នាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានប្រជាជនកម្ពុជាច្រើនឡើងៗដែលមានជំងឺផ្នែករាងកាយ ជាពិសេសអ្នកជំងឺពាក់ព័ន្ធសាច់ដុំ កប់សរសៃ ឬក៏ស្ពឹកស្រពន់នោះបានចាប់ផ្តើមងាកទៅស្វែងរកការព្យាបាលតាមរបៀបកាយសម្ព័ន្ធដោយការធ្វើចលនា ការចាប់សម្រួលសរសៃ ប្រព័ន្ធសាច់ដុំ ឬជាទូទៅគេស្គាល់ថា «ម៉ាស្សា»។
លោក ជា លៀប មានអាជីពជាអ្នកជំនាញម៉ាស្សា និងចាប់សរសៃប្រចាំហាងម៉ាស្សាដៃទេព ៤-២ នៅខេត្តសៀមរាបដែលបានបង្កើតឡើងតាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មកម្ល៉េះបានពន្យល់ថា កាលពីដំបូងឡើយគ្រប់ហាងម៉ាស្សា និងចាប់សរសៃមានអតិថិជនជាជនបរទេសភាគច្រើនមែន ប៉ុន្តែ «ប្រហែល ៤-៥ ឆ្នាំចុងក្រោយនេះយើងសង្កេតឃើញមានអតិថិជនជាជនជាតិខ្មែរច្រើនជាងវិញ» នេះទំនងជាដោយសារ «ប្រជាជនក្នុងស្រុកទាំងនោះចាប់ផ្តើមមានការយល់ដឹងអំពីសារៈប្រយោជន៍នៃការម៉ាស្សា និងចាប់សរសៃ អាចជួយសុខភាពរបស់ពួកគេបានប្រសើរឡើង»។
តាមការកត់សម្គាល់របស់អ្នកជំនាញចាប់សរសៃរជាង ១០ ឆ្នាំរូបនេះបានសង្កេតឃើញថាអតិថិជនបរទេសដែលចូលចិត្តស្វែងរកសេវាម៉ាស្សាចាប់សរសៃ និងមានអ្នកខ្លះពួកគេម៉ាស្សា ២ ដងក្នុងមួយខែជាទៀងទាត់គឺ «ប្រយោជន៍ដើម្បីសុខភាពរាង្គកាយរបស់ពួកគេ ហើយជាធម្មតាពួកគេមានសុខភាពល្អ» រីឯចំណែកភ្ញៀវជាជនកម្ពុជាភាគច្រើនទាល់តែពួកគាត់ឈឺរ៉ាំរ៉ៃខ្លាំងនៅផ្នែកណាមួយមានន័យថា «គាត់មានការឈឺចាប់ខ្លាំងផ្នែកណាមួយនៃរាងកាយ ដូចជាអ្នកខ្លះឈឺចង្កេះ ជើង ដៃ ខ្នង ក ឬត្រង់បោះដៃផុត និងស្មាជាដើមទើបបានគេមករកអ្នកជំនាញម៉ាស្សាឲ្យជួយចាប់សរសៃឲ្យគេ» នេះបើតាមប្រសាសន៍របស់លោក លៀប។
ផ្ទុយទៅវិញដោយខ្លួនជាជនពិការភ្នែកផងនោះក៏ «មានភ្ញៀវខ្លះគេមានអារម្មណ៍ស្ទាក់ស្ទើរអំពីជំនាញរបស់ពួកយើងដែរ ប៉ុន្តែដល់ពេលគេដឹងពីទឹកដៃនៃជំនាញរបស់ពួកខ្ញុំជាជនពិការទាំងនេះអាចជួយសម្រួលបញ្ហាសុខភាពរបស់ពួកគេបានប្រសើរ ទើបគេនាំគ្នាជឿហើយប្រើប្រាស់សេវារបស់ពួកយើង» នេះបើតាមសម្តីរបស់លោក លៀប។ «តាមពិតទៅពួកខ្ញុំចេះចាប់សរសៃ ឬម៉ាស្សាបែបនេះចេះតាមរយៈការបង្ហាត់បង្រៀនពីគ្រូបរទេស និងខ្មែរយ៉ាងត្រឹមត្រូវដោយអាចយល់ដឹងពីប្រព័ន្ធរាងកាយរបស់ខ្លួនមនុស្ស។ រៀននោះគឺតាំងពីសម័យក្រុមរបស់បង ប៊ុនម៉ៅ គាត់បើកវគ្គបង្រៀនពីឆ្នាំ ២០០០ មកម្ល៉េះ»។
លោកបន្តថាអ្វីដែលជាការគួរកត់សម្គាល់ម្យ៉ាងទៀតនោះចំពោះអតិថិជនក្នុងស្រុកមួយចំនួនធំគឺមាន «អ្នកខ្លះឈឺដោយសារធ្វើការងារលើសកម្លាំង គឺលើកសែងអ្វីធ្ងន់ៗ និងអ្នកខ្លះទៀតឈឺដោយសារការវិវឌ្ឍនៃរាងកាយទៅតាមវ័យរបស់មនុស្សយើងម្នាក់ៗ បញ្ហាវ័យនេះអ្នកណាក៏កើតមានដែរ តែគ្រាន់តែអ្នកខ្លះឈឺតិចអ្នកខ្លះឈឺខ្លាំង»។
នៅក្នុងចំណោមអតិថិជនទាំងអស់មានវ័យចាប់ពីជាង ៣០ ដល់ជាង ៦០ ឆ្នាំរបស់ហាងម៉ាស្សាដៃទេព ៤-២ ។
លោក លៀប បានបញ្ជាក់ថាជារួម «តាមបទពិសោធរបស់ខ្ញុំទេ គឺយើងអាចចែកភ្ញៀវជា ២ ប្រភេទធំៗ គឺក្រុមអ្នកមានអាយុក្រោម ៤០ ឆ្នាំនោះបើពួកគេមានបញ្ហាឈឺចាប់សាច់ដុំ ឬកប់សរសៃត្រង់កន្លែងណាមួយនៃខ្លួនរបស់គេនោះយើងត្រូវការចាប់សរសៃ (ធ្វើម៉ាស្សា) ឲ្យពួកគាត់តែ ២ ឬ ៣ ដង ពួកគាត់បានធូរស្រាលស្រួលខ្លួនឡើងវិញហើយ» ប៉ុន្តែបើអ្នកមានអាយុ «លើសពី ៤០ ឡើងទៅនោះគ្រាន់តែឈឺចាប់ផ្នែកដៃត្រង់ណាមួយក៏ពួកគាត់ត្រូវការចំណាយពេលច្រើនដងសម្រាប់ការម៉ាស្សាដែរ ដើម្បីឲ្យប្រព័ន្ធសាច់ដុំ ឬឈាមមានដំណើរការល្អ» ឡើងវិញ។
«និយាយឲ្យខ្លីទៅការចាប់សរសៃម៉ាស្សាគឺជាការព្យាបាលជំងឺតាមបែបចលនា ធម្មជាតិនៅលើខ្លួនប្រាណរបស់យើង» នេះបើតាមប្រសាសន៍របស់លោកលៀប។
តាំងពីសម័យបុរាណមកម្ល៉េះដែលវិធីព្យាបាលដោយចាប់សរសៃ ឬម៉ាស្សានេះបានចាក់ប្ញសគល់នៅក្នុងសង្គមខ្មែរជាយូររាប់រយឆ្នាំមកហើយ ប៉ុន្តែភាគច្រើននៃអ្នកចេះវិជ្ជាផ្នែកចាប់សរសៃ ឬម៉ាស្សានេះច្រើនតែចេះតៗគ្នា ហើយធ្វើការបន្តចំណេះដឹងតាមរយៈពីឪពុកម្តាយទៅកូនៗ ឬពីជីដូនជីតាទៅចៅៗតែប៉ុណ្ណោះ។ រីឯប្រជាជននៅក្នុងសហគមន៍ទៀតសោតនោះក៏ពុំសូវយកចិត្តទុកដាក់ ឬជាឲ្យតម្លៃ ឬក៏បង់ថ្លៃឈ្នួលសេវាកម្មទៅឲ្យអ្នកមានជំនាញចេះចាប់សរសៃ (ឬហៅថា គ្រូចាប់សរសៃរ) ទាំងនោះដែរទេ គឺគេគ្រាន់តែជូនជាសគុណ ឬទ្រនឹបគ្រូ ជារង្វាន់បន្តិចបន្តួចតាមសទ្ធាររបស់អ្នកជំងឺឲ្យទៅគ្រូបុរាណទាំងនោះប៉ុណ្ណោះ។ ប្រការគួរឲ្យសោកស្តាយគឺចំណេះដឹងទាំងនេះក៏ពុំមានការកត់ត្រាទុក ឬចងក្រងជាមេរៀនសម្រាប់កូនខ្មែរជំនាន់ក្រោយដែរ។
លោក សុខ លាង អ្នកគ្រប់គ្រងសេវាកម្មម៉ាស្សាដៃទេព ២ មានទីស្នាក់ការនៅតាមផ្លូវលេខ ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កណ្តាលរាជធានីភ្នំពេញ និងជាហាងដែលមានក្រុមអ្នកជំនាញផ្នែកម៉ាស្សាជាង ១០ នាក់នោះបានឲ្យដឹងថា៖ «សេវាម៉ាស្សានៅហាងរបស់លោកក៏ចាប់ផ្តើមឃើញមានភ្ញៀវជាតិកើនឡើងច្រើនដែរហើយពួកគេមួយចំនួនធំមកម៉ាស្សាដើម្បីព្យាបាលការឈឺចុកចាប់នៃរាងកាយរបស់គេ»។
លោក លាង បន្តថាអ្នកជំនាញផ្នែកម៉ាស្សាប្រចាំហាងរបស់លោកគឺជាជនពិការភ្នែកមែនតែពួកគេបានឆ្លងកាត់ការសិក្សាបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមរយៈវគ្គបង្រៀនរបស់សមាគមជនពិការភ្នែកកម្ពុជា (ABC) នាពេលកន្លងមក។ លោកបានអំពាវនាវថា៖ «អតិថិជនដែលមានតម្រូវការសេវាកម្មម៉ាស្សា និងធ្វើសរសៃគួរជួយគាំទ្រដល់ជនពិការភ្នែកតាមរយៈការផ្តល់ឱកាសការងារឲ្យពួកយើងជាអ្នកម៉ាស្សាជូន»។
តម្លៃសេវាកម្មម៉ាស្សានៅតាមហាងដែលមានជនពិការភ្នែកជាអ្នកជំនាញផ្តល់សេវាកម្មផ្នែកនេះទាំងនៅភ្នំពេញ ខេត្តសៀមរាប និងតាមខេត្តផ្សេងៗទៀត គឺមានតម្លៃសមរម្យសម្រាប់អតិថិជនទូទៅដោយភ្ញៀវកម្ពុជា ១ ម៉ោងថ្លៃ ៥ ដុល្លារ និងភ្ញៀវបរទេស ១ ម៉ោងថ្លៃ ៧ ដុល្លារ។
អ្នកនាង ហាវ ធីរីរ័ត្ន បុគ្គលិកជាន់ខ្ពស់នៃសមាគមជនពិការភ្នែកកម្ពុជា (Association Blind of Cambodia - ABC) ដែលមានប្រធានគឺលោក ប៊ុន ម៉ៅ ជាជនពិការភ្នែកដែរ។ អ្នកនាងបានឲ្យដឹងថា សមាគមនៅតែព្យាយាមបើកវគ្គសិក្សាបង្រៀនផ្នែកជំនាញធ្វើសរសៃ និងម៉ាស្សាសម្រាប់ជនពិការភ្នែកកម្ពុជាទាំងអស់ដើម្បីឲ្យពួកគាត់មានជំនាញអាចប្រកបការងារទទួលបានប្រាក់ចំណូលសមរម្យសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគាត់។ ប៉ុន្តែវគ្គសិក្សាទាំងនោះអាចធ្វើទៅបានគឺ «អាស្រ័យដោយមានជំនួយគាំទ្រពីអង្គការនានា សប្បុរសជន និងជាពិសេសគឺត្រូវមានមហាជនទូទៅជួយគាំទ្រជនពិការតាមរយៈការទទួលយកសេវាម៉ាស្សាដ៏សុចរិតពីពួកគាត់ (ជនពិការភ្នែកទាំងនោះ) ដោយឲ្យពួកគាត់បញ្ចេញសមត្ថភាពចាប់សរសៃ និងម៉ាស្សាជូនបានយ៉ាងត្រឹមត្រូវ»។
អ្នកនាងបន្តថានាឆ្នាំកន្លងមកនេះ «សមាគម ABC មានលទ្ធភាពអាចបើកវគ្គបង្រៀនពួកគាត់បាន ១ វគ្គមានគ្នា ៦ នាក់ប៉ុណ្ណោះ» ដោយវគ្គបង្រៀនវិជ្ជាជីវៈផ្នែកនេះយ៉ាងហោចណាស់ក៏មានរយៈពេល ៣ ខែដែរ។ ចំណែកឯនៅទូទាំងប្រទេសកម្ពុជាប្រហែលជាមានជនពិការភ្នែកច្រើនពាន់នាក់៕