២០១៨ ពិតជា​ឆ្នាំ​ដ៏ជោគជ័យ​សម្រាប់ ផាយ ផេ (Pi Pay) ព្រោះ​ចំនួន​អ្នកប្រើប្រាស់​ពាណិជ្ជករ​ដៃគូ​ហិរញ្ញវត្ថុ​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង ហើយ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ក៏​មាន​ការផ្លាស់ប្ដូរ​ច្រើន​ក្នុង​សេវា​ទូទាត់​រហ័ស​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ និង​វិស័យ​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ បច្ចុប្បន្ន​នេះ​អ្នក​ប្រើប្រាស់​កម្មវិធី ផាយ ផេ មាន​ចំនួន​លើសពី ២៥ ​ម៉ឺន​នាក់ ហើយ​បើ​គិត​ជា​ទឹកប្រាក់​ចំពោះ​ការធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​រវាង​អ្នក​ប្រើប្រាស់​វិញ គឺ​រហូត​ដល់​ទៅ ១១០ ​លាន​ដុល្លារ​ឯណោះ​។

ជាមួយ​នឹង​មុខងារ​ថ្មី​ក្នុង​កម្មវិធី ផាយ ផេ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទិញ​សំបុត្រ​ចូលរួម​ព្រឹត្តិការណ៍​ធំៗ​ដោយ​ផ្ទាល់​ពី​ទូរស័ព្ទ​បាន​បង្កើន​ភាពងាយស្រួល​ក្នុង​ការ​ទស្សនា​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​កម្សាន្ត និង​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​នានា​ដោយ​ផ្ទាល់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។ យើង​មាន​មោទនភាព​ក្នុង​ការ​ផ្ដល់ជូន​នូវ​សំបុត្រ​សម្រាប់​ការប្រកួត​ក្នុង​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន​ហៅ​កាត់​ថា (AFF Suzuki Cup) ​ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ទ្បើង​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ពេល​ថ្មីៗ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស យើង​បាន​លក់​សំបុត្រ VIP ទាំងអស់​។ យើង​ក៏​មាន​កម្មវិធី​លក់​សំបុត្រ​សម្រាប់​កម្មវិធី​ប្រគំ​តន្ត្រី Original Sessions ដែល​បាន​ទទួល​ភាពជោគជ័យ និង​កម្មវិធី កម្សាន្ត​ថ្មីៗ​នៅឯ​ផ្សារ​ទំនើប​អ៊ីអន​ក្នុង​រាជធានី​ភ្នំពេញ​។ ម្យ៉ាងវិញ​ទៀត​យើង​ខ្ញុំ​ក៏​មិន​ភ្លេច​ដៃគូ​សហការ Legend Cinema របស់​យើង​ដែល​បាន​លក់​សំបុត្រ​បាន​ជាង ២៥០០០ ​សន្លឹក​តាមរយៈ​កម្មវិធី ផាយ ផេ ក្នុង​ឆ្នាំ​ ២០១៨ ផង​ដែរ​។

ផាយ ផេ មាន​មោទនភាព​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ទូក​ប្រណាំង​មួយ​ដែល​បាន​ចូលរួម​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ក្នុង​ឆ្នាំ​នេះ ហើយ​ថែម​ទាំង​បាន​ផ្ដល់​ឱកាស​ដល់​លោក Tomas Pokorny (​ថូម៉ាស ផូកូនី​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ផាយ ផេ បាន​ទទួល​បាន​បទពិសោធ​ក្នុង​ការ​ប្រណាំងទូក​ផង​ដែរ​។

ឥទ្បូវ​នេះ​ការទូទាត់​ប្រាក់​តាម ផាយ ផេ កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន បន្ទាប់ពី​មាន​ការចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃគូ​ជាមួយ​នឹង​ធនាគារ​ស្ថាបនា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេអឹមខេ និង​អម្រឹត​ដែល​ធ្វើឲ្យ​ការផ្ទេរ​ប្រាក់​ទៅក្នុង​គណនី ផាយ ផេ និង ការផ្ទេរ​ប្រាក់​ទៅ​កាន់​មិត្តភក្តិ និង​ក្រុម​គ្រួសារ​នៅ​ទូទាំង​ប្រទេស​កាន់តែ​ងាយស្រួល និង​មាន​សុវត្ថិភាព​ជាង​មុន​។

នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ឱកាស​គ្មាន​ដែន​កំណត់​សម្រាប់​កម្ពុជា​ក្នុង​ការ​ជំរុញ​ការលូតលាស់ និង​អភិវឌ្ឍ​វិស័យ​ទូទាត់​ប្រាក់​មិន​ប្រើ​ក្រដាសប្រាក់​។

យើង​សូម​ថ្លែង​អំណរគុណ​ដល់​អ្នកប្រើប្រាស់ និង​សមាជិក​របស់ ផាយ ផេ ទាំងអស់​ដែល​បាន​ទាញ​យក និង​ប្រើប្រាស់​កម្មវិធី​ក្នុង​ឆ្នាំ ២០១៨ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើន​វិស័យ​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ទូទាំង​ប្រទេស​កម្ពុជា​៕