មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ក្នុងរយៈពេលជិត ៤ ឆ្នាំកន្លងមកនេះ បានក្លាយខ្លួនយ៉ាងឆាប់រហ័សជានិមិត្តរូបនៃសហគមន៍ជប៉ុន ក្នុងការជួយគាំទ្រដល់វិស័យថែទាំវេជ្ជសាស្ត្រ។
នៅពេលដែលត្រូវបានបើកដំណើរការជាលើកដំបូងក្នុងឆ្នាំ ២០១៦ មន្ទីរពេទ្យនេះមានវេជ្ជបណ្ឌិតជប៉ុន និងក្រុមអមវេជ្ជសាស្រ្តចំនួន ៣០ ដែលធ្វើការជាមួយវេជ្ជបណ្ឌិត និងក្រុមអមវេជ្ជសាស្រ្តខ្មែរចំនួន ៨០ នាក់។
លោកវេជ្ជបណ្ឌិត Yoshifumi Hayashi ឯកទេសប្រសាទសាស្ត្រថ្លែងថា បច្ចុប្បន្នមានវេជ្ជបណ្ឌិតជប៉ុនចំនួន ២០ នាក់ និងក្រុមអមវេជ្ជសាស្ត្រកម្ពុជាចំនួន ១៩០ នាក់។
លោកវេជ្ជបណ្ឌិតបានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា នៅពេលនោះ លោកបានមើលឃើញការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងវិស័យវេជ្ជសាស្ត្ររបស់កម្ពុជា ប៉ុន្តែលោកកត់សម្គាល់ឃើញថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។
លោកវេជ្ជបណ្ឌិត Hayashi ដែលលោកក៏ជាប្រធានមន្ទីរពេទ្យនេះផងដែរនោះបានលើកឡើងថា មន្ទីរពេទ្យនេះមានវប្បធម៌ជួយព្យាបាលដល់សហគមន៍ដោយភាព «កក់ក្តៅ»។
ទស្សនៈការព្យាបាលដោយភាព «កក់ក្តៅ» បានធ្វើឱ្យមន្ទីរពេទ្យសម្រេចបាននូវសកម្មភាពជាច្រើនក្នុងនោះរួមមានទាំងការធ្វើដំណើរទៅកាន់សហគមន៍ជនបទ ដើម្បីផ្តល់ការពិនិត្យសុខភាព ការពិគ្រោះយោបល់ និងសកម្មភាពជាច្រើនទៀតសម្រាប់ប្រជាជនកម្ពុជាក្រីក្រ។
កាលពីពេលថ្មីៗនេះ បុគ្គលិកមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ចំនួន ៣៧ នាក់ និងនិស្សិតស្ម័គ្រចិត្តចំនួន ២ នាក់ បានចុះទៅផ្តល់សេវាកម្មវេជ្ជសាស្ត្រនៅខេត្តព្រៃវែង។
នៅតាមភូមិដាច់ស្រយាល ក្រុមគ្រូពេទ្យបានផ្តល់ការពិនិត្យសុខភាព និងធ្វើការអប់រំចំណេះដឹងសុខភាពដល់អ្នកភូមិប្រមាណ ៣០០ នាក់។
លោកវេជ្ជបណ្ឌិតពន្យល់ថា មានអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺជាច្រើន គាត់បានប្រាប់ថា គាត់មានជំងឺក្រពះអស់ពេលជាច្រើនឆ្នាំមកហើយ។ គាត់គ្រាន់តែបានទៅទិញថ្នាំនៅឱសថស្ថាន ជំនួសឲ្យការទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដូច្នេះការធ្វើរោគវិនិច្ឆ័យ និងការចេញវេជ្ជបញ្ជា គឺមិនបានត្រឹមត្រូវ។
«នេះក្លាយជារឿងធម្មតាទៅហើយ មិនត្រឹមតែនៅទីជនបទប៉ុណ្ណោះទេ សូម្បីតែនៅទីក្រុងភ្នំពេញក៏ដូច្នេះដែរ។ នៅពេលយើងពិនិត្យអ្នកជំងឺនោះ យើងរកឃើញថា គាត់មានបញ្ហាពោះវៀនធំ មិនមែនក្រពះទេដូច្នេះយើងបានបញ្ជូនគាត់ទៅមន្ទីរពេទ្យក្នុងតំបន់ ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ»។
ក្រៅពីកម្មវិធីផ្តល់ការពិនិត្យ និងព្យាបាល មន្ទីរពេទ្យក៏បានផ្តល់ការព្យាបាលអ្នកជំងឺ ១៥ នាក់ ដោយឥតគិតថ្លៃតាមរយៈមូលនិធិ « Akahige Project Fund» របស់ខ្លួនផងដែរ។ មូលនិធិនេះផ្តល់ការព្យាបាលប្រជាជនក្រីក្រក្នុងករណីធ្ងន់ធ្ងរ និងចាំបាច់។
សុបិនរបស់វេជ្ជបណ្ឌិតជនជាតិជប៉ុន លោក Shigemi Kitahara ក្នុងការពង្រីកសេវាថែទាំវេជ្ជសាស្ត្រលំដាប់ពិភពលោករបស់ជប៉ុនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍បានធ្វើឲ្យលោកមកដល់ប្រទេស កម្ពុជា។
វាត្រូវការពេលវេលា ៣ ឆ្នាំ ដើម្បីធ្វើការស្ទាបស្ទង់ និងស្វែងយល់អំពីស្ថានភាពសុខភាពរបស់ប្រទេស កម្ពុជា និង ៣ ឆ្នាំទៀត ដើម្បីសាងសង់អគារមន្ទីរពេទ្យនេះឡើង។ ក្នុងអំឡុងពេលនេះ បុគ្គលិកកម្ពុជាបានធ្វើដំណើរទៅមន្ទីរពេទ្យជប៉ុន ដើម្បីទទួលការបណ្តុះបណ្តាល។
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ផ្តល់ការបណ្តុះបណ្តាលដល់និស្សិតពេទ្យកម្ពុជាអំពីវិធីប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក្នុងនោះរួមមានទាំងការប្រើម៉ាស៊ីនថតឆ្លុះ សរសៃឈាមខួរក្បាលបេះដូង ម៉ាស៊ីន MRI ព្រមទាំងមន្ទីរពិសោធន៍ជាដើម។
«យើងបង្កើត និងដំណើរការមជ្ឈមណ្ឌលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ដើម្បីផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្របែបជប៉ុនកម្រិតខ្ពស់ ខណៈកំពុងពង្រីកគំរូរបស់យើងប្រកបដោយនិរន្តរភាព»។
លោកមានប្រសាសន៍ថា៖ «យើងព្យាយាមផ្តល់នូវគំរូដ៏ល្អសម្រាប់ប្រព័ន្ធថែទាំវេជ្ជសាស្ត្រទាំងផ្នែកគុណភាព និងតម្លៃ ក៏ដូចជាការអភិវឌ្ឍសេវាថែទាំវេជ្ជសាស្ត្រ និងធនធានមនុស្ស»។
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ មានផ្តល់សេវាព្យាបាលជាច្រើនប្រភេទក្នុងនោះមានដូចជា ផ្នែកជំងឺទូទៅផ្នែកប្រព័ន្ធប្រសាទ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ទូទៅ ព្យាបាលប្រព័ន្ធរំលាយអាហារ ផ្នែកជំងឺកុមារ ផ្នែកពិនិត្យសុខភាពជំងឺទូទៅ និងផ្នែកវះកាត់កែលម្អ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ www.sunrise-hs.com៕