The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បន្ទាប់ពី​អាជីវកម្ម​បាន​ធ្លាក់ចុះ ក្រុមហ៊ុន Ming Fai Group ជឿជាក់​ថា​នឹងមាន​សម្ទុះ​ងើបឡើង​វិញ




បន្ទាប់ពី​អាជីវកម្ម​បាន​ធ្លាក់ចុះ ក្រុមហ៊ុន Ming Fai Group ជឿជាក់​ថា​នឹងមាន​សម្ទុះ​ងើបឡើង​វិញ

Content image - Phnom Penh Post
ក្រុមហ៊ុន Ming Fai Enterprise (Cambodia) Co Ltd បច្ចុប្បន្ន​មាន​ ១៦ ​រោងចក្រ​។

បន្ទាប់ពី​អាជីវកម្ម​បាន​ធ្លាក់ចុះ ក្រុមហ៊ុន Ming Fai Group ជឿជាក់​ថា​នឹងមាន​សម្ទុះ​ងើបឡើង​វិញ

ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ហុងកុង Ming Fai Group គឺជា​ក្រុមហ៊ុន​អន្តរជាតិ​ដែល​មាន​ឯកទេស​ខាង​ផលិត​សម្ភារ​ប្រើប្រាស់​នៅក្នុង​សណ្ឋាគារ និង​លើ​យន្តហោះ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏សំខាន់​របស់​ខ្លួន​នៅក្នុង​តំបន់ ដោយសារ​តែ​គោលនយោបាយ​ធុរកិច្ច​ដ៏ទាក់ទាញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​គឺ Ming Fai Enterprise (Cambodia) Co Ltd បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨ បច្ចុប្បន្ន​បាន​ដំណើរការ​រោងចក្រ​ចំនួន​ ១៧ និង​មាន​កម្មករ​បម្រើ​ការងារ​ជាង ២ ០០០​ ​នាក់​អំឡុងពេល​ប្រតិបត្តិការ​ដល់​ចំណុច​ខ្ពស់បំផុត ហើយ​គោលដៅ​នាំចេញ​ភាគច្រើន​គឺ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​។

ក្រុមហ៊ុន​ផលិត​នូវ​ផលិតផល​ជាច្រើន​ប្រភេទ ដូចជា សម្ភារ​ប្រើប្រាស់​ក្នុង​សណ្ឋាគារ ស្បែកជើង​ប្រើ​ក្នុង​សណ្ឋាគារ ម៉ាស់​បាំង​ភ្នែក​សម្រាប់​ដេក ស្រោមជើង ថង់​ពាក់​ក្បាល​សម្រាប់​ពេល​ងូតទឹក កាបូប កញ្ចប់​ធ្វើដំណើរ និង​សម្ភារ​ជាច្រើន​មុខ​ទៀត​។ ផលិតផល​ទាំងនេះ​គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​សណ្ឋាគារ និង​នៅក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​។

Content image - Phnom Penh Post
លោក Ching Chi Fai ។

ប៉ុន្តែ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​នេះ​ក៏​បាន​រង​ផលប៉ះពាល់​ដោយសារ​ការផ្ទុះឡើង​ជំងឺ​កូវីដ​១៩​ដែរ ខណៈ​តម្រូវការ​បាន​ធ្លាក់ចុះ ហើយ​ដំណើរការ​ខ្សែចង្វាក់​ផលិតកម្ម​ត្រូវបាន​កាត់បន្ថយ​។ ទោះបីជា​យ៉ាងណា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ming Fai Group លោក Ching Chi Fai មាន​ទំនុកចិត្ត​ថា​អាជីវកម្ម​នឹង​ងើប​ឡើងវិញ ខណៈ​វិស័យ​ផលិតកម្ម​របស់​ប្រទេស​កម្ពុជា​នឹង​ងើប​ឡើងវិញ​បន្ទាប់ពី​ធ្លាក់ចុះ ដោយសារ​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​១៩​។

«​ប្រតិបត្ដិការ​អាជីវកម្ម​របស់​យើង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ជំងឺ​រាតត្បាត​មួយ​នេះ​។ ក្នុងអំឡុង​ពេលនោះ​កម្លាំង​ពលកម្ម​របស់​យើង​ត្រូវបាន​កាត់បន្ថយ​មក​នៅ​ត្រឹម​ ៧០០ ​នាក់​ដោយសារ​តែ​ការបញ្ជាទិញ​ពី​អតិថិជន​របស់​យើង​មាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​។ គិត​ត្រឹម​ខែកញ្ញា​ចំនួន​កម្មករ​សកម្មរ​បស់​យើង​មាន​ប្រមាណ​ ១ ២០០ ​នាក់​»​។

«​តម្រូវការ​ផលិតផល​របស់​យើង​ភាគច្រើន​មាន​ប្រភព​ចេញពី​ឧស្សាហកម្ម​ទេសចរណ៍​ដែល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​មាន​កំណើនថេរ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មុនពេល​មាន​ជំងឺ​រាតត្បាត​នេះ​ផ្ទុះឡើង​។ ខ្ញុំ​ជឿថា ក្នុង​រយៈពេល​ ៥ ​ឆ្នាំ ឧស្សាហកម្ម​ទេសចរណ៍​នៅ​អាស៊ីអាគ្នេយ៍​នឹង​ងើប​ឡើងវិញ​ និង​មាន​កំណើន​ដ៏រឹងមាំ​»​។

លោក​ថ្លែងថា​៖ «​យើង​ក៏​កំពុង​ខិតខំ​ពង្រីក​អាជីវកម្ម​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា និង​អាស៊ីអាគ្នេយ៍​»​។

ក្រុមហ៊ុន Ming Fai មាន​មូលដ្ឋាន​ផលិតកម្ម​ចំនួន​ ៥ ហើយ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​របស់ខ្លួន​ស្ថិត​នៅក្នុង​ទីក្រុង Shenzhen ក្នុង​ប្រទេស​ចិន និង​ទីតាំង​ផ្សេងទៀត​មាន​នៅ​ប្រទេស​កម្ពុជា និង​ឥណ្ឌា​។

លោក Ching បន្ថែមថា ចាប់តាំងពី​ជំងឺ​នេះ​ផ្ទុះឡើង ការបញ្ជាទិញ​ពី​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ខណៈ​តម្រូវការ​ពី​ទីផ្សារ​ចិន​បាន​ចាប់ផ្តើម​កើនឡើង​។ «​ជាមួយ​នឹង​ការបញ្ជាទិញ​កើនឡើង​បន្តិច​ម្តងៗ ដើម្បី​ដល់​កម្រិត មុន​ជំងឺ​រាតត្បាត​នេះ​ផ្ទុះឡើង ចំនួន​កម្មករ​សកម្ម​នឹង​កើនឡើង​ដល់​ចំនួន​ចាស់​គឺ ២ ០០០ ​នាក់​នៅ​ចុង​ឆ្នាំនេះ​។

ទោះបី​ប្រាក់ចំណូល​ថយចុះ ក្រុមហ៊ុន Ming Fai នៅតែ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ពិសេស​ដល់​កម្មករ​ដែល​ត្រូវបាន​បញ្ឈប់​ជា​បណ្តោះអាសន្ន​តាម​ការតម្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា​។

លោក​មានប្រសាសន៍​ថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ដែល​មិន​ធ្លាប់​មាន​ពីមុន​នេះ​បាន​គំរាមកំហែង​ដល់​ទីផ្សារ​សកល និង​អស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​អាច​បង្ក​ផលប៉ះពាល់​រយៈពេល​មធ្យម​ដល់​ប្រតិបត្តិការ​ផលិតកម្ម​របស់​ក្រុមហ៊ុន Ming Fai Group​។

«​ប៉ុន្តែ ខ្ញុំ​ជឿជាក់​ថា ក្រុមហ៊ុន​ជាច្រើន​ក៏​នឹង​ធ្វើការ​កែតម្រូវ​ឲ្យ​ស្របតាម​កាលៈទេសៈ​ផ្ទាល់ខ្លួន ដើម្បី​ទទួល​បាន​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​សម្រាប់​ពេលអនាគត​»៕

អត្ថបទគួរចាប់អារម្មណ៍