ការយល់ឃើញ និងការវាយតម្លៃអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាអាចមានភាពស្មុគស្មាញបន្តិច។ ប៉ុន្តែលោកបណ្ឌិតអ៊ិន ចាន់នី ដែលជាធនាគារិកជើងចាស់បានពន្យល់អំពីបរិបទនេះយ៉ាងជាក់លាក់បំផុត។
លោកបណ្ឌិត អិុន ចាន់នី ដែលជាប្រធានសមាគមធនាគារនៅកម្ពុជាបានថ្លែងថា៖ «ខ្ញុំឲ្យតម្លៃវាខ្ពស់បំផុត»។
លោកលើកឡើងដោយចង់សំដៅទៅដល់សកម្មភាពធនាគារនៅថ្នាក់មូលដ្ឋានដែលមានកម្រិតខ្ពស់ ដែលត្រូវបានអនុវត្តជារៀងរាល់ថ្ងៃពីសំណាក់ប្រជាជនកម្ពុជានៅតាមធនាគារនានា។
ការយល់ឃើញរបស់លោកអាចខុសគ្នាបន្តិចពីការរកឃើញរបស់អង្គការអន្តរជាតិមួយចំនួនដែលថា ការអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជាគឺនៅទន់ខ្សោយនៅឡើយ។
លោកលើកឡើងថា៖ «ប្រជាជនជាច្រើននៅក្នុងប្រទេសកម្ពុជា យល់ដឹងអំពីសេវាធនាគារ និងហិរញ្ញវត្ថុជាមូលដ្ឋានទាំងនេះ និងបានប្រើប្រាស់សេវាទាំងនោះដោយប្រាជ្ញា និងភាពវៃឆ្លាត ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ»។
លោកបណ្ឌិតបានបញ្ជាក់ថា៖ «ប្រសិនបើពួកគេត្រូវការកម្ចី អតិថិជនអាចជ្រើសរើសទៅកាន់ធនាគារពាណិជ្ជ ធនាគារឯកទេស ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ»។
និយមន័យនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចមានភាពពិបាកបន្តិច ហើយថែមទាំងពិបាកក្នុងការឲ្យនិយមន័យផងដែរ ហើយការអត្ថាធិប្បាយរបស់លោកបណ្ឌិត ចាន់នី អាចបើកចំហដល់ការតស៊ូមតិផ្សេងទៀត។
យោងតាមរបាយការណ៍វិទ្យាស្ថានធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០១៧ បាបង្ហាញថា ពិន្ទុជារួមនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាគឺ ១១,៥ ក្នុងចំណោម ៣០ ប្រទេស ដែលត្រូវបានធ្វើជាគំរូ ដែលចាត់ជាចំណាត់ថ្នាក់ទាប។
ប៉ុន្តែលោកបណ្ឌិត ចាន់នី ប្រកាន់ខ្ជាប់នូវការពិតរបស់លោក។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន បានផ្ដល់កម្ចីជាង ៩០ ភាគរយ ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) និងជាង ១០០ ភាគរយនៃប្រាក់សន្សំ និងប្រាក់បញ្ញើធៀបនឹង GDP កាលពីឆ្នាំ ២០១៨។ សេវាទូទាត់ទាំងនេះ ត្រូវបានផ្ដល់នៅទូទាំងប្រទេស។
មានធនាគារពាណិជ្ជប្រហែល ៤៣ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៨ កំពុងប្រតិបត្តិការនៅក្នុងប្រទេស កម្ពុជា។
ការពិតចង្អុលបង្ហាញថា វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជានៅតែរឹងមាំ ហើយសាធារណជន ត្រូវបានជូន ដំណឹងអំពីទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ ចាប់ពីសេវាប្រាក់សន្សំ និងកម្ចី រហូត ដល ការ ផ្ទេរប្រាក់ ដូចដែលលោកបានពន្យល់។
លោកបញ្ជាក់ថា៖ «វាមិនពិបាកទេក្នុងការយល់ដឹងអំពីសេវាធនាគារ និងហិរញ្ញវត្ថុជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា គេគួរតែយល់ដឹងថា មូលដ្ឋានសេវាធនាគារ និងហិរញ្ញវត្ថុគឺ ការសន្សំប្រាក់ និងការទូទាត់។
លោកបណ្ឌិត ចាន់នី ដែលជាប្រធានធនាគារអេស៊ីលីដាដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជាផងដែរនោះ ថ្លែងថា៖ «ការពិតនៅក្នុងប្រទេសកម្ពុជា គឺថា លទ្ធភាពទទួល បានសេវាហិរញ្ញវត្ថុគឺខ្ពស់បំផុត វាបានបង្ហាញថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាខ្ពស់។ គេមិនគួរសន្និដ្ឋានថា អតិថិជនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិតនោះទេ»។
ប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនធ្វើឡើងនៅតាមបញ្ជររបស់ធនាគារពាណិជ្ជណាមួយ គឺការសន្សំប្រាក់ កម្ចី ឬការផ្ទេរមូលនិធិ។
លោកបន្ថែមថា៖ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺច្បាស់ណាស់ បើមិនមានអតិថិជនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុទេ នោះនឹងមានការពិបាក ក្នុងការយល់ដឹងពីផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ហើយនឹងមានលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុទាប»។
កម្ពុជាមិនមែនជាប្រទេសវ័យក្មេងទៀតទេ ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលមានភាពចាស់ទុំ ដោយមានស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ចរឹងមាំ ហើយប្រទេសនេះមាននិយតករដ៏រឹងមាំ ជាពិសេសធនាគារជាតិនៃកម្ពុជា (NBC)។
កម្ពុជាកំពុងស្ថិតក្នុងក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបរួចទៅហើយ ត្រូវបានព្យាករថា នឹងប្រែក្លាយទៅជាក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យមត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។
លោកថ្លែងថា៖ «ប្រទេសភាគច្រើននៅលើពិភពលោក ជាពិសេសបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍មានធនាគារ និងហិរញ្ញវត្ថុជាមូលដ្ឋាន នៅក្នុងកម្មវិធីសិក្សានៅថ្នាក់បឋមសិក្សារបស់ពួកគេ ហើយកម្ពុជាគួរតែមានវាដូចជាប្រទេសផ្សេងទៀតដែរ ដើម្បីបង្កើននិងកែលម្អចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សាធារណជនទូទៅ»៕