នឹង​និន្នាការ​ថ្មី​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដែល​ចំណូល​ពី​វិស័យ​ពន្ធដារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​ខ្ពស់​ជា​លំដាប់​នោះ​អ្នក​ទាំង​ ២ ​បាន​យល់​ស្រប​គ្នា​ថា៖ «​វា​ជា​និន្នាការ​ថ្មី​ ១ រីឯ​ច្បាប់​ពន្ធដារ​របស់​យើង​ក៏​មាន​លក្ខណៈ​ល្អប្រសើរ​ឡើង និង​មន្ត្រី​បម្រើ​សេវាកម្ម​ក៏មាន​តម្លា​ភាពល្អ​ច្រើន​។ ចំណែកឯ​ប្រជាជន ឬ​អាជីវករ​នោះ​ពួកគាត់​ក៏​មាន​ការយល់ដឹង​ច្រើន និង​ចង់​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ល្អ​ផង​ដែរ​»​។

វិទ្យាស្ថាន CamEd Business School គឺជា​វិទ្យាស្ថាន​មួយ​ដែល​មាន​ការបណ្ដុះបណ្ដាល​លើ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម​ដោយ​មាន​ការទទួល​ស្គាល់​ពី​សំណាក់​សមាគម​គណនេយ្យករ​ជំនាញ ACCA ដែល​មាន​ទីតាំង​នៅ​ចក្រភព​អង់គ្លេស និង​មាន​ការ​ទទួលស្គាល់​រហូត​ទៅ​ដល់​ ១៨៣ ប្រទេស​លើ​ពិភពលោក​។

ជាមួយ​គ្នា​នេះ ខេមអេដ ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដែល​មាន​ទាំង​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ និង​បទពិសោធ​ច្បាស់លាស់​លើ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម សម្រាប់​បម្រើការ​នៅ​ក្នុង​ស្ថាប័នរដ្ឋ និង​ស្ថាប័នឯកជន​នានា​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ហើយ​រួមផ្សំ​នឹង​ការត្រួសត្រាយ​ដោយ​សាស្ត្រាចារ្យ ដែល​មាន​ទាំង​បទពិសោធ ចំណេះដឹង និង​ការទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​មកពី​បណ្តា​ប្រទេស​ជាច្រើន​ជា​លទ្ធផល​និស្សិត​នៃ​វិទ្យាស្ថាន​ខេមអេដ ប្រមាណ​ ៩៨ ​ភាគរយ​មាន​ការងារ​ធ្វើ​ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​៕