ជូន​ចំពោះ​មិត្ត​រួម​ជាតិ​ម៉ាឡេស៊ី​ទាំងអស់

ថ្ងៃទី​ ៣១ ខែ​សីហា គឺជា​ថ្ងៃ​ដែល​យើង​ប្រារព្ធ​វា​បុណ្យជាតិ​ខួប​លើក​ទី​ ៦៣ របស់​​យើង និង​ខួប​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ម៉ាឡេស៊ី​ និង​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​យើង​រំឭក​ឡើងវិញ​នូវ​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ គឺ​នៅពេល​ដែល​នាយករដ្ឋមន្ត្រី​ដំបូង​របស់​យើង​គឺ​លោកនាយក​រដ្ឋមន្ត្រី Tunku Abdul Rahman បាន​សាទរ​ដោយ​ប្រកាស​ពាក្យ​ «Merdeka» ចំនួន​ ៧ ​ដង និង​បាន​អាន​សេចក្តី​ប្រកាស​ឯករាជ្យ​ឆ្នាំ​ ១៩៥៧ នៅ​ចំពោះមុខ​ប្រជាជន​ម៉ាឡេស៊ី​រាប់ពាន់នាក់​។ ក្រៅពី​ការអបអរសាទរ​ទិវា​បុណ្យជាតិ​របស់​យើង យើង​ក៏​សូម​រំឭក​ដល់​អ្នក​ដែល​បាន​លះបង់​ដើម្បី​សុវត្ថិភាព និង​សុខដុមរមនា​សម្រាប់​ប្រជាជាតិ​ជាទី​ស្រឡាញ់​របស់​យើង​ផងដែរ​។

ការប្រារព្ធ​ទិវា​បុណ្យជាតិ​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​ប្រធានបទ​ «Malaysia Cares» ហើយ​ក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ សារៈសំខាន់​នៃ​ការរួបរួម​គ្នា​គឺ​សំខាន់​ខ្លាំងណាស់​។ ទន្ទឹម​នឹង​ការប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​នេះ យើង​ត្រូវ​តែ​បន្ត​ឆ្ពោះ​ទៅមុខ និង​ធ្វើការ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​ប្រទេស​ដោយ​ផ្អែកលើ​កម្លាំង​នៃ​សាមគ្គីភាព​របស់​យើង​។

យើង​ត្រូវ​ការរួបរួម និង​សាមគ្គីភាព​ច្រើនជាង​ពេលណាៗ​ទាំងអស់​។ សូមឱ្យ​យើង​ពង្រឹង​ការតាំងចិត្ត​របស់​យើង ដើម្បី​អាច​សម្រេច​បាន​នូវ​គោលដៅ​ដ៏អស្ចារ្យ​របស់​យើង​ទាំងអស់​។ ផ្លូវ​ខាង​មុខ​នៅ​វែងឆ្ងាយ ការឡើង​ទៅ​ទី​ខ្ពស់​របស់​យើង​គឺ​ចោត​ខ្លាំង យើង​ប្រហែល​មិន​អាច​ទៅដល់​ទីនោះ​ឆាប់ៗ​ទេ ប៉ុន្តែ​ខ្ញុំ​សូម​សន្យាថា ក្នុង​នាម​ជា​ក្រុម យើង​នឹង​ទៅដល់​ទីនោះ​នៅ​ថ្ងៃ​ណាមួយ​។ យើង​អាច ហើយ​យើង​នឹង​ឆ្លងកាត់​ឧបសគ្គ​នេះ​បាន​!

នៅពេល​យើង​ជួប​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច​ករណី​វិបត្តិ​ជំងឺ​កូវីដ​១៩ យើង​ត្រូវតែ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ហើយ​ក្រៅពី​មិត្ត​រួម​ជាតិ​ម៉ាឡេស៊ី យើង​ក៏​មិន​ភ្លេច​សហគមន៍​មូលដ្ឋាន​ដែរ​។ ខ្ញុំ​រីករាយ​ណាស់​ដែល​គំនិត​ផ្តួចផ្តើម​កម្មវិធី​ «​យើង​យកចិត្ត​ទុកដាក់ និង​ចែករំលែក​» (We Care, We Share) របស់​ស្ថានទូត គឺ​យើង​បាន​ជួយ​ចែករំលែក​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន​។ លើសពីនេះ​ទៀត កម្មវិធី​ «​យើង​យកចិត្ត​ទុកដាក់ និង​ចែករំលែក​» ​គឺ​ស្រប​គ្នា​ជាមួយ​ប្រធានបទ​ទិវា​បុណ្យជាតិ​ក្នុងឆ្នាំនេះ​។

ដូច្នេះ​ខ្ញុំ​មាន​ក្តីសោមន្ស​រីករាយ​ខ្លាំងណាស់ ដែល​ប្រជាជន​ម៉ាឡេស៊ី​ជាច្រើន​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដ៏ប្រពៃ​នេះ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ខ្វះខាត​ខ្លាំង​។ យើង​ក៏​បន្ត​ចូលរួម​ជាមួយ​មិត្តភក្តិ​កម្ពុជា​របស់​យើង​តាមរយៈ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ​ម៉ាឡេស៊ី និង​ជួបជុំ​អតីត​និស្សិត​ផងដែរ​។ ការចូលរួម​បែប​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បានដឹង​អំពី​ភាពជឿនលឿន​របស់​អតីត​និស្សិត ខណៈ​ដែល​ពួកគេ​ក៏​ជា​សមាជិក​ផ្លូវការ​នៃ​សមាគម​ «Friends of Malaysia»​។ ក្នុង​ឆ្នាំ​នេះ​ក៏មាន​ជើងហោះហើរ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​ម៉ាឡេស៊ី​ជាង​ ៥០០ ​នាក់​បាន​វិលត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ​ដោយ​សុវត្ថិភាព​ដែល​រៀបចំ​ដោយ​ក្រុមការងារ​របស់ខ្ញុំ​។

ប៉ុន្តែ​វា​មិនមែន​ចុងបញ្ចប់​នៃ​ការងារ​របស់​យើង​ទេ​។ នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​យើង​ត្រូវ​ការជួយជ្រោមជ្រែង ហើយ​យើង​នឹង​នៅ​ទីនោះ​ជាមួយ​ពួកគេ​។ ពេល​នេះ​គឺជា​ពេលដែល​យើង​ត្រូវ​បង្ហាញ​ស្មារតី​ស្នេហា​ជាតិ មោទនភាព​ជាតិ និង​ក្ដី​ស្រឡាញ់​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​។ បុគ្គលិក​របស់ខ្ញុំ​និង​រូបខ្ញុំ បាន​ដោត​ទង់ជាតិ (Jalur Gemilang) នៅ​ជុំវិញ​បរិវេណ​ស្ថានទូត ហើយ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​ជនរួមជាតិ​ម៉ាឡេស៊ី​ទាំងអស់​ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​សូម​ដោត​ទង់ជាតិ​របស់​យើង​ឲ្យ​ខ្ពស់​ត្រដែត​!

ទោះបី​ជា​យើង​មិនអាច​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ​ដូចដែល​យើង​ធ្លាប់ធ្វើ​ក្តី ក៏​វា​មិនគួរ​ជាហេតុផល​ដែល​មិនឱ្យ​យើង​រីករាយ​ដែរ សូម​ឲ្យ​យើង​ប្រកាន់ខ្ជាប់ និង​លើកកម្ពស់​ថែមទៀត​នូវ​ភាពសុខដុមរមនា និង​ការស្នេហា​ជាតិ​របស់​យើង និង​ប្រកាន់ខ្ជាប់​របៀបវារៈ​នៃ​ការកសាង​ប្រទេសជាតិ​។

អ្វីដែល​ធ្វើឱ្យ​ទិវា​បុណ្យជាតិ​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​នេះ​កាន់តែ​ពិសេស​ និង​រំភើប​ទៀត​នោះ​គឺ​ប្រជាជន​ម៉ាឡេស៊ី​ ៦៣ ​នាក់​ (​បញ្ជាក់​ពីថ្ងៃ​កំណើត​គម្រប់​ខួប ៦៣ ​ឆ្នាំ​របស់​ជាតិ​យើង​) មកពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​នឹង​មក​ជុំគ្នា​នៅ​ថ្ងៃទី​ ៣០ ​ខែ​សីហា​ក្នុងនាម​ជា​ប្រជាជាតិ​មួយ​នៅលើ​ទឹកដី បរទេស​ដើម្បី​ជិះ​កង់ និង​ម៉ូតូ​ក្នុង​ព្រឹត្តិការណ៍​ « Merdeka Ride» ដើម្បី​រំឭក​ដល់​អ្នក​ដែល​បាន​តស៊ូ និង​លះបង់​ដើម្បី​យើង​ទាំងអស់​គ្នា​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​មិត្ត​រួម​ជាតិ​ម៉ាឡេស៊ី​ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដើម្បី​ធ្វើឲ្យ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ជោគជ័យ​។

ជា​ចុងក្រោយ ខ្ញុំ​ក៏​សូម​ជូនពរ​ដល់​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា

«Selamat Menyambut Hari Kebangsaan»​។ សូម​ចាំ​ថា​យើង​មាន​មោទនភាព​ណាស់​ដែល​បាន​ហៅ​ប្រទេស​ម៉ាឡេស៊ី​ជា​ផ្ទះ​របស់​យើង​។

អ្វីៗ​ទាំងអស់​គឺ​មកពី​សក្តានុពល​នៃ​ការដែល​យើង​មាន​វប្បធម៌​ចម្រុះ ពហុសាសន៍ ពហុភាសា និង​មាន​ម្ហូបអាហារ​ដ៏ឈ្ងុយឆ្ងាញ់ ដែល​វា​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​សង្គម​របស់​យើង​។ សូម​ឲ្យ​គ្រប់គ្នា​មាន​សុខសុវត្ថិភាព និង​រួមគ្នា​ធ្វើដំណើរ​ឆ្ពោះ​ទៅ រក​ជ័យជម្នះ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​។

សូម​អរគុណ សូម​ព្រះ​ប្រទានពរ​ដល់​អ្នក​ទាំងអស់​គ្នា និង​សូម​ព្រះ​ប្រទានពរ Malaysia Prihatin !

ឯកឧត្តម ELDEEN HUSAINI MOHD HASHIM, ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។