ធនាគារ Prince Bank Plc បានបង្ហាញផែនការរបស់ខ្លួនក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមួយនឹងយុទ្ធនាការរបស់ខ្លួនដែលហៅថា «ខ្ញុំ និងប្រាក់របស់ខ្ញុំ» ដែលជាវីដេអូឃ្លីបអប់រំជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយគំនិតនៃ «ការរកប្រាក់ ការសន្សំ ការចំណាយ និងការផ្ដល់កម្ចី» ក្នុងចំណោមប្រជាជនកម្ពុជា។
លោក Honn Sorachna នាយកប្រតិបត្តិរបស់ធនាគារ Prince Bank បានឲ្យដឹងថា ឧស្សាហកម្មហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាបានមើលឃើញការអភិវឌ្ឍគួរឲ្យកត់សម្គាល់ដោយសារតែលំហូរចូលធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងកាន់តែច្រើនដែលធ្វើឲ្យសេវាហិរញ្ញវត្ថុ និងផលិតផលកាន់តែច្រើនអាចរកបានសម្រាប់ប្រជាជនកម្ពុជា។
ដោយសារតែការអភិវឌ្ឍនេះលោក Sorachna បានឲ្យដឹងថា ការយល់ដឹងពីឧបករណ៍ហិរញ្ញវត្ថុជាមូលដ្ឋានមានសារៈសំខាន់ណាស់ដើម្បីប្រជាជនកម្ពុជា ក្នុងការទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីវិស័យនេះ និងចៀសផុតពីហានិភ័យនៃការជាប់បំណុលវ័ណ្ឌក ឬការក្លាយជាជនរងគ្រោះ ដោយសារការឆបោក និងការកេងប្រវ័ញ្ញ។
លោកថ្លែងថា៖ «ប្រសិនបើប្រជាជនកម្ពុជាមិនដឹងពីរបៀបប្រើប្រាស់ផលិតផលហិរញ្ញវត្ថុបានត្រឹមត្រូវ ពួកគេមិនអាចប្រើប្រាស់វាក្នុងទិសដៅត្រឹមត្រូវបានទេ។ វានឹងមានប្រសិទ្ធភាពកាន់តែតិច ធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់គ្រួសារដែលទីបំផុតអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស»។
លោកបន្តថា៖ «វាគឺជាកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាទាំងអស់ ដើម្បីធ្វើឲ្យពួកគេយល់ដឹងពីចំណេះដឹងមូលដ្ឋានអំពីហិរញ្ញវត្ថុ»។
លោក Sorachna ឲ្យដឹងថា វីដេអូឃ្លីបជាបន្តបន្ទាប់នឹងត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ធនាគារ និងទំព័រហ្វេសប៊ុក ដើម្បីឲ្យប្រជាជនកម្ពុជារៀនសូត្រអំពីមូលដ្ឋានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ យុទ្ធនាការដើម្បីលើកកម្ពស់ការយល់ដឹងនេះនឹងត្រូវបានបង្កើតឡើង ដើម្បីផ្សព្វផ្សាយការយល់ដឹងដល់ប្រជាជនកម្ពុជាកាន់តែច្រើន។
គំនិតផ្ដួចផ្ដើមរបស់ធនាគារ Prince Bank ស្របជាមួយនឹងផែនការរបស់ធនាគារកណ្ដាលរបស់ប្រទេសកម្ពុជាសំដៅបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ នៅពេលនេះធនាគារ Prince Bank ក្លាយជាធនាគារដៃគូយុទ្ធសាស្ដ្រមួយរបស់ធនាគារជាតិនៃកម្ពុជាជាការងារដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
ប្រជាជនកម្ពុជាមានចំណេះដឹងទាបតាមការអង្កេតរបស់ Global FinLit កាលពីឆ្នាំ ២០១៥ ដែលជាការវាស់ស្ទង់ចំណេះដឹងផ្នែកហិរញ្ញវត្ថុពិភពលោកដ៏ទូលំទូលាយដោយក្រុមហ៊ុន Standard & Poor’s ដោយមាន ១៨ ភាគរយប៉ុណ្ណោះក្នុងចំណោមអ្នកដែលបានអង្កេតអាចឆ្លើយសំណួរបាន ៣ ឬ ៤ អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមូលដ្ឋាន។ ៤០ ភាគរយក្នុងចំណោមអ្នកឆ្លើយសំណួរនៅក្នុងប្រទេសកម្ពុជាអាចឆ្លើយសំណួរដែលជាប់ទាក់ទងនឹងការគណនាអត្រាការប្រាក់ងាយស្រួល និងរួមបញ្ចូលគ្នាដែលមានសារៈសំខាន់ក្នុងការយល់ដឹងពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងកម្ចី ខណៈដែល ២១ ភាគរយអាចឆ្លើយសំណួរមួយអំពីការវិនិយោគផ្សេងៗគ្នា។
វិទ្យាស្ថានធនាគារអភិវឌ្ឍន៍អាស៊ី (ADBI) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីពាក់កណ្ដាលឆ្នាំ ២០១៧ ថាចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបន្តសម្រេចបានចំណាត់ថ្នាក់ទាប ទោះបីជាកម្រិតនៃការយល់ដឹងអំពីផលិតផលហិរញ្ញវត្ថុដែលអាចរកបានមានចំនួនច្រើនក៏ដោយ។
ADBI បានធ្វើការអង្កេតនៅក្នុងប្រទេសកម្ពុជា និងវៀតណាមដើម្បីវាស់វែងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅតាមផ្នែកផ្សេងៗរបស់ប្រជាជន ដោយបែងចែកលទ្ធផលតាមក្រុម កម្រិតប្រាក់ចំណូល និងការអប់រំ។ ប្រទេសកម្ពុជា បានទទួលពិន្ទុសរុប ១១,៥ ក្នុងចំណោមលទ្ធភាពដែលអាចទទួលបាន ២១ ខណៈ ដែលវៀតណាមបានពិន្ទុ ១២។ នេះបើយោងតាមរបាយការណ៍។
ប៉ុន្តែលោក Sorachna បានឲ្យដឹងថាការយល់ដឹងអំពីវិស័យហិរញ្ញវត្ថុបានរីកចម្រើនយ៉ាងខ្លាំងក្នុងចំណោមប្រជាជនកម្ពុជា ជាពិសេសក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ដោយសារតែការវិនិយោគនៅក្នុងឧស្សាហកម្មនេះពីធនាគារពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងជាច្រើន។
ធនាគារកណ្ដាលក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះបានចាប់ផ្ដើមយុទ្ធនាការជាបន្តបន្ទាប់មានបំណងអប់រំក្មេងៗអំពីមូលដ្ឋាននៃគំនិតសន្សំប្រាក់អត្រាការប្រាក់ និងការគ្រប់គ្រងការចំណាយប្រចាំថ្ងៃដូចជាការចែកចាយសៀវភៅរឿងកំប្លែងមានចំណងជើងថា តោះនិយាយពីលុយ បង្កើតកម្មវិធីសិក្សាដើម្បីបង្រៀនសិស្សអំពីការគ្រប់គ្រងហិរញ្ញវត្ថុ និងបង្កើតកម្មវិធី «ការអប់រំរបស់ធនាគារជាតិនៃកម្ពុជា (NBC-Edu)» ដែលអាចរកបាននៅក្នុងកម្មវិធី app stores នេះអាចឲ្យអ្នកប្រើប្រាស់សិក្សាឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋាននៅលើទូរស័ព្ទ iPhone និងឧបករណ៍ដំណើរការដោយប្រព័ន្ធ Android ។
ក្រៅពីវិធីសាស្ដ្រដែលមានស្រាប់នេះ ភាគីពាក់ព័ន្ធទាំងអស់ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុគួរតែបង្កើតព្រឹត្តិការណ៍ និងយុទ្ធនាការបន្ថែមទៀតដើម្បីបង្កើនការយល់ដឹង ដោយសារតែមានជំនឿថាប្រជាជនទទួលព័ត៌មានកាន់តែច្រើន ពួកគេចេះ និងយល់ដឹងកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «នៅពេលប្រជាជនបានឮព័ត៌មានកាន់តែច្រើនពេលពួកគេទៅទីកន្លែងណាមួយពួកគេចងចាំ ហើយវានៅតែដក់ជាប់នៅក្នុងចិត្តរបស់ពួកគេ ដូច្នេះចំណេះដឹងនឹងកើនឡើង»៕