ការរីកចម្រើន​ និង​កំណើន​ប្រជាជន​ជំនាន់​ថ្មី​របស់​ប្រទេស​ កម្ពុជា​ គឺជា​កាតាលីករ​ដ៏សំខាន់​សម្រាប់​ជំរុញ​ដល់​ឧស្សាហកម្ម​ធានារ៉ាប់រង​។ ជាមួយ​នឹង​ការយល់ដឹង​កាន់តែ​ច្រើន​អំពី​សារៈសំខាន់​នៃ​ធានារ៉ាប់រង បច្ចុប្បន្ន​អតិថិជន​ជំនាន់​ថ្មី​កំពុង​វិនិយោគ​កាន់តែ​ច្រើន​ទៅក្នុង​ផែនការ​ការពារ​អាយុជីវិត​។

ឧស្សាហកម្ម​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា ទើប​តែ​មាន​អាយុកាល​ប្រហែល​ ៧ ​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​ទីផ្សារ​នេះ​កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​ ខណៈ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ចាប់ផ្តើម​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ជាពិសេស​នៅក្នុង​ចំណោម​ប្រជាជន​ដែល​មាន​កម្រិត​ជីវភាព​មធ្យម​។ ប្រជាជន​កម្ពុជា​ប្រមាណ​ ៦៥ ​ភាគរយ​មាន​អាយុ​ក្រោម​ ៣៥ ​ឆ្នាំ​។

ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​សម្រាប់​អាជីវកម្ម​ធានារ៉ាប់រង​អាយុជីវិត​។ ​កាលពី​ឆ្នាំមុន​ការចេញ​បណ្ណ​សន្យា​រ៉ាប់រង​មាន​ការកើនឡើង​រហូត​ដល់​ ៩២ ​ភាគរយ​ធៀប​ទៅនឹង​ឆ្នាំមុន​មួយ​ទៀត ហើយ​កំណើន​ឧស្សាហកម្ម​ធានារ៉ាប់រង​មាន​ការកើនឡើង​ ៦០ ​ភាគរយ​។

លោក Tan Jiak Hiang អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ សុវណា្ណភូមិឡាយហ្វ៍​ បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​បណ្ណ​សន្យា​រ៉ាប់រង​ដែល​ត្រូវ​បាន​ចេញ​ជូន​បាន​កើនឡើង​ចំនួន​ ៩២ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៨ ធៀប​នឹង​ឆ្នាំ​ ២០១៧ ​មាន​ន័យ​ថា មនុស្ស​កាន់តែ​ច្រើន​មាន​ការជឿជាក់​ និង​ទទួល​យក​ការធានារ៉ាប់រង​ជា​សំណាញ់​គ្រប់គ្រង​ហានិភ័យ​»​។

មនុស្ស​ជាច្រើន​កំពុង​គិតគូរ​លើ​ការវិនិយោគ​សម្រាប់​អនាគត​តាមរយៈ​ការសន្សំ ឬ​សម្រាប់​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​ដែល​មាន​តម្លៃ​ថ្លៃ​។ ​ប៉ុន្តែ​ដោយ​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ធានារ៉ាប់រង​អាយុជីវិត​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​នានា​ពួកគាត់​បាន​ផ្លាស់ប្តូរ​ការយល់ឃើញ​របស់​ខ្លួន​ចំពោះ​វិស័យ​ធានារ៉ាប់រង​។

«​បណ្ណ​សន្យា​រ៉ាប់រង​ទាយជ្ជទាន​ (endowment policy) ​គឺមាន​ភាព​ពេញនិយម​។ នៅ​កាលបរិច្ឆេទ​ដល់​កំណត់​នៃ​បណ្ណ​សន្យា​រ៉ាប់រង​អតិថិជន​នឹង​ទទួល​បាន​ទឹកប្រាក់​ត្រឡប់​មក​វិញ​។ អ្នក​ដែល​មាន​អាយុ​ ៣០ ​ឆ្នាំ​ឡើង​ពួកគេ​ចូលចិត្ត​ទិញ​បណ្ណ​សន្យា​រ៉ាប់រង​ប្រភេទ​នេះ​ពីព្រោះ​ពួកគេ​មានការងារ​ និង​ប្រាក់ចំណូល​ថេរ​ហើយ​នៅពេល​អ្នក​មាន​ប្រាក់ចំណូល​ថេរ នោះ​អ្នក​អាច​នឹង​នៅសល់​ចំណូល​ខ្លះ ហើយ​អ្នក​អាច​ចាប់ផ្តើម​សម្លឹងមើល​ផែនការ​ហិរញ្ញវត្ថុ​ហើយ​មនុស្ស​ជាច្រើន​យល់​ឃើញ​ថា ការទិញ​ធានារ៉ាប់រង​គឺជា​របៀប​សន្សំ​មួយបែប​»​។

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណា្ណភូមិ ឡាយហ្វ៍​ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​គឺជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​កាណាឌីយ៉ា​អ៊ិនវេសមេន​ហូលឌីង ភីអិលស៊ី​ (Canadia Investment Holding PLC) ​ដែល​ជា​ក្រុមហ៊ុនមេ​របស់​ធនាគារ កាណាឌីយ៉ា និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត មឿង ថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) មកពី​ប្រទេស​ថៃ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ចំណែក​ទីផ្សារ​ចំនួន​ ១៦ ​ភាគរយ​នៅក្នុង​ផ្នែក​ធានារ៉ាប់រង​អាយុជីវិត​ធៀប​ទៅនឹង ១០ ​ភាគរយ​ក្នុង​ឆ្នាំ ​២០១៨ ។

ក្នុង​រយៈពេល ២ ​ឆ្នាំ​ជាប់ៗ​គ្នា ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណា្ណភូមិ ឡាយហ្វ៍ ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដែល​រីកចម្រើន​លឿន​ជាងគេ​នៅ​កម្ពុជា​។ ​សម្រាប់​ទីផ្សារ​ក្នុងស្រុក ក្រុមហ៊ុន​មាន​ផលិតផល​សន្សំ​សម្រាប់​ការសិក្សា ការធានារ៉ាប់រង​លើ​ឥណទាន​កញ្ចប់​ធានារ៉ាប់រង​សុខភាព និង​បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត​លក្ខណៈ​ជា​ក្រុម​។

អត្រាកំណើន​របស់​យើង​គឺ​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ កំណើន​ដ៏រឹងមាំ​នេះ​គឺ​ដោយសារ​ក្រុមហ៊ុន​ត្រូវបាន​គេ​ទទួល​ស្គាល់​កាន់តែ​ច្រើន​ឡើងៗ​ហើយ​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​ស្គាល់​អំពី​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត SMILE(the SMILE products)»​។

លោក​ Tan ​បាន​បន្ថែមថា​៖ « យើង​ក៏មាន​បណ្តាញ​លក់​ធានារ៉ាប់រង​ដ៏រឹងមាំ​តាមរយៈ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​ជាច្រើន​។ យើង​មាន​ទីផ្សារ​រួចហើយ​ដែល​នេះ​ជា​អំណោយផល​ល្អ​មួយ​សម្រាប់​យើង​។

លោក​បន្ថែមថា​៖ «​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណា្ណភូមិ ឡាយហ្វ៍ មាន​ចំណែក​ទីផ្សារ​ខុសៗ​គ្នា​អាស្រ័យ​លើ​កម្រិត​នៃ​តម្រូវការ និង​លទ្ធភាព​របស់​អតិថិជន​របស់​យើង​»​។

ចំពោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​តួយ៉ាង​ដូចជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណា្ណភូមិ ឡាយហ្វ៍ មិន​ត្រឹមតែ​ផ្តល់នូវ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ដែល​ចាំបាច់​សម្រាប់​បុគ្គល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកយើង​ក៏​បាន​ចូលរួម​ចំណែក​ដល់​ស្ថិរភាព​សង្គម​ដ៏សំខាន់​នៅក្នុង​ប្រទេស​ផងដែរ​។

«​សម្រាប់​បុគ្គល​ជាទូទៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ដើរតួនាទី​យ៉ាង​សំខាន់​។ នៅពេល​បុគ្គល​ម្នាក់​ទិញ​បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត​នោះ​ពួកគេ​មិនមាន​ការព្រួយបារម្ភ​ពី​ការសង​បំណុល​ទៅ​ស្ថាប័ន​ផ្តល់​កម្ចី​ហើយ​ក៏​អាច​ផ្តល់នូវ​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​របស់​ពួកគេ​នាពេល​អនាគត​ផងដែរ​។ ដូច្នេះ​ក្រុមហ៊ុន​ធានារ៉ាប់រង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ពង្រឹង​ស្ថិរភាព​សង្គម​។

ការធានារ៉ាប់រង​លើ​ឥណទាន​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណា្ណភូមិ ឡាយហ្វ៍​គឺជា​ឧទាហរណ៍ ជាក់ស្តែង​មួយ​ដែល​ក្រុមហ៊ុន​នឹង​ជួយ​សងបំណុល​ដែល​មិន​ទាន់​សង​រួច​ប្រសិន​បើ​អ្នក​ខ្ចីប្រាក់​ទទួល​មរណភាព ​ឬ​ពិការភាព​ទាំងស្រុង និង​ជា​អចិន្ត្រៃយ៍​៕