ភោជនីយដ្ឋាន យ៉ី សាង (Yi Sang) កើតចេញ​ពី​ការស្រឡាញ់​របស់​លោក លូ ម៉េង ចំពោះ​ម្ហូប​ចិន​។ លោក​បាន​បង្កើត​យីហោ​មួយ​នេះ​ឡើង ដើម្បី​នាំ​ម្ហូប​ចិន​មកកាន់​ទីផ្សារ​កម្ពុជា​។

ចាប់តាំងពី​ត្រូវ​បាន​បង្កើតឡើង​កាលពី​ ១១ ​ឆ្នាំ​មុន​ភោជនីយដ្ឋាន យ៉ី សាង បាន​ក្លាយជា​យីហោ​ម្ហូបអាហារ និង​ភេសជ្ជៈ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​នៅក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​យីហោ​មួយ​នេះ មិនទាន់​ទទួល​បាន​ការគាំទ្រ​ខ្លាំង​នៅឡើយ ពេល​បើក​ដំណើរការ​ដំបូង​។

លោក លូ ម៉េង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន Almond Group បាន​ពន្យល់ថា​៖ «​នេះ​ដោយសារ​តែ​នៅក្នុង​ភាសា​ខ្មែរ គ្មាន​របៀប​បញ្ចេញ​សំឡេង​ពាក្យ Yi Sang ដែល​ធ្វើឱ្យ​វា​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏ធំ​មួយ​ទាក់ទង​នឹង​ការបង្កើត​ម៉ាក​យីហោ និង​ការធ្វើ​ទីផ្សារ​។

«​ខ្ញុំ​ហើយ​ និង​ក្រុម​ការងារ​ត្រូវ​រិះរក​វិធី​នានា​ដើម្បី​ពន្យល់​អត្ថន័យ​ពាក្យ Yi Sang ដែល​នៅក្នុង​ភាសា​ចិន​កន្តាំង​មាន​ន័យថា​ «​ត្រី និង ជីវិត​»​។

នៅពេល​ដែល​ភោជនីយដ្ឋាន​នេះ​កំពុង​ផ្សព្វផ្សាយ​អាហារ ឌីម សាំ (dim sum) យើង​ត្រូវធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​មួយ​ដើម្បី​បង្កើត​ការយល់ដឹង​អំពី​វប្បធម៌​ចិន​កន្តាំង​នៃ​ការ​ទទួលទាន​អាហារ ឌីម សាំ និង​ការផឹក​ទឹកតែ​។

លោក Zhang Jing Ling មេ​ចុងភៅ​ជនជាតិ​ចិន​នៅ​ភោជនីយដ្ឋាន យ៉ី សាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ម្ហូប​ចិន​កន្តាំង​មិន​សូវ​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​របស់​ប្រជាជន​កម្ពុជា​ទេ​។ រសជាតិ​ម្ហូប​ខ្មែរ​គឺ​ផ្សំ​ឡើង​ពី​គ្រឿងផ្សំ​ក្នុងស្រុក​។ ដូច្នេះ​ខ្ញុំ​តែងតែ​ព្យាយាម​បញ្ចូល​រសជាតិ​គ្រឿងផ្សំ​ក្នុងស្រុក​ចូល​ទៅ​ក្នុង​មុខម្ហូប​របស់​យើង​។

ក្នុង​ចំណោម​មុខម្ហូប​ដ៏ពេញនិយម​របស់​ភោជនីយដ្ឋាន យ៉ី សាង គឺ​ជ្រូក​គូលែន​ខ្មៅ ចិញ្ចឹម​តាមបែប​ធម្មជាតិ​ដែល​មាន​ប្រភព​មកពី​ភ្នំ​គូលែន និង​បង្កង​ទន្លេមេគង្គ​ដែល​ពេញនិយម​គ្រប់​រដូវកាល​។

លោក​ លូ ម៉េង បាន​ថ្លែង​ថា​គ្រឿងទេស​សម្រាប់​ចម្អិន​អាហារ​របស់​ក្រុមហ៊ុន Almond Group គឺ​ទិញ​ពី​កសិករ ។ ដូច្នេះ​គឺ​ដើម្បី​ទទួល​បាន​នូវ​គ្រឿងផ្សំ​ស្រស់ៗ និង​ថ្មី​បំផុត​ពី​កសិករ​សម្រាប់​អតិថិជន​។ យើង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធានាថា យើង​ប្រើប្រាស់​គ្រឿងផ្សំ​ដែល​ស្រស់ និង​ថ្មី​បំផុត ជាពិសេស​គ្រឿងផ្សំ​សរីរាង្គ​ដែល​គ្មាន​ជាតិគីមី​។

«​យើង​ទិញ​គ្រឿងផ្សំ​ដោយផ្ទាល់​ពី​កសិករ ដើម្បី​គាំទ្រ​ពួកគេ​។ មាន​សហគមន៍​ជាច្រើន​នៅតាម​តំបន់​ផ្សេងៗ​គ្នា ដែល​ផលិត​បាន​គ្រឿងផ្សំ​សម្រាប់​ចម្អិន​អាហារ​ដែល​មាន​គុណភាព​ខ្ពស់​ដូចជា​សាច់ជ្រូក (​ជ្រូក​កណ្តុរ​គូលែន​) បន្លែ និង​ផ្លែឈើ​ជាដើម​»​។

លោក លូ ម៉េង បញ្ជាក់​ថា​កាលពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន Almond Group បានចាប់ផ្តើម​ទិញ​ជ្រូក​គូលែន​ដែល​ជា​ធនធាន​ដ៏សំខាន់​សម្រាប់​សហគមន៍​ជនជាតិដើម​ភាគតិច​ដែល​រស់នៅក្នុង​ស្រុក​ស្វាយ​លើ​ក្នុង​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ទ្វេដង​ដើម្បី​គាំទ្រ​ពួកគេ​។ ក្រៅពី​នេះ​ក្រុមហ៊ុន​កំពុង​ទិញ​បន្លែ​គូឆាយ និង​ចេក​ពី​កោះអន្លង់ចិន ខេត្ត​កណ្ដាល​ផងដែរ​។

«​ការទទួល​បាន​គ្រឿងផ្សំ​ដោយផ្ទាល់​ពី​កសិករ យើង​ក៏​បាន​ផ្អាក​ទិញ​ពី​អ្នក​លក់ដុំ​នៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ផងដែរ ធ្វើ​ដូច្នេះ​គ្រឿងផ្សំ​ត្រូវ​បញ្ជូនមក​យើង​បាន​លឿន​ជាង​មុន​។ ជា​ឧទាហរណ៍ គូឆាយ​មកពី​កោះអន្លង់ចិន​។

«​បន្ទាប់ពី​យើង​ទិញ​គូឆាយ​ដោយ​ផ្ទាល់​ពី​កសិករ នោះ​យើង​នឹង​ទទួល​បាន​គូឆាយ​ស្រស់ៗ​ដែល​មាន​គុណភាព​ខ្ពស់​»៕