STEM គឺជា​កម្មវិធីសិក្សា​ថ្មី​បំផុត​សម្រាប់​ការអប់រំ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​។

STEM គឺជា​អក្សរ​កាត់​ដែល​ផ្តោត​ទៅ​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។

មុខវិជ្ជា​ទាំងនេះ​គឺ​គ្របដណ្ដប់​នៅ​គ្រប់ផ្នែក​នៃ​​ជីវិត​រស់នៅ​របស់​យើង​នៅក្នុង​សម័យ​ទំនើប​នេះ​។

កម្មវិធីសិក្សា​មុខវិជ្ជា STEM គឺជា​វិធីសាស្ដ្រ​ចម្រុះ​មួយ​សម្រាប់​សិស្ស​និស្សិត​រៀនសូត្រ​អំពី​​មេរៀន​ជាក់ស្តែង​របស់​ពិភពលោក​ដែល​មាន​គោលបំណង​ជំរុញ និង​លើកទឹកចិត្ត​ដល់​សិស្ស​​និស្សិត​ឲ្យ​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ប្រកួតប្រជែង​នៅក្នុង​យុគសម័យ​សេដ្ឋកិច្ច​ថ្មី​។

ជាទូទៅ STEM គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​កម្មវិធីសិក្សា​នៅ​ទូទាំង​ពិភពលោក​។ ចំណុច​ដ៏សំខាន់​បំផុត​នៃ​កម្មវិធីសិក្សា​លើ​មុខវិជ្ជា STEM ​គឺ​ដើម្បី​រៀបចំ​សិស្ស​និស្សិត​នៅ​ថ្ងៃ​នេះ​សម្រាប់​អាជីព​ការងារ​នៅ​ថ្ងៃ​អនាគត​។ ជា​ប្រភេទ​ការងារ​ដែល​ផ្តោតលើ​ការវិភាគ​ស៊ីជម្រៅ​នៃ​ជំនាញ​វិជ្ជាជីវៈ និង​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​ដែល​ជា​កត្តាចាំបាច់​។ STEM គឺ​ជំរុញ​ការដោះស្រាយ​បញ្ហា​តាមរយៈ​ចំណេះដឹង​ការច្នៃប្រឌិត និង សមត្ថភាព​ក្នុង​ការវិភាគ​ហេតុផល​។

គម្រោង STEM Roadshow Bus ផ្តួចផ្តើម​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថានទូត​អង់គ្លេស​។ រូបថត British Embassy/ Facebook

ខ្លឹមសា​នៃ​កម្មវិធីសិក្សា STEM នៅលើ​ទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​របស់​យើង​គឺ​ផ្តោតលើ​វិធីសាស្ត្រ​សិក្សា និង​កម្មវិធី​ជំនាញ STEM ថា​​តើ​វា​មានន័យ​ដូចម្តេច​? ហេតុអ្វី​បាន​ជា​វា​មាន​​សារៈសំខាន់​? តើ​អ្វី​ជា​លទ្ធផល​វិជ្ជមាន​?

តើ STEM ត្រូវអនុវត្ត​នៅ​តាម​ស្ថាប័ន​សិក្សា​​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ដូចម្តេច​?

ទន្ទឹម​នឹង​នេះដែរ​ក្រៅពី​បង្ហាញ​អំពី​កម្មវិធីសិក្សា​​មុខវិជ្ជា STEM កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក៏​បាន​សម្ភាស​ជាមួយ​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​មួយ​នេះ​ទៅតាម​ទស្សនៈ​ផ្សេងៗ​របស់​ពួកគេ​ជុំវិញ​ជំនាញ STEM ដែល​ជួយ​ពង្រឹង​និស្សិត​នៅ​ថ្ងៃ​នេះ​សម្រាប់​ឱកាស​ការងារ​នៅ​ថ្ងៃ​​អនាគត​។

ខណៈ​ដែល​ឧស្សាហកម្ម​កាន់តែ​ច្រើន​មាន​ការប្រកួតប្រជែង​ខ្លាំង​ដោយសារ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ដូច្នេះ​សិស្ស​និស្សិត​នាពេល​បច្ចុប្បន្ន​​ត្រូវ​តែ​មាន​ជំនាញ​មួយ​ច្បាស់លាស់​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ឧស្សាហកម្ម​ដែល​កំពុង​ផ្លាស់ប្តូរ​មិនអាច​ចៀស​រួច​នៅ​ថ្ងៃ​អនាគត​។

វិធីសាស្ត្រ​ដែល​អនុវត្ត​នៅក្នុង​កម្មវិធីសិក្សា STEM នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​សិស្ស​និស្សិត​ឲ្យ​កាន់តែ​រឹងមាំ​ដើម្បី​មាន​លទ្ធភាព​​ទទួល​បាន​អាជីព​ការងារ​ល្អ​នា​ពេល​អនាគត​ក៏ដូចជា​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការផ្លាស់ប្តូរ​ដ៏​ឆាប់រហ័ស និង​ដើម្បី​ធ្វើ​ទំនាក់ទំនង​ប្រកប​​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ហើយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៅ​គ្រប់​វិស័យ​។

ទាំង​ក្រុម​អ្នក​ជំនាញ​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ក្រៅ​ប្រទេស​សុទ្ធតែ​បាន​មើលឃើញ​អំពី​ឱកាស​ការងារ​កើនឡើង​សម្រាប់​និស្សិត​ដែល​បញ្ចប់​ការសិក្សា​លើ​ជំនាញ STEM នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។ ការអភិវឌ្ឍ​នៅ​កម្ពុជា​នឹង​ក្លាយ​ជា​កូនសោ​គន្លឹះ​ដើម្បី​ឆ្លើយតប​ឱកាស​ការងារ​ដែល​កំពុង​កើនឡើង​ហើយ​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​កើនឡើង​នេះ​នឹង​ជួយ​ជុំរុញ​វិស័យ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ល្អ​​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​នាពេល​អនាគត​។

ប្រទេស​កម្ពុជា​ត្រូវការ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​លើ​ជំនាញ STEM ដើម្បី​បំពេញ​គម្លាត​ការងារ​ដែល​កើនឡើង​ខ្លាំង​ ខណៈ​កម្ពុជា​​កំពុង​រីកចម្រើន​ក្នុង​ល្បឿន​មួយ​ដ៏លឿន​មិន​ធ្លាប់​​មាន​ពីមុន​។ មុខវិជ្ជា STEM និង​វិធីសាស្ត្រ​​សិក្សា​ជំនាញ STEM ត្រូវ​បាន​អនុវត្ត​ដោយ​​ផ្ទាល់​សម្រាប់​អនាគត​អាជីព​ការងារ​នៅក្នុង​វិស័យ​មួយ​ចំនួន​ដែល​កំពុង​អភិវឌ្ឍន៍​ដូចជា​វិស័យ​សំណង់ ផលិតកម្ម សុខភាព និង​វិស័យ​​ផ្សេងៗ​ទៀត​ជាច្រើន​។

ការរីកចម្រើន​នៅក្នុង​វិស័យ​អប់រំ​ក៏ដូចជា​កំណើន​​សេដ្ឋកិច្ច​ឌីជីថល​ថ្មី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​មាន​ន័យ​ថា​សាលារៀន​កាន់តែ​ច្រើន​​ឡើងៗ​មាន​សម្ភារ​សិក្សា និង​បុគ្គលិក​សិក្សា​មាន​សមត្ថភាព ដើម្បី​សម្រួល​ដល់​កម្មវិធី​សិក្សា​​លើ​ជំនាញ STEM នាពេល​អនាគត​។ ដើម្បី​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ​អំពី​កម្មវិធីសិក្សា​ជំនាញ STEM និង​លទ្ធភាព​ទទួល​បាន​​ឱកាស​ការងារ​សម្រាប់​និស្សិត​ដែល​បញ្ចប់​ការសិក្សា​លើ​ជំនាញ STEM សូម​អាន​នៅ​ទំព័រ​ខាង​ក្នុង​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃ​នេះ​៕