អ្នកជំនាញ​ខាង​មីក្រូ​ជីវសាស្ត្រ​ជនជាតិ​បារាំង​លោក Louis Pasteur បាន​បង្កើត​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​ដំបូង​គេ​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ​ ១៨៨៥ ហើយ ១៣៥ ឆ្នាំ​ ក្រោយមក​វិទ្យាស្ថាន​ដែល​ដាក់ឈ្មោះ​តាម​ឈ្មោះ​របស់លោក កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ការប្រយុទ្ធប្រឆាំង​ជំងឺ​មួយ​នេះ​។

មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត (RPC) នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​បើក​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​ ១៩៩៥​។ អស់​រយៈពេល​ ២៥ ​ឆ្នាំ​មកនេះ RPC បាន​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ដល់​មនុស្ស​ជាង ៥០០ ០០០ ​នាក់​ដែល​រងរបួស​ដោយសារ​សត្វ​ខាំ​មកពី​ទូទាំង​ប្រទេស​។

សារៈសំខាន់​នៃ​សេវាកម្ម​ដែល​មជ្ឈមណ្ឌល​ផ្តល់ឱ្យ​នេះ​គឺ​ធំធេង​ណាស់​ដោយ​គិត​ជា​មធ្យម​មាន​អ្នកជំងឺ​ថ្មី ២០ ០០០ ​នាក់​ ក្នុង​ ១ ​ឆ្នាំ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០០ ​មក តែ​ចំនួន​នេះ​បាន​កើនឡើង​ដល់​ជិត ៨០ ០០០ ​នាក់​កាលពី​ឆ្នាំមុន​។

«​ការបង្ការ​ជំងឺ​ឆ្កែឆ្កួត នៅឯ RPC យើង​មាន​ផ្តល់​សេវាកម្ម​ទាំង​សម្រាប់​ការពារ​ក្រោយ​រងរបួស​ដោយ​សត្វ​ខាំ ដែល​ជា​សេវាកម្ម​អាទិភាព​របស់​យើង ហើយ​ក៏មាន​ផ្តល់​សេវាកម្ម​បង្ការ​មុន​សត្វ​ខាំ​ផងដែរ​»​។

«​គោលដៅ​នៃ​ការស្រាវជ្រាវ​ដ៏សំខាន់​មួយ​គឺ​ដើម្បី​លើកកម្ពស់​ការទទួល​បាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត បន្ទាប់ពី​មាន​របួស​ដោយ​សត្វ​ខាំ​។ យោងតាម​ការស្រាវជ្រាវ​ដ៏ធំ​មួយ​របស់ IPC, អង្គការ​សុខភាព​ពិភពលោក​បានផ្តល់​អនុ​សាសន៍​សម្រាប់​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​ឱ្យបាន​ឆាប់រហ័ស​»​។

វេជ្ជបណ្ឌិត Peng Yiksing ប្រធាន​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បាន​ថ្លែងថា​៖ «​អនុសាសន៍​នេះ​គឺមាន​អត្ថប្រយោជន៍​ណាស់ ការចាក់​វ៉ាក់សាំង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​តែ​ ១ ​សប្តាហ៍ ប៉ុណ្ណោះ​ហើយ​បរិមាណ​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើ​គឺមាន​តិច​សម្រាប់​អ្នកជំងឺ​ម្នាក់​។ ការសិក្សា​ស្រាវជ្រាវ​ដទៃទៀត​ក៏ត្រូវ​បានធ្វើ​ឡើង​ផងដែរ​»​។

មជ្ឈមណ្ឌល​បាន​និយាយថា ការឆ្លង​ជំងឺ​ឆ្កែឆ្កួត​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ចម្បង​ទាក់ទង​នឹង​សត្វ​ឆ្កែ​។ ចំនួន​សត្វ​ឆ្កែ​ធំៗ​នៅក្នុង​ប្រទេស​គឺ​ឆ្កែ​ ១ ​ក្បាល​សមាមាត្រ​មនុស្ស​ ៣ ​ទៅ​ ៤ ​នាក់​ដែល​ធ្វើឱ្យមាន​ការចម្លង​វីរុស​។ កត្តា​មួយទៀត​គឺ​អវត្តមាន​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​សម្រាប់​សត្វ​ឆ្កែ​។

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្កែឆ្កួត​បន្ថែមទៀត RPC បាន​ធ្វើការ​អភិវឌ្ឍ​ជាច្រើន​រួមមាន​ការបើក​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត​ចំនួន​ ២ ​បន្ថែមទៀត​គឺ​នៅក្នុង​ខេត្ត​បាត់ដំបង​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៨ និង​នៅ​ខេត្ត​កំពង់ចាម​កាលពី​ខែកក្កដា​ឆ្នាំ​មុន​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ការព្យាបាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ សមាជិកភាព​របស់​បេឡា​ជាតិ​របបសន្តិសុខ​សង្គម​ត្រូវ​បាន​អនុវត្ត​នៅ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ចំនួន​ ៣ ​នៅ​កម្ពុជា​។

«​ក្នុង​ឆ្នាំ​ ២០១៩ ប្រជាជន​ចំនួន ១៥ ០៧០ ​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្គួត (PEP) នៅ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ខេត្ត​បាត់ដំបង ហើយ​មនុស្ស ១១ ១២៣ នាក់​ផ្សេងទៀត​ទទួល​បាន​ការចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​ខេត្តកំពង់ចាម​»​។

លោក Yiksing ថ្លែងថា​៖ «​ទិន្នន័យ​បានបង្ហាញ​ថា សេវាកម្ម​នេះ​អាច​ទទួលបាន​កាន់តែ​ងាយស្រួល​ដោយសារ​មាន​មនុស្ស​កាន់តែ​ច្រើន​អាច​ទទួលបាន​សេវា​នេះ ហើយ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​កំពុង​បង្ហាញថា​វា​មាន​អត្ថប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​ប្រជាជន​ក្នុង​តំបន់​។

RPC បាន​និយាយថា ក្នុង​ករណី​មាន​ឆ្កែ​ខាំ មុខរបួស​ត្រូវ​សម្អាត​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​រយៈពេល​ ១០ ​ទៅ​ ១៥ នាទី​ដោយ​ប្រើ​ទឹក និង​សាប៊ូ និង​ថ្នាំ​សម្លាប់​មេរោគ​។ ការប្រើប្រាស់​ឱសថ​បុរាណ​គួរតែ​ត្រូវ​ចៀសវាង​។

ដើម្បី​កាត់បន្ថយ​ការស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​លោក Yiksing ថ្លែងថា វិទ្យាស្ថាន​ប៉ាស្ទ័រ​បានដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​រយៈពេល​ ៥ ​ឆ្នាំ​សម្រាប់​ឆ្នាំ​ ២០១៨-២៣ ដោយ​មាន​ការសហការ​ជាមួយ​ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​អប់រំ​។

អង្គការ​សុខភាព​ពិភពលោក អង្គការ​សុខភាព​សត្វ (OIE) អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធ​សកល​សម្រាប់​ការត្រួតពិនិត្យ​ជំងឺ​ឆ្កែឆ្កួត​បាន​ដាក់​គោលដៅ​លុបបំបាត់​ការស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​នៅត្រឹម​ឆ្នាំ​ ២០៣០ ហើយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅតែ​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​។

លោក Yiksing បន្តថា​៖ «​ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ជា​ផ្នែក​មួយ​នៃ​សហគមន៍​អាស៊ាន​ និង​ជា​ផ្នែក​មួយ​នៃ​វិធីសាស្ត្រ​សកល​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្កែឆ្កួត​ឆ្ពោះទៅរក​គោលដៅ​លុបបំបាត់​ការស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ត្រឹម​ឆ្នាំ​ ២០៣០​។ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នឹង​បន្ត​ចូលរួម​ក្នុងការ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​ឆ្ពោះទៅរក​ការសម្រេច​បាន​គោលដៅ​នេះ​»៕