អូស្ត្រាលី បាន​ចូលរួម​ធ្វើ​ការ​វិនិយោគ​ដើម្បី​បង្កើន​ផលិតផល​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ​អស់​រយៈពេល​ជាង​ ៣០​ ឆ្នាំ​មកហើយ​។

ក្នុង​អំឡុង​ពេល​ ៧ ​ឆ្នាំ​ចុង​ក្រោយ​នេះ ជំនួយ​របស់​ប្រទេស​អូស្ត្រាលី បាន​ជួយ​ធ្វើ​ឲ្យ​ជីវិត​របស់​ប្រជា​កសិករ​តូចតាច​មាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់ ពិសេស​តាម​រយៈ​ការ​ចាប់​ដៃ​គូ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​ដែល​មាន​អត្ថប្រយោជន៍​ដល់​កសិករ និង​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ទំនើបៗ​ទៀត​ផង​។

The Cambodian Agricultural Value Chain Program (CAVAC) បាន​បង្កើត​ភាពជា​ដៃ​គូ​ដើម្បី​ជួយ​ដល់​ប្រជា​កសិករ​ឲ្យ​យល់​ដឹង​អំពី​របៀប​ដែល​អាច​បង្កើន​ទិន្នផល និង​ប្រាក់​ចំណូល​បន្ថែម និង​បើក​ច្រក​កាន់តែ​ធំ​ទូលាយ​ទៅកាន់​ទីផ្សារ​។

ការ​ទាក់ទាញ​អ្នក​ច្នៃប្រឌិត​ឲ្យ​ចូល​រួម​បង្កើត​ជា​គំនិត​សម្រាប់​ជួយ​ដល់​ប្រជា​កសិករ​ខ្មែរ​

កម្មវិធី​ប្រកួត ICT4Ag បាន​ប្រព្រឹត្ត​ទៅតាម​សាលារៀន និង​មហាវិទ្យាល័យ​នានា​ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ការងារ​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​កសិកម្ម​។

ការប្រកួត​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ខាង​មុខ​នេះ នឹង​ផ្តល់​រង្វាន់ ៥ ០០០ ​ដុល្លារ​អាមេរិក ដល់​ក្រុម​ជយលាភី​ចំនួន ​៥ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​បន្តទៀត ជាមួយ​នឹង​ការ​លើ​ជា​គំនិត ឬ​អនុវត្ត​ជា​ផ្លូវការ​តែម្តង​។

អ្នក​ច្នៃប្រឌិត​ទាំង​អស់​ដែល​មាន​ចំណាប់​អារម្មណ៍ អាច​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​ដែលមាន​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​តាម​រយៈ​គេហទំព័រ www.cavackh.org/ict4ag និង​ផ្ញើ​ពាក្យ​របស់​ខ្លួន​ទៅ​អ៊ីមែល​៖ innovation@cavac.org

ចាប់​ដៃគូ​ជាមួយ​រោងចក្រ​ដើម្បី​ណែនាំ​បច្ចេកវិទ្យា​ថ្មីៗ

CAVAC កំពុង​ជំរុញ​ការលើកកម្ពស់​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ក្នុង​ការជួយ​ដល់​ប្រជាកសិករ​ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​ទន្ទឹមនឹង​ការកាត់បន្ថយ​ការប្រើ​កម្លាំង​ពលកម្ម ដែល​នេះ​ជា​បញ្ហា​ត្រូវ​ដោះស្រាយ​ជា​អាទិភាព ខណៈ​នៅ​តំបន់ជន​​បទ​នាពេល​បច្ចុប្បន្ននេះ​កំពុងតែ​បាត់បង់​​កម្លាំង​ពលកម្ម​អ្នកធ្វើ​ស្រែចម្ការ ដោយ​សារ​បញ្ហា​លំហូរ​ចំណាក​ស្រុក​មកកាន់​ទីក្រុង​។

CAVAC បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះថា Agri-Smart ដែល​កំពុងតែ​ផលិត​ឧបករណ៍​ដាំ​គ្រាប់​ស្រូវ​យ៉ាង​ទំនើប ដែលជា​វិធីសាស្ត្រ​មួយ​ចំណាយ​ថវិកា​តិច និង​បានទទួល​អាជ្ញា​ប័ណ្ណ​ពី​សហរដ្ឋអាមេរិក​។ គេ​អាចយ​កវា​ទៅ​ភ្ជាប់​នឹង​ត្រាក់ទ័រ​កង់​២​ដែល​កសិករ​​ភាគច្រើន​មាន​ស្រាប់ ហើយ​អាច​ដាំ​គ្រាប់​ស្រូវ​ស្មើៗ​គ្នា​បាន​ក្នុង​ដី​សើម​ដែល​គ្រប​ដណ្តប់​នៅក្នុង​ប្រទេស​កម្ពុជា។​

​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​នេះ មាន​សារៈប្រយោជន៍​ជាច្រើន​ដូចជា គ្រាប់​ស្រូវ​​ត្រូវ​បាន​ដាំ​ទៅក្នុង​ដី​ជាស្រេច មាន​សុវត្ថិភាព​ពី​សត្វល្អិត និង​កណ្តុរ ហើយ​ដាំ​ជា​ជួរៗ​ស្មើៗ​គ្នា​ បាន​យ៉ាង​ល្អ ដែល​ធ្វើ​ឲ្យ​ការដក​ស្ទូង​កាន់​តែមាន​ភាព​ងាយ​ស្រួល​។

យ៉ាងណាមិញ សារៈប្រយោជន៍​ដែល​ធំជាងគេ​នោះ គឺ​កសិករ​ចំណាយ​គ្រាប់​ពូជស្រូវ​កាន់តែ​តិច​ជាមុន បើ​ប្រៀប​ធៀបទៅនឹង​ការដាំ​ដោយ​ដៃ​។​

តាម​រយៈ​បទពិសោធ​ក្នុង​បណ្តា​ប្រ​ទេស​ដទៃ បាន​បង្ហាញថា ការដាំ​គ្រាប់​ស្រូវ​ដោយ​ឧបករណ៍​នេះ​បាន​កាត់បន្ថយ​គ្រាប់ពូជ​ស្រូវ​ពី​ ២០ ​ទៅ​ ៦០ ​គីឡូក្រាម​ក្នុង​ដី ១​ ហិកតា កាត់​បន្ថយ​ការចំណាយ​របស់​កសិក​រ និង​ធ្វើ​ឲ្យ​ពួកគាត់​កាត់​បន្ថយ​ការទិញ​គ្រាប់ពូជ ហើយ​វា​បង្កើន​គុណភាព​ស្រូវ​សម្រាប់​យកទៅ​កិន និង​លក់​។

ដើម្បី​ជំរុញ​ឲ្យ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​កាន់តែ​ទូលំ​ទូលាយ CAVAC ក៏បាន​និង​កំពុងផ្តល់​ជំនួយ​ដល់ Agri-Smart ដើម្បី​ចុះ​តាម​តំបន់​សម្រាប់​ការ​ណែនាំ​បង្ហាញ និង​ធ្វើ​សកម្មភាព​ទីផ្សារ​មួយ​ចំនួន​ទៀត​។ ដើម្បី​ស្វែងយល់​បន្ថែម ថា​តើ​ឧបករណ៍​ទាំងនេះ​អាចជួយ​បង្កើន​ទិន្នផល ដោយ​ប្រើប្រាស់​គ្រាប់​ពូជ​តិចជាង​មុន​នោះ សូម​មើល​វីដេអូ​តាមរយៈ​ ៖ www.youtube.com/cavackh៕