វិធី​រាំ​តាម​ចង្វាក់​ភ្លេង​ជា​លំហាត់​ប្រាណ​ឃើញ​មាន​ជាង ២ ​ទសវត្សរ៍​មក​ហើយ​នៅ​កម្ពុជា​។ ដោយឡែក​នៅក្នុង​រាជធានី​ភ្នំពេញ រៀងរាល់​ព្រឹក​ព្រហាម និង​ពេល​ល្ងាច​មាន​ក្រុម​មនុស្ស​ក្មេង​ចាស់​ស្រី​ប្រុស​ចម្រុះ​វ័យ តែងតែ​នាំ​គ្នា​ហាត់ប្រាណ​នៅ​តាម​សួនច្បារ និង​តាម​ទីធ្លា​សាធារណៈ​នានា ប៉ុន្តែ​វិធី​ហាត់ប្រាណ​កំពុង​ពេញនិយម​នោះ​គឺ​ការ​រាំ និង​ពេល​ខ្លះ​ធ្វើ​កាយវិការ​កាយសម្ព័ន្ធ​ផ្សេងៗ​អាស្រ័យ​តាម​គ្រូ​បង្គោល​នីមួយៗ​របស់​ពួកគេ​។

សួនច្បារ​ដ៏​ជា​ទីពេញនិយម​សម្រាប់​ការហាត់​ប្រាណ​បែប​រាំ​នេះ គឺ​នៅ​សួនច្បារ​ជុំវិញ​ពហុកីឡដ្ឋាន​ជាតិ​ (​ស្តាត​អូឡាំពិក​) សួនច្បារ​តាម​មាត់ទន្លេ សួនច្បារ​មុខ​វត្តបទុម សួនច្បារ​ផ្សារចាស់ សួនច្បារ​ក្បែរ​ក្រសួង​ការពារជាតិ សួន​នានា​នៅ​តំបន់​កោះពេជ្រ និង​សួន​ប្រជាធិបតេយ្យ​ថ្មី​តាម​ផ្លូវ​ជាតិ​លេខ​ ៥ ជាដើម​។

លោក ស ភ័ក្ត មាន​អាយុ​​ ៣៥ ​ឆ្នាំ​ធ្វើការ​នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​ក្នុង​ស្រុក​មួយ​បាន​ថ្លែង​ថា ការងារ​ដែល​រូបគាត់​តែងតែ​ដឹកនាំ​គេ​រាំ​នៅ​សួនច្បារ​មាត់ទន្លេ​នេះ គឺ​ពុំមែន​ជា​ចំណង់​ចំណូលចិត្ត ឬ​ដើម្បី​រក​ចំណូល​ទេ ហើយ​វា​ជា​រឿង​ចៃដន្យ​ផង «​ខ្ញុំ​ចាត់​ទុក​វា​ជា​ការ​ហាត់​ដើម្បី​សុខភាព និង​លម្ហែ​ខួរក្បាល​» រួច​ឆ្លៀត​ប្រមូលប្រាក់​តិចតួច​ប្រមាណ​ពី​ ១២០០០ ទៅ​ ២០០០០ ​រៀល​ (៣-៥ ​ដុល្លារ​) គ្រាន់​បង់ថ្លៃ​ភ្លើង និង​ឧបករណ៍​ផ្សេង​ទៀត​។ ទម្រាំ​ស៊ាំ​ជាមួយ​ការងារ​រាំ និង​ពេល​ខ្លះ​មាន​ទាំង​ស្រែក​នៅ​តាម​ទីសាធារណៈ​បែប​នេះ​គាត់​បាន​ចំណាយពេល​ព្យាយាម​ហាត់ប្រាណ​ជាមួយ​កាស​ស្តាប់​ជាប់​ត្រចៀក​តាំង​ពី​ឆ្នាំ​ ២០១៥ ​មក​ម្ល៉េះ ខណៈ​ពេល​ដែល​គ្រូពេទ្យ​បាន​ប្រាប់​លោក​ថា «​ខ្លួន​គាត់​ (​ភ័ក្ត​) ​មាន​បញ្ហា​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ខ្ពស់​»​។

អ្នក​ហាត់ប្រាណ​តាម​របៀប​រាំ​នៅ​ពី​ក្រោយ​លោក ភ័ក្ត មាន​គ្នីគ្នា​ជាង​ ១០ ​នាក់​ភាគច្រើន​ជា​ស្ត្រីៗ​ដែល​ពួកគាត់​មាន​វ័យ​ចាប់ពី​ជាង​ ៣០ ​ឆ្នាំ​រហូត​ដល់​ ៥០ ​ឆ្នាំ​។ «​ពួកគាត់​ភាគច្រើន​ជា​អាជីវករ​តូចតាច និង​ជា​អ្នក​ធ្លាប់​មាន​បញ្ហា​សុខភាព​ទៀត​ផង​ជាពិសេស​ជំងឺ​លើស​ឈាម និង​ទឹកនោមផ្អែម​។ ដល់​ពេល​ពួកគាត់​មក​ហាត់ប្រាណ​ (​រាំ​) ​បែកញើស​រៀងរាល់​ព្រឹក​អ៊ីចឹង​ទៅ​ពួកគាត់​ថា សម្រាន្ត​លក់​ស្រួល ស្រួល​ខ្លួន​ (​សុខភាព​ល្អ​) និង​សូម្បីតែ​រោគ​ឈឺក្បាល ឬ​ផ្តាសាយ​ក៏​ពួកគាត់​ពុំ​ជួប​ប្រទះ​ញឹកញាប់​ដូច​មុន​ដែរ រីឯ​សម្ពាធ​ឈាម​ក៏​ប្រសើរ​ឡើងវិញ​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ភ័ក្ត​។ «​ដល់​អ៊ីចឹង​ទៅ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ គិតថា​ដូចជា​បាន​ទាំង​បុណ្យ​ផង រីឯ​សុខភាព​របស់​ខ្ញុំ​ផ្ទាល់​ក៏​ប្រសើរ​ដែរ គឺ​លែង​មាន​បញ្ហា​ទៀត​ហើយ​»​។

ងាក​មក​ក្រឡេក​មើល​ការហាត់​ប្រាណ​ដើម្បី​យក​រាងកាយ​ល្អ​តាម​របៀប​ថ្មី​ម្យ៉ាង​ហៅថា Zumba ស្រប​ទៅ​តាម​ជា​ស្តង់ដារ បទ​ភ្លេង និង​តាម​លំនាំ​ ឬ​កាលវិភាគ​ជា​អន្តរជាតិ​នា​បច្ចុប្បន្ន​នេះ​ផង​ដែរ​កញ្ញា Nita Mao(​ម៉ៅ នីតា​) ​ជា​គ្រូបង្ហាត់​រាំ Zumba (Zumba Instructor) ​បាន​ឲ្យ​ដឹងថា នាង​បាន​ក្លាយ​ជា​គ្រូបង្ហាត់ Zumba កាលពី​ឆ្នាំ​ ២០១៧ កន្លង​មក​ហើយ​ «​ក្នុង​កម្រិត​អន្តរជាតិ គេ​ទទួល​ស្គាល់​ថា​ខ្ញុំ​ជា​គ្រូបង្វឹក Zumba ជនជាតិ​កម្ពុជា​ដំបូង​បំផុត​»​។

ថ្វី​ដ្បិត​ការរាំរែក​ធ្វើ​ចលនា​តាម​ចង្វាក់​ភ្លេង​ចម្រៀង​បែប​ Zumba ​មិន​តម្រូវ​ឲ្យ​មាន​ការ​ហាត់​រៀន​ដូច​ការ​រៀន​របាំ​បុរាណ​ខ្មែរ​ក៏ពិតមែន ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ចង់​ក្លាយ​ជា​គ្រូបង្វឹក​ហាត់​គេ​នោះ​ក៏​ប្រហែល​ជា​ត្រូវការ​អ្នក​មាន​ចំណង់​ចំណូល​ចិត្ត មាន​ទេពកោសល្យ​មាន​រាងកាយ​សមសួន​ពី​ធម្មជាតិ​អាច​ស្តាប់​យល់​ពី​ភាសា ឬ​បទ​ភ្លេង​ក្នុង​បរិបទ Zumba ដើម្បី​រាំ​ឲ្យ​រាងកាយ និង​សុខភាព​ល្អ​ផង​ដែរ​។

ស្ថិត​ក្នុង​វ័យ​ ២៨ ​ឆ្នាំ​មាន​រាង​តូច​ច្រឡឹង នាង Nita តែងតែ​ធ្វើ​កាយវិការ​ឈរ​ដើរ​រាំ​យឺត​រង្វើល រាំ​ញាប់ និង​ញាក់​កន្ត្រាក់​ឲ្យ​តាម​ទាន់​ចង្វាក់​ភ្លេង​នៅ​ចំពោះ​មុខ​សិស្ស​ (​អ្នក​ហាត់ប្រាណ Zumba) ជាច្រើន​ម៉ោង និង​ថ្នាក់​ផ្សេងៗ​គ្នា​គឺ​រាប់​ទាំង​កុមារ​តូចៗ​អាយុ​ក្រោម​ ១០ ​ឆ្នាំ​រហូត​ដល់​អ្នក​ខ្លះ​មាន​វ័យ​លើស​ពី​​ ៣០ ទៅ​ ៤០ ​ឆ្នាំ​។ «​ការបង្ហាត់​របស់​ខ្ញុំ​មាន​រយៈពេល​ ១ ​ម៉ោង ក្នុង​ ១ ​ថ្នាក់​ដោយ​យើង​ត្រូវ​ចាប់ផ្តើម​បើក​ថ្នាក់​ជាមួយ​បទភ្លេង​កម្ដៅ​សាច់ដុំ​ ៣ ​បទ​រួច​បាន​ចូល​ដល់​បទភ្លេង និង​ចម្រៀង​តម្រូវ​ឲ្យ​ធ្វើ​កាយវិការ​ត្រឹមត្រូវ​សមស្រប​ទៅ​តាម Zumba ដើម្បី​បាន​រាង​ស្អាត និង​សុខភាព​ល្អ​» នេះ​បើ​តាម​សម្តី​របស់ Nita​។

«​នៅ​ពេល​រៀន​រាំ Zumba បញ្ចេញ​កាយវិការ​ពេញ​មួយ​ម៉ោង​ទាំង​គ្រូ និង​សិស្ស​នេះ យើង​ឈប់​សម្រាក​ហូប​ទឹក​តែមួយ​ភ្លែត (៥-១០ ​នាទី​) ​ទេ ព្រោះ​យើង​ខ្លាច​អត់​ចប់​ចម្រៀង និង​ភ្លេង​ទាំង​ ១២ ​បទ​តាម​ក្បួន​របស់​គេ​»​។

ក្រៅពី​រាំ និង​ធ្វើ​កាយវិការ​ទៅ​តាម​ក្បួនខ្នាត Zumba នោះ «​យើង​ជា​គ្រូ​ក៏ត្រូវ​និយាយ​កំប្លុកកំប្លែង​តិចតួច និង​ធ្វើ​កាយវិការ​ប្លែកៗ​ខ្លះ​ដើម្បី​ឲ្យ​ក្រុមសិស្ស​គាត់​ផ្ទុះ​ជា​សំណើច​ឡើង​ដែរ​។ នេះ​ជា​ររៀប​សប្បាយៗ fun របស់ Zumba ដែល​យើង​ត្រូវ​មាន​បន្ថែម​ដែរ​» នេះ​បើ​តាម​សម្តី​របស់ Nita​។ «​និយាយ​ទៅ​ការហាត់​រាំ Zumba គឺ​ដើម្បី​សុខភាព រាងកាយ​ស្អាត និង​សប្បាយៗ​នោះ​ហើយ​ជា​សុខភាព​រាង្គកាយ និង​ផ្លូវ​ចិត្ត​ល្អ​ព្រម​គ្នា​»​។

នាង​បន្ត​ថា​ថ្នាក់​បង្ហាត់ Zumba ​របស់​នាង​គឺ​នៅ​តាម​បន្ទប់​ហាត់ប្រាណ​មាន​ស្តង់ដារ​ខ្ពស់​នៅ​តាម​ទីកន្លែង​ផ្សេងៗ​គ្នា​ដូចជា​នៅ​សណ្ឋាគារ​សូហ្វីតែល និង​នៅ The Place ជាដើម​។ ដើម្បី​ចូលរួម​រាំ Zumba រយៈពេល​មួយ​ម៉ោង​សិស្ស​ម្នាក់​ត្រូវ​បង់ថ្លៃ​ ៥ ​ដុល្លារ «​នេះ​ជា​តម្លៃ​សមរម្យ ព្រោះ​ត្រូវ​ចំណាយ​ទៅ​លើ​បន្ទប់ Fitness ​និង Gym តាម​ស្តង់ដារ​អន្តរជាតិ ប៉ុន្តែ​បើ​នៅ​បរទេស​វិញ​គេ​យក​ថ្លៃ​ខ្ពស់​ជាង​នេះ​»៕