កំណើន​នៃ​ការប្រើ Pi Pay ជា​សក្ខីភាព​បង្ហាញ​ពី​ការរីក​ចម្រើន​នៃ​វិស័យ​ទូទាត់​​វិក្កយបត្រ​ដោយ​មិន​បាច់​កាន់​សាច់​លុយ​នៅ​កម្ពុជា​​

និមិត្តសញ្ញា​ពណ៌​ផ្កាឈូក​ខ្ចី​របស់ Pi Pay កំពុង​មាន​កិត្តិនាម​ល្បីល្បាញ​ក្នុង​ស្រទាប់​មហាជន​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ ហើយ​វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​ដែល​ក្រុមហ៊ុន​ទូទាត់​វិក្កយបត្រ​មិន​ប្រើ​សាច់​លុយ​នេះ ទើប​តែ​ចាប់ផ្តើម​ដំណើរការ​រយៈពេល ៩ ​ខែ​ដោយ​ប្រើ​កម្មវិធី​សម្រាប់​ប្រើ​សាកល្បង​ចាប់ពី​ខែ​មិថុនា​ឆ្នាំ​មុន​តែ​ប៉ុណ្ណោះ​។

គេ​សង្កេត​ឃើញ​មាន​អតិថិជន​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រើ Pi Pay ដើម្បី​ទូទាត់​វិក្កយបត្រ​របស់​ខ្លួន​នៅ​តាម​បណ្តា​ហាង​ពេញនិយម​យ៉ាង​ច្រើន​កុះករ ដែល​ទិដ្ឋភាព​នេះ​បាន​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ស្រប​ពេល​មាន​ហាង​ទំនិញ និង​អាជីវករ​ជាច្រើន​បាន​ចាប់​ផ្តើម​ប្រើ Pi Pay កាន់តែ​ច្រើន ដោយសារ​តែ​វា​ជា​មធ្យោបាយ​ទូទាត់​ប្រាក់​ដ៏មាន​សុវត្ថិភាព និង​ងាយស្រួល​បំផុត​។

«​ជាមួយ Pi Pay ការទូទាត់​វិក្កយបត្រ​មាន​ភាព​ងាយស្រួល​បំផុត​មិន​ធ្លាប់​មាន​។ សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី​នេះ វា​ជួយ​ឲ្យ​ពួកគាត់​ទូទាត់​ប្រាក់​ដោយ​មិន​ចាំបាច់​កាន់​លុយ​តាម​ខ្លួន​ច្រើន​នោះ​ទេ ហើយ​នេះ​មិន​ទាន់​រាប់​បញ្ចូល​ពី​អត្ថប្រយោជន៍​នៃ​ការបញ្ចុះ​តម្លៃ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នោះ​ផង​»។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Simon Choo នាយក​គ្រប់គ្រង និង ជា​សហស្ថាបនិក​ហាង MyBurgerLab។

«​នៅឯ​ហាង MyBurgerLab របស់​យើង​ឯណេះ​វិញ​ការ​គ្រប់គ្រង​ការទូទាត់​សាច់​លុយ​ក៏​មាន​ភាព​ងាយស្រួល​ជាង​មុន​ច្រើន​ផង​ដែរ ដោយ​បញ្ហា​គ្រប់គ្រង​សាច់​ប្រាក់​បាន​ថយ​ចុះ​ខុស​ពី​ពេល​មុន​»​។

Pi Pay បាន​រាយការណ៍​ថា បើ​គិត​ត្រឹម​ខែ​មករា​ឆ្នាំ​ ២០១៨ កម្មវិធី​នេះ​ត្រូវ​បាន​ដោនឡូត​ដល់​ទៅ ១៦០០០០ ​ដង ហើយ​ចំនួន​ទឹកប្រាក់​ទូទាត់​វិក្កយបត្រ​បាន​កើនឡើង​រហូត​ដល់​ទៅ ៤៣ ​លាន​ដុល្លារ​អាមេរិក​តាមរយៈ​កម្មវិធី Pi Pay នេះ​។

និមិត្ត​សញ្ញា QR Code បង្ហាញ​អំពី AUAM នៃ​ប្រព័ន្ធ Pi Pay ដែល​បាន​បង្ហាញ​នៅ​លើ​កែវ​កាហ្វេ​លក់​នៅ​តាម​ដងផ្លូវ​មួយ​នៃ​ទីក្រុង​ភ្មំពេញ។

ដៃគូ​សហការ​របស់​ក្រុមហ៊ុន​នេះ​គឺជា​ចំណុច​ស្នូល​នៃ​ភាព​ជោគជ័យ​នេះ ជាមួយ​ដៃគូ​សហការ​ធំៗ​ដូចជា AliPay ដែល​កំពុង​តែ​ធ្វើការ​ជាមួយ​អាជីវករ​តូចៗ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Pi Pay នេះ​ដើម្បី​ទូទាត់​ប្រាក់​។

ធនាគារ​ក្នុង​ស្រុក និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ​ដូចជា ធនាគារ ABA និង AMK, ស្ថានីយ​ប្រេង​ឥន្ទនៈ​សូគីម៉ិច និង​តូតាល់​ព្រម​ទាំង​ហាង​ទំនិញ និង​ក្រុមហ៊ុន​សេវាកម្ម​ធំៗ​យ៉ាង​ច្រើន​ផ្សេងៗ​ទៀត​ក៏​បាន​ចាប់​ដៃគូ​សហការ​ជាមួយ Pi Pay ផងដែរ ដោយ​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​មធ្យោបាយ​ទូទាត់​ប្រាក់​មិន​ប្រើ​សាច់​លុយ ដែល​មាន​សុវត្ថិភាព​ខ្ពស់ និង​ងាយស្រួល​បំផុត​គ្រប់​ម៉ោង​គ្រប់​ពេល​ទាំងអស់​។

បច្ចុប្បន្ន Pi Pay កំពុង​ពង្រីក​សេវាកម្ម​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​សៀមរាប ហើយ​នឹង​បន្ត​ពង្រីក​ទៅ​កាន់​ខេត្ត​ព្រះសីហនុ រួម​ទាំង​បណ្តា​ក្រុង និង​ខេត្ត​សំខាន់ៗ​ផ្សេងទៀត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

«​យើង​ពិត​ជា​មាន​ក្តី​មោទនៈ និង​រីករាយ​យ៉ាងខ្លាំង​ជាមួយ​នឹង​សម្ទុះ​កំណើន​នៃ​ការគាំទ្រ​មក​កាន់ Pi Pay ដែល​បាន​រីកចម្រើន​ចាប់​តាំងពី​គ្រាន់តែ​ជា​គំនិត​មួយ​រហូត​ក្លាយ​ជា​សេវាកម្ម​មួយ​ដែល​ត្រូវ​បាន​មហាជន​ទទួល​ស្គាល់ និង​គាំទ្រ​ប្រើប្រាស់​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​តែ​ក្នុង​រយៈពេល​ដ៏ខ្លី​នឹកស្មាន​មិន​ដល់​»​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Tomas Pokorny អគ្គនាយក​ក្រុមហ៊ុន Pi Pay​។

«​នេះ​ជា​សក្ខីភាព​ដែល​បង្ហាញ​ថា ប្រជាជន​កម្ពុជា​មាន​ការ​យល់ដឹង និង​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​លំហូរ​ចូល​នៃ​បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​ធ្វើឲ្យ​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​កាន់​តែ​មាន​សុវត្ថិភាព និង​កាន់តែ​ងាយស្រួល​ថែម​ទៀត​»​។

លោក Pokorny បាន​បន្ថែម​ថា​ការ​កែលម្អ​បន្ថែម​ជាច្រើន​កំពុងតែ​រៀបចំ​ឡើង​សម្រាប់​កម្មវិធី Pi Pay ដើម្បី​ឲ្យ​កាន់តែ​ល្អប្រសើរ ហើយ​នេះ​រួមមាន​ទាំង Pay Lite ដែល​ធ្វើ​ឲ្យ​ដំណើរការ​ចុះ​ឈ្មោះ​សម្រាប់​ប្រើប្រាស់​កាន់​តែ​ងាយ​ជាង​មុន ហើយ​អាច​ឲ្យ​អតិថិជន​អាច​ដាក់​ប្រាក់​មួយ​ចំនួន​តូច​ក្នុង​កាបូប​លុយ​ឌីជីថល​របស់​ពួកគាត់​។

ក្រៅពី​នៅ​តាម​ហាង​ធំៗ​ល្បីៗ​ជាច្រើន បច្ចុប្បន្ន​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ទនៈតូតាល់ និង​សូគីម៉ិច​ក៏​ទូទាត់​តាម​ប្រព័ន្ធ Pi Pay ដែរ។

មុខងារ​នៃ​កម្មវិធី​មួយ​នេះ​នឹង​មក​ដល់​ឆាប់ៗ​នេះ ហើយ​ជា​មុខងារ​ដែល​លោក Pokorny ថ្លែង​ថា​លោក​មាន​ក្តីរំភើប​យ៉ាង​ខ្លាំង​ជាទីបំផុត​ចំពោះ​ការមក​ដល់​របស់​វា​។

លោក​បន្ថែម​ថា​៖ «​យើង​ហៅ​វា​ថា All Users Are Merchants ឬ​ហៅ​កាត់​ថា AUAM ដែលមាន​ន័យ​យ៉ាង​សាមញ្ញ​ថា មិន​ថា​ម្ចាស់​អាជីវកម្ម​ណា​មួយ មិន​ថា​ពួកគាត់​រកស៊ី​អ្វី​ទេ គឺ​សុទ្ធ​តែ​អាច​ទទួល​ការទូទាត់​វិក្កយបត្រ​របស់​អតិថិជន​ដោយ​ប្រើ​តែ​ស្មាតហ្វូន​ប៉ុណ្ណោះ ហើយ​ដោយ​គ្រាន់តែ​ចុច​តែ ២ ​ដង​ក្នុង​កម្មវិធី​លើ​ស្មាតហ្វូន​នេះ​ជា​ការ​ស្រេច​»​។

លោក​បន្ត​ថា​៖ «​អ្វី​ដែល​យើង​បាន​ធ្វើ ហើយ​អាច​ឃើញ​បាន​យ៉ាង​ងាយ​នាពេល​បច្ចុប្បន្ន​នេះ គឺ​អ្នកបើក​រ៉ឺម៉ក PassApp ដែល​យើង​កំពុង​តែ​ចុះ​ឈ្មោះ​ពួកគាត់ ដែល​ពួកគាត់​នឹង​អាច​ទទួល​ការ​ទូទាត់​ប្រាក់​ពី​អតិថិជន​របស់​ពួកគាត់​តាមរយៈ​កាបូប​លុយ​ឌីជីថល​របស់​យើង​នេះ ដោយ​មិន​បាច់​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​កាន់​សាច់ប្រាក់​តាម​ខ្លួន​ទៀត​ឡើយ​»​។

«​សម្រាប់​រូបខ្ញុំ និង​ក្រុម​ការងារ​ដែល​បាន​បង្កើត Pi Pay នេះ​ឡើង មុខងារ AUAM គឺ​ស្រដៀង​គ្នា​នឹង Shangri-La របស់​យើង​ដែរ​។ វា​ជា​មុខងារ​មួយ​ក្នុង​កម្មវិធី​លើ​ស្មាតហ្វូន​តែ​ម្តង ដែល​យើង​គិត​ថា វា​នឹង​ផ្តល់នូវ​ភាព​រីកចម្រើន និង​ល្អប្រសើរ​យ៉ាង​ខ្លាំង​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​តាមរយៈ​ការផ្លាស់ប្តូរ​ទម្លាប់​របស់​ប្រជាជន​ដែល​មិន​ដាក់​លុយ​នៅ​ធនាគារ​ហើយ​ចាយ​តែ​សាច់​លុយ​សុទ្ធ​ឲ្យ​យល់​ដឹង និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​បែប​ថ្មី​នេះ​តែ​ម្តង​»​។

លោក Pokorny ថ្លែង​បន្ត​ថា​៖ «​យើង​ពិតជា​មាន​ក្តី​សោមនស្ស​យ៉ាង​ក្រៃលែង​ក្នុង​ការ​នាំយក​នូវ​មុខងារ​ថ្មី​នេះ​ជូន​អតិថិជន ហើយ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​អាជីវករ និង​ម្ចាស់​អាជីវកម្ម​តូច​!»៕