វិធីសាស្ត្រ Reggio Emilia ត្រូវបាន​យកមក​អនុវត្ត​នៅ​ថ្នាក់​មត្តេយ្យ​នៃ​សាលា​អន្តរជាតិ​កាណាដា​ (CIS) ​ភ្នំពេញ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​កុមារ និង គ្រូ និង​រវាង​គ្រូ​ជំនួយ និង​កុមារ​ឲ្យ​កាន់តែ​មាន​ភាពរស់រវើក​។ នាយក​សាលា​មត្តេយ្យ លោកស្រី Karen Holmes បាន​ឲ្យ​ដឹងថា កុមារ​កើតមក​មាន​អត្តចរិត​ពី​កំណើត ហើយ​ចរិត​របស់​ពួកគេ​គឺ​ការចង់​ដឹង ចង់ឃើញ និង​ចង់​រៀនសូត្រ​។

លោកស្រី​ថ្លែងថា​៖ «​អ្វី​ដែល​យើង​កំពុង​ធ្វើ​តាមរយៈ​ (​សកម្មភាព​) ​លេង​កម្សាន្ត​នេះ គឺ​កំពុង​ផ្តល់ឱ្យ​ពួកគេ​នូវ​ឱកាស​ជាច្រើន​ (​ដើម្បី​រៀនសូត្រ​) ដែល​សកម្មភាព​ទាំងនោះ​ប្រហែល​មិន​មាន​នៅផ្ទះ​របស់​ពួកគេ​ទេ​។ កុមារ​មាន​ឥរិយាបថ​ខុសៗ​គ្នា​បើ​ធៀប​ទៅនឹង​មនុស្សពេញវ័យ​»​។

លោកស្រី Holmes បន្តថា​៖ «​បើ​មនុស្ស​ពេញវ័យ​យើង​បណ្តុះបណ្តាល​នៅក្នុង​សាលា​តាម​លក្ខណៈផ្សេង​ដោយ​គ្រូ​គ្រាន់តែ​ផ្តល់​ការណែនាំ​ហើយ​ពួកគេ​ធ្វើតាម​។ នៅឯ​សាលា CIS យើង ផ្តោត​លើ​សកម្មភាព​ជាក់ស្តែង ដើម្បី​ធានាថា គ្រូ​ដឹង​អំពី​អ្វី​ដែល​ត្រូវធ្វើ ដើម្បី​ឱ្យ​កុមារ​ចូលរួម​នៅក្នុង​ការលេង​»​។

លោកស្រី​បញ្ជាក់ទៀត​ថា​គ្រូ​ទាំងអស់​ដែល​បង្រៀន​ថ្នាក់​មត្តេយ្យ​នៅ​សាលា CIS គឺ​សុទ្ធ​តែ​មាន​បរិញ្ញាបត្រ​ ឬ​សញ្ញាបត្រ​ក្នុងការ​បង្រៀន​ដល់​កុមារ​តូចៗ​។ គ្រូ​ទាំងអស់​ទទួល​បាន​ការបណ្តុះបណ្តាល​ជំនាញ​ច្បាស់លាស់​ដែល​យល់ដឹង​អំពី​របៀប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កុមារ​។

យើង​ដឹងថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​កុមារ​ដើម្បី​លើកទឹកចិត្ត​ពួកគេ​ឲ្យ​មាន​ការគិត​ស៊ីជម្រៅ​។ គ្រួ​ជំនួយ​ធ្វើការ​ជាមួយ​កុមារ​ដោយ​ចាប់ផ្តើម​ការសន្ទនា​ទៅវិញ​ទៅមក​។

ថ្លែង​អំពី​វិធានការ​សុវត្ថិភាព លោកស្រី Holmes បញ្ជាក់​ថា​គ្រូ​ម្នាក់​មើល​ការខុសត្រូវ​ចំពោះ​កុមារ​ចំនួន​ ៤ ​នាក់​។ នៅពេល​ពួកគេ​មាន​អាយុ ៤ ឬ ៥ ឆ្នាំ វិធីសាស្ត្រ​នេះ​ត្រូវបាន​ប្តូរ គឺ​គ្រូ​ម្នាក់​ទទួល​ខុសត្រូវ​មើល​កុមារ​ចន្លោះ​ពី​ ៨ ​ទៅ​ ៩ ​នាក់​។

សិស្ស​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ។

ឧទាហរណ៍​នៅឯ​សាខា Bassac Garden យើង​មាន​កាមេរ៉ា​សុវត្ថិភាព​បំពាក់​នៅ​កន្លែង​កុមារ​លេង​កម្សាន្ត​នៅ​អាង​ហែល​ទឹក និង​ថ្នាក់រៀន​។

ចំពោះ​ការបង្រៀន យើង​មាន​វិធីសាស្ត្រ «scaffolding» ជា​វិធីសាស្ត្រ​មួយ​ដែល​គ្រូ​ត្រូវ​បង្ហាញ​អំពី​របៀប​ដោះស្រាយ​បញ្ហា​ដល់​សិស្ស ហើយ​ឲ្យ​សិស្ស​អនុវត្ត និង​ផ្តល់​ការគាំទ្រ​នៅពេល​ពួកគេ​ត្រូវការ​។

«​មិនមែន​កុមារ​ទាំងអស់​ស្ថិត​នៅ​ក្នុង​កម្រិត​ដូចគ្នា​នោះ​ទេ ដូច្នេះ​ហើយ​ការបែងចែក​ជា​ក្រុម​តូចៗ​ដើម្បី​អនុវត្ត​វិធីសាស្ត្រ​គឺមាន​សារៈសំខាន់​ណាស់​។ លោកស្រី Holmes លើកឡើង​ថា​៖ «​ប្រសិនបើ​យើង​ដឹងថា​កុមារ​នោះ​មិន​ដែល​ប្រើ​កន្រៃ្ត​ពីមុន នោះ​យើង​នឹង​បង្រៀន​គាត់​មួយ​ទល់​មួយ ដើម្បី​បង្ហាញ​គាត់​ពី​របៀប​កាន់​កន្រៃ្ត​។

លោកស្រី​បន្ថែមថា សាលា CIS ធ្វើការ​ជាមួយ​គ្រូ​ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាងច្រើន ហើយ​បាន​អាន​ឯកសារ​ស្តីពី​ការអភិវឌ្ឍ​ខួរក្បាល​។

«​គ្រូ​ក៏ត្រូវ​បង្ហាញ​អំពី​កម្រិត​នៃ​ការគិត​ខុសៗ​គ្នា​នៅក្នុង​ការរៀប​សាជី​រាង​ពីរ៉ាមីត​ផងដែរ​។ វា​ត្រូវ​បែងចែក​តាម​ប្រភេទ​នៃ​ការ​គិតពី​កម្រិត​ទាប​ឡើង​ទៅហើយ​ដំបូង​សិស្ស​ត្រូវ​ទន្ទេញ​ ឬ​ចងចាំ ដែល​ជា​វិធី​ធ្វើ​ងាយស្រួល​បំផុត​»​។

«​យើង​ប្រើ​កំណត់ត្រា​ស៊ីជម្រៅ​ដើម្បី​តាមដាន និង​ពិនិត្យមើល​ការវិវឌ្ឍ​របស់​កុមារ​។ យើង​ក៏​ព្យាយាម​មើល​ពី​តម្រូវការ​របស់​កុមារ​ម្នាក់ៗ និង​ផ្តល់ឱ្យ​ពួកគេ​នូវ​អ្វីដែល​ត្រូវ​ពង្រីក​ការគិត និង​ការចង់ដឹង​ចង់ឃើញ​របស់​ពួកគេ​ផងដែរ​»​។

វិធីសាស្ត្រ Reggio Emilia គឺជា​ទស្សនវិជ្ជា​អប់រំ​ផ្តោតលើ​ការអប់រំ​នៅ​ថ្នាក់​មត្តេយ្យ និង​បឋមសិក្សា​។ វា​ជា​គរុកោសល្យ​ដែល​ផ្តោតលើ​ការច្នៃប្រឌិត និង​អនុវត្ត​ផ្ទាល់​របស់​សិស្ស​នៅក្នុង​បរិយាកាស​ដែល​ជំរុញ​ដោយ​ទំនាក់ទំនង​។

កម្មវិធី​នេះ​គឺ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព ការទទួល​ខុសត្រូវ និង​សហគមន៍​តាមរយៈ​ការស្វែងរក​ពី​កម្មវិធីសិក្សា​ដែល​អនុវត្ត​ដោយ​ខ្លួនឯង​៕