​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ភោជនីយដ្ឋាន​ជាច្រើន​ដែល​អាច​ជា​ជម្រើស​ ​មុខម្ហូប​ដ៏​សម្បូរ​បែប និង​មាន​គ្រប់​តម្លៃ​ទាំងអស់​។

តែ​ទោះបីជា​យ៉ាង​ណា​នៅ​ក្នុង​ទីក្រុង​ដែលមាន​ភោជនីយដ្ឋាន​ជាច្រើន​បាន​បើកទ្វារ និង​​ខ្លះ​បិទ​ទៅវិញ​ក្នុង​រយៈ​ពេល​ត្រឹមតែ​ប៉ុន្មាន​ខែ​នោះ ភោជនីយដ្ឋាន​មួយចំនួន​តូច​ក៏បាន​នឹង​កំណត់​នូវ​អត្តសញ្ញាណ​របស់ខ្លួន​ឯង តាម​រយៈ​អាយុ​កាល​យូរ​អង្វែង និង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ផង​ដែរ​។

លោក មឿន ញាណ ការី​និពន្ធ​របាយការណ៍​ពិសេស​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពីពេល​ថ្មីៗ​នេះ​បាន​អញ្ជើញ​ទៅកាន់​ភោជនីយដ្ឋាន​ល្បីៗ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងយល់​ពី​ភាពលេច​ធ្លោ​របស់​ពួកគេ​ក្នុង​ការកែប្រែ​មុខមាត់​រាជធានី​ភ្នំពេញ ក្នុង​វិស័យ​ម្ហូប​អាហារ​។

ភោជនីយដ្ឋាន Topaz

Topaz តែងតែ​ផ្តល់​ជូន​នូវ​សេវា​អាហារ​ដែល​មាន​គុណភាព​ខ្ពស់ ប្រកប​ដោយ​ប្រណីត​ភាព​អស់​រយៈពេល​ប្រមាណ​​២០​ឆ្នាំ​មក​ហើយ ហើយ​តែង​តែ​ឈរ​នៅ​លំដាប់​កំពូល​ជា​ភោជនីយដ្ឋាន ដែលមាន​បម្រើសេវា​ម្ហូបអាហារ​ដល់​មន្ត្រី​ការ​ទូត មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល អ្នក​ជំនួញ​ធំៗ និង​សមាជិក​ខ្សែ​រាជវង្ស​ផង​ដែរ​។

បន្ទាប់ពី​បាន​ប្តូរ​ទីតាំង​ទៅ​កន្លែង​ធំ​ជាង​មុន​កាលពី​ឆ្នាំ​ ២០១៦ កន្លែង​ថ្មី​នោះ​ត្រូវ​បាន​រចនា​ម៉ូដ​យ៉ាង​ប្រណីត ដែលជា​អត្តសញ្ញាណ​នៃ​សោភណភាព​ដើម​របស់​ខ្លួន ហើយ​នៅ​ទីនោះ​ក៏មាន​បន្ទប់​ញ៉ាំ​អាហារ​ដាច់ដោយឡែកៗ និង​មាន​កន្លែង​អង្គុយ​នៅ​ផ្នែក​ខាងក្រៅ​អគារ ព្រម​ជាមួយនឹង​សួនច្បារ​ធម្មជាតិ​ដ៏​ស្រស់ត្រកាលក្រោម​ម្លប់​ដើមឈើ​ដែល​មាន​អាយុកាល​ដ៏​ចំណាស់​ផងដែរ​។

មុខ​ម្ហូប​ឆ្ងាញ់​ប្លែក​របស់​បារាំង​ត្រូវ​បាន​ចម្អិន​ជាមួយ​នឹង​រូបមន្ត​ពិសេស​ដែល​ប្រើ​តែ​​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​ការ​រៀបចំ​សោភណភាព​ស្រស់​ស្អាត​ជាមួយ​នឹង​អាហារ​ដ៏​មាន​ឱជារស​។ Topaz ក៏​ជា​ហាង​ស្រា​ដ៏​ធំ​បំផុត​មួយ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយសារ​មាន​ជម្រើស​ប្រភេទ​ស្រា​ដ៏​សម្បូរបែប​។

រីឯ​តម្លៃ​វិញ​ក៏​ស័ក្តិសម​ជាមួយ​នឹង​បរិយាកាស និង​ការ​តុបតែង​ផង​ដែរ ខណៈ​​ស្នាដៃ​ចម្អិន​ម្ហូប គឺ​មាន​ភាព​ទាក់ទាញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ព្រម​ទាំង​​មាន​ឈុត​អាហារ​ថ្ងៃ​ត្រង់​ដែល​មាន​មុខ​ម្ហូប​ចំនួន​ ៣ ​(set)​ ផង​ដែរ​។

អគារ​លេខ​១៦២ មហាវិថី​ព្រះ​នរោត្តម​

ទូរស័ព្ទ​៖ ០២៣ ២២១ ៦២២

ភោជនីយដ្ឋាន​ម្លិះ​

​ម្លិះ ត្រូវបាន​ចាត់​ទុក​ជា​ភោជនីយដ្ឋាន​ខ្មែរ​ដ៏​ល្បី​មួយ​ដែល​ទទួល​ស្គាល់​ដោយ​ភ្ញៀវ​​ក្នុងស្រុក និង​ជន​បរទេស​ជុំវិញ​ពិភពលោក ព្រម​ទាំង​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​សៀវភៅ​មគ្គុទ្ទេសក៍​សម្រាប់​ភ្ញៀវ​ទេសចរ ថា​ជា​ភោជនីយដ្ឋាន​មួយ​ដែល​មិន​ត្រូវ​មើល​រំលង​។

ជាមួយ​នឹង​សួនច្បារ​ហ៊ុមព័ទ្ធ​ដ៏​ស្រស់​ត្រកាល​ប្រកប​ដោយ​សម្រស់​ធម្មជាតិ ភោជនីយដ្ឋាន​ម្លិះ គឺជា​សមិទ្ធផល​របស់​មេ​ចុង​ភៅ​ដ៏​ល្បី​ឈ្មោះ​សញ្ជាតិ​កម្ពុជា គឺ​លោក លូ ម៉េង ក្នុង​ការ​ផ្សព្វផ្សាយ​កេរ្តិ៍​ឈ្មោះ​ម្ហូប​ខ្មែរ​ទៅ​កាន់​ភ្ញៀវ​អន្តរជាតិ​។

បញ្ជី​មុខ​ម្ហូប «Living Cambodian Cuisine» បាន​បង្ហាញ​នូវ​សិល្បៈ​នៃ​ការ​ធ្វើ​ម្ហូប​ខ្មែរ ដោយ​បង្កើត​នូវ​មុខ​ម្ហូប​បែប​ប្រពៃណី​ជាមួយ​នឹង​គ្រឿង​ផ្សំ​ឈ្ងុយ​ឈ្ងប់ និង​មានឱជារស​ឆ្ងាញ់​ប្លែក​គួរ​ឲ្យ​ទាក់ទាញ​។ មុខ​ម្ហូប​ប្រចាំ​ត្រកូល​របស់​ភោជនីយដ្ឋាន​នេះ រួម​មាន​អា​ម៉ុក​ត្រី ដែល​ត្រូវ​បាន​ចម្អិន​យ៉ាង​ផ្ចិតផ្ចង់ និង​ទា​លាក់​ខ្លួន (hidden chreav duck) ដែល​ជា​មុខ​ម្ហូប​ប្រពៃណី​មួយ​របស់​ខេត្ត​សៀមរាប​។

លោក លូ ម៉េង និង​ក្រុម​ចុងភៅ​របស់​លោក​កំពុង​តែ​បន្ត​ធ្វើ​ឲ្យ​ម្ហូបអាហារ​ខ្មែរ​កាន់​តែ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​កិត្តិ​សព្ទ​ល្បី​រន្ទឺ ខណៈ​ដែល​ភោជនីយដ្ឋាន​មួយ​​នេះ​ជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​ឥស្សរជន និង​តារា​សិល្បៈ​នានា ជាមួយ​នឹង​តម្លៃ​ដ៏​សមរម្យ​។

ផ្ទះ​លេខ​១៣៦ មហាវិថី​ព្រះ​នរោត្តម

ទូរស័ព្ទ​៖ ០១៥ ៨១៤ ៨៨៨

ភោជនីយដ្ឋាន​ផ្ទះ​ចិន (Chinese House)

​ជា​ភោជនីយដ្ឋាន​មួយ​មិន​គួរ​មើល​រំលង ដោយ​សារតែ​ស្នាដៃ​ស្ថាបត្យកម្ម​បុរាណ ព្រម​ទាំង​ការ​ដេ​គ័រ តាម​លំ​អាន​ផ្ទះ​ឈើ បន្សល់​ទុក​ពី​ជំនាន់​មុន​។ Chinese House មាន​បម្រើ​ជូន​នូវ​អាហារ​ដ៏​ឆ្ងាញ់​គួរ​ជា​ទី​គាប់​ចិត្ត និង​មាន​បា​រ៍ ដែល​បម្រើ​ជូន​នូវ​ស្រា​ក្រឡុក​ផងដែរ​។

ភោជនីយដ្ឋាន​នេះ គឺជា​អគារ​ប្រវត្តិសាស្ត្រ ដែល​​ត្រូវ​បាន​ជួសជុល​ឡើងវិញ និង​មាន​​ទីតាំង​ស្ថិត​នៅ​ក្បែរ​កំពង់ផែ​ភ្នំពេញ​។

អគារ​នេះ​មាន​ម៉ូដ​បារាំង រួម​ជាមួយ​នឹង​ការ​តុបតែង​បែប​ចិន ដែល​​ធ្វើ​ឲ្យ​ភោជនីយដ្ឋាន​នេះ​មាន​បរិយាកាស​ទាក់​ទាញ​គ្រប់​ពេល​។ រីឯ​កន្លែង​ពិសា​អាហារ គឺមាន​ភាព​ស្រស់​ស្អាត​យ៉ាង​ខ្លាំង​ជាមួយ​ឥដ្ឋការ៉ូ​លម្អ​ចាស់ៗ និង​មាន​ធ្នឹម​ឈើ ព្រមទាំង​ជញ្ជាំង​ដែល​មាន​ពណ៌​លឿង​ស្រាល​ផងដែរ​។

មុខ​ម្ហូប​ដែល​តែង​តែ​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច​នោះ គឺជា​រូបមន្ត​បង្កើត​ថ្មី​សន្លាង និង​ការ​ច្នៃ​ប្រឌិត​ខ្ពស់ ដែល​រួម​មាន​មុខម្ហូប​បែប​អាស៊ី អាហ្វ្រិក និង​អាមេរិក​ឡាទីន។ ម្ហូប​សំខាន់ៗ​មាន​ដូច​ជា ទាសា​ស៊ីវ និង​សាច់​ចំឡក​គោ ជាមួយ​ម្រេច​កំពត​កិន ក៏ដូចជា​ម្ហូប​មួយ​ចំនួន​ដែល​ប្រើប្រាស់​សាច់​ចំឡក​សត្វ​ប្រើស​ពី​អាហ្វ្រិក​ខាង​ត្បូង​ផង​ដែរ​។

នៅពេល​រាត្រី បារ៍​នៅ​ជាន់​ខាង​ក្រោម​ក៏​បង្ហាញ​នូវ​មន្ត​ស្នេហ៍​របស់​ខ្លួន​ទៅកាន់​មហាជន​ជាមួយនឹង​ប្រភេទ​ស្រា​ក្រឡុក​ដែល​លាយ​ដោយផ្ទាល់​ដៃ​ពី​អ្នក​ជំនាញ​ផ្នែក​ក្រឡុក​ស្រា​តែម្តង​។

ផ្ទះ​លេខ​៤៥ ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​លេខ​៨៤

ទូរស័ព្ទ​ ៖ ០៩២ ៥៥៣ ៣៣០

ភោជនីយដ្ឋាន​រំដេង​

រំដេង មាន​ទីតាំង​ក្នុង​វីឡា​សម័យ​អាណា​និគម​និយម​បារាំង​ដ៏​ស្កឹមស្កៃ ហ៊ុមព័ទ្ធ​ដោយ​សួន​ច្បារ និង​មាន​អាង​ហែល​ទឹក​តូច​មួយ​។ ភោជនីយដ្ឋាន​រំដេង​មាន​កិត្តិ​សព្ទ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ដោយ​សារតែ​តម្លៃ​ដ៏​សមរម្យ និង​មុខ​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា​។

បញ្ជី​មុខ​ម្ហូប​ដ៏​សម្បូរ​បែប​ដែល​រួម​មាន​ទាំង​អាហារ​បែប​ខ្មែរ និង​បរទេស ដោយ​រាប់ទាំង​ការី​សាច់​គោ​សម្រាប់​ជន​ជាតិ​មូស្លីម និង​ឆា​សាច់​មាន់​ជាមួយ​ជីរ​ក្រហម ឬ​ជី​រនាងវង និង​អារពីង​បំពង​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ផ្សង​ព្រេង​តាម​ប្រទេស​នានា​ផង​ដែរ​។

ម្ហូប​ត្រូវ​បាន​រៀបចំ​ចម្អិន និង​បម្រើ​ដល់​តុ ដោយ​សិស្ស​ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​ភោជនីយដ្ឋាន​ផ្ទាល់ ប៉ុន្តែ​អ្នក​អាច​មិនដឹង​នោះទេ បើ​យើង​មិន​បាន​ប្រាប់​ជាមុន​ដោយ​សារ​តែ​អាហារ និង​សេវាកម្ម​នៅ​ហាង​នេះ​មាន​គុណភាព​ខ្ពស់​មិន​ចាញ់​ភោជនីយដ្ឋាន​ដទៃ​នោះឡើយ​។

ប្រាក់​ចំណេញ​ទាំង​អស់​​ត្រូវ​បាន​ភោជនីយដ្ឋាន​នេះ​បរិច្ចាគ​ទៅ​អង្គការ​មិត្ត​សំឡាញ់​សម្រាប់​ចំណាយ​ទៅ​លើ​កម្មវិធី​ផ្សេងៗ​ដែល​ផ្តល់​នូវ​អនាគត​សម្រាប់​អតីត​ក្មេង​គ្មាន​ផ្ទះ​សំបែង។

ចំណែក​ភេសជ្ជៈ​វិញ គឺ​មិន​ខុសពី​មឺ​នុយ​អាហារ​នោះទេ ដោយ​ចុង​ភៅ​ប្រើ​គ្រឿង​ផ្សំ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​ប្រភេទ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ដែល​រួម​មាន សូដា​ស្លឹក​គ្រៃ និង​សូដា​រំដេង ព្រមទាំង​ស្រា​ក្រឡុក​ក្រូច​ឆ្មារ និង​រមៀត daiquiri ផងដែរ​។

ផ្ទះ​លេខ​៧៤ ផ្លូវ​លេខ​១៧៤

ទូរស័ព្ទ​៖ ០៧០ ៥១៩ ៥៦៥

ភោជនីយដ្ឋាន Van’s

ដោយ​មាន​ទីតាំង​ស្ថិត​នៅ​អគារ​អាណា​និគម​និយម​បារាំង ភោជនីយដ្ឋាន Van’s បាន​ផ្តល់​នូវ​បរិយាកាស​ខ្យល់​អាកាស​ដ៏​ល្អ​បរិសុទ្ធ​ជាមួយ​នឹង​ទីតាំង​ធំ​ទូលាយ និង​មាន​កន្លែង​ទទួល​ទាន​ដ៏​ប្រណីត​បែប​បុរាណ​ដែល​អាចធ្វើ​ឲ្យ​ភ្ញៀវ​ទៅ​ទទួលទាន​នឹក​ស្រ​មៃ​ទៅដល់​សម័យ​កាល​ដែល​កន្លង​ផុត​ទៅ​។

ភោជនីយដ្ឋាន​នេះ​ក៏មាន​បន្ទប់​ពិសា​អាហារ​ដាច់ ដោយឡែក​ចំនួន​​ពីរ​សម្រាប់​ការ​បម្រើ​អាហារ​បែប​រ៉ូមែនទិក និង​កន្លែង​ទទួលទាន​ក្នុង​សួន​ច្បារ​សម្រាប់​ភ្ញៀវ​ទូទៅ​ផង​ដែរ​។

ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ មក​ហើយ ដែល​ចុងភៅ​ជនជាតិ​បារាំង លោក Nicola Malherbe បាន​ផ្តល់​នូវ​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាប់​មាត់​ជា​មួយ​នឹង​ការ​បញ្ចូល​រូប​មន្ត​នៃ​ការ​ច្នៃ​ប្រឌិត​វិធី​ធ្វើ​ម្ហូប​បែប​អាស៊ី និង​បារាំង​ចូល​គ្នា​។

ស្នាដៃ​ធ្វើ​ម្ហូប​របស់​លោក គឺជា​សក្ខីភាព​ដែល​បង្ហាញ​នូវ​ទេព​កោសល្យ​ក្នុង​ការ​ប្រើ​គ្រឿង​ផ្សំ​មាន​គុណភាព​ខ្ពស់ រួមទាំងការ​រៀបចំ​អាហារ​យ៉ាង​ប្រណីត​គួរ​ឲ្យ​ចង់​ញ៉ាំ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទៅ​ពិសា​តែងតែ​លាន់​មាត់​សរសើរ​ពី​រសជាតិ​។

ភោជនីយដ្ឋាន​នេះ​ក៏មាន​បម្រើ​ស្រា​ជាច្រើន​ប្រភេទ ព្រមទាំង​មាន​បង្អែម​ឆ្ងាញ់ៗ​ជាច្រើន​មុខ​ផង​ដែរ ដោយ​រួម​មាន​នំ​សូកូឡា​ជាមួយ​នឹង​ស្នូល​ខារ៉ាម៉ែល​ដ៏​ឆ្ងាញ់​ប្លែក​ពី​គេ​។ តម្លៃ​ម្ហូប​អាហារ​នៅ​ទីនេះ​អាច​ខ្ពស់​បន្តិច ប៉ុន្តែ​បើ​និយាយ​ពី​គុណ​តម្លៃ និង​គុណភាព​នៃ​អាហារ​ថ្ងៃត្រង់​សម្រាប់​អ្នក​ជំនួញ និង​តម្លៃ​ដែល​បាន​កំណត់​វិញ​នោះ​គឺ​ពិតជា​ស័ក្តិសម​បំផុត​។

ផ្ទះ​លេខ​៥ ផ្លូវ​លេខ​១០២

ទូរស័ព្ទ​៖ ០២៣ ៧២២ ០៦៧