សញ្ញាសម្គាល់ភាពប្រសើរនៃសេដ្ឋកិច្ចណាមួយ គឺសមត្ថភាពរបស់ស្ថាប័ននិយតកម្មរបស់ខ្លួន ក្នុងការរក្សាសុខភាពហិរញ្ញវត្ថុទាំងរបស់ប្រជាពលរដ្ឋ និងស្ថាប័នសាជីវកម្មនៅពេលផ្តល់ប្រាក់កម្ចី។
នៅក្នុងប្រទេស កម្ពុជា មុខងារដ៏សំខាន់ទាំងអស់នេះ គឺជាការធានាថាប្រាក់ និងហិរញ្ញវត្ថុត្រូវបានផ្តល់ទៅឱ្យបុគ្គល និងអង្គភាពអាជីវកម្មដែលត្រឹមត្រូវ។ ដូច្នេះហើយទើបការិយាល័យឥណទានកម្ពុជា (CBC) ចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាតព័ត៌មានឥណទាន តាមរយៈប្រព័ន្ធចែករំលែកឥណទានលក្ខណៈបុគ្គល និងក្រុមហ៊ុន។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ CBC បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា ប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្រុមហ៊ុនគឺ ស្ថិតនៅក្រោម CBC ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែកក្កដាក្នុងឆ្នាំនេះ បន្ទាប់ពីត្រូវបានអភិវឌ្ឍប្រកបដោយភាពជោគជ័យកាលពីចុងឆ្នាំ ២០១៨។
លោក សុធារ័ត្ន ថ្លែងថា៖ «ស្ថាប័នផ្តល់ប្រាក់កម្ចីពឹងផ្អែកលើរបាយការណ៍ឥណទានក្រុមហ៊ុន ដើម្បីវាយតម្លៃឥណទានសមស្របរបស់ក្រុមហ៊ុនទាំងនោះ។ ការប្រើប្រាស់ប្រព័ន្ធនេះ គឺជាការគាំទ្រសម្រាប់អាជីវកម្ម។ វានឹងជួយឱ្យអាជីវកម្មទទួលបានដើមទុន ដែលត្រូវការចាំបាច់ដើម្បីដំណើរការអាជីវកម្មប្រកប ដោយភាពជោគជ័យ»។
ចំពោះការចូលទៅកាន់ទីផ្សារមូលធន ដូចជាធនាគារ និងស្ថាប័នហិរញ្ញវត្ថុ គឺវាមានសារៈសំខាន់ណាស់ ដែលគ្របដណ្តប់លើការចំណាយប្រចាំថ្ងៃ ការទិញសារពើភ័ណ្ឌ ការជួលបុគ្គលិកបន្ថែម ដើម្បីឲ្យមានថវិកាគ្រប់គ្រាន់នៅក្នុងដៃក្នុងការប្រកបអាជីវកម្ម។
លោក សុធារ័ត្ន បន្តថា៖ «ជាមួយនឹងឥណទានអាជីវកម្មរឹងមាំ អ្នកអាច បង្កើតផែនការសុវត្ថិភាពសម្រាប់អាជីវកម្មរបស់អ្នក ដូច្នេះអ្នកនឹងមិនមានបញ្ហាក្នុងការទទួលបានថវិកាដែលត្រូវការ ដើម្បីប្រកបអាជីវកម្មនោះទេ។ ចំណុចនេះ គឺអាចឱ្យអ្នកទទួលបានថវិកាធ្វើអាជីវកម្មដែលអ្នកត្រូវការ»។
យោងតាម លោក សុធារ័ត្ន បានឲ្យដឹងថា នាពេលកន្លងមកព័ត៌មានស្តីពីវិស័យផ្តល់ប្រាក់កម្ចីដល់សាជីវកម្ម គឺនៅមានចំណុចខ្វះខាត ដែលមិនទាន់មានការពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ។ ដូច្នេះទិន្នន័យរវាងស្ថាប័នហិរញ្ញវត្ថុ និងអ្នកស្នើសុំប្រាក់កម្ចី គឺនៅមានចំណុចខ្វះចន្លោះ ដែលនាំឱ្យមានការពន្យារពេលច្រើន មុនពេលការវាយតម្លៃអ្នកស្នើសុំកម្ចីត្រូវបានបញ្ចប់។
លោកបន្ថែមថា ដោយមានប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្រុមហ៊ុន ស្ថាប័នហិរញ្ញវត្ថុអាចបង្រួមគម្លាតព័ត៌មាន និងកែលម្អការវាយតម្លៃប្រាក់កម្ចី ខណៈដែលសាជីវកម្ម ឬក្រុមហ៊ុនអាចមានរូបភាពពេញលេញ អំពីភាពស័ក្ដិសមនៃការទទួលបានឥណទាន និងអាចទទួលបានហិរញ្ញវត្ថុលឿនជាងមុន ដែលនេះជាចំណុចសំខាន់សម្រាប់ការដំណើរការអាជីវកម្មបានត្រឹមត្រូវ។
ស្ថាប័នហិរញ្ញវត្ថុទាំងអស់ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា តម្រូវឲ្យចូលជាសមាជិករបស់ CBC ហើយតម្រូវឲ្យផ្តល់ព័ត៌មានឥណទានរបស់អតិថិជនរបស់ពួកគេ ១០០ ភាគរយ ដល់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។
លោកបញ្ជាក់ថា៖ «ស្ថាប័នផ្តល់ប្រាក់កម្ចីទាំងអស់យ៉ាងហោចណាស់ត្រូវផ្តល់ព័ត៌មានរបស់ពួកគេជារៀងរាល់ខែ។ ស្ថាប័នផ្តល់ប្រាក់កម្ចីមួយ ចំនួនបាន ផ្តល់របាយការណ៍របស់ពួកគេជាប្រចាំសប្តាហ៍ ឬប្រចាំថ្ងៃ។ នៅពេលដែលពួកគេរាយការណ៍ព័ត៌មានទាំងនោះ ការិយាល័យឥណទានកម្ពុជានឹងផ្តល់ទិន្នន័យជាទម្រង់របាយការណ៍ឥណទានទៅស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនឬ បុគ្គលដែលស្នើសុំ»។
ត្រង់ចំណុចនេះ លោកសុធារ័ត្ន លើកឡើងថារបាយការណ៍អាចផ្លាស់ប្តូរជារៀងរាល់ថ្ងៃនៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅ ពេលអតិថិជនបើកគណនីកម្ចីថ្មី ការសងប្រាក់កម្ចី ឬបិទគណនី នៅក្នុងដំណើរការធ្វើអាជីវកម្ម។
លោកបានបន្ថែមថា៖ «ការប្រមូលរបាយការណ៍នេះនឹងផ្លាស់ប្តូរទិន្នន័យរបស់អ្នក។ ក្នុងចំណោមសមាជិកទាំងអស់ ១៦៥ មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៦០ ដែលបានចូលរួមក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្រុមហ៊ុន នៅពេលពួកគេផ្តល់ ប្រាក់កម្ចីសម្រាប់អាជីវកម្ម និងបញ្ជូនព័ត៌មានអតិថិជនរបស់ពួកគេទៅ CBC»។
ជាទូទៅការផ្តល់ឥណទាន គឺអាស្រ័យលើទំនុកចិត្តដែលអ្នកផ្តល់កម្ចីមានចំពោះអ្នកស្នើសុំកម្ចី ថាសក្តិសមទទួលបានកម្ចី ឬអត់។ ដូច្នេះ បើយោងតាមលោក សុធារ័ត្ន៖ «វាសំខាន់ណាស់ ដែលមនុស្សគ្រប់រូបត្រូវយល់ ដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្រុមហ៊ុននោះ»។
នៅក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារមួយនេះ។ ប៉ុន្តែទោះយ៉ាងណា ក៏ដោយ យើងដឹងហើយថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធព័ត៌មានឥណទានទាំងមូល៕