សេដ្ឋកិច្ចរបស់កម្ពុជាគឺជាសេដ្ឋកិច្ចដែលរីកលូតលាស់លឿនជាងគេបំផុតមួយនៅក្នុងពិភពលោក។ ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងរង្វង់ ៧ ភាគរយក្នុង ១ ឆ្នាំ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏លឿននេះ និស្សិតកម្ពុជាកាន់តែច្រើនមានលទ្ធភាពក្នុងការបន្តការសិក្សារបស់ពួកគេនៅក្រៅប្រទេស។
យោងតាមរបាយការណ៍ Open Doors ឆ្នាំ ២០១៨ បានឲ្យដឹងថា និស្សិតកម្ពុជាដែលសិក្សានៅសហរដ្ឋអាមេរិកបានកើនឡើងពី ៥១២ នាក់ក្នុងឆ្នាំ ២០១៧ ដល់ ៦៥៩ នាក់នៅក្នុងឆ្នាំ ២០១៨ ពោលគឺកើនឡើងចំនួន ២៨,៧ ភាគរយ។
និស្សិតកម្ពុជាភាគច្រើនចង់ទៅសិក្សានៅសហរដ្ឋអាមេរិក និងចាត់ទុកថាគ្រឹះស្ថានឧត្តមសិក្សារបស់សហរដ្ឋអាមេរិកគឺមានគុណភាពខ្ពស់បំផុត។ ជាពិសេសនិស្សិតកម្ពុជាកាន់តែច្រើនចាប់អារម្មណ៍សិក្សានៅតាមមហាវិទ្យាល័យសហគមន៍អាមេរិកដោយសារតែវាមានតម្លៃសមរម្យ និងងាយស្រួលចូលរៀន។
ការសិក្សាភាសាអង់គ្លេសគឺជាអាទិភាពសម្រាប់ប្រទេសកម្ពុជា។ ភាសាអង់គ្លេសគឺជាមុខវិជ្ជាដ៏សំខាន់នៅថ្នាក់មធ្យមសិក្សា ហើយនៅតាមសាកលវិទ្យាល័យកម្ពុជាភាគច្រើន ភាសាអង់គ្លេសគឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការបង្រៀន។ ពលរដ្ឋកម្ពុជាបានយល់ដឹងអំពីសារៈសំខាន់នៃភាសាអង់គ្លេស ដើម្បីជួយលើកកម្ពស់អាជីពការងាររបស់ពួកគេនាពេលអនាគតឲ្យកាន់តែប្រសើរ។
តើអ្វីជាបរិបទសម្រាប់ថ្នាក់ឧត្តមសិក្សានៅកម្ពុជា?
ពលរដ្ឋកម្ពុជាដល់អាយុចូលរៀននៅសាកលវិទ្យាល័យកាន់តែមានចំនួនច្រើន។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៧០ ភាគរយមានអាយុក្រោម ៣៥ ឆ្នាំហើយយុវជនកាន់តែច្រើនកំពុងខិតខំប្រឹងប្រែងបន្តការសិក្សារបស់ពួកគេរហូតដល់ចប់ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។
ចំនួនសាលារៀនឯកជនដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដែលអាចជួយរៀបចំនិស្សិតកម្ពុជាឲ្យត្រៀមខ្លួនបានកាន់តែប្រសើរ ដើម្បីស្របតាមតម្រូវការរបស់មហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។
ភាគរយសិស្សានុសិស្សកម្ពុជាដែលបានបញ្ចប់ថ្នាក់វិទ្យាល័យ និងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដោយសារតែសាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំជាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជាមានកំណើនយ៉ាងខ្លាំង៕