The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្សារ​ទំនើប​ឡាក់គី​ទទួល​បាន​កំណើន តាមរយៈ​ការបិទ​ស្លាក​តម្លៃ​ទំនិញ​ជា​ប្រាក់រៀល




ផ្សារ​ទំនើប​ឡាក់គី​ទទួល​បាន​កំណើន តាមរយៈ​ការបិទ​ស្លាក​តម្លៃ​ទំនិញ​ជា​ប្រាក់រៀល

Content image - Phnom Penh Post
តម្លៃ​ទំនិញ​ទំនិញ​ទាំងអស់​ត្រូវ​បិត​ស្លាក​ជា​ប្រាក់រៀល​នៅ​គ្រប់​សាខា​ផ្សារ​ទំនើប​ឡាក់គី​។ photo supplied

ផ្សារ​ទំនើប​ឡាក់គី​ទទួល​បាន​កំណើន តាមរយៈ​ការបិទ​ស្លាក​តម្លៃ​ទំនិញ​ជា​ប្រាក់រៀល

នៅពេល​ផ្សារ​ទំនើប​ឡាក់គី​បាន​បិទ​ស្លាក​តម្លៃ​ទំនិញ​របស់ខ្លួន​ជា​ប្រាក់រៀល​កាលពី​ជិត​ ២​ ​ឆ្នាំ​កន្លងទៅ ថ្នាក់ដឹកនាំ​ហាក់​មិន​រំពឹង​ខ្ពស់​ថា ប្រតិបត្តិ​ការលក់​ទំនិញ​របស់ខ្លួន​ជា​ប្រាក់រៀល​កើនឡើង​នោះ​ទេ ប៉ុន្តែ​លទ្ធផល​ពិតជា​បាន​ធ្វើឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​។

ផ្សារ​ទំនើប​ឡាក់គី​ទទួល​បាន​កំណើន​ចំនួន​ ១៥ ​ភាគរយ​កាលពី​ឆ្នាំមុន នៅពេល​ផលិតផល​ត្រូវបាន​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់រៀល ទោះបី​ជា​អតិថិជន​នៅ​មាន​ជម្រើស​អាច​ប្រើ​បាន​ទាំង​ប្រាក់​ដុល្លារ និង​ប្រាក់រៀល​ក្តី​។

លោកស្រី ផេតធី ហេង ប្រធាន​ប្រតិបត្តិ​គ្រប់គ្រង​ផ្សារ​ទំនើប​ឡាក់គី​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​នៅ​ឆ្នាំ​ ២០១៧ យើង​បាន​ចាប់ផ្តើម​បិទ​ស្លាក​តម្លៃ​ទំនិញ​ជា​រូបិយវត្ថុ​ជាតិ​ដែល​តម្រូវ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា យើង​ក៏​បាន​មើលឃើញ​ការចាយ​ប្រាក់រៀល​កើនឡើង ពីព្រោះ​អតិថិជន​យល់ឃើញ​ថា ផលិតផល​ដែល​បិទ​ស្លាក​ជា​ប្រាក់រៀល​មាន​តម្លៃ​ថោក​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រាក់​ដុល្លារ​»​។

នៅក្នុង​ឆ្នាំ​ ២០១៧ ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​ប្រកាស​មួយ​តម្រូវ​ឲ្យ​អាជីវកម្ម​ត្រូវ​បិទ​ស្លាក​តម្លៃ​លើ​មុខទំនិញ និង​សេវាកម្ម​គ្រប់​ប្រភេទ​ជា​ប្រាក់រៀល​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​។

Content image - Phnom Penh Post
លោកស្រី ផេតធី ហេង ប្រធាន​ប្រតិបត្តិ​គ្រប់គ្រង​ផ្សារ​ទំនើប​ឡាក់គី​។ photo supplied

តើ​អ្វី​ដែល​បាន​រួម​ចំណែក​ធ្វើឲ្យ​ការលក់​កើនឡើង​?

លោកស្រី ហេង បាន​ពន្យល់​ថា​៖ «​កំណើន​គឺ​ដោយសារ​តែ​ប្រាក់រៀល​កំពុង​ត្រូវបាន​លើកកម្ពស់ ហើយ​អត្រា​ប្តូរប្រាក់​រៀល​មាន​ស្ថិរភាព ដែល​វា​ជា​ចំណាត់ការ​ដ៏ល្អ​មួយ​របស់​ធនាគារជាតិ​ក្នុងការ​លើកកម្ពស់​ប្រាក់រៀល​។ ដូច្នេះ​នៅពេល​ទំនិញ​ត្រូវ​បាន​បិទ​ស្លាក​ជា​ប្រាក់រៀល អតិថិជន​យល់ឃើញ​ថា​វា​មាន​តម្លៃ​ថោក​ជាង​ទិញ​ជា​ប្រាក់​ដុល្លារ​»​។

លោកស្រី ហេង បន្ត​ថា​៖ «​នេះ​គឺជា​មតិយោបល់​ដែល​យើង​បាន​ទទួល​ពី​អតិថិជន បន្ទាប់ពី​បាន​ធ្វើការ​ស្ទង់មតិ​នៅតាម​សាខា​របស់​យើង​ផ្ទាល់​។ ទំនិញ​របស់​យើង​មាន​គុណភាព​ខ្ពស់ ហើយ​តម្លៃ​របស់​យើង​ខ្ពស់ជាង​តាម​ទីផ្សារ​ធម្មតា​ដែល​មិនមែន​ជា​ផ្សារ​ទំនើប​ចន្លោះ​ពី​ ៥ ​ទៅ​ ១០ ​ភាគរយ​។ នៅពេល​យើង​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់រៀល អតិថិជន​គាត់​គិតថា​វា​មានតម្លៃ​ថោក​ដែល​វា​ជា​សញ្ញា​វិជ្ជមាន និង​ជា​អត្ថប្រយោជន៍​សម្រាប់​យើង​។ ដូច្នេះ​បច្ចុប្បន្ន​ការបិទ​ស្លាក​តម្លៃ​ទំនិញ​របស់​យើង​ជា​ប្រាក់រៀល​មាន​ទំហំ​កាន់តែ​ធំ​»​។

Content image - Phnom Penh Post
នៅពេល​ទំនិញ​បិត​តម្លៃ​ជា​ប្រាក់រៀល​អតិថិជន​គិតថា​មាន​តម្លៃថោក​។ photo supplied

ទោះបី​ផ្សារ​ទំនើប​ទើប​ចាប់ផ្តើម​បិទ​ស្លាក​ទំនិញ​របស់​ពួកគេ​ជា​ប្រាក់រៀល​តាម​ការណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្តី ក៏​ប្រតិបត្តិការ​លក់រាយ​ភាគច្រើន​នៅតែ​ត្រូវបាន​អនុវត្ត​ដោយ​ប្រើ​លុយ​ដុល្លារ ដែល​វា​បាន​ក្លាយ​ទៅជា​បទដ្ឋាន​មួយ​នៅក្នុង​ការធ្វើ​អាជីវកម្ម​ក្នុងស្រុក​រួច​ទៅ​ហើយ​។

ប៉ុន្តែ​ផ្សារទំនើប​ឡាក់គី​មាន​ផែនការ​ធំៗ​ក្នុង​ការលើក​កម្ពស់​ប្រាក់រៀល​នៅតាម​សាខា​របស់​ខ្លួន​មិន​ត្រឹមតែ​គោរព​តាម​ការណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ទាក់ទាញ​អ្នក​ដើរ​ផ្សារ​ទំនើប​ជា​ជនជាតិ​ខ្មែរ​ដែល​កំពុង​កើនឡើង​ផងដែរ​ដែល​មាន​ប្រមាណ ៨៥ ភាគរយ​នៃ​អ្នកដើរ​ទិញ​អីវ៉ាន់​សរុប​នៅ​ផ្សារ​ទំនើប​ឡាក់គី​។

លោកស្រី​ ហេង លើក​ឡើង​ថា គណៈ​គ្រប់គ្រង​កំពុង​ពិចារណា​បិទ​ស្លាក​តម្លៃ​ទាំងអស់​ជា​ប្រាក់រៀល បន្ទាប់ពី​បានកត់សម្គាល់​ឃើញ​ពី​និន្នាការ​វិជ្ជមាន ប៉ុន្តែ​មិនអាច​ធ្វើបាន​ដោយសារ​តែ​ប្រព័ន្ធ​កុំព្យូទ័រ​មិន​ទទួល​ទិន្នន័យ​ដែល​មាន​លេខ​សូន្យ​ច្រើន​ខ្ទង់​ពេក​។

Content image - Phnom Penh Post
ការបិត​ស្លាក​តម្លៃ​ជា​ប្រាក់រៀល​មាន​នៅលើ​ទំនិញ​គ្រប់​ប្រភេទ​។ photo supplied

លោកស្រី​បន្ថែម​ថា​៖ «​យើង​កំពុង​ស្វែងរក​វិធី​ដើម្បី​ធ្វើការ​កែសម្រួល [​ប្រព័ន្ធ​] ដូច្នេះ នៅពេល​យើង​ផ្លាស់ប្តូរ​បាន នោះ​យើង​នឹង​អាច​អនុវត្តបាន​។ ត្រូវការ​ពេលវេលា​ប្រមាណ​ ២ ​ឆ្នាំ ដើម្បី​អាច​ដាក់​ស្លាក​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ​ជា​ប្រាក់រៀល​ដោយសារ​យើង​ជា​ក្រុមហ៊ុន​មួយ​ដែល​ចង់​ផ្សារភ្ជាប់​ជាមួយ​វប្បធម៌ និង​រូបិយវត្ថុ​ជាតិ ហើយ​វត្តមាន​របស់​យើង​នៅទីនេះ​គឺ​ដើម្បី​បម្រើ​សហគមន៍​ក្នុង​មូលដ្ឋាន​។ នោះ​ជា​គោលដៅ​របស់​យើង​»​។

ផ្សារ​ទំនើប​ឡាក់គី​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Dairy Farm International Group ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ហើយ​នៅ​កម្ពុជា​ឡាក់គី​មាន​ហាង​ចំនួន​១៨ ហើយ​ ៤ ​សាខា​ទៀត​គ្រោង​នឹង​បើក​នៅក្នុង​រយៈពេល​ ៨ សប្ដាហ៍​ខាង​មុខ​ក្នុងនោះ​មាន​បុគ្គលិក​សរុប​មាន​ចំនួន​ ១៣០០ ​នាក់​។

យោងតាម​លោកស្រី​ហេង​បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចំនួន​ ៩ ហើយ​រូបិយវត្ថុ​ជាតិ​ត្រូវបាន​ប្រើប្រាស់​ទៅតាម​ប្រទេស​នីមួយៗ​។

លោកស្រី​បន្ថែម​ថា​៖ «​យើង​ក៏​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ ហើយ​យើង​ប្រើប្រាស់​ប្រាក់​ដុង​វៀតណាម​»​។

ផ្សារ​ទំនើប​ឡាក់គី​បានចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ឆ្នាំ​ ១៩៩៣ ដែល​រហូត​មក​ដល់ពេល​នេះ​ការប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ទូលំទូលាយ​។ ប្រភព​ផលិតផល​ស្រស់​ដូចជា​ផ្លែ​​ឪឡឹក ត្រសក់ និង​ម្នាស់ គឺ​ទិញ​ពី​កសិករ​ក្នុងស្រុក តាមរយៈ​កិច្ចសន្យា​ជាមួយ​កសិករ ហើយ​​ប្រើប្រាស់​ប្រាក់រៀល​ដើម្បី​ទិញ​កសិផល​ទាំងនោះ​។

លោកស្រី​ ហេង ថ្លែង​ថា​៖ «​ប្រមាណ ៣០ ភាគរយ​នៃ​ផលិតផល​ស្រស់​របស់​យើង​គឺ​ទិញ​ជា​ប្រាក់រៀល​។ យើង​មាន​កិច្ចសន្យា​ជាមួយ​កសិករ ហើយ​ពួកគាត់​ចូលចិត្ត​លក់ដូរ​ជា​ប្រាក់រៀល​»៕

Content image - Phnom Penh Post
កសិករ​លក់​កសិផល​ឲ្យ​ផ្សារ​ទំនើប​ឡាក់គី​ជា​ប្រាក់រៀល​។ photo supplied

អត្ថបទគួរចាប់អារម្មណ៍