នៅ​ឆ្នាំ​ ២០១១ អ្នកស្រី កេង សុគន្ធ បាន​ផ្លាស់​មក​ធ្វើការ​នៅ​សាលានា ភូមិ​ស្រះ​កំប៉ោក​ដោយ​នៅ​សាលា​ថ្មី​នេះ គាត់​ទទួល​តំណែង​ជា​នាយក​សាលា​។ នៅពេល​ចូល​ធ្វើការ​ដំបូង គ្រូៗ​ទាំង​ប្រាំ​នាក់​នៅ​សាលា​បាន​ប្រាប់​គាត់​ឲ្យ​ប្រយ័ត្ន​ពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ពី​គ្រាប់មីន​នៅ​ដី​ខាងក្រោយ​សាលា​។

ពួកគាត់​ដឹង​ថា នៅ​ខាងក្រោយ​សាលា វា​ប្រហែល​ជា​មាន​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ដែល​សល់​តាំងពី​សម័យ​សង្គ្រាម ប៉ុន្តែ​ពួកគាត់​មិន​បាន​ដឹង​ឡើយ​អំពី​ទំហំ​នៃ​គ្រោះថ្នាក់ ហើយ​ជា​ការបង្ការ គ្រូៗ​បាន​ហាមឃាត់​សិស្ស​ក្នុង​សាលា​ទាំងអស់ ជាពិសេស​ក្មេងៗ​តូច​មិន​ឲ្យ​ទៅលេង​នៅ​បរិវេណ​នោះទេ​។

អ្នកគ្រូ​ សុគន្ធ ​បាន​និយាយ​ថា​៖ «​ទោះបី​ជា​ពួកយើង​បាន​ពន្យល់​ទៅ​កាន់​ក្មេងៗ​ក៏ដោយ​ក៏​ពេល​ខ្លះ វា​នៅតែ​ពិបាក ជាពិសេស​គឺ​ក្មេង​តូចៗ​ដែល​មិនសូវ​យល់ដឹង​ពី​គ្រោះថ្នាក់ ហើយ​តែងតែ​ភ្លេច​ថា ពួកគេ​មិន​អាច​លេង​នៅ​ទីនោះ​បាន​»​។

ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​ក្នុង​ឆ្នាំ​ដដែល​នោះ មាន​សិស្ស​ម្នាក់​បាន​ចូលទៅ​លេង​ក្នុង​តំបន់​ហាមឃាត់​។ ក្មេង​នោះ​ក៏បាន​ឃើញ​វត្ថុ​ដែល​មាន​រាង​ដូចជា​គ្រាប់មីន ឫ​គ្រាប់​មិន​ទាន់​ផ្ទុះ តែ​ជា​សំណាង​ល្អ ក្មេង​នោះ​បាន​ជូនដំណឹង​ទៅ​គ្រូៗ ហើយ​ពួកគាត់​ក៏បាន​ទាក់ទង​អង្គការ ហេឡូត្រាស្ត​ដើម្បី​មក​បោសសម្អាត​មីន​។

ហេឡូត្រាស្ត​ ជា​អង្គការ​បោសសម្អាត​មីន​ដែលមាន​វ័យ​ចំណាស់​ជាងគេ និង​ធំជាងគេ​ក្នុង​ពិភពលោក ហើយ​ក្នុង​រយៈពេល​ ២៧ ​ឆ្នាំ​នៃ​វត្តមាន​របស់​អង្គការ​នេះ​នៅ​កម្ពុជា ហេឡូត្រាស្ត ​បាន​បោសសម្អាត​មីន គ្រាប់​មិនទាន់​ផ្ទុះ និង​សំណល់​ពី​សង្គ្រាម​នៅ​តាម​ភូមិ ឃុំ និង​ទីកន្លែង​ដែល​សហគមន៍​រង​ការប៉ះពាល់​ដោយ​មីន​។

នៅពេល​ដែល ហេឡូត្រាស្ត ទទួល​សំណូមពរ​ពី​អ្នកគ្រូ សុគន្ធ ក្រុម​វាស់​ស្ទង់​ទីតាំង​មីន​របស់​ហេឡូត្រាស្ត បាន​ចុះមក​កាន់​សាលារៀន និង​ចាប់ផ្តើម​វាស់​ស្ទង់ សិក្សា​ទីតាំង​មុន​នឹង​បោសសម្អាត​។ ក្រោយពី​វាស់​ហើយ​ក្រុម​ការងារ​បោសសម្អាត​មីន​ដែល​ទទួល​ជំនួយ​ពី​ប្រទេស​អាល្លឺម៉ង់​បាន​ចូលមក​សម្អាត ហើយ​ពួកគេ​បាន​រកឃើញ​គ្រាប់មីន​ចំនួន ៧ ​គ្រាប់​នៅ​ដី​ក្រោយ​សាលា​។

សុគន្ធ បាន​និយាយថា​៖ «​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល ដែល​ពួកគាត់​បាន​រកឃើញ​មីន​ដល់​ទៅ​ ៧ ​គ្រាប់​នៅ​ដី​ក្រោយ​សាលា​។ វា​ពិត​ជា​មាន​គ្រោះថ្នាក់​ណាស់​ដល់​ពួកយើង និង​ក្មេងៗ​។​»

ក្រុម​បោសសម្អាត​មីន​របស់​ហេឡូត្រាស្ត បាន​ដោះមីន និង អនុញ្ញាត​ឲ្យ​សាលា និង​សហគមន៍​យក​ដី​ទៅ​ប្រើប្រាស់​ឡើងវិញ​បាន​។ នាពេល​ឥឡូវ​នេះ​ក្មេងៗ​មិន​ត្រឹម​តែ​អាច​លេង​យ៉ាង​មាន​សុវត្ថិភាព​នៅលើ​ដី​នេះ​ទេ អ្នកគ្រូ សុគន្ធ ក៏​កំពុង​ប្រើប្រាស់​ដី​នេះ ដាំ​បន្លែ ដើម្បី​ជួយ​ជីវភាព​គ្រូបង្រៀន​ផ្សេងទៀត​ផង​ដែរ​។

ចាប់តាំងពី​ឆ្នាំ​ ២០១៥ តាមរយៈ​ជំនួយ​រដ្ឋាភិបាល​អាល្លឺម៉ង់ អង្គការ ហេឡូត្រាស្ត​បាន​បោសសម្អាត​មីន និង​បាន​ផ្លាស់ប្តូរ ជីវភាព និង​ការរស់នៅ​របស់​ប្រជាជន​ជាង​ ១ ​សែន​នាក់​ក្នុង​ប្រទេស​កម្ពុជា​។ ភាព​ជា​ដៃគូ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ដូចជា​អ្នកគ្រូ​ សុគន្ធ និង​ក្មេងៗ​ដទៃទៀត​អាច​រៀនសូត្រ​ដោយ​គ្មាន​ការភ័យខ្លាច និង​អាច​ប្រើប្រាស់​ដី​សម្រាប់​ដាំ​ដុះ​ដោយ​សុវត្ថិភាព​។

ប្រទេស​អាល្លឺម៉ង់​នឹង​នៅតែ​បន្ត​សហការ​ជាមួយ ហេឡូត្រាស្ត​ដើម្បី​សម្រេច​ឲ្យ​បាន​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥ ហើយ​ដែល​ឪពុកម្តាយ​ទាំងអស់​លែង​ភ័យខ្លាច​ពី​គ្រោះថ្នាក់​ពី​គ្រាប់មីន​ដល់​កូនៗ​របស់​ពួកគាត់​។ យោងតាម​អាជ្ញាធរ​មីន​កម្ពុជា​បាន​ឲ្យ​ដឹងថា នៅ​មាន​ផ្ទៃដី​ប្រមាណ​ ២ ​ពាន់​គីឡូ​ម៉ែត​ការ៉េ​ទៀត​ដែល​នៅ​មាន​គ្រាប់មីន គ្រាប់​មិន​ទាន់​ផ្ទុះ និង​សំណល់​ពី​សង្គ្រាម​ដទៃទៀត ដែល​ចាំបាច់​ត្រូវ​បោសសម្អាត​ហើយ​ទំហំ​នេះ​គឺ​ធំ​ជាង​ផ្ទៃក្រឡា​រាជធានី​ភ្នំពេញ​ដល់​ទៅ​ជិត​​ ៥ ​ដង​៕

អត្ថបទ​ដោយ​៖ ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា និង អង្គការ ហេឡូត្រាស្ត