ស្ថិតនៅក្នុងចំណោមជាប្រទេសគោលដៅដើម្បីបន្តការសិក្សានៅកម្រិតឧត្តមសិក្សា រហូតដល់ថ្នាក់បណ្ឌិត និងរួមទាំងការសិក្សាមុនកម្រិតមហាវិទ្យាល័យផងនោះ នៅក្នុងចំណោមយុវជនកម្ពុជាជាច្រើន មានបំណងចង់ទៅបន្តការសិក្សារបស់ពួកគេនៅប្រទេសអូស្ត្រាលី បើទោះជាពួកគេមានសង្ឃឹមតិចតួចក៏ដោយ។
លោកបណ្ឌិត ដេត សុខឧត្តម (Sok Udom DETH) នាយកសាកលវិទ្យាល័យ Zaman (Cambodia) បានឲ្យដឹងថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនោរនៃគោលដៅបន្តការសិក្សារបស់សិស្ស-និស្សិតកម្ពុជានៅបរទេស គឺឈរនៅលេខរៀងទី ១ ប្រទេសសិង្ហបុរី និងទី ២ ប្រទេសអូស្ត្រាលី គឺជា«គោលដៅធំមួយសម្រាប់និស្សិតកម្ពុជាបន្តការសិក្សារបស់ពួកគេ» ព្រោះនៅអូស្ត្រាលី មាន«ប្រព័ន្ធអប់រំល្អ មានសាកលវិទ្យាល័យល្បីចំនួន ៣-៤ ដែលមានកេរ្តិ៍ឈ្មោះល្បីលំដាប់ពិភពលោក»។
លោកបន្តថា នៅទីនោះសិស្ស-និស្សិតមានឱកាសច្រើនក្នុងការចូលរៀន «ពួកគេផ្តល់ការទំនុកបំរុងបន្ថែមផ្នែកភាសាអង់គ្លេសដល់សិស្សពីបរទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរៀនសូត្ររបស់សាលានីមួយៗ»។
ជាទូទៅប្រព័ន្ធអប់រំនៅប្រទេសអូស្ត្រាលី គឺល្អ មានលក្ខណៈអំណោយផលច្រើនសម្រាប់ សិស្ស-និស្សិត ទៅពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជាជាដើម។ «គុណភាពការអប់រំរបស់គេល្អ តម្លៃនៃការចំណាយលើថ្លៃសិក្សា តម្លៃការស្នាក់នៅ និងការចំណាយផ្សេងៗនៅប្រទេសអូស្ត្រាលី ធូរជាងនៅតាមបណ្តាប្រទេសធំៗនៅទ្វីបអឺរ៉ុប និងនៅអាមេរិក ជាដើម» នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត សុខឧត្តម។
ដោយនិយាយ «ចំពោះនិស្សិតកម្ពុជា» គឺកាន់តែអំណោយផលច្រើន ដោយសារមានសហគមន៍ខ្មែររស់នៅទីនោះជាច្រើន សម្បូរបែបដោយម្ហូបអាហាររបៀបអាស៊ី និងកត្តាអាកាសធាតុពេលខ្លះប្រហាក់ប្រហែលគ្នាផងដែរ» នេះបើតាមសម្តីរបស់លោក សុខឧត្តម។
ទោះជាយ៉ាងណា លោក សុផាត់ រស្មី និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជីវៈចម្រុះ និងអភិរក្សធនធានធម្មជាតិ (Sophath Rasmei, student of Master Degree of Biodiversity and Conservation, RUPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា ៖ «តាមខ្ញុំបានដឹង និស្សិតកម្ពុជាស្ទើរតែ ១០០ ភាគរយ មានចំណាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី គ្រប់ៗគ្នា»។
ប៉ុន្តែដោយសារ «លក្ខណ្ឌលំបាកៗជាច្រើនទើបធ្វើឲ្យពួកយើងពុំអាចសម្រេចក្តីប្រាថ្នាខ្លួនឯងបាន» ដូចជា «គេទាមទារកម្រិតភាសាអង់គ្លេសខ្លាំង គឺ TOEFL 6.00 ឡើងទៅ និងត្រូវមានតារាងពិន្ទុប្រចាំឆមាស ឬឆ្នាំ GPA ក៏ត្រូវមានពិន្ទុខ្ពស់ល្អទៀត។ ដូច្នេះចំណុចទាំង ២នេះ និស្សិតកម្ពុជានៅមានកម្រិតនៅឡើយ» នេះបើតាមសម្តីរបស់លោក រស្មី។ នោះពុំទាន់និយាយដល់«ការស្រាវជ្រាវឯកសារជាច្រើន ឬក៏ការចុះកម្មសិក្សាផ្សេងៗទៀតផង»។
កញ្ញា ហ៊ុល រតនា វ័យជាង ២០ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ បានរអ៊ូរទាំថា ព័ត៌មានអំពីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី «មានតិចតួចមិនសូវទូលំទូលាយទេ បរិមាណក៏តិច ហើយភាគច្រើនគេផ្តល់ឱកាសឲ្យតែមន្ត្រីរាជការ» នៅតាមក្រសួងមន្ទីរនានាច្រើនជាងសម្រាប់ក្រុមនិសិត្ស ឬក៏សហគ្រាសឯកជន។
នាងបន្តថា ៖ «សម្រាប់រូបខ្ញុំបើមានឱកាសបន្តការសិក្សានៅឯបរទេស គឺប្រាកដជាជ្រើសរើសយកប្រទេសអូស្ត្រាលីហើយ ព្រោះនៅជិតប្រទេសយើងផង និងនៅទីនោះមានសហគមន៍ខ្មែររស់នៅច្រើន»។
លោកបណ្ឌិត សុខឧត្តម បន្ថែមថា បើនិយាយពី«ឱកាសស្វែងរកការងារធ្វើនៅអំឡុងពេលស្នាក់នៅសិក្សាវិញសម្រាប់និស្សិតនៅក្នុងប្រទេសអូស្ត្រាលី គឺមានភាពអំណោយផលល្អជាងនៅតាមបណ្តាប្រទេសធំៗ ដូចជាអាមេរិក និងអឺរ៉ុបជាដើម»។
លោកបណ្ឌិត កែន សិរីរដ្ឋា (Sereirotha KEM) ប្រធានអង្គការ WCS និងជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតឯកទេសបរិស្ថាន ធនធានធម្មជាតិ និងភូមិសាស្ត្រមនុស្ស នៃសាកលវិទ្យាល័យ Sydney University ក្នុងឆ្នាំ២០០៨-២០១៤ បានឲ្យដឹងថា ប្រព័ន្ធអប់រំរបស់អូស្ត្រាលី គេរៀបចំបានល្អ និងមានលក្ខណៈជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍។
«វគ្គ ឬ កម្មវិធីបង្រៀនរបស់ពួកគេ គឺឆ្លើយតបនឹងបរិបទបច្ចុប្បន្នតែម្តង និងមានការផ្លាស់ប្តូរបទពិសោធសម្រាប់និស្សិតទៅពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍» នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត សិរីរដ្ឋា។ នាពេលបច្ចុប្បន្ននេះ «ខ្ញុំមើលឃើញនិន្នាការ២ សម្រាប់អ្នកទៅសិក្សា ទី១-សិស្ស-និស្សិតគេនិយមទៅអាមេរិក និងអឺរ៉ុប ព្រោះគេបានដឹងអំពីភាពល្បីល្បាញ និងមានទាំងសាច់ញាតិរស់នៅប្រទេសទាំងនោះទៀតផង ចំណែកឯប្រទេសអូស្ត្រាលី មានព័ត៌មានតិចនៅក្នុងសង្គមកម្ពុជា»។
«ទី២-សម្រាប់អ្នកធ្លាប់បានឆ្លងកាត់ការងារផ្សេងៗហើយ ជាពិសេសការងារផ្នែកបរិស្ថានធម្មជាតិផងនោះពួកគេប្រាកដជាជ្រើសរើសយកអូស្ត្រាលីហើយ គឺដោយសារប្រទេសដីកោះនេះមានការគិតគូរអំពីបរិស្ថានធម្មជាតិខ្លាំងណាស់» នេះបើតាមសម្តីរបស់លោក សិរីរដ្ឋា។
លោកបណ្ឌិត សាត តារ៉ា សាស្ត្រាចារ្យផ្នែកវិស្វកម្ម និងសំណង់ បង្រៀននៅតាមសាកលវិទ្យាល័យជាច្រើននៅរាជធានីភ្នំពេញ បានថ្លែងថា តាមការអង្កេតដោយផ្ទាល់របស់លោក ភាគច្រើននៃនិស្សិតកម្ពុជាដែលបានទៅបន្តការសិក្សានៅបរទេស រួមទាំងទៅអាមេរិក អឺរ៉ុប អាស៊ី និង អូស្ត្រាលី នោះ គឺ «ពួកគាត់ភាគច្រើនជាកូនអ្នកមានជីវភាពធូរធារ» ហើយពួកហ្នឹងគេមានលទ្ធភាពសិក្សាបានច្រើនទើបគេមានឱកាសធ្វើតេស្តជាប់អាហាររូបករណ៍ទៅរៀននៅក្រៅប្រទេស។
លោក តារ៉ា បន្តថា ៖ «អ្នកខ្លះពេលត្រឡប់មកពីបន្តការសិក្សាវិញ ពួកគាត់ត្រូវបានឪពុកម្តាយឲ្យទៅគ្រប់គ្រងក្រុមហ៊ុន ឬ គ្រប់គ្រងពាណិជ្ជកម្មរបស់ក្រុមគ្រួសារតែម្តង ដល់អ៊ីចឹងទៅតម្លៃនៃការសិក្សាជាច្រើនឆ្នាំនៅឯបរទេសរបស់ពួកគាត់ពុំបានឆ្លុះបញ្ចាំងទៅតាមការសិក្សា ឬអាហារូបករណ៍នោះទេ»។
ម្យ៉ាងទៀតវាក៏អាចខាតបង់ដល់ថវិកាជាតិផងដែរ «ប៉ុនែ្តបើពួកគាត់ទៅសិក្សានៅក្រៅប្រទេសដោយការចំណាយប្រាក់ឯកជនរបស់ក្រុមគ្រួសារនោះ វាគឺជារឿងត្រឹមត្រូវទេ» ហើយពួកគេក៏ផ្ចិតផ្ចង់តម្រូវមុខវិជ្ជា និងអាជីវកម្មនៅតាមគ្រួសាររបស់ពួកគាត់ផងដែរ។
ទាំងលោកបណ្ឌិត ដេត សុខឧត្តម និងលោក សាត តារា បានថ្លែងថា ពួកលោកពុំមានតួលេខជាក់លាក់នៃចំនួនសិស្សនិស្សិតកម្ពុជា បានជាប់អាហារូបករណ៍ និងទៅរៀនតាមរបៀបបង់ប្រាក់ជាឯកជននៅអូស្ត្រាលីទេ។
ចំណែកលោក រស់ សាលីន មន្ត្រីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា ពុំអាចទំនាក់ទំនងសុំធ្វើការអត្ថាធិប្បាយអំពីចំនួន សិស្ស-និស្សិតកម្ពុជា បានទៅរៀននៅអូស្ត្រាលីនោះទេ៕