ពាណិជ្ជករ​មក​ពី​ហុងកុង និង​ម៉ាកាវ បាន​បង្កើត​ទីតាំង​ឈរ​ជើង​នៅ​ក្នុង​ប្រទេស ​កម្ពុជា អស់​រយៈពេល​ជាង ​២០ ​ឆ្នាំ​មក​ហើយ ពោល​គឺ​មក​តាំង​ពី​ប្រទេស ​កម្ពុជា ទើប​ងើប​ចេញពី​សង្គ្រាម​ម្ល៉េះ​។

លោក So Man Kit អនុប្រធាន ​និង​ជា​អគ្គលេខាធិការ​រង​សមាគម China Hong Kong & Macau Expatriate & Business Association of Cambodia (CHKMEBA) បាន​ឲ្យ​ដឹង​ថា​ ពាណិជ្ជករ​ហុងកុង និង​ម៉ាកាវ​ជា​ច្រើន​បាន​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ ​១៩៩០​។​

បច្ចុប្បន្ន​ឧស្សាហកម្ម​មួយ​នេះ ​បាន​រីក​ចម្រើន​ទៅ​ជា​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់ ដែល​ដើរ​តួនាទី​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដល់​តម្រូវការ​នាំចូល​ពី​តំបន់ និង​បណ្ដា​ប្រទេស​នានា ដូចជា​អឺរ៉ុប អាមេរិក កាណាដា និង​ជប៉ុន​ជា​ដើម​។

វិស័យ​កាត់​ដេរ​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (EBA) របស់​សហភាព​អឺរ៉ុប (EU) ប៉ុន្តែ​អាច​បាត់បង់​ឋានៈ​របស់​ខ្លួន ដោយសារ​តែ​ប្លុក EU កំពុង​ពិចារណា​ដក​ពន្ធ​អនុគ្រោះ​នេះ​។

លោក Raymond Tam អនុប្រធាន CHKMEBA ដែល​ជា​សមាជិក​ប្រតិបត្តិ​សមាគម GMAC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា GMAC បាន​ជួល​អ្នក​បញ្ចុះបញ្ចូល​ឲ្យ​ចរចា​ជាមួយ EU ស្ដីពី​បញ្ហា​នេះ​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​តែងតាំង​អ្នក​បញ្ចុះបញ្ចូល ​ដើម្បី​ជួយ​​ពន្យល់​ពី​ជំហរ​របស់​យើង និង​បង្ហាញ​មតិ​របស់​ពួក​យើង​ដល់ EU​។ តាម​គំនិត​ផ្ទាល់​របស់​ខ្ញុំ យើង​មាន​ការ​ផ្លាស់​ប្តូរ ​៧០ ​ភាគរយ ​ដើម្បី​រក្សា EBA ។ EU នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ចុង​ក្រោយ​ស្ដីពី​ឋានៈ​របស់​យើង​នៅ​ពេល​ណា​មួយ​ចន្លោះ​ពី​ថ្ងៃទី ​៨ ដល់​ថ្ងៃទី ​២០ ខែ វិច្ឆិកា​។ លោក​បន្ថែម​ថា​៖ «​ពេល​នោះ យើង​នឹង​ដឹង​ថា ​តើ​កម្ពុជា​នឹង​រក្សា​ពន្ធ​អនុគ្រោះ​ដែល​ផ្តល់​ដោយ EU បាន​ទាំង​ស្រុង​បាន​មួយ​ផ្នែក ឬ​ក៏​បាត់បង់​ទាំង​ស្រុង?»​។

ក្រៅ​ពី​ឧស្សាហកម្ម​កាត់​ដេរ វិស័យ​​អចលនទ្រព្យ ក៏​ជា​វិស័យ​មួយ​ផ្សេង​ទៀត​​ដែល​មាន​ការ​វិនិយោគ​ដ៏​រឹងមាំ​ពី​ក្រុម​វិនិយោគិន​មក​ពី​ហុងកុង​ និង​ម៉ាកាវ​ផង​ដែរ​។ ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ទាំង​នោះ ​គឺ​ក្រុមហ៊ុន Sunwah Group និង​ក្រុមហ៊ុន Yuetai Group ។ នេះ​បើ​យោង​តាម​លោក So​។

ក្រុមហ៊ុន Sunwah បាន​វិនិយោគ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ​២៥ ​ឆ្នាំ​មក​ហើយ​។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង ក្រុមហ៊ុន​នេះ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​សំខាន់​លើ ពាណិជ្ជកម្ម​នាំចូល​ និង​នាំចេញ​។ អាជីវកម្ម​របស់​ខ្លួន​បាន​ពង្រីក​ដល់​ផលិតកម្ម និង​ការ​កែច្នៃ​អាហារ​សមុទ្រ​សម្រាប់​ការ​នាំចេញ​។ ជា​បន្តបន្ទាប់ ក្រុមហ៊ុន Sunwah នៅ​ពេល​នេះ ​គឺ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ល្បី​ឈ្មោះ​ជាមួយ​ផលបត្រ​វិនិយោគ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។​

ក្រុមហ៊ុន Yuetai Group គឺ​ជា​អ្នក​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ទៀត នៅ​ក្នុង​វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​កម្ពុជា​។ គម្រោង​ធំៗ​របស់​ក្រុមហ៊ុន​នេះ​គឺ គម្រោង​អភិវឌ្ឍន៍ Harbour Bay ឬ «The City Gate » ដែល​លាត​សន្ធឹង​តាម​បណ្ដោយ​មាត់​ទន្លេ នឹង​ចាប់​ផ្ដើម​ការ​សាងសង់​នៅ​ត្រីមាស​ទី ​១ ​ឆ្នាំ​ក្រោយ​។

គម្រោង​អភិវឌ្ឍន៍​នេះ រួម​មាន​អគារ​ការិយាល័យ អគារ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​សិល្បៈ ទីលាន​វប្បធម៌ រមណីយដ្ឋាន ខុនដូ សណ្ឋាគារ​ផ្កាយ​ ៥ មជ្ឈមណ្ឌល​តាំង​ពិព័ណ៍ និង​សួន​សាធារណៈ​។​

សំខាន់​ជាង​នេះ​ទៅ​ទៀត ផលិតផល​អាហារ​មក​ពី​ទីក្រុង​ហុងកុង និង​ម៉ាកាវ ក៏​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ កម្ពុជា ​ដែរ​។ យីហោ​ទាំង​នេះ​មួយ​ចំនួន បាន​បើក​ហាង​លក់​នៅ​ក្នុង​ប្រទេស​ កម្ពុជា ខណៈ​ដែល​មួយ​ចំនួន​ត្រូវ​បាន​នាំចូល​។ ក្នុង​ចំណោម​ផលិតផល​គួរ​ឲ្យ​កត់​សម្គាល់​ទាំង​នោះ រួម​មាន​នំ​ពង​ទា នំ​ផ្អែម​បែប​ប្រពៃណី និង​នំ​សែន​ព្រះ​ខែ​ជា​ដើម​៕