ការយល់ដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី គឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ សម្រាប់ការរួមចំណែកឈានទៅលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសលើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី»។ នេះបើតាមលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជាដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា។
លោកជំទាវថ្លែងថា៖« នៅពេលដែលស្ត្រីមានលទ្ធភាព និងសមត្ថភាពកាន់តែសកម្មក្នុងតួនាទីរកប្រាក់ចំណូលនឹងមានភាពអង់អាចផ្នែកសេដ្ឋកិច្ច ដែលឈានទៅមានឥទ្ធិពលក្នុងការចូលរួមចំណែកឱ្យសុខមាលភាពរបស់ពួកគេ និងគ្រួសារកាន់តែប្រសើរឡើង»។
លោកជំទាវបានលើកឡើងផងដែរអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីក្នុងសហគ្រិនភាព។
លោកជំទាវបន្ថែមថា៖ «ការវិនិយោគលើសកម្មភាពសេដ្ឋកិច្ចសម្រាប់ស្ត្រីគឺជាមធ្យោបាយដែលធ្វើឱ្យមានប្រសើរឡើងនូវឱកាស ការងារ សម្រាប់ស្ត្រី និងធ្វើឱ្យជីវភាពគ្រួសារមានភាពប្រសើររួមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពប្រសើរឡើងនូវការទទួលបាននូវសេវាសុខភាព អាហារូបត្ថម្ភ និងអប់រំសម្រាប់ស្ត្រី ក្មេងស្រី និងគ្រួសារទាំងមូល»។
លោកជំទាវ ច័ន្ទ សូរីយ៍ បន្តថា៖ « មានន័យថាស្ត្រី និងគ្រួសារកាន់តែមានលទ្ធភាពច្រើនជាងមុនក្នុងការទទួល និង ប្រើប្រាស់សេវា ហិរញ្ញវត្ថុក្នុងទំហំកាន់តែធំជាងមុន និងមានប្រសិទ្ធភាពខ្ពស់»។
លោកជំទាវសង្កត់ធ្ងន់ថាការទទួលបានការសេវាគាំទ្រផ្នែកហិរញ្ញវត្ថុ មិនមែនជាមធ្យោបាយតែមួយសម្រាប់ការអភិវឌ្ឍអាជីវកម្ម និងការរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ប៉ុន្តែសមត្ថភាពផ្នែកហិរញ្ញវត្ថុគឺជាចំណែកដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍ អាជីវកម្ម និងគ្រួសារប្រចាំថ្ងៃ។
«នៅកម្ពុជាស្ត្រីតែងតែត្រូវបានចាត់ទុកជាមនុស្សដ៏សំខាន់ក្នុងការរក្សាទុក និងគ្រប់គ្រងថវិកានៅក្នុងគ្រួសារ។ នៅពេលដែលស្ត្រីមានចំណេះដឹងផ្នែកហិរញ្ញវត្ថុមានភាពប្រសើរឡើងបានជួយឱ្យតួនាទីរបស់ស្ត្រីក្នុងការគ្រប់គ្រងថវិកានៅក្នុងគ្រួសារកាន់តែមានភាពសំខាន់ក្នុងការប្រើប្រាស់ថវិកាមានភាពប្រសើរជាងមុន»។ នេះបើតាមលោកជំទាវ ច័ន្ទ សូរីយ៍។
យោងតាមរបាយការណ៍របស់អង្កេតចន្លោះជំរឿន សហគ្រាសកម្ពុជាឆ្នាំ២០១៤ របស់ក្រសួងផែនការនៅក្នុងចំណោមសហគ្រាសសរុបចំនួន ៥១៣.៧៥៩ សហគ្រាសមានសហគ្រាសប្រមាណ ៦១% ដែលដឹកនាំដោយស្ត្រី ហើយនៅក្នុងនោះភាគច្រើនជាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (SME) «បច្ចុប្បន្ននៅកម្ពុជា យើងមានសហគមសហគ្រិនជាស្ត្រីចំនួន ០២ គឺសហគម សហគ្រិនស្ត្រីកម្ពុជា (CWEA) និងសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា (CWBF) ដែលមានសមាជិកសរុបរបស់ខ្លួនប្រមាណជាង ៥០០។ យោងតាមរបាយការណ៍របស់សមាគមទាំង ២ នៅក្នុងកិច្ចប្រជុំជាមួយសមាជិករបស់ខ្លួនបានបង្ហាញថាការទទួលសេវាហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូច និងមីក្រូ នៅតែជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមចម្បងៗរបស់ខ្លួន» ។
លោកជំទាវលើកឡើងទៀតថា៖« នៅក្នុងកម្មវិធីថ្ងៃនេះយើងនឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីក្នុងសហគ្រិនភាព»។
លោកជំទាវបន្តថាកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ៥០% (ពី ២៧% មក ១៣%) ត្រឹមឆ្នាំ ២០២៥» (យោងសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥) ។
« ចំណុចនេះគឺជាធាតុចូលសំខាន់មួយក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ និងផែនការយុទ្ធសាស្ត្រនារីរតនៈទី ៥ ឆ្នាំ ២០១៩-២០២៣ ជាពិសេសលើយុទ្ធសាស្ត្រទី ១ ស្តីពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី »។
លោកជំទាវបានបញ្ជាក់ទៀតថាតាមរយៈកិច្ចសហប្រតិបត្តិការនេះយើងមានលទ្ធផលរំពឹងទុកចំនួន ៣៖
១. បង្កើនការយល់ដឹងស្តីពីហិរញ្ញវត្ថុដល់ស្ត្រីនៅតាមសហគមន៍ និងបណ្តាញរបស់ក្រសួងកិច្ចការនារី ។
២. សម្របម្រួលក្នុងការស្វែងរកមធ្យោបាយសមស្របក្នុងការលើកកម្ពស់ការទទួលបានឥណទានសម្រាប់សហគ្រិនស្ត្រីក្នុងការប្រកបមុខរបរសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ។
៣. សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការបង្កើតសហគ្រិនភាពសម្រាប់យុវតីនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា៕