ការរៀនសូត្រក្នុងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ចាប់តាំងពីវ័យក្មេងបានជួយឲ្យលោក ឡាយ ឈុនហួរ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន City Rice Import Co., LTD ក្លាយជាពាណិជ្ជករដ៏ជោគជ័យមួយរូប។
ថ្លែងមកកាន់កាសែតភ្នំពេញប៉ុស្ដិ៍លោក ឡាយ ឈុនហួរ បានថ្លែងថាលោកបានរៀនសូត្រអំពីការគ្រប់គ្រងហិរញ្ញវត្ថុពីឪពុកម្ដាយរបស់លោកដែលជាអ្នកលក់គុយទាវ ហើយក្រោយមកក្លាយជាពាណិជ្ជករលក់អង្ករ។
លោកលើកឡើងថា៖ «ពីដំបូងខ្ញុំរៀនអំពីការគ្រប់គ្រងហិរញ្ញវត្ថុពីឪពុកម្ដាយរបស់ខ្ញុំ។ ដោយបានកើតនៅក្នុងគ្រួសារមួយដែលបានជាប់ទាក់ទងនឹងការធ្វើអាជីវកម្ម យើងបានបង្រៀនអំពីហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុនៅកម្រិតមូលដ្ឋាន»។
ប៉ុន្តែយុវជន ឈុនហួរ យល់ឃើញថាលោកចង់អភិវឌ្ឍជំនាញហិរញ្ញវត្ថុរបស់លោកថែមបន្តិចទៀត បន្ទាប់ពីការរៀនជំនាញបឋមនៅផ្ទះ។
លោក ឈុនហួរ ដែលមានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) ពីសាកលវិទ្យាល័យ California State University ទីក្រុង Long Beach ដែលសិក្សាលើមុខវិជ្ជាហិរញ្ញវត្ថុបានថ្លែងថា៖ «ខ្ញុំបានរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងសាលារៀនអាជីវកម្មក្នុងអំឡុងថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា»។
លោកបន្តថាចំណេះដឹងផ្នែកហិរញ្ញវត្ថុបានជួយឲ្យលោកបង្កើត និងកសាងគ្រប់ដំណាក់កាលនៃអាជីវកម្មរបស់លោក។
លោក ឈុនហួរ សង្កត់ធ្ងន់ថា៖ «វាជាផ្នែកមួយដែលមានសារៈសំខាន់ខ្លាំងបំផុតក្នុងការធានាភាពជោគជ័យរបស់ក្រុមហ៊ុន។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុដើរតួនាទីដ៏សំខាន់ក្នុងការបង្កើតអាជីវកម្មដំបូងរបស់ខ្ញុំការជួញដូរអង្ករ ហើយខ្ញុំគិតថាអាជីវកម្មណាមួយក៏ដោយត្រូវការចំណេះដឹងនេះ ដើម្បីភាពជោគជ័យនិងប្រកបដោយស្ថិរភាព»។
ខណៈដែលអាជីវកម្មកាន់តែរីកចម្រើន និងកើនឡើង ចំណេះដឹងផ្នែកហិរញ្ញវត្ថុបានបន្តដើរតួនាទីដ៏សំខាន់នៅក្នុងកំណើននេះ។
លោក ឈុនហួរ បន្ថែមថា៖ «យើងបានរីកចម្រើនចាប់តាំងពីមិនទាន់មាននរណាម្នាក់កាលពីឆ្នាំ ២០១១ នៅពេលក្រុមហ៊ុន City Rice ត្រូវបានបង្កើតឡើងជាលើកដំបូង ហើយនៅពេលនេះយើងបានក្លាយជារោងចក្រ និងក្រុមហ៊ុននាំចេញឈានមុខគេធំបំផុតលំដាប់ទី ២ កាលពីឆ្នាំ ២០១៨ បើគិតពីការលក់។ ចំណេះដឹងនៅក្នុងវិស័យនេះបានជួយពួកយើងក្នុងការបង្កើតផែនការហិរញ្ញវត្ថុដែលបានចៀសផុតពីវិបត្តិណាមួយនៅក្នុងលំហូរសាច់ប្រាក់របស់យើង និងបង្កើតកំណើនប្រកបដោយស្ថិរភាពក្នុងរយៈពេលខ្លី និងរយៈពេលវែង»។
នៅពេលចាប់ផ្ដើមអាជីវកម្មថ្មីមួយ ឬការពង្រីកអាជីវកម្មមួយដែលមានស្រាប់ ភាគច្រើនដៃគូ ឬបុគ្គលនោះប្រហែលជាគិតដល់ការខ្ចីបុល។
លោក ឈុនហួរ ឲ្យដឹងទៀតថាចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជួយដល់ប្រជាជនឲ្យយល់ដឹងពីសារៈសំខាន់ និងភាពត្រឹមត្រូវនៃការសងប្រាក់កម្ចីត្រឡប់ទៅវិញឲ្យទាន់ពេលវេលា និងពេញលេញ។ លោកបញ្ជាក់ថាលោកបានរៀនពីគ្រួសាររបស់លោកនូវទស្សនវិជ្ជាដ៏មានសារៈសំខាន់នៅពេលខ្ចីប្រាក់។
លោកថ្លែងថា៖ «យើងត្រូវបានបង្រៀនតាំងពីក្មេងថាកម្ចីមិនមែនជាប្រាក់របស់យើងនោះទេ។ វាជាកាតព្វកិច្ច និងការប្ដេជ្ញាចិត្តមួយ។ ការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុដូចជាការចំណាយជាថវិកា ការគ្រប់គ្រងគណនេយ្យដែលអាចទទួលយកបាន និងគណនេយ្យដែលអាចទូទាត់បានមានសារៈសំខាន់ទាំងអស់សម្រាប់ម្ចាស់ក្រុមហ៊ុន។ លំហូរសាច់ប្រាក់គឺជាសរសៃឈាមរបស់ក្រុមហ៊ុន។ យើងចាំបាច់ត្រូវគ្រប់គ្រងលំហូរសាច់ប្រាក់ឲ្យបានល្អជានិច្ចដើម្បីសងកម្ចីទាន់ពេលវេលា»។
លោក ឈុនហួរ បានឲ្យដឹងថាខណៈដែលចំណេះដឹងផ្នែកហិរញ្ញវត្ថុកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជាចំនួនប្រជាជនដែលយល់ដឹងពីហិរញ្ញវត្ថុនៅតែមានចំនួនតិចនៅឡើយ។ លោកបន្តថាខណៈដែលវាអាចមានលទ្ធភាពក្នុងការរកប្រាក់ និងរស់នៅក្នុងជីវិតមួយល្អប្រសើរ ហើយបើមិនមានការយល់ដឹងផ្នែកហិរញ្ញវត្ថុនោះនឹងមិនមានលទ្ធភាពក្នុងការបង្កើត ឬធ្វើឲ្យរីកចម្រើនដល់ក្រុមហ៊ុនរបស់លោកបានទេ។
លោកលើកឡើងថា៖ «ជានិច្ចកាលយើងអាចរកប្រាក់បាន ប៉ុន្តែដើម្បីធ្វើឲ្យក្រុមហ៊ុនរីកចម្រើនដល់កម្រិតណាមួយនោះ យើងចាំបាច់ត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ»។
លោក ហួរ ថ្លែងថា៖ «យើងត្រូវតែមានចំណេះដឹងផ្នែកហិរញ្ញវត្ថុដោយមិនគិតពីអាជីវកម្មអ្វីដែលយើងចង់ធ្វើនៅពេលអនាគតនោះទេ។ សម្រាប់យុវវ័យមានមធ្យោបាយជាច្រើនក្នុងការរៀនសូត្រ មានទាំងវគ្គខ្លី ឬទោះបីជាអានសៀវភៅស្ដីពីហិរញ្ញវត្ថុក៏ដោយ។ វាជាជំនាញមួយដែលកំណត់ថាអ្នកចាំបាច់ត្រូវហ្វឹកហាត់ដោយខ្លួនឯង ប្រសិនបើអ្នកចង់ធ្វើឲ្យរីកចម្រើនអ្វីក៏ដោយឲ្យតែអ្នកចង់ធ្វើនៅពេលអនាគត»៕