ជាមួយ​នឹង​វត្តមាន​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​ ៣ ​ដែល​កំពុង​ទទួល​ស្វាគមន៍​ជើង​ហោះហើរ​ជាច្រើន និង​មាន​ភាព​មមាញឹក​ខ្លាំង​នោះ ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​នេះ​បាន​នឹង​កំពុង​ខិតខំ​ពង្រីក​ហាង​ទំនិញ ភោជនីយដ្ឋាន និង​កន្លែង​រង់ចាំ​កាន់តែ​ច្រើន​ជាង​មុន ដើម្បី​ផ្តល់​នូវ​ជម្រើស​កាន់តែ​សម្បូរបែប​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ក្នុង​ការ​ទទួលទាន​អាហារ ទិញ​ទំនិញ ឬ​សម្រាក​មុន​ពេល​ចេញ​ដំណើរ​។

Cambodia Airports ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Vinci Airports មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​បាន​សម្រេច​ជោគជ័យ​ជាមួយ​នឹង​ការពង្រីក​កន្លែង​រង់ចាំ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប​កាលពី​ឆ្នាំ​មុន ហើយ​ក៏​ជិត​បញ្ចប់​ជា​ស្ថាពរ​នូវ​គម្រោង​កែលម្អ​ឡើងវិញ​សម្រាប់​កន្លែង​រង់ចាំ​ក្នុង​អាកាសយានដ្ឋាន​ក្រុង​ព្រះសីហនុ​ផង​ដែរ​។

កន្លែង​រង់ចាំ​ធំៗ​នេះ​បាន​ផ្តល់​នូវ​ឱកាស​ក្នុង​ការបន្ថែម​សេវាកម្ម ហើយ​បណ្តា​ហាង​ក្នុង​ស្រុក និង​អន្តរជាតិ​ក៏ចង់​មាន​វត្តមាន​នៅ​ទី​នេះ​ដែរ​។

យ៉ាង​ណា​មិញ​ដំណើរការ​នៃ​ការជ្រើសរើស​មាន​លក្ខណៈ​មិន​សូវ​ច្បាស់លាស់​នោះ​ទេ​។ Cambodia Airports បាន​ប្រើ​នូវ​កម្មវិធី​សម្រាប់​ជ្រើសរើស​ហាង​ទាំង​ឡាយ​ដោយ​ផ្អែក​លើ​រសជាតិ និង​តម្លៃ​។

លោកស្រី Chloé Lapeyre អ្នក​គ្រប់គ្រង​ទូទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​សរសេរ​នៅ​លើ​គេហទំព័រ Vinci ថា៖ «​យើង​ត្រូវ​តែ​ធ្វើឲ្យ​មាន​តម្លាភាព​រវាង​ហាង​លំដាប់​អន្តរជាតិ ទំនិញ​លើកលែង​ពន្ធ និង​ហាង​របស់​ខ្មែរ​»​។

លោក Lars Crone នាយក​គ្រប់គ្រង​ក្រុមហ៊ុន EMCAT Cambodia និង​ជា​ម្ចាស់​ក្រុមហ៊ុន​គ្រប់គ្រង​លើ​ហាង​ម្ហូបអាហារ និង​ភេសជ្ជៈ Sajibumi Cambodia ដែល​មាន​ការិយាល័យ​នៅ​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា​ក្រុមហ៊ុន​របស់​លោក​បាន​ប្រើប្រាស់​ទីធ្លា​ពង្រីក​ថ្មី​នៅក្នុង​អាកាសយានដ្ឋាន ដើម្បី​ធ្វើឲ្យ​ហាង​ម្ហូបអាហារ និង​ភេសជ្ជៈ​កាន់តែ​ច្រើន​ជាង​មុន និង​សម្បូរបែប​។ បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១០ EMCAT កំពុង​គ្រប់គ្រង​លើ​ហាង​អាហារ​ចំនួន​​ ២៦ ​កន្លែង​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ របស់​កម្ពុជា​ដែល​រួមមាន ហាង​កាហ្វេ និង​ភោជនីយដ្ឋាន សម្រាប់​មុន និង​ក្រោយ​ពេល​ត្រួតពិនិត្យ​សម្ភារ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដំណើរ​រួច​ហើយ​។

លោក Crone ថ្លែង​ថា​ការពង្រីក​កន្លែង​រង់ចាំ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ផ្តល់​ឱកាស​ដ៏ល្អ​បំផុត​សម្រាប់​គម្រោង​ចុងក្រោយ​របស់ EMCAT នេះ ដែល​ជា​អាហារដ្ឋាន​ដ៏ធំ​នៅ​កន្លែង​ទទួល​អ្នក​ដំណើរ​ដែល​មាន​សុទ្ធតែ​អាហារ​ឆ្អិន​ស្រាប់ និង​អាហារ​ស្រស់ៗ​ជាច្រើន​ប្រភេទ ព្រម​ទាំង​មាន​កន្លែង​អង្គុយ​ច្រើន​ជាង​មុន​ដែរ​។ អាហារដ្ឋាន​នេះ​នឹង​បើក​ដំណើរការ​នៅ​ពាក់​កណ្តាល​ខែ​មិថុនា​ខាង​មុខ​។

លោក​បាន​និយាយ​ថា៖ «​អាហារដ្ឋាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​អ្នក​ធ្វើ​ដំណើរ​ដែល​កម្ពុជា​កំពុង​ទទួល​បាន​»​។

លោក​បាន​បន្តថា៖ «​គិត​ត្រឹម​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ​ ២០១៨ ​យើង​បាន​សង្កេត​ឃើញ​កំណើន​អ្នក​ធ្វើ​ដំណើរ​ដល់​ទៅ ៣០ ​ភាគរយ​នៅ​ទីក្រុង​ភ្នំពេញ និង​ ១៨ ​ភាគរយ​នៅ​ខេត្ត​សៀមរាប​»​។

លោក​ថ្លែង​ថា​អាហារដ្ឋាន​នេះ​នឹង​មាន​ភោជនីយដ្ឋាន​ចិន​មួយ​ចំនួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​ភ្ញៀវទេសចរ​ចិន ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​មក​កាន់​ប្រទេស​កម្ពុជា​រៀងរាល់​ឆ្នាំ​។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវទេសចរ​ជនជាតិ​ចិន​បាន​នាំ​មុខ​គេ​ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។

កាលពី​ឆ្នាំ​ ២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​ចិន​ចំនួន​ ១.២ ​លាន​នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦ គឺ​បាន​កើនឡើង​ចំនួន​ ៤៦ ​ភាគរយ​។ យ៉ាង​ណា​មិញ​ក៏​មាន​កំណើន​ភ្ញៀវទេសចរ​ជនជាតិ​ផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ ដែល​បាន​ធ្វើ​ដំណើរ​កាន់​ប្រទេស​កម្ពុជា​។ តួលេខ​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​ ២០១៧ កំណើន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​បាន​កើនឡើង​ចំនួន​ ១១.៨ ​ភាគរយ​។

ចំនួន​វិជ្ជមាន​នេះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ EMCAT បង្កើន​នូវ​ជម្រើស​កន្លែង​ទទួល​អាហារ​ឲ្យ​កាន់តែ​សម្បូរបែប​នៅ​តាម​បណ្តា​អាកាសយានដ្ឋាន​របស់​កម្ពុជា ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ហាង​នានា​តាម​បណ្តា​អាកាសយានដ្ឋាន​ធំៗ​ក្នុង​ប្រទេស​នានា​នៅ​អាស៊ីអាគ្នេយ៍​។

«​ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​និយាយ​ថា​អ្វី​ដែល​យើង​នឹង​នាំ​យក​មក​កាន់​ទីក្រុង​ភ្នំពេញ​ក្នុងពេល​ឆាប់ៗ​នេះ​នឹង​មាន​ជម្រើស​ច្រើន​ជាង​នៅ​ទីក្រុង​បាងកក​ទៅ​ទៀត​» លោក Crone ថ្លែង​ដោយ​បន្ថែម​ថា​លោក​ក៏​នឹង​រួមបញ្ចូល​ហាង​អាហារ​របស់​ខ្មែរ​ផង​ដែរ​។ «​មាន​ហាង​ដ៏ធំៗ​ចំនួន​ពីរ​នោះ​គឺ Brown និង Park Café ដោយ​យើង​មាន​ទាំង​ពីរ​តែ​ម្តង​»​។

ការពង្រីក​ស្ថានីយ​រង់ចាំ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​ក៏​បាន​បង្ហាញ​នូវ​វត្តមាន​នៃ​ការកែលម្អ​លំដាប់​កំពូលៗ រួមទាំង​កន្លែង​រង់ចាំ​លំដាប់​អ្នក​ជំនួញ អាជីវកម្ម ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Plaza Premium Group​។

ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​លំដាប់​កំពូល​តាម​អាកាសយានដ្ឋាន​ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ហុងកុង​មួយ​នេះ​បាន​បើក​កន្លែង​រង់ចាំ​របស់​ខ្លួន​ដំបូង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ដើម​ឆ្នាំ​ ២០១៦ និង​​ ១ ​ទៀត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ប៉ុន្មាន​ខែ​បន្ទាប់ពី​នោះ​ទៀត​។ កន្លែង​រង់ចាំ​ដែល​គ្រប់គ្រង​ដាច់​ដោយ​ឡែក​ដោយ​ក្រុមហ៊ុន​នេះ​ផ្ទាល់ គឺ​មាន​ផ្តល់​សេវាកម្ម​ដល់​អ្នក​ធ្វើ​ដំណើរ​គ្រប់រូប​ដោយ​គិត​កម្រៃ​សេវា ហើយ​ក៏​មាន​កន្លែង​ស្ប៉ា និង​ងូតទឹក​ព្រម​ទាំង​សេវា​សម្រាប់​ការ​ណាត់​ជួប​មនុស្ស​សំខាន់ៗ​ផង​ដែរ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​តែ​ត្រៀម​បើក​សាខា​កន្លែង​រង់ចាំ​ទី​ ៣ របស់​ខ្លួន​នៅ​ស្ថានីយ​រង់ចាំ​ក្នុង​អាកាសយានដ្ឋាន​ក្រុង​ព្រះសីហនុ​ដែល​កំពុងតែ​ស្ថិត​ក្រោម​ការកែលម្អ​។

ចំនួន​ហាង​ក៏​បាន​កើនឡើង​ផង​ដែរ​ជាមួយ​នឹង​ចំនួន​ហាង​ទំនិញ​ច្រើន​ជាង​មុន និង​មាន​លក់​ទំនិញ​កាន់តែ​ច្រើន​ប្រភេទ​។ ហាង​របស់​ប្រទេស​ស្វ៊ីស​ឈ្មោះ Dufry ក៏​បាន​ជួល​បន្ថែម​នៅក្នុង​ស្ថានីយ​រង់ចាំ​ដែល​ត្រូវ​បាន​ពង្រីក​នេះ ដើម្បី​ពង្រីក​សាខា​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ និង​សៀមរាប​ផង​ដែរ​។ ហាង​ធំៗ​ជាង​មុន​ត្រូវ​បាន​រចនា​ជាមួយ​នឹង​ការអនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​អាច​ដើរ​ឆ្លងកាត់​បាន​មុន​ពេល​នឹង​ដើរ​ដល់​ច្រក​សម្រាប់​រង់ចាំ​ការហោះហើរ​របស់​ខ្លួន​។

អ្នកស្រី Ly Kitty ម្ចាស់​មុខ​ជំនួញ និង​ជា​អនុប្រធាន​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា (YEAC) បាន​ថ្លែង​ថា​ហាង​ទំនិញ​លើកលែង​ពន្ធ​ក្នុង​អាកាសយដ្ឋាន​កម្ពុជា​បាន​នឹង​កំពុង​តែ​ពង្រីក​ខ្លួន​យ៉ាង​ឆាប់​ហើយ ហើយ​មាន​និរន្តភាព​យ៉ាង​ខ្លាំង ពិសេស​សម្រាប់​វិនិយោគិន​ក្នុង​ស្រុក​តែ​ម្តង​។

«​ចំណុច​នេះ​នឹង​ផ្តល់​ផល​ចំណេញ​យ៉ាង​ខ្លាំង​ហើយ​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​អំពី​រឿង​នេះ​» អ្នកស្រី​ថ្លែង​ដោយ​បន្ថែម​ថា​ម្ចាស់​ជំនួញ​អាជីវកម្ម​មួយ​ចំនួន​ដែរ​នោះ​ក៏​បាន​រៀបចំ​បង្កើត​នូវ​សម្ព័ន្ធភាព​សហការ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ដើម្បី​យក​ទំនិញ​របស់​ខ្លួន​មក​បង្ហាញ​ក្នុង​អាកាសយានដ្ឋាន​ភ្នំពេញ និង​សៀមរាប​។

អ្នកស្រី​បាន​បន្ត​ថា​កំណើន​វិស័យ​ទេសចរណ៍​បូករួម​ជាមួយ​នឹង​ការកែច្នៃ​បន្ថែម​ក្នុង​អាកាសយានដ្ឋាន​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​បាន​ធ្វើឲ្យ​មាន​ការ​ទាក់ទាញ​ហាង​នានា​ឲ្យ​មក​វិនិយោគ​កាន់តែ​ច្រើន​ជាង​មុន​។

លោកស្រី​បាន​អះអាង​ថា៖ «​ប្រសិន​បើ​គេ​ចង់​ធ្វើ​ដំណើរ​តាម​អាកាសយានដ្ឋាន គឺ​ពួកគេ​គ្មាន​ជម្រើស​អ្វី​ផ្សេង​នោះ​ទេ​។ ដូច្នេះ​ទី​ណា​ដែល​មាន​អាកាសយានដ្ឋាន ទីនោះ​នឹង​មាន​ទំនិញ​សម្រាប់​លក់​»៕