ភ្ជាប់​ជាមួយ​ពិធី​អបអរសាទរ​ទិវា​បុណ្យជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី​នេះដែរ ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ឯកឧត្ដម Eldeen Husaini Mohd Hashim បាន​ចែករំលែក​ទស្សនៈ​របស់​លោក​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ស្តីអំពី​ចំណង​ទាក់ទង​ដែល​កំពុង​រីកចម្រើនរ​វាង​ប្រទេស​ទាំង​ ២​។

តើ​វិស័យ​អ្វីខ្លះ​ដែល​លោក​នឹង​ផ្តល់​អាទិភាព​ដើម្បី​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២?

អាទិភាព​ចម្បង​មួយ​របស់​ខ្ញុំ​គឺ​ត្រូវ​ជួយ​ប្រជាជន​ម៉ាឡេស៊ី​ដែល​កំពុង​រស់នៅ​កម្ពុជា រួមទាំង​ជួយ​ដល់​ផលប្រយោជន៍​អាជីវកម្ម​របស់​ពួកគេ​នៅ​ទី​នេះ​។

ជួយ​ដល់​ប្រជាជន​ម៉ាឡេស៊ី​ក្នុង​ការរកស៊ី​កាន់តែ​ធំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ជួយ​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជាមួយ​ប្រទេស​កម្ពុជា​។

អាទិភាព​ផ្សេងទៀត​គឺ​ត្រូវ​បន្ត​ចូលរួម​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី មន្ត្រី​ជាន់ខ្ពស់ សមាជិកសភា អាជ្ញាធរ​មូលដ្ឋាន និង​ឥស្សរជន​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ដើម្បី​រក្សា​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​របស់​យើង និង​ស្វែងរក​ផ្នែក​ផ្សេងទៀត​នៃ​ផលប្រយោជន៍​ទៅវិញទៅមក ដូចជា​ទូរគមនាគមន៍ ហិរញ្ញវត្ថុ និង​ធនាគារ សន្តិសុខ​អ៊ីនធឺណិត កីឡា និង​ទេសចរណ៍​ជាដើម​។

ដោយ​មើលឃើញ​ពី​ការរឹតបន្តឹង​ដោយសា​ជំងឺ​កូវីដ​១៩ ខ្ញុំ​មាន​បំណង​រក្សា​សម្ទុះ​ទៅមុខ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ដូចជា​កម្មវិធី zoom ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក៏​ដូចជា រៀបចំ​ការជួបជុំ និង​ព្រឹត្តិការណ៍​នានា​ក្នុង​ទ្រង់ទ្រាយ​តូច​ជាង​មុន​។

ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​ទ្វេភាគី​ដ៏រឹងមាំ ប្រទេស​ទាំង​ ២ ​គឺជា​ប្រទេស​ឯករាជ្យ និង​ជា​សមាជិក​អាស៊ាន​។ តើ​លោក​វាយតម្លៃ​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​រហូត​មក​ដល់​ពេលនេះ ដូចជា​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​ទស្សនវិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​យ៉ាង​ដូចម្តេច​?

ដោយសារ​ខ្ញុំ​បានរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង​ ១ ​ឆ្នាំ​មកនេះ ដូច្នេះ​ខ្ញុំ​អាច​សង្ខេប​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​បាន​។ ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​កម្ពុជា​បាន​បង្កើត​ចំណងមិត្តភាព​ទ្វេភាគី​ដ៏ល្អ​ប្រសើរ​រួមគ្នា ហើយ​ឥឡូវនេះ​យើង​មាន​វេទិកា​ដ៏រឹងមាំ​មួយ ដើម្បី​បន្ត​ជួយ​គ្នា​ឲ្យ​ទទួល​បាន​នូវ​ការរីកចម្រើន​ថែមទៀត​។

ខ្ញុំ​មាន​សុទិដ្ឋិនិយម ពីព្រោះ​បើ​អ្នក​គ្រាន់តែ​ក្រឡេកមើល​តួលេខ គឺ​យើង​ស្ថិត​នៅក្នុង​ចំណោម​វិនិយោគិន​កំពូលៗ​នៅ​កម្ពុជា ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ស្ថិតិ​ផ្សេងទៀត​ដូចជា​ចំនួន​ទេសចរ​ត្រូវ​បាន​មើលឃើញ​ថា​មាន​ការកើន​ឡើងជា​លំដាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

បើ​និយាយ​អំពី​ទំនាក់ទំនង​រវាង​ប្រជាជន​វិញ វា​ច្បាស់​ណាស់​ថា ប្រជាជន​របស់​យើង​មាន​គុណសម្បតិ្ត​ដូចគ្នា ដូចជា ការតស៊ូ​អត់ធ្មត់ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញការងារ​។ ហើយ​យើង​ក៏បាន​ចែករំលែក​ប្រវត្តិសាស្ត្រ​រួមមួយ​ចំនួន​ផងដែរ​។ ទាំងនេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើឱ្យ​ប្រជាជន​ម៉ាឡេស៊ី និង​ប្រជាជន​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ល្អ​។

បច្ចុប្បន្ន​ចំណង​មិត្តភាព​របស់​យើង​ស្ថិតនៅ​ក្នុងស្ថានភាព​ដ៏ល្អ​ប្រសើរ ប៉ុន្តែ​មិនមែន​មាន​ន័យថា យើង​អាច​សម្រាក​ត្រឹម​នេះ​ទេ គឺ​យើង​ត្រូវតែ​មាន​កម្រិត​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្ពស់​ជាងនេះ​ទៀត ដើម្បី​ឆ្ពោះ​ទៅ​រក​គោលដៅ​ និង​សក្តានុពល​រួម​គ្នា​នៅក្នុង​ផ្នែក​ជាច្រើន​ទៀត​។ លើស​ពី​នេះ ជាមួយ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ យើង​ត្រូវ​តែ​ធ្វើការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ និង​ធានាថា​សេដ្ឋកិច្ច​របស់​យើង​នៅ​តែ​មាន​ជំហរ​រឹងមាំ​។

តាម​ទស្សនៈ​របស់​លោក តើ​ផ្នែក​ណា​ខ្លះ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​​ទាំង​ ២ ​ចាំបាច់​ត្រូវ​កែលម្អ ដើម្បី​ជួយ​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ប្រសើរឡើង​?

ដូច​ដែល​ខ្ញុំ​បាន​និយាយ​រួចមកហើយ ទំនាក់ទំនង​របស់​យើង​គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដ៏ប្រសើរ​រួច​ទៅ​ហើយ ដូច្នេះ​សម្រាប់​ខ្ញុំ​មិន​ហៅថា​ធ្វើឲ្យ​ប្រសើរ​ទេ ប៉ុន្តែ​យើង​ត្រូវ​គិត​ប្រកប​ដោយ​ភាពច្នៃប្រឌិត និង​ធ្វើ​អ្វីៗ​បន្ថែមទៀត​ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​ទំនាក់ទំនង​ដ៏ល្អ​ប្រសើរ​របស់​យើង​។ ក្នុង​ចំណោម​នោះ អ្វីដែល​យើង​ត្រូវ​ធ្វើ​គឺ​ជំរុញ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ឲ្យ​កាន់តែ​ច្រើន​រវាង​មន្ត្រី​ជាន់ខ្ពស់ និង​រដ្ឋមន្ត្រី​រវាង​ប្រទេស​ទាំង​ ២​។

យើង​បាន​បង្កើន​សម្ទុះ​ដ៏ល្អ​នៅក្នុង​ឆ្នាំ​ ២០១៩ ក្នុងនោះ​មានដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​របស់​យើង​នៅ​ខែកញ្ញា​ឆ្នាំមុន ប៉ុន្តែ​ក្រោយមក​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ សម្ទុះ​នោះ​ក៏បាន​ថមថយ​។ តាមពិត​សម្ទុះ​នេះ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ម្តងទៀត​នៅ​ចុង​ឆ្នាំនេះ ជាមួយ ASEM [​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​] ប៉ុន្តែ​ដោយសារ​កូវីដ វា​ក៏បាន​ផ្លាស់ប្តូរ​ទៀត​។

ទោះ​យ៉ាងណា ខ្ញុំ​ជឿជាក់​ថា ពិភពលោក​នឹង​ដោះស្រាយ​ជំងឺ​រាតត្បាត​នេះ​បាន ហើយ​សម្ទុះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​នឹង​កើនឡើង​ខ្លាំង​ម្តងទៀត​។ ទិដ្ឋភាព​ផ្សេង​ទៀត​ដែល​ខ្ញុំ​ចង់​លើកកម្ពស់​គឺ​ការផ្សារភ្ជាប់​រវាង​ភ្នាក់ងារ​សំខាន់ៗ​របស់​យើង​។

ខ្ញុំ​ចង់ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ​រវាង​យោធា ឧទាណ៍ កងកម្លាំង​របស់​យើង ភ្នាក់ងារ​ពាណិជ្ជកម្ម និង​វិនិយោគ​,​ទីភ្នាក់ងារ​របស់​យើង​ដែល​មាន​ឯកទេស​ក្នុង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច វិទ្យាស្ថាន​នីមួយៗ​មាន​ទំនាក់ទំនង​ជាមួយ​បរទេស និង​ទំនាក់ទំនង​ដែល​អាច​កើតមាន​ផ្សេងទៀត​រវាង​ប្រជាជន​ និង​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋាភិបាល​។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​គ្រោង​ទៅកាន់​ខេត្ត​មួយចំនួន​ដូចជា ខេត្ត​ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ និង​រតនគិរី ដើម្បី​ស្វែងយល់​អំពី​លទ្ធភាព​នៃ​ការតភ្ជាប់​។

ទាក់ទង​កិច្ចព្រមព្រៀង​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា តើ​ស្ថានភាព​វិវឌ្ឍន៍​បែបណា​ហើយ​?

កម្ពុជា-ម៉ាឡេស៊ី បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា (DTA) នៅ​ថ្ងៃទី​ ៣ ខែកញ្ញា ឆ្នាំ​ ២០១៩ ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ (​អតីត​) ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ឯកឧត្តម Mahathir Mohamad មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។

វា​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​ក្នុងចំណោម​និមិត្តសញ្ញា​ទាំងនោះ​ដែល​បង្ហាញ​ពី​ការកើនឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​។ កិច្ចព្រមព្រៀង DTA គឺជា​កិច្ចព្រមព្រៀងទ្វេភាគី​ចាំបាច់​បំផុត​មួយ​។ បទប្បញ្ញត្តិ​ដែល​មាន​ចែង​នៅក្នុង​នោះ​នឹង​ជួយ​ជំរុញ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ច្រើន​ និង​ដើម្បី​សម្រួល​ដល់​ដំណើរការ​នៃ​ការបង្កើត និង​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា​។ ចំពោះ​បញ្ហា​នៃ​ការផ្តល់​សច្ចាប័ន ខ្ញុំ​បាន​ប្រាប់​ដល់​អាជ្ញាធរ​ម៉ាឡេស៊ី​ដែល​ពាក់ព័ន្ធ​ឱ្យ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​សមស្រប និង​ឆាប់រហ័ស​។

ពាណិជ្ជកម្ម​ទ្វេភាគី​បន្ត​រីកចម្រើន​ទៅមុខ​ជា​លំដាប់​។ តើ​អ្វី​ជា​កត្តា​ជំរុញ​ផ្នែក​ពាណិជ្ជកម្ម ហើយ​តើ​ការចូលរួម​របស់​វិស័យ​ឯកជន​បានរួម​ចំណែក​ដល់​ភាពជោគជ័យ​នៃ​កំណើន​នេះ​ឬទេ​?

ពាណិជ្ជកម្ម​រវាង​ម៉ាឡេស៊ី-កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​បាន​បន្ត​សម្ទុះ​វិជ្ជមាន​របស់ខ្លួន​។ ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​សម្រាប់​ឆ្នាំ​ ២០១៩ មាន​ចំនួន ៧៦៧,៣ លាន​ដុល្លារ​។ នេះ​គឺជា​ការកើនឡើង​ ៣៧ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។ បើសិន​គ្មាន​ការចូលរួម​យ៉ាងសកម្ម​ពី​វិស័យ​ឯកជន​របស់​យើង​ទេ យើង​ប្រាកដ​ជា​មិនអាច​ឈាន​ដល់​ចំណុច​នេះ​ទេ​។ រដ្ឋាភិបាល​ទាំង​ ២ ​របស់​យើង​បាន​ធ្វើ​ប្រកប​ដោយ​តម្លាភាព ដោយ​ជួយ​សម្របសម្រួល ជំរុញ និង​លើកទឹកចិត្ត​ដល់​ការបង្កើត​អាជីវកម្ម ប៉ុន្តែ​អ្នកជំនួញ​របស់​យើង​ដែល​បានធ្វើឱ្យ​កិច្ចព្រមព្រៀង​ជំនួញ​កើតឡើង​។

សរុប​សេចក្តី​មក ស្ថានភាព​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏ល្អ​ប្រសើរ​របស់​យើង នឹង​មិន​អាចធ្វើ​ទៅបាន​នោះទេ​បើ​គ្មាន​ការប្តេជ្ញាចិត្ត និង​ការលះបង់​ទាំងពី​វិស័យ​ឯកជន និង​សាធារណៈ​។ ទោះយ៉ាងណា ទំហំ​ពាណិជ្ជកម្ម​គិត​ចាប់ពី​ខែ​មករា ដល់​ខែមិថុនា​ឆ្នាំនេះ បាន​ថយចុះ​ ៤៦ ​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩​។ ការធ្លាក់ចុះ​តួលេខ​ក្នុង​ឆ្នាំ​នេះ​គឺ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ​១៩​។ ប្រសិន​បើ​មិន​មាន​បញ្ហា​ជំងឺ​កូវីដ​ទេ នោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​យើង​ប្រហែល​បន្ត​កើនឡើង​ខ្លាំង​ថែមទៀត​។ នេះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ជឿជាក់​ថា តួលេខ​របស់​យើង​នឹង​កើនឡើង​ម្តងទៀត​នៅ​ឆ្នាំ​ ២០២១ ឬក៏​ឆាប់​ជាង​នេះ​នៅពេល​ដែល​ជំងឺ​រាតត្បាត​មួយ​នេះ​ត្រូវ​បាន​បញ្ចប់​។

ចុះ​ចំពោះ​វិស័យ​ទេសចរណ៍​វិញ​?

ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ទ្វេភាគី គឺមាន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទេសចរណ៍​រវាង​ប្រទេស​យើង​ទាំង​ ២ ​មុនពេល​កូវីដ​ផ្ទុះឡើង ប៉ុន្តែ​ជាថ្មី​ម្តងទៀត​តួលេខ​ឆ្នាំនេះ​មាន​ការថយចុះ​គួរឱ្យ​កត់សម្គាល់ គឺ​ដោយសារ​តែ​ជំងឺ​នេះ​។ ដូច​ដែល​អ្នក​បានដឹង​ហើយ​ថា វិស័យ​ទេសចរណ៍​គឺជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​ដែល​រងគ្រោះ​ខ្លាំង​បំផុត​សម្រាប់​ប្រទេស​ជាច្រើន​។ ទោះយ៉ាងណា នៅពេល​កូវីដ​បាត់​ទៅវិញ ខ្ញុំ​មើលឃើញ​ថា​នឹងមាន​ការកើនឡើង​នៃ​ចំនួន​ផ្លាស់ប្តូរ​ទេសចរ​រវាង​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា ដោយសារ​មាន​តម្រូវការ​ជាច្រើន ប៉ុន្តែ​វា​ត្រូវបាន​ផ្អាក​ដោយសារ​បញ្ហា​កូវីដ​។

តើ​ប្រទេស​ម៉ាឡេស៊ី​អាច​យក​ប្រទេស​កម្ពុជា ជា​ច្រក​មួយ​ដើម្បី​នាំចេញ​អាហារ ហាឡាល់​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ដែរ​ឬ​ទេ​?

ប្រទេស​ម៉ាឡេស៊ី​បាន​ប្តេជ្ញាចិត្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​អភិវឌ្ឍ​ផ្នែក​អាហារ ហាឡាល់​របស់ខ្លួន​។

យើង​បាន​ធ្វើការ​ជាមួយ​គ្នា​ចាប់តាំងពី​ឆ្នាំ​ ២០១៦ ​មក ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សេចក្តីប្រាថ្នា​នេះ​។ កម្ពុជា​ពិតជា​បានបង្ហាញ​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​ក្នុង​ការកសាង​វិញ្ញាបនប័ត្រ ហាឡាល់ ដែល​ត្រូវការ​ជា​ចាំបាច់​។ ខ្ញុំ​ជឿជាក់​លើ​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ដែល​ជា​មជ្ឈមណ្ឌល​អាហារ ហាឡាល់ ដោយ​កម្ពុជា​មាន​សាសនិក​អ៊ីស្លាម​វ័យក្មេង​ច្រើន និង​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​យុទ្ធសាស្ត្រ​នៅ​ឥណ្ឌូចិន និង​អាស៊ាន​។ ហើយ​យើង​មាន​បំណង​ប្រាថ្នា និង​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការអភិវឌ្ឍ​វិស័យ​អាហារ​ហាឡាល់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជំងឺ​រាតត្បាត​កូវីដ​១៩ បាន​បង្កើត​កម្រិត​នៃ​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​ពីមុន ដូចជា​ចលនា​ប្រជាជន​ឆ្លងកាត់​ព្រំដែន ការផ្អាក​ជើងហោះហើរ និង​ការធ្លាក់ចុះ​អាជីវកម្ម​។ តើ​ប្រទេស​ទាំង​ ២ ​ដោះស្រាយ​បញ្ហា​ថ្មី​ទាំងនេះ​ដោយ​របៀប​ណា​ដែល​អាច​ជា​បញ្ហា​ដ៏ស្មុគស្មាញ​? តើ​បញ្ហា​ទាំងនោះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​មធ្យោបាយ​ទ្វេភាគី​ ឬ​តាមរយៈ​យន្តការ​អាស៊ាន​?

យើង​គួរតែ​រីករាយ និង​អរគុណ​ដែល​រដ្ឋាភិបាល​របស់​យើង​បាន​ធ្វើការ​យ៉ាងសកម្ម ហើយ​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​របស់​យើង​បញ្ឈប់​កុំ​ឲ្យ​ជំងឺ​កូវីដ​១៩ ឆ្លង​ចូលក្នុង​ព្រំដែន​របស់​យើង​។ ទោះយ៉ាងណា យើង​ត្រូវ​តែ​ចងចាំ​ថា​ការប្រយុទ្ធ​ប្រឆាំង​គឺ​នៅ​វែងឆ្ងាយ​។ ដោះស្រាយ​បញ្ហា​នេះ​ទាមទារ​ឱ្យមាន​វិធីសាស្ត្រ​ពហុវិស័យ​ពី​សំណាក់​រដ្ឋាភិបាល​។ យើង​មាន​យន្តការ​នៅ​កម្រិត​អាស៊ាន កម្រិត​ទ្វេភាគី និង​អាច​មាន​ការរៀបចំ​ផងដែរ ជាមួយ​ភាគី​ពាក់ព័ន្ធ ឬ​ប្រទេស​ទី​ ៣​។

ស្ថានភាព​ជំងឺ​កូវីដ​១៩​គឺជា​អ្វីដែល​គ្មាន​នរណាម្នាក់​ក្នុង​ចំណោម​យើង​ធ្លាប់​ឆ្លងកាត់​ពីមុន​ទេ​។ បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​ពីមុន​នេះ គឺ​ទាមទារ​ពេលវេលា​ក្នុង​ការដោះស្រាយ​។ ដោយសារ​តែ​ភាពថ្មោងថ្មី​នៃ​ជំងឺ​កូវីដ​១៩ និង​មាន​រឿងរ៉ាវ​ថ្មី​ជាច្រើន​ដែល​យើង​ត្រូវ​បន្ត​សិក្សា​បន្ថែម​អំពី​ជំងឺ​នេះ ហើយ​យន្តការ​ទាំងនេះ​ចាំបាច់​ត្រូវ​មាន​ភាពបត់បែន ដើម្បី​ទប់ស្កាត់​ជំនោរ​នៃ​ជំងឺ​នេះ និង​បន្ត​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់​យើង​៕