ស្រប​ជាមួយ​នឹង​ព្រឹត្តិការណ៍​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ​ធនាគារ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ធនាគារ​កណ្ដាល​គ្រោង​នឹង​បង្កើត​សង្គម​មួយ​ដែល​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។

តើ​អ្វី​ជា​គោលបំណង​សំខាន់​របស់​ NBC ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​អង្គារ​នេះ​?

គោលបំណង​របស់​យើង​នឹង​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សាធារណៈជន រដ្ឋាភិបាល និង​វិស័យ​ធនាគារ​។ ក្រៅពី​នេះ យើង​ចង់​ជូន​ដំណឹង​ដល់​សាធារណៈជន​ពី​ផែនការ​រយៈពេល​វែង​របស់​យើង​ជាពិសេស​ផែនការ​របស់​យើង​ក្នុង​ការដាក់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅក្នុង​កម្មវិធី​អប់រំ​ថ្នាក់ជាតិ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ពី​សាធារណៈជន និង​វិស័យ​ឯកជន ដើម្បី​បង្កើន​កម្រិត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា និង​ការពារ​អតិថិជន ដោយសារ​តែ​ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​នវានុវត្តន៍​យ៉ាង​ឆាប់រហ័ស​នៃ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​។

ការលើក​កម្ពស់​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​របៀបវារៈ​គោលនយោបាយ​ដ៏សំខាន់​របស់​ NBC សូម​ពន្យល់​អំពី​សារៈសំខាន់​នៃ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​?

រដ្ឋាភិបាល​បាន​ទទួល​យក​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៦-២០២៥ ជា​ផែន​ទមគ្គទេ្ទសក៍ ដើម្បី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​។ យុទ្ធសាស្ដ្រ​នេះ​បាន​ផ្ដល់​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​ការដើរតួនាទី​ដ៏សំខាន់​នៅក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។ ហើយ​ការពង្រឹង​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់គ្នា និង​ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវ​បាន​បង្កើត​ឡើង​ជា​របៀបវារៈ​ដ៏មាន​អាទិភាព​។

ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺ​និយាយ​អំពី​ការអប់រំ​ប្រជាជន​ឲ្យ​ប្រើប្រាស់​សេវា​ និង​ផលិតផល​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ផលចំណេញ​។ ដូច្នេះ​ហើយ​ការបង្កើន​កម្រិត​ជីវភាព​រស់នៅ​របស់​ពួកគេ​កាន់តែ​ងាយស្រួល​។ ការសិក្សា​បាន​បង្ហាញ​ថា​ប្រជាជន​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នឹង​អាច​ធ្វើ​ការសម្រេចចិត្ត​ប្រសើរ​ជាង​អ្នក​ដែល​មិន​មាន​ចំណេះដឹង​ផ្នែក​នេះ​។

តើ​អ្វី​ជា​សារ​ដែល NBC មាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ហើយ​តើ​អ្នកណា​គឺជា​អ្នក​ចូលរួម​ដ៏សំខាន់​?

ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដើរតួនាទី​សំខាន់​ក្នុង​ការធ្វើឲ្យ​ជីវិត​របស់​ប្រជាជន​កាន់តែ​ប្រសើរ និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​លុបបំបាត់​ភាពក្រីក្រ​។ ​អាស្រ័យ​ហេតុនេះ​សារ​ដ៏សំខាន់​របស់​យើង​នៅ​ថ្ងៃ​នេះ​គឺ​ «​ដោយសារ​មាន​តម្រូវការ​ក្នុង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ទីភ្នាក់ងារ​រដ្ឋាភិបាល វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការដាក់​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ទាំង​ធនធាន​មនុស្ស និង​ហិរញ្ញវត្ថុ​ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​»​។ អ្នក​ចូលរួម​ជា​ទិសដៅ​ដ៏សំខាន់​របស់​យើង​គឺ​យុវវ័យ​កម្ពុជា​ដែល​យើង​ជឿថា​នឹង​ជា​ថាមពល​ដ៏សំខាន់​សម្រាប់​ការអភិវឌ្ឍ​របស់​ប្រទេស​នេះ​។ យើង​ជឿជាក់​ថា យុវជន​ទាំងនោះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការពាំនាំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ដល់​សាច់ញាតិ​មិត្តភ័ក្ត​របស់​ពួកគេ​។

តើ​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ NBC ជួយ​បង្កើន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ចំណោម​ប្រជាជន​ដែរ​ឬ​ទេ​?

ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវ​បាន​កំណត់​ជា​របៀបវារៈ​របស់​NBC​។ រហូត​មក​ដល់​ពេលនេះ NBC បាន​ដឹកនាំ​កម្មវិធី​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាច្រើន​សម្រាប់​សាធារណៈជន​ប្រជាជន​នៅតាម​ជនបទ សិស្ស អាជ្ញាធរ​មូលដ្ឋាន​។ តាម​គំនិត​ផ្ដួចផ្ដើម​នេះ​យើង​បាន​សង្កេត​ឃើញ​ថា​មាន​កំណើន​ទំនុកចិត្ត​លើ​វិស័យ​ធនាគារ ហើយ​ប្រជាជន​បាន​ផ្លាស់ប្តូរ​ទម្លាប់​របស់​ពួកគេ​ពី​ការ​ទុក​ប្រាក់​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ទៅ​ជា​ការដាក់​ប្រាក់​បញ្ញើ​នៅក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ​។

ប្រជាជន​អាច​មាន​លទ្ធភាព​ប្រើប្រាស់​កម្ចី​កាន់​តែ​មាន​ប្រសិទ្ធភាព​ផង​ដែរ​។ គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​ប្រជាជន​កាន់តែ​ច្រើន​កំពុង​ប្រើប្រាស់​សេវា​ផ្ញើ​ប្រាក់ និង​សេវា​ទូទាត់​ពី​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​យើង​។

ប្រធានបទ​នេះ​បាន​ក្លាយ​ជា​បញ្ហា​បន្ទាន់​មួយ សូម្បីតែ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយសារ​តែ​បំណុល​កើនឡើង​ខ្លាំង​បន្ត​ការបារម្ភ​ដល់​អ្នក​ធ្វើ​គោលនយោបាយ និង​រដ្ឋាភិបាល​។ តើ​ NBC ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រទេស​កម្ពុជា​ដូចម្ដេច​?

វា​ជា​ការពិត​ដែល​ថា​បំណុល​កើនឡើង​ខ្លាំង​តែងតែ​ជា​ប្រធានបទ​គួរ​ឲ្យ​បារម្ភ​មួយ ប៉ុន្តែ​វា​មិនមែន​ជា​ករណី​សម្រាប់​ប្រទេស​កម្ពុជា​នៅពេល​នេះ​ទេ​។ មូលហេតុ​ទី​​ ១ NBC បាន​ចេញ​ប្រកាស​ស្ដីពី​ការ​គណនា​អត្រា​ការប្រាក់​ដែល​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ នៅពេល​នេះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​គិត​អត្រា​ការប្រាក់​លើ​ចំនួន​សរុប លើ​ប្រាក់កម្ចី​ពី​ធនាគារ​។

ទី​ ២ NBC បាន​ចេញ​ប្រកាស​ស្ដីពី​ការចែករំលែក​ព័ត៌មាន​ឥណទាន​ជា​កន្លែង​ដែល​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តម្រូវ​ឲ្យ​ដាក់​ព័ត៌មាន​ហិរញ្ញវត្ថុ​អតិថិជន ទៅក្នុង​ការិយាល័យ​ឥណទាន​កម្ពុជា និង​ត្រួតពិនិត្យ​រាល់​ព័ត៌មាន​ទាំងអស់​របស់​អតិថិជន​មុនពេល​ផ្ដល់​កម្ចី​។ ទី​ ៣ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​បង្កើត​គោលការណ៍​ណែនាំ​ផ្ដល់​កម្ចី​រួម​របស់​ពួកគេ​ដែល​សមាជិក​ទាំងអស់​យល់ព្រម​ក្នុង​ការផ្ដល់​កម្ចី​ដោយ​ភាព​ទទួល​ខុសត្រូវ និង​សីលធម៌ ទី​ ៤ NBC រៀបចំ​យុទ្ធនាការ​យល់ដឹង​ជា​សាធារណៈ​ជា​បន្តបន្ទាប់​ស្ដីពី​បញ្ហា​នៅ​គ្រប់​ខេត្ត​ផង​ដែរ​។

NBC បាន​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេងៗ ឧទាហរណ៍ កម្មវិធី «​តោះ​និយាយ​ពី​លុយ​» និង​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ដើម្បី​ស្ដាប់​ការត្អូញត្អែរ​របស់​សាធារណៈជន​។ តើ​គម្រោង​ទាំងអស់​នេះ​មាន​ប្រសិទ្ធភាព​ដូចម្ដេច​ដែរ​?

NBC បាន​ដឹកនាំ​កម្មវិធី​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាច្រើន​។ កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ទាំងនោះ​គឺ «​ចូរ​យើង​និយាយ​អំពី​ប្រាក់​» ដែល​ក្រុម​ការងារ​របស់​ NBC បាន​បង្កើត​សៀវភៅ​កំប្លែង វីដេអូក្លិប ទំព័រ​ហ្វេសប៊ុក និង​កម្មវិធី​ដែល​ហៅថា​ការអប់រំ​របស់ NBC​។ អ្នកចូលរួម​ដ៏សំខាន់​របស់​យើង​គឺ​យុវជន និង​ក្មេងៗ​ហើយ​យើង​សម្រេច​បាន​លទ្ធផល​ដ៏ធំ​។ លើស​ពី​នេះ​ក្រុម​របស់​យើង​បន្ត​ទៅ​សួរសុខទុក្ខ​ក្មេងៗ​តាម​សាលារៀន ដើម្បី​ផ្ដល់​ដល់​ពួកគេ​នូវ​សម្ភារ​ទាំងនេះ​ដើម្បី​អប់រំ​ពួកគេ​។

NBC បាន​ទទួល​ស្គាល់​ថា​អតិថិជន​នៅពេល​ប្រឈម​នឹង​បញ្ហា​ ឬ​មិន​ច្បាស់លាស់​អំពី​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​មួយ​ចំនួន ពួកគេ​មិន​ដឹង​កន្លែង​ណា​ត្រូវ​ស្វែងរក​ជំនួយ ហើយ​នោះ​គឺជា​មូលហេតុ​ដែល​ NBC បង្កើត​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ (៥ ​ខ្សែ​នៅ​ការិយាល័យ​កណ្ដាល និង​មួយ​ខ្សែ​នៅ​តាម​សាខា​តាម​ខេត្ត​របស់​ NBC) ដើម្បី​ជួយ​ដល់​អតិថិជន​ផ្នែក​ហិរញ្ញវត្ថុ​។ បន្ទាប់ពី​ការដាក់​ឲ្យ​ដំណើរការ​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ទាំងនេះ ក្រុម​របស់​យើង​បាន​ទទួល​ការ​ត្អូញត្អែរ​ជាច្រើន ជាពិសេស​ពី​តំបន់​ជនបទ​។

តើ​សង្គម​ដែល​មាន​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​ដូចម្ដេច​? តើ​វា​អាច​បង្កើន​ភាព​ប្រកួតប្រជែង ប្រសិទ្ធភាព​ទីផ្សារ និង​ជួយ​ក្នុង​ការលុបបំបាត់​ភាពក្រីក្រ​បាន​ដែរ​ឬ​ទេ​?

ច្បាស់​ណាស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នឹង​ជួយ​ដល់​អតិថិជន​ផ្នែក​ហិរញ្ញវត្ថុ គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​កាន់តែ​ប្រសើរ​ធ្វើឲ្យ​ជីវិត​របស់​ពួកគេ​កាន់តែ​ប្រសើរ និង​កាន់តែ​មាន​ផាសុកភាព និង​ជួយ​ដល់​ពួកគេ​ក្នុង​ការចូលរួម​នៅក្នុង​សកម្មភាព​សង្គម និង​ទីបំផុត​ជួយ​ពួកគេ​ចេញ​ផុត​ពី​អន្ទាក់​ភាពក្រីក្រ​។ អតិថិជន​អាច​ជ្រើសរើស​សេវា និង​ផលិតផល​ហិរញ្ញវត្ថុ​ដែល​ត្រូវ​តាម​តម្រូវការ និង​សមត្ថភាព​របស់​ពួកគេ​។ ចាប់ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ពួកគេ​ចាំបាច់​ត្រូវ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​មាន​គុណភាព​កាន់តែ​ច្រើន​កាន់តែ​មាន​សមត្ថភាព​ប្រកួតប្រជែង​កាន់តែ​មាន​ប្រសិទ្ធភាព និង​ងាយស្រួល ដើម្បី​រក្សា​អតិថិជន​របស់​ពួកគេ​។

តើ​ការរៀនសូត្រ​អំពី​ការគ្រប់គ្រង​ប្រាក់​ជួយ​ក្នុង​ការលើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ​?

ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​និយាយ​អំពី​សមត្ថភាព​ក្នុង​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ​។ នេះ​អាច​ដាក់​បញ្ចូល​ការគ្រប់គ្រង​ប្រាក់ ការប្រើប្រាស់​កម្ចី​ត្រឹមត្រូវ ការប្រឹក្សា​យោបល់​។​ល​។ ដរាប​ណា​អតិថិជន​មាន ចំណេះដឹង និង​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​ច្បាស់​ណាស់​ពួកគេ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវា​ហិរញ្ញវត្ថុ​ទាំងនេះ ហើយ​ទីបំផុត​ជំរុញ​ឲ្យ​ពួកគេ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ផងដែរ​។

យោង​តាម​ការសិក្សា កម្រិត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា រក្សា​ក្នុង​ចំនួន​ ១៨ ​ភាគរយ​ដែល​ទាប​ខ្លាំង​ធៀប​នឹង​ដៃគូ​អាស៊ាន​របស់ខ្លួន​។ តើ​វិធានការ​អ្វី​ដែល​ NBC ធ្វើ​ឡើង​ដោយ​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏សំខាន់​នេះ​?

យើង​បាន​ចាត់វិធានការ​ជាច្រើន​ដូចជា​កម្មវិធី​ការលើក​កម្ពស់​ការយល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន ការដាក់​ឲ្យ​ប្រើប្រាស់​យន្តការ​ការពារ​អតិថិជន​ប្រកប​ដោយ​ប្រសិទ្ធភាព ការអនុវត្ត​ច្បាប់​កាន់តែ​ច្រើន និង​ការត្រួតពិនិត្យ​របស់​ NBC លើ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បន្ត​ភាព​ជា​ដៃគូ​របស់​ NBC ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​បន្ត​ពង្រឹង​ការបង្កើន​សមត្ថភាព​សម្រាប់​មន្ដ្រី​របស់​ NBC ។

តើ​អ្វី​ជា​បញ្ហា​ប្រឈម​ដ៏សំខាន់​ដែល​ NBC ប្រឈម​ក្នុង​ការលើក​កម្ពស់​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​នេះ​?

បញ្ហា​ប្រឈម​មួយ​ចំនួន​គឺ​ឧបសគ្គ​ផ្នែក​ធនធាន​ទាំង​មនុស្ស ចំណេះដឹង និង​ទិដ្ឋភាព​ហិរញ្ញវត្ថុ​។ អាស្រ័យ​ហេតុនេះ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ត្រូវការ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ហើយ​គោលបំណង​មួយ​ក្នុង​ចំណោម​គោលបំណង​សំខាន់ៗ​ជាច្រើន​នៃ​កម្មវិធី​នៅ​ថ្ងៃនេះ​នឹង​អំពាវនាវ​ឲ្យ​មាន​ការសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើ​ការងារ​រួមគ្នា​ក្នុង​ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។

យោង​តាម​ក្រុម​អ្នកជំនាញ ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់ ដោយសារ​តែ​វា​ដើរតួនាទី​ដ៏សំខាន់​នៅក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​គ្រួសារ និង​សកម្មភាព​សហគ្រាស​ផងដែរ​។ តើ​ NBC អនុវត្ត​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ដ្រី​ដែរ​ឬ​ទេ​?

NBC ​បាន​ដឹកនាំ​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​សាធារណៈជន​ជាទូទៅ​ដែល​មាន​ន័យ​ថា សម្រាប់​ទាំង​បុរស និង​ស្ដ្រី​។ ប៉ុន្តែ​យើង​ពិតជា​មាន​គោលបំណង​របស់​យើង​ក្នុង​ការធ្វើឲ្យ​ស្ដ្រី​មាន​លទ្ធភាព​ក្នុង​ការទទួល​បាន​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​។ NBC កំពុង​សហការ​ជាមួយ​ក្រសួង​កិច្ចការនារី ដើម្បី​លើក​កម្ពស់​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ស្ត្រី​៕