ការ​ដើរ​លម្ហែ​នៅ​ក្នុង​ផ្សារ​ទំនើប Heritage Walk នៅ​ខេត្ត​សៀមរាប​វា​នឹង​ផ្ដល់​ជូន​លោក​អ្នក​នូវ​ទស្សនីយ​ភាព​ដ៏​ល្អ​ប្រសើរ​មួយ ដោយ​សារ​តែ​កន្លែង​កម្សាន្ត​ថ្មី​មួយ​នេះ​បាន​ផ្ដល់​ជូន​ភ្ញៀវ​ទាំង​អស់​នូវ​ហាង​លក់​ទំនិញ​ និង​ការ​កម្សាន្ត​ជា​ច្រើន​។​

ភាព​ទាក់​ទាញ​នៃ​សំណង់​ស្ថាបត្យ​កម្ម​ផ្សារ​ទំនើប​មួយ​នេះ​ គឺ​បាន​មក​ពី​ការ​ផ្សំ​បញ្ចូល​គ្នា​រវាង​គំនិត​ស្ថាបត្យ​កម្ម​សម័យ​ដើម​ និង​សម័យ​ទំនើប​។​

ជាង​នេះ​ទៅ​ទៀត អ្នក​ទស្សនា​អាច​ទទួល​ទាន​អាហារ​ និង​មុខ​ម្ហូប​ល្បី​ៗ​ និង​មាន​រសជាតិ​ឆ្ងាញ់​ក្នុង​តំបន់​ និង​ពិភព​លោក ហើយ​អ្នក​ទស្សនា​ទាំង​អស់​ក៏​អាច​ទទួល​បាន​បទ​ពិសោធ​ពី​ផ្នែក​ដ៏​រស់​រវើក​ និង​ទាន់​សម័យ​មួយ​នៃ​ទីក្រុង​របស់​ប្រាសាទ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​ពិភព​លោក​ផង​ដែរ​។​

ខេត្ត​ សៀមរាប ​កំពុង​តែ​ផ្ដល់​នូវ​ភាព​ទាក់ទាញ​ថ្មី​មួយ​ផ្សេង​ទៀត​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ ដែល​លើស​ពី​ប្រាសាទ​អង្គរវត្ត​ដែល​ត្រូវ​បាន​សាងសង់​ក្នុង​សតវត្សរ៍​ទី​ ១២ ដែល​ជា​រៀងរាល់​ឆ្នាំ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​ ២ លាន​នាក់​។​

ផ្សារ​ទំនើប​ Heritage Walk ដែល​មាន​ទីតាំង​នៅ​ចំ​កណ្ដាល​ក្រុង​តែ​ម្ដង​នោះ​គឺ​ជា​ទីក​ន្លែង​ដែល​ល្អ​សម្រាប់​អ្នក​ទេសចរ​ដើម្បី​សម្រាក​លម្ហែ​បន្ទាប់​ពី​ហត់​អស់​កម្លាំង​ពី​ការ​ដើរ​កម្សាន្ត​ជុំវិញ​តំបន់​ប្រាសាទ​អង្គរវត្ត ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ៦ គីឡូ​ម៉ែត្រ​ពី​ផ្សារ​ទំនើប​នោះ​។​

ផ្សារ​ទំនើប​ដែល​ប្រកប​ទៅ​ដោយ​របៀប​រស់​នៅ​តាម​បែប​ទាន់​សម័យ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​លើ​ផ្ទៃ​ដី​ ៨ ០០០ ម៉ែត្រ​ការ៉េ​។ វា​គឺ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មួយ​ទៀត​របស់​ខេត្ត​សៀមរាប ដែល​វា​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​បម្រើ​សេវា​កម្ម​ជូន​អ្នក​ធ្វើ​ដំណើរ​ហើយ​វា​ក៏​ឈរ​ជើង​ឲ្យ​ក្លាយ​ទៅ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​នៅ​ក្នុង​តំបន់​។​

លោក សុភា ចន្ទ អគ្គ​នាយក​គ្រប់គ្រង​ផ្សារ​ទំនើប​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​វា​ពិត​ជា​ទំនើប​ និង​ទាន់​សម័យ ហើយ​វា​គឺ​ជា​បន្សំ​នៃ​ស្ថាបត្យ​កម្ម​សម័យ​បុរាណ​ និង​ទំនើប​។ វា​មិន​មែន​មាន​លក្ខណៈ​ជា​ផ្សារ​ទំនើប​ ១០០ ភាគរយ​នោះ​ទេ គឺ​វា​ត្រូវ​បាន​រួម​ផ្សំ​ឡើង​ដោយ​អាហារដ្ឋាន ហាង​ទិញ​ទំនិញ និង​កន្លែង​លម្ហែ​កម្សាន្ត​។ ខេត្ដ​សៀមរាប​មាន​អ្វី​បន្ថែម​ជា​ច្រើន​សម្រាប់​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ​ដែល​អញ្ជើញ​មក​ទស្សនា​នៅ​ទី​នេះ​»​។​

សុភា៖ យើងចង់បង្កើតទីក្រុងដែលមានថាមពលរស់រវើក

ដោយ​មាន​ទីតាំង​នៅ​លើ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ៦A និង​ជិត​ទៅ​នឹង​ផាប់ ស្ទ្រីត (Pub Street) ​និង សួន​កម្សាន្ត​រ៉ូយ៉ាល់ ហ្គា​ដិន (Royal Gardens) ​នោះ ភ្ញៀវ​ទេសចរ​អាច​ដើរ​លម្ហែ និង​មើល​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៅ​ក្បែរ​ៗ​ទី​កន្លែង​នោះ ដែល​បាន​ឆ្លង​កាត់​ការ​ផ្លាស់ប្តូរ​ជា​ច្រើន​ពី​ទីក្រុង​លម្ហែ​កម្សាន្ត​ធម្មតា​ទៅ​ជា​ទី​កន្លែង​ទេសចរណ៍​ដែល​រស់​រវើក​ និង​ទាន់​សម័យ​។​

ដោយ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ Metro Life Style Development Co. Ltd និង ត្រូវ​បាន​រចនា​ដោយ​ក្រុមហ៊ុន​ស្ថាបត្យ​កម្ម​ខ្មែរ Five Arc ​ផ្សារ​ទំនើប​មួយ​នេះ​ផ្ដល់​ជូន​នូវ​កន្លែង​ និង​អគារ​ជា​ច្រើន សម្រាប់​រៀបចំ​ពិធី​ធំ​ៗ​ដូច​ជា ពិធី​មង្គលការ ឬពិធី​ទទួល​ទាន​អាហារ ហើយ​ក៏​មាន​រោងកុន ហាង​ចំណី​អាហារ​ល្បី ហាង​លក់​ភេសជ្ជៈ​ និង​ហាង​លក់​ផលិតផល​ដែល​មាន​ឈ្មោះ​ល្បី​ៗ​ជុំ​វិញ​ពិភព​លោក​ផង​ដែរ​។​

«​គោល​បំណង​របស់​យើង គឺ​បង្កើត​នូវ​កន្លែង​ទាក់ទាញ​ទេសចរ​ផ្សេង​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​សៀមរាប​។ ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​មក​ទី​នេះ​មិន​គ្រាន់​តែ​ដើម្បី​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ទាំង​អស់​នោះ​ក៏​ចង់​ស្គាល់​ និង​ស្វែង​យល់​អំពី​សម្បតិ្ត​បេតិកភណ្ឌ​ និង​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ប្រទេស​ កម្ពុជា​»​។​

លោក ចន្ទ ថ្លែង​ថា​៖ «​ផ្សារ​ទំនើប​ Heritage Walk នឹង​ផ្ដល់​ជូន​នូវ​ជម្រើស​ផ្សេង​ទៀត ដែល​អ្នក​ទេសចរ​អាច​មក​ដើរ​កម្សាន្ត លម្ហែ​កាយ និង​ទិញ​ទំនិញ​បាន​។ យើង​នឹង​ព្យាយាម​រួម​បញ្ចូល​នូវ​គំនិត​បុរាណ ​និង​សម័យ ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​ និង​អន្តរ​ជាតិ​»​។​

ហាង​ដែល​មាន​ឈ្មោះ​ល្បី​ៗ​ដូច​ជា ហាង​ភី​ហ្សា​ Domino''s Pizza ហាង​ចំណី​អាហារ Korean Lotteria ​ហាង​ភេសជ្ជៈ​ Taiwanese Koi The ហាង​នំបុ័ង ​Tous Les Jours ​ហាង​កាហ្វេ Starbucks និង​ហាង​ការ៉េម​ Swensen បាន​បើក​ទីតាំង​របស់​ខ្លួន​នៅ​ក្នុង​ផ្សារ​ទំនើប​រួច​ហើយ​ដែរ​។ វត្តមាន​នៃ​ហាង​ធំ​និង​ល្បី​ៗ​​ទាំង​អស់​នេះ​បាន​ទិដ្ឋភាព​ចម្រុះ​មួយ​និង​អាច​បម្រើ​សេវា​កម្ម​គ្រប់​ប្រភេទ​ជូន​ដល់​អតិថិជន​ទាំង​អស់​នៅ​ក្នុង​កន្លែង​តែ​មួយ ​និង​ក្រោម​ដំបូល​តែ​មួយ​។​

ម៉ាកទំនិញល្បីៗមានវត្តមាននៅក្នុងហាង

លោក​បាន​បន្ថែម​ថា​៖ «​ប្រាសាទ​អង្គរវត្ត​តែ​មួយ​មុខ​នោះ​ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​នោះ​ទេ យើង​ពិត​ជា​ត្រូវ​តែ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ជា​ពិសេស​ផលិតផល​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​វយ័​ក្មេង​ដែល​កំពុង​តែ​និយម​ធ្វើ​ដំណើរ​កម្សាន្ត​នា​ពេល​បច្ចុប្បន្ន​នេះ​»​។​

ខេត្ត សៀមរាប ​មាន​ប្រជាជន​ចំនួន​ប្រមាណ​ជាង​ ១ លាន​នាក់ ហើយ​ជា​ខេត្ត​ដែល​បាន​រក​ចំណូល​ទេសចរណ៍​បាន​ច្រើន​សម្រាប់​បំប៉ន​សេដ្ឋកិច្ច​របស់​ប្រទេស​ កម្ពុជា​។​

ការ​ទៅ​កម្សាន្ត​នៅ​ផ្សារ​ទំនើប​ The Heritage Walk អាច​ជា​ដំណើរ​កម្សាន្ត​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ដែល​មក​ដើរ​កម្សាន្ត​នៅ​ក្នុង​ខេត្ត​សៀមរាប​មុន​ពេល​ដែល​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​